អង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​អាស៊ាន​ដោះស្រាយ​បញ្ហា​ឃុំឃាំង​ជនជាតិ​​មូស្ល៊ីម​រ៉ូហ៊ីងយ៉ា

  • VOA Khmer

ស្រ្តីជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ឈរនៅក្នុងជម្រកបណ្តោះអាសន្នក្នុង ស្រុក Bayeun ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃច័ន្ទ ទី ១ មិថុនា ២០១៦។

ជនភៀសខ្លួន​ទាំង​នោះ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​ស្ថិត​នៅ​រដ្ឋ Arakine ភាគខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា និង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​មាន​ការបង្រ្កាប​ពី​អាជ្ញាធរ​ថៃ។

កាល​ពី​មុន ជំរំ​នានា​ដែល​ពួក​ជួញដូរ​មនុស្ស​ប្រើប្រាស់​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ែក​ខាង​ត្បូង​ហើយ​សាកសព​ជា​ច្រើន​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ផ្នូរខ្មោច។

មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ជួញ​ដូរ​មនុស្ស​ដោយ​ក្នុង​នោះ​ក៏​មាន​ក្រុមមន្ត្រី​ថៃ​ផង​ដែរ។

កិច្ចប្រជុំ​បន្ទាន់​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៥​រវាង​ប្រទេស​ចំនួន​១៧ ដោយ​រួម​មាន​ទាំង​សហរដ្ឋអាមេរិក ជប៉ុន ស្វីស អូស្ត្រាលី និង​ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​សំខាន់ៗ​មួយ​ចំនួន​ផង​នោះ បាន​ដាក់​សំពាធ​ឲ្យ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការធ្វើ​អន្តោប្រវេសន៍​ខុស​ប្រក្រតី។

ប៉ុន្តែ​មួយ​ឆ្នាំ បន្ទាប់​ពី​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​គេ​បោះបង់ចោល​នៅសមុទ្រ ​ជន​ជាតិ​នេះ​រាប់ពាន់​នាក់បន្ត​នៅ​ក្នុង​ជំរំ​ឃុំឃាំង​ដដែល។

យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជិត​២.៥០០​នាក់​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ម៉ាលេស៊ី ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ទី ជម្រក​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​និង​ប្រទេស​ថៃ៕​