អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប.​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឲ្យ​ទម្លាក់​បទ​ចោទ​​លើ​អតីត​អ្នក​សារព័ត៌​មាន​ RFA

រូបឯកសារ៖ លោក​អ៊ួន​ ឈិន​ ​និង​លោក​​យាង​ សុធារិន្ទ អតីតអ្នក​សារព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងព្រៃស កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារ​ព័ត៌​មាន​វិទ្យុអាស៊ី​សេរី​ពីរ​នាក់​ ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​កាល​ពីខែ​សីហា​ឆ្នាំ​២០១៨។

លោកស្រី​រ៉ូណា ស្មីត​ (Rhona Smith)​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​ប្រទេស​កម្ពុជា​ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​អាសេរី ក្នុង​ឱកាស​ «ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក»។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ។

​លោក​ស្រី​ស្មីត​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី​ជា​ភាសា​អង់គ្លេស​ និង​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ត្រូវ​បាន​ប្រកាស​ដោយ​មហា​សន្និបាត​ក្នុង​ឆ្នាំ​ ១៩៩៣។​ នៅ​ឆ្នាំ​នេះ​ ប្រធាន​បទ​គឺ ​«ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ៖ ​វិជ្ជា​ជីវៈ​ខាង​សារ​ព័ត៌មាន​ និង​ការ​បោះឆ្នោត​នៅ​ពេល​មាន​ព័ត៌មាន​មិន​ពិត»។​

នៅ​ក្រោម​ប្រធាន​បទ​នេះ​ លោកស្រី​បាន​លើក​ឡើង​ពី​កង្វល់​របស់​លោក​ស្រី​ដែល​កម្ពុជា​បាន​ធ្លាក់​ចុះ​មួយ​ពិន្ទុ​បន្ថែម​ទៀត​មក​ត្រឹម​ ១៤៣ ​កាល​ពី​ឆ្នាំ​ ២០១៨​ បន្ទាប់​ពី​ធ្លាក់​ចុះ​ ១០​ ពិន្ទុ​ ពី​ ១៣២​ នៅ​ឆ្នាំ​មុន ​នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​របស់​អង្គការ​អ្នក​រាយ​ការណ៍​គ្មាន​ព្រំដែន​ (Reporters Without Borders)។​

អ្នក​រាយ​ការណ៍​ពិសេស​របស់​ អ.ស.ប. ​រូប​នេះ​បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«ដូច្នេះ​ ខ្ញុំ​សូម​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ការ​ផ្តល់​ព័ត៌មាន​ចាំបាច់​សម្រាប់​ការ​ជជែក​ដេញដោល​ ក្នុង​ន័យ​ស្ថាបនា​ជុំវិញ​បញ្ហា​សង្គម​ សេដ្ឋ​កិច្ច​ នយោបាយ​ និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​មាន​ឥទ្ធិពល​ដល់​យើង​គ្រប់​គ្នា»។​

លោក​ស្រី​បាន​បន្ថែម​ថា៖​

«ខ្ញុំ​សូម​ជំរុញ​លើក​ទឹក​ចិត្ត​ជាថ្មី​ម្តង​ទៀតឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុអាស៊ី​សេរី​ទាំងពីរ​នាក់​ផង​ដែរ»។​

លោក​ស្រី​ស្មីត ​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ផ្តល់​លំហ​សម្រាប់​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទាំង​តាម​អនឡាញ​ និង​ទាំង​អូហ្វឡាញ​ ព្រម​ទាំង​តាម​រយៈ​ការ​អនុម័ត ​និង​ការ​អនុវត្ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។​

នៅ​ថ្ងៃ​ទី​ ៣ ​ខែ​ឧសភា​នេះ​ ប្រទេស​កម្ពុជាក៏​បាន​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​នេះ​ នៅ​រាជធានី​ភ្នំពេញ​ ក្រោម​ប្រធាន​បទ​ «តួនាទី​ប្រកប​ដោយ​សក្តានុពល​របស់​សារ​ព័ត៌មាន​ក្នុង​ការ​គាំទ្រ​សន្តិភាព​ និង​ប្រជា​ធិបតេយ្យ»។​

នៅក្នុងទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោកនេះ​ដែរ លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​បច្ចុប្បន្ន​ភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​លោក​ថា​ មាន​សារៈ​សំខាន់​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ និង​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន។​

លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ (កណ្តាល) ​ចូលរួម​ព្រឹត្តិការណ៍​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​ ២០១៩​ នៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក​មាន​ប្រសាសន៍​ថា​ កាល​ពីខែ​មករា ឆ្នាំ​ ២០១៩​ ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​មាន​ ៩ ​ជំពូក​ និង​ ៣៨ ​មាត្រា​បាន​បញ្ចប់​ក្នុង​កម្រិត​ក្រុម​ការងារ​បច្ចេកទេស​ និង​ដៃគូ​ពាក់​ព័ន្ធ។ ​លោក​បន្ថែម​ថា​ រហូត​មក​ដល់​ពេលនេះ​ សេចក្តី​ព្រាង​ច្បាប់​ដដែល​កំពុង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​មុន​នឹង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ និង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ផ្តល់​ការ​អនុម័ត។

