កម្ពុជាដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាមត្រូវបានលើកឡើងក្នុងឯកសារការពារជាតិដ៏សំខាន់របស់ប្រទេសវៀតណាមដែលគេទន្ទឹងរង់ចាំជាយូរមកហើយ។ ក្នុងឯកសារនោះវៀតណាមក៏បានព្រមានពីការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងតាំងពីជំនាន់សង្គ្រាមត្រជាក់មក។
សៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ មានកម្រាស់១៣៥ទំព័រដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ ហើយដែលVOAផ្នែកខេមរភាសាទើបទទួលបានកាលពីចុងសប្ដាហ៍មុននេះបានរៀបរាប់អំពីយុទ្ធសាស្ត្រយោធានិងតាក់ទិកការពារជាតិនិងសន្តិសុខរបស់ប្រទេសដែលមានប្រជាជន៩៧លាននាក់មួយនេះ។
ក្នុងចំណុចមួយនិយាយពី«ការតស៊ូផ្នែកការពារជាតិ» (National Defence Struggle)បង្ហាញថា ប្រទេសវៀតណាមមានបំណងដោះស្រាយបញ្ហាទឹកនិងដីគោកជាមួយប្រទេសកម្ពុជា «ក្នុងស្មារតីមិត្តភាព សហប្រតិបត្តិការនិងគោរពអនុលោមឱ្យបានខ្ជាប់ខ្ជួន» ជាមួយនឹងបទបញ្ញត្តិនិងការប្រតិបត្តិជាអន្តរជាតិតែបានលើកឡើងថា៖
«ប្រទេសវៀតណាមប្រឆាំងជំទាស់នឹងរាល់ទង្វើជ្រៀតជ្រែកនិងបំបែកបំបាក់នូវទំនាក់ទំនងទ្វេភាគី [កម្ពុជានិងវៀតណាម]»។
ទោះបីជាយ៉ាងណាឯកសារដែលត្រូវបានតាក់តែងដោយក្រសួងការពារប្រទេសវៀតណាមមួយនេះមិនបានបញ្ជាក់លម្អិតឡើយថា តើបុគ្គលណា ក្រុមណា ឬប្រទេសណាមួយដែលមានការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងរវាងភ្នំពេញនិងហាណូយ។
VOA មិនអាចទាក់ទងស្ថានទូតវៀតណាមនៅភ្នំពេញនិងក្រសួងការពារជាតិវៀតណាមនៅហាណូយ ដើម្បីបញ្ជាក់បន្ថែមបានឡើយ នាថ្ងៃច័ន្ទនេះ។ ហើយVOAក៏មិនអាចទាក់ទងមន្ត្រីក្រសួងការពារជាតិកម្ពុជាបានដែរ។
បើទោះបីជាប្រយោគទាក់ទងនឹងការគំរាមកំហែងលើទំនាក់ទំនងកម្ពុជាវៀតណាមមិនបានបង្ហាញឈ្មោះប្រទេសចំៗក៏ដោយ អ្នកវិភាគបាននិយាយថា វៀតណាមទំនងជាសំដៅទៅលើប្រទេសចិន។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានប្រាប់VOAថា៖
«សង្កត់ធ្ងន់គឺនៅកន្លែងហ្នឹងហើយ វៀតណាមកំពុងតែបារម្ភឥទ្ធិពលចិននៅកម្ពុជា»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានប្រាប់ VOA បន្ថែមថា ទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាម មានសារៈសំខាន់ ជាធរមានជាពិសេសនៅពេលដែលបណ្ដាប្រទេសអាស៊ានកំពុងតាក់តែងខ្លឹមសារសេចក្ដីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយនឹងចិន។
«វៀតណាមចង់ឱ្យខ្មែរយើងឯករាជ្យ ហើយមិនចង់ឱ្យប្រទេសទីបីហ្នឹង ជ្រៀតជ្រែកចូលទំនាក់ទំនង ឬក៏បំផ្លាញទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរ អ៊ីចឹងទេ នេះជាសារមួយធ្ងន់ដែរ និយាយឱ្យចំទៅ ហើយសារនេះដាក់ជាសាធារណៈ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ទៅលើខ្លឹមសារនៃសៀវភៅសការពារជាតិវៀតណាម តែលោកថាវាជាប្រការ«ខុសទាំងស្រុង»ចំពោះការលើកឡើងថា ទំនាក់ទំនងជិតស្និទ្ធរវាងចិននិងកម្ពុជា នាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាប្រពៃណីរវាងទីក្រុងភ្នំពេញ និងទីក្រុងហាណូយ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះបានបញ្ជាក់ប្រាប់VOAថា៖
«ខ្ញុំយល់ថាសំខាន់ទាំងពីរ កន្លងមកយើងអត់មានចាត់ទុកថាពីណា សំខាន់ជាងពីណាទេ បាទ បានន័យថា សំខាន់ដូចគ្នាបាទ»។
ក្នុងឯកសារខាងលើ វៀតណាម បរិយាយចំណងទាក់ទងជាមួយប្រទេសឡាវ និងកម្ពុជាថា ជា«ទំនាក់ទំនងយុទ្ធសាស្ត្រពិសេស» ហើយក៏បានលើកឡើងអំពីដំណើរការបោះបង្គោលព្រំដែនគោកជាមួយប្រទេសកម្ពុជាផងដែរ។
ខ្លឹមសារក្នុងទំព័រទី១៧ នៃច្បាប់ចម្លងជាភាសាអង់គ្លេស នៃសៀវភៅសខាងលើបានលើកឡើងថា៖
«ប្រទេសទាំងពីរមានការតាំងចិត្តក្នុងការបន្ថែមកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដែលនៅសេសសល់ជាធរមាន និងការសម្រេចឱ្យបានលើការកំណត់ព្រំប្រទល់និងបោះបង្គោលខណ្ឌសីមាព្រំដែននៅលើដីគោក ក៏ដូចជាអនុវត្តឱ្យបានប្រត្យក្សកិច្ចព្រមព្រៀងកម្ពុជាវៀតណាមឆ្នាំ១៩៨២ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ និងកសាងព្រំដែនរួមនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រទេសទាំងពីរ ធានាឱ្យបាននូវតម្រូវការនៃការការពារអធិបតេយ្យភាពនៃប្រទេសនីមួយៗ»។
ឯកសារដដែលក៏បានបន្ថែមដែរថា ប្រទេសទាំងពីរ មានទាំងសន្ធិសញ្ញាបំពេញបន្ថែម និងអនុស្សារណៈនៃការយោគយល់គ្នាក្នុងការ«កែសម្រួលព្រំដែនគោកក្នុងតំបន់ដែលនៅសេសសល់» ដែលក្នុងនោះវៀតណាមបានបន្ថែមថា ប្រទេសទាំងពីរសម្រេចបាន៨៤%នៃការងារបោះបង្គោលព្រំដែនគោកសរុប លើខ្សែបន្ទាត់ព្រំដែនគិតជាប្រវែងមាន១០៤៥គ.ម.ហើយ ដាំបង្គោលព្រំដែនបាន៣១៥បង្គោល បង្គោលខណ្ឌសីមាចំនួន១៥១១បង្គោល និងតម្រុយព្រំដែនបាន២២១កន្លែង។
កន្លងមកសកម្មជនព្រំដែនកម្ពុជាដែលមិនចំណុះរដ្ឋាភិបាល បានសម្ដែងក្ដីកង្វល់ទាក់ទងនឹងការងារបោះបង្គោល និងកំណត់ព្រំសីមាជាមួយប្រទេសវៀតណាមផ្អែកលើសន្ធិសញ្ញាព្រំដែននានា និងការដោះដូរកែសម្រួលបន្ទាត់ព្រំដែនតាមសភាពជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាជននៅក្នុងតំបន់ ថាអាចនឹងធ្វើឲ្យវៀតណាមមានប្រៀប។
ជាក់ស្ដែងក្នុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាបក្សជំទាស់មួយនៅក្រៅសភា បានបង្ហាញក្ដីបារម្ភទាក់ទងនឹងឯកសារផ្លូវច្បាប់នៃការកំណត់ព្រំប្រទល់ បោះបង្គោលព្រំដែន ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើជាមួយនឹងប្រទេសវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាបានលើកឡើងឯកភាពជាមួយនឹងតួលេខនៃការងារបោះបង្គោលព្រំដែនដែលលើកឡើងក្នុងសៀវភៅសការពារជាតិរបស់ខាងវៀតណាម តែអ្នកស្រីបានលើកឡើងថា ការ«កែសម្រួល»ព្រំដែនគោកនឹងមិនធ្វើឱ្យទឹកដីកម្ពុជាបាត់បង់ឡើយ។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះបានប្រាប់VOAថា៖
«យើងធ្វើការច្បាស់លាស់ណាស់ រឿងដូរគឺស្មើទៅស្មើមក ដូចខ្ញុំបានជម្រាបអ៊ីចឹង កាលណាយើងដូរគ្នា បើថាយើងដូរជាមួយគ្នាមួយហិកតាទៅ គឺមួយហិកតាមក គឺស្មើគ្នា អ៊ីចឹងហ្មង អត់មានលើសមានខ្វះអ្វីទេ ចំនួនហ្នឹងត្រូវតែគិតគូរស្មើភាពគ្នាឱ្យបានច្បាស់លាស់ យើងក៏មិនយករបស់គេមកលើស ហើយគេក៏មិនអាចយករបស់យើងទៅលើសបានដែរ ដែលមានការផ្ទៀងផ្ទាត់គ្នារវាងប្រទេសទាំងពីរ ក្រុមការងារប្រទេសទាំងពីរយើងធ្វើការហ្មត់ចត់ជាមួយគ្នា»។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា ការងារព្រំដែនជាការងារសំខាន់ និងត្រូវសម្រេចបាន តែរដ្ឋាភិបាលកម្ពុជាត្រូវបង្កើតការជឿទុកចិត្តក្នុងចំណោមសាធារណមតិក្នុងស្រុក តាមរយៈការបង្ហាញនូវតម្លាភាព និងបើកចំហរឲ្យសាធារណជនអាចត្រួតពិនិត្យខ្លឹមសារនៃកិច្ចព្រមព្រៀង និងការប្រតិបត្តិនានា ដែលទាក់ទាក់នឹងការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
ឯកសារការពារជាតិដដែលនេះ ក៏បានដាក់ចេញនូវគោលការណ៍យោធាសម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀតផងដែរ ដែលបានលើកឡើងនូវគោលការណ៍«បួនមិន» រួមមាន មិនចូលរួមក្នុងបក្សសម្ព័ន្ធយោធាណាមួយ មិនចូលរួមប្រតិបត្តិការយោធាជាមួយប្រទេសមួយប្រឆាំងប្រទេសមួយទៀត មិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពបរទេសលើទឹកដីវៀតណាម និង«មិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិឡើយ»៕