ការគាបសង្កត់តាមផ្លូវតុលាការ និងនគរបាលលើអតីតសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានបង្កជាក្តីបារម្ភដល់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែល VOA បានទទួលកាលពីថ្ងៃពុធ។
សេចក្តីប្រកាសចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែមិថុនានេះរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស បានធ្វើឡើងចំពេលសាលាដំបូងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បន្តកោះហៅឲ្យអតីតសមាជិកគណបក្សប្រឆាំងចូលបំភ្លឺក្នុងសំណុំរឿងបំពានសាលដីកាតុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
សេចក្តីប្រកាសក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាក់ថា យោងតាមព័ត៌មានដែលខ្លួនទទួលបាន មានសមាជិកអតីតគណបក្សសង្គ្រោះជាតិ (CNRP) យ៉ាងហោចណាស់ ១៤០នាក់ ត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយគាំទ្រអតីតមេដឹកនាំទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងលោក សម រង្ស៊ី នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយហើយនោះ។ បុគ្គលមួយចំនួនខាងលើនោះ បានបង្ហោះវីដេអូអំពីការប្រមូលផ្តុំ និងសេចក្តីថ្លែងការណ៍គាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី តាមហ្វេសប៊ុក។
សេចក្តីប្រកាសបានស្រង់សម្តីក្រុមអ្នកជំនាញក្នុងន័យដើមថា៖
«យើងមានកង្វល់អំពីការប្រើច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅទៅលើការនិយាយស្តីដោយសេរី ទាំងតាមអូហ្វឡាញ [offline] ទាំងតាមអនឡាញ [online]»។
ក្រុមអ្នកជំនាញបន្តថា៖
«ការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ ត្រូវតែមានដែនកំណត់និងត្រូវបានកំណត់ន័យឲ្យបានច្បាស់លាស់ ហើយសេចក្តីថ្លែងការណ៍គាំទ្រដល់អ្នកដឹកនាំនយោបាយមិនស្ថិតក្នុងដែនកំណត់ដែលអនុញ្ញាតនោះឡើយ»។
ក្រុមអ្នកជំនាញបានអះអាងថា ក្នុងសំណុំរឿងរំលោភបំពានសាលដីកាតុលាការកំពូលនោះ ខាងភាគីតុលាការកម្ពុជាដែលបានកោះហៅអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់មកនោះ មិនបានបញ្ជាក់ច្បាស់ពីលក្ខណៈនៃការរំលោភបំពានដែលបានចោទនោះទេ។ ក្រុមអ្នកជំនាញបន្ថែមថា មេធាវីការពារក្តី មិនត្រូវបានអនុញ្ញាតឲ្យធ្វើការថតចម្លងឯកសារណាមួយនៅក្នុងសំណុំរឿង ដើម្បីការពារឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលានោះឡើយ។
លោក ឌឹម សារឿន វ័យ៤៦ឆ្នាំ សមាជិកក្រុមប្រឹក្សាអតីតគណបក្សប្រឆាំងនៅខេត្តបាត់ដំបង បានចាត់ទុកការកោះហៅរបស់តុលាការថា ជារឿងនយោបាយ។
«ខ្ញុំគិតថា គាត់ហៅខ្ញុំហ្នឹង គឺជារឿងនយោបាយសុទ្ធសាធ ដោយសារខ្ញុំក្លាយជាប្រជាពលរដ្ឋធម្មតាហើយ រឿងអីក៏ខ្ញុំមានអំណាច មានតួនាទីអីទៅប្រឆាំងសាលដីកាតុលាការកំពូលដែលរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ។ ហើយបើខ្ញុំជួបជុំគ្នា ហូបនុំបញ្ចុក ឬក៏និយាយរឿងនឹករឭក ប្រធាន សម រង្ស៊ី ប្រធាន កឹម សុខា តើខ្ញុំមានអីខុស»?
