ដោយនៅសល់ពីរសប្តាហ៍មុននឹងការបោះឆ្នោតធំចុងក្រោយក្នុងដំណើរការជ្រើសតាំងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ សមាជិកព្រឹទ្ធសភា លោក Bernie Sanders នៃរដ្ឋ Vermont បាននិយាយថា អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Hillary Clinton គិតទុកមុនជាស្រេចហើយថា លោកស្រីជាបេក្ខជនដែលត្រូវជ្រើសតាំងរបស់គណបក្ស។
លោក Sanders បាននិយាយក្នុងពេលចេញមុខតាមទូរទស្សន៍ ABC ក្នុងកម្មវិធីThis Week ដោយលោក រំពឹងថានឹងទទួលបានការគាំទ្របន្ថែមទៀតនៅក្នុងការប្រកួតប្រជែងក្នុងរដ្ឋសេសសល់ទាំង៩។ លោកបានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកនៅឯកិច្ចប្រជុំនយោបាយ បន្ទាប់មកទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ថាការគាំទ្រយ៉ាងខ្លាំងនៅទីនេះ អាចនឹងធ្វើឲ្យលោកមានសន្ទុះនឹងអាចចូលរួមក្នុងសន្និបាតបក្សនៅខែកក្កដាខាងមុខ។ លោកបានទទួលការគាំទ្រច្រើនពីក្រុមប្រតិភូក្នុងរដ្ឋកាលីហ្វ័រញ៉ា។
លោកថ្លែងតាមប្រសាសន៍ដើមថា៖ «បើយើងឈ្នះការតែងតាំង ខ្ញុំធានាថាលោក Donald Trump នឹងមិនអាចក្លាយជាប្រធានាធិបតីនោះទេ»។
លោក Trump រំពឹងថា នឹងក្លាយជាបេក្ខជនតែងតាំងខាងគណបក្សសាធារណរដ្ឋរួចហើយ ដោយបានផ្តួលដៃគូទាំងអស់ផ្សេងទៀតក្នុងគណបក្សដែលស្វែងរកការតែងតាំងជាបេក្ខជនប្រធានាធិបតី។ លោក Sanders បានទាមទារការយកចិត្តទុកដាក់ចំពោះការបោះឆ្នោតដែលបានបង្ហាញថាលោក អាចយកជ័យជម្នះលើលោក Trump ដោយមានសំលេងច្រើនជាងលោកស្រី Clinton។
ការស្ទង់មតិដែលគេផ្គូផ្គងរវាងលោក Trump និង Clinton ទាំងនោះ បានបង្ហាញ លទ្ធផលសឹងតែស្មើគ្នា។ តែបញ្ហាគឺថា លោកស្រី Clinton បាននាំមុខចំនួនប្រតិភូ ច្រើនជាងលោក Sanders គឺចំនួន ២.២៩៣ ទល់នឹង ១.៥៣៣។ លើកលែងតែ លោក Sanders អាចទាញយកចំនួនប្រតិភូ៩០ភាគរយ ដែលនៅសេសសល់ដើម្បីទទួលបានឱកាសលើលោកស្រី Clinton។
តាមការស្ទង់មតិ ក្នុងពេលមានការបោះឆ្នោតបឋមៗកន្លងមក ក្រុមអ្នកបោះឆ្នោត ទំនងជានឹងចេញទៅបោះឆ្នោតនៅខែវិច្ឆិកាដោយមានជម្រើសក្នុងការបោះឆ្នោតគាំទ្រ រវាងលោកស្រី Clinton ឬ លោក Trump ដែលជាបេក្ខជនមកពីគណបក្សធំៗទាំងពីររបស់ស.រ.អា.៕