ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃពុធនេះបាន ចូលរួមសោកស្តាយនិងរំលែកទុក្ខដល់គ្រួសាររបស់អ្នកបើកបររថយន្តឈ្នួលមួយរូប ដែលត្រូវជនសង្ស័យពីររូប ជាជនជាