ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ឥណ្ឌូនេស៊ី​ចាប់​ផ្តើម​យុទ្ធនាការ​សុខុមាលភាព​សហគមន៍​រយៈ​ពេល​បី​ខែ


កង​កម្លាំង​យោធា​ពិសេស​ប្រទេស​ឥណ្ឌូនេ​ស៊ីល្បាត​នៅខាង​ក្រៅ​កន្លែង​កិច្ច​ប្រជុំ​កំពូល​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ី​ហ្វិក (APEC) នៅ​កោះបា​លី ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៣។ .
កង​កម្លាំង​យោធា​ពិសេស​ប្រទេស​ឥណ្ឌូនេ​ស៊ីល្បាត​នៅខាង​ក្រៅ​កន្លែង​កិច្ច​ប្រជុំ​កំពូល​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ី​ហ្វិក (APEC) នៅ​កោះបា​លី ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៣។ .

កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​​ចាប់​ផ្តើម​ប្រតិបត្តិការ​រយៈពេល​៩០​ថ្ងៃ​ នៅ​ខេត្ត​ Central Sulawesi ​របស់​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ដើម្បី​ពង្រឹង​សុខុមាលភាព​សហគមន៍​នៅ​តាម​ស្រុក​ទាំង​ប្រាំពីរ​របស់​ខេត្ត​នេះ។

កិច្ច​ប្រតិបត្តិការនេះបង្កើត​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​កសិកម្ម​ប្រសើរ​ឡើង ដែល​ភ្ជាប់​ទៅ​នឹង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ទីក្រុង​ហ្សាការតា​ក្នុង​ឆ្នាំ​២០១៦​ ក្នុង​កិច្ចខិត​ខំប្រឹង​ប្រែងប្រយុទ្ធ​ប្រឆាំង​នឹង​ភេវរករក្រុម​ Santoso ​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។​ ក្នុង​ពិធីបើក​ដាក់​ឲ្យ​ប្រើ​ប្រាស់​វាល​ស្រែ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​៣.០០០​ហិកតា​ និង​ពិធី​ផ្តើម​ការ​សាង​សង់​អាង​ស្តុក​ទឹក​ចំនួន​ពីរ​ រួម​ជាមួយ​នឹងប្រឡាយធារាសាស្រ្ត​ប្រវែង​១.៧០០​ម៉ែត្រ​ និង​បំពង់​ទឹកធារា​សាស្ត្រ​ប្រវែង​៣.៨០០​ម៉ែត្រ ឧត្តម​សេនីយ៍​ទោ​ Agus Surya Bakti បាន​និយាយ​ថា​ ក្រុម​គ្រួសារ​អ្នកស្រុក​នៅ​ក្នុង​តំបន់​នេះ​ នឹង​លែង​សូវ​ពឹង​ផ្អែក​លើ​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ទៀត​ហើយ​។

លោក​នាយ​ឧត្តម​សេនីយ៍​ Bakti មេ​បញ្ជា​ការនៃ​បញ្ជាការដ្ឋាន​យោធា​ប្រចាំ​ដែន​ដី​ខេត្ត​ Central Sulawesi បាន​និយាយ​ថា៖ «ប្រសិន​បើ​អ្នក​ស្រុក​ទាំងនោះ​មាន​មធ្យោបាយ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គេ​នោះ​ សន្តិភាព​នឹង​កើត​មាន​ដោយ​ស្វ័យ​ប្រវត្តិ។ ពេល​នោះ​ពួក​គេ​នឹង​ជៀស​វាង​ និង​ពង្រឹង​ខ្លួន​ឯង​ប្រឆាំង​នឹង​ទស្សនៈ​ហិង្សា»។

លោក​នាយ​ឧត្តម​សេនីយ៍​ Bakti​ បាន​ក៏​បាន​ថ្លែង​ដែរ​ថា ​ប្រតិបត្តិការ​អភិវឌ្ឍន៍​រួម​គ្នា​រវាង​យោធា​ និង​រដ្ឋាភិបាល​ នឹង​«លើក​កម្ពស់​ភាព​ថ្លៃ​ថ្នូរ​នៃ​ប្រជាជន​នៅ​កំពង់​ផែ​ Poso​ ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ពិភព​លោក​ ដែល​មើល​ឃើញ​តំបន់​នេះ​ហាក់​បី​ដូចជា​តំបន់​ទទួល​រង​អំពើ​ហិង្សា​ដោយសារ​ជម្លោះ​ជា​ច្រើន»។ Posoគឺជា​កំពង់​ផែ​ដ៏​ធំ​មួយ​ និង​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូនសម្រាប់កោះ​ Sulawesi​ ដែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​ភាគ​ឦសាន។ តំបន់​នេះ​ជា​កន្លែង​ដែល​មាន​យុទ្ធនា​ការ​យោធា​ដ៏​ខ្លាំងក្លា​ដើម្បី​កាត់​បន្ថយ​ការ​គាំទ្រក្នុងស្រុក​ដល់ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​កំពុង​តែ​កើន​ឡើង​ដែល​ក្រុម​នេះ​គាំទ្រ​ដោយ​ក្រុម​ភេរវករ​ Santosoដែរ។

Santoso គឺ​ជា​ជន​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​យ៉ាង​ខ្លាំង​បំផុត​ ដែល​ជន​នេះ​បាន​រត់​គេច​ខ្លួន​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​ហើយ។

លោក​នាយឧត្តម​សេនីយ៍ បាន​បន្ថែម​ថា៖ «យើង​ចង់​ឲ្យ​ពិភព​លោក​ខាង​ក្រៅ​លុប​បំបាត់​ការ​យល់​ឃើញ​បែប​នេះ។​ នេះ​ក៏​ជា​សារ​មួយ​សម្រាប់​មិត្ត​របស់​យើង​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​ព្រៃ​ ដែល​ជឿ​លើ​មនោគម​វិជ្ជា​មួយ​ដែល​ពួក​គេ​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ ប៉ុន្តែ​វា​ជា​មនោគមវិជ្ជា​ដែល​មនុស្ស​យើង​ភាគ​ច្រើន​គិត​ថា​មិន​ត្រឹម​ត្រូវ។​ យើង​ចង់​ប្រាប់​ពួក​គេ​ថា​ ហេតុ​អ្វី​ពួកគេ​មិន​ធ្វើ​ស្រែ​ ជា​ជាង​រត់​ពី​កន្លែង​មួយទៅ​កន្លែង​មួយ​ទៀត។

ប្រតិ​បត្តិការ​ដែល​ត្រូវ​បាន​គ្រោង​ឡើង​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ​ថ្នាក់​តំបន់​ និង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋានរយៈ​ពេល​បី​ខែ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​បង្កើន​សន្តិសុខ​ក្នុង​អំឡុង​ពេល​រដូវ​បុណ្យ​រ៉ាម៉ាឌន។

លោក​នាយ​ឧត្តម​សេនីយ៍​ Boy Rafly ​អគ្គមេបញ្ជាការ​ផ្នែក​ស៊ើបអង្កេត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​និយាយ​ថា​ភ្នាក់ងារ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេវរករ​បាន​រក​ឃើញ​កន្លែង​ដែល​ភេរវករ​ក្រុម Santoso អាច​លាក់​ខ្លួន ​នៅ​តំបន់​ជួរ​ភ្នំ​ខៀវ​ ប៉ុន្តែ​កង​កម្លាំង​ពិសេស​នេះ​ មិន​ទាន់​រក​ឃើញ​ទីតាំង​ច្បាស់​លាស់​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​នេះ​នៅ​ឡើយ​ទេ។​ លោក​នាយ​ឧត្តមសេនីយ៍​ Rafly និយាយ​ថា ​នគរ​បាលក្នុង​តំបន់​មាន​ការ​សង្ស័យ​ថា ​អ្នក​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្តល់​អាហារ​ និង​ធនធាន​ផ្សេងៗ​ដល់​ពួក​ជន​សកម្ម​ប្រយុទ្ធ​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ៖ សើ សាយ្យា​ណា

XS
SM
MD
LG