លោក​ខៀវ កាញារីទ្ធ ថ្លែង​ថា៖​

«បច្ចុប្បន្ន​ ​យើង​កំពុង​ពិភាក្សាក្នុង​ក្រប​ខណ្ឌ​ចង្អៀត​ ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដល់​ជំពូក​ទី​ ៤ មាត្រា​ ២០​ ស្តីពី​ព័ត៌មាន​សម្ងាត់​ ហើយ​សង្ឃឹម​ថា​ នឹង​បញ្ចប់​ការ​ឆ្លង​កិច្ច​ប្រជុំ​ថ្នាក់​ក្រសួង​នេះ​ នៅ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ដាក់​ជូន​រាជ​រដ្ឋាភិបាល ​និង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ អនុម័ត​នាពេល​ដ៏ខ្លី​ខាង​មុខ​នេះ»។​

លោក​ខៀវ​ កាញារីទ្ធ បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ តំណាង​អង្គការ​យូណេស្កូ​ (UNESCO) ​និង​តំណាង​ទូត​ប្រទេស​ស៊ុយអែត​ថា​ រដ្ឋាភិបាល​កម្ពុជាក៏​គ្រោង​នឹង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មានឆ្នាំ​ ១៩៩៥ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងស្ថាន​ភាព​សង្គម​កម្ពុជានា​ពេល​បច្ចុប្បន្ន។

លោក​ថា​ វិសោធន​កម្ម​នឹង​ជំរុញឲ្យ​អង្គភាព​សារ​ព័ត៌មានចេញ​ការ​កែ​តម្រូវ​នូវ​ព័ត៌មាន​ ដែល​ប្រាស់​ចាក​ពី​ការណ៍​ពិត។​

លោក​មាន​ប្រសាសន៍​ថា៖​

«សំខាន់​បំផុត​នោះ​គឺ​កាតព្វកិច្ច​ឆ្លើយតប​ ហៅ​ថា​ ​កាតព្វ​កិច្ច​ចុះ​ផ្សាយ​ការ​ឆ្លើយ​តប​ របស់​អ្នក​ដែល​យល់​ថា​ ការ​ផ្សាយ​ព័ត៌មាន​នោះ​វា​មិន​ត្រឹមត្រូវ​ ហើយ​ដែល​គេ​សុំ​កែ​តម្រូវ។​ នៅ​ក្នុង​ច្បាប់​សារ​ព័ត៌មាន​ យើង​ឲ្យ​សារ​ព័ត៌មាន​គឺ​អាច​ផ្សាយ ​ប៉ុន្តែ​ដល់​ពេល​និយាយ​ប៉ះ​ទៅ​គេ​ ចាំ​គេ​ផ្ញើ​មក​ឲ្យ​កែ​តម្រូវ បើ​គាត់​មិន​កែ​តម្រូវ​ គាត់​អត់​មាន​អី​ទេ»។​

មិន​មាន​ការ​ពិភាក្សា​លើ​ករណីចោទ​ប្រកាន់​អតីត​អ្នក​កាសែត​របស់​វិទ្យុ​អាស៊ីសេរី (RFA)​ លោក​យាង សុធារិន្ទ​ និង​លោក​អ៊ួន ឈិន ​នោះ​ទេ​ នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ​ ២០១៩ ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​យូណេស្កូ​ និង​ក្រសួងព័ត៌មាន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ​ពី​បទ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេសដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ។ ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោស​មែន​នោះ​ អ្នក​ទាំង​ពីរ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៧ ​ដល់​ ១៥ ​ឆ្នាំ។​

ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​ ​ក្រោយ​ពី​មាន​យុទ្ធនាការ​បង្ក្រាប​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល។

យ៉ាងណា​ក៏ដោយ​ កាល​ពី​ខែ​សីហាឆ្នាំ​ ២០១៨​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ដោះលែង​លោក​អ៊ួន​ ឈិន​ ​និង​លោកយាង​ សុធារិន្ទ ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ បន្ទាប់ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ៩​ ខែ។​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​បាន​បញ្ជាក់​ហេតុផល​នៃ​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នោះ​ទេ។​

ដោយ​ឡែក​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន​ សែន បាន​ចេញ​សារ​នយោបាយ​មួយ​កាល​ពី​ថ្ងៃ​ទី​ ៣០ ​ខែ​មេសាឆ្នាំ​ ២០១៩៖​ «អំពាវនាវ​ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​បរទេស​ទាំងអស់​ ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បំពេញ​ការងារ​នៅ​បរទេស​ក្តី​ សូម​យក​ចិត្ត​ទុកដាក់​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាម​ក្រម​សីលធម៌​ វិជ្ជាជីវៈ​ ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តែ​មួយ​ជ្រុង​ ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ហើយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​សភាព​ការណ៍​ទាំងមូល​ ដោយ​ពុំ​បាន​គិតគូរ​អំពី​ក្រឹត្យ​ក្រម​ក្បួន​ខ្នាត​នៃ​ការ​សរសេរ​ព័ត៌មាន​ ឬ​ការ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ដើម្បី​បំប៉ោង​សភាព​ការណ៍​ និង​បន្តុះ​បង្អាប់​ ញុះញង់​អុជអាល​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ​ ភេទ ​ជំនឿសាសនា​ និន្នាការ​នយោបាយ​ ឬ​ស្ថានភាព​ដទៃ​ទៀត​ ដែល​ធ្វើឲ្យ​មាន​អរិភាពដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ បង្ក​ឲ្យ​មាន​ការ​បែក​បាក់​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ ឬ​បង្ក​ឲ្យ​មាន​ទំនាស់​ជាមួយ​បរទេស​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»៕