លោកអះអាងថា មុនពេលតុលាការកោះហៅរូបលោកនោះ លោកត្រូវបានអភិបាលរងខេត្តបាត់ដំបងមួយរូប ព្យាយាមបញ្ចុះបញ្ចូលឲ្យលោកចួលរួមជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រហូតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានបានបន្តឃ្លាំមើលរូបលោក ទាំងក្នុងការធ្វើដំណើរ ឬក៏ការជួយប្រពន្ធលោកក្នុងការលក់ដូរ។
យ៉ាងណាក៏ដោយ លោកថា លោកនឹងទៅបំភ្លឺនៅតុលាការនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ បើទោះបីក្នុងដីកាកោះហៅបានសរសេរខុសទាំងអាយុរបស់លោកថា ៥៦ឆ្នាំ ក៏ដោយ។
ចំណែកលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) យល់ថា អាជ្ញាធរកម្ពុជាកំពុងបង្ហាញកាយវិការគឃ្លើននឹងការឃ្លាំមើលរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ និងការតាមដានរបស់សហភាពអឺរ៉ុបចំពោះស្ថានការណ៍សិទ្ធិមនុស្ស ដែលមានការជាប់ពាក់ព័ន្ធគ្នានឹងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដែលកម្ពុជាទទួលបាននោះ។
«ខ្ញុំគិតថា អាការកោះហៅឡើងវិញជាបន្តបន្ទាប់នេះ វាជារឿងមួយទៀតដែលយើងមើលទៅហាក់បីដូចជា ការផ្គើនជាមួយនឹងសហគមន៍អឺរ៉ុប ដែលគេបានចុះមកស្វែងរកការណ៍ពិតជាលើកទីពីរ ហើយក្នុងហ្នឹងក៏ទាមទារឲ្យបញ្ឈប់រាល់លក្ខខណ្ឌក្នុងការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សប្រឆាំង ហើយធ្វើយ៉ាងណាឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឬការស្តារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យហ្នឹង»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ហេង លុយ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងលោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានទេ នៅថ្ងៃពុធនេះ។ លោក សុក កែវបណ្ឌិត បានកោះហៅលោក ទួត វាសនា ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឲ្យចូលខ្លួនបំភ្លឺពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ។
តាមការបញ្ជាក់របស់លោក អំ សំអាត រហូតមកដល់ពេលនេះ មានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ១៥៦នាក់ដែលត្រូវបានអាជ្ញាធរ និងតុលាការកោះហៅ ក្នុងសំណុំរឿងបំពានសាលដីកាតុលាការកំពូលនេះ។
កាលពីដើមខែមិថុនានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្នើឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការបង្ក្រាបដែលធ្វើឡើងជាថ្មីទៀត ប្រឆាំងនឹងក្រុមមន្ត្រីគណបក្សប្រឆាំងដែលត្រូវបានរំលាយចោលដោយតុលាការកំពូលកម្ពុជាកាលពីឆ្នាំ ២០១៧។
ការអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើឡើង នៅចំពេលក្រុមមន្ត្រីរបស់សហភាពអឺរ៉ុបបានផ្តើមបេសកកម្មស្វែងរកការណ៍ពិតជាថ្មីទៀត ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាផ្នែកដ៏សំខាន់សម្រាប់ឲ្យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានការអនុគ្រោះខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប ក្រោមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA។
ក្រុមមន្ត្រីរបស់សហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងកិច្ចការបរទេសដែលបានបិទបញ្ចប់បេសកកម្មរបស់ខ្លួនកាលពីសប្តាហ៍មុននោះ បានលើកឡើងក្នុងសេចក្តីប្រកាសមួយថា៖
«ប្រទេសកម្ពុជាត្រូវតែបង្ហាញឲ្យឃើញនូវការធ្វើឲ្យប្រសើរឡើងជាក់ស្តែង និងគួរឲ្យជឿជាក់បានចំពោះបញ្ហាដែលជាការបារម្ភ ដើម្បីបញ្ចៀសពីការដកប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នេះ»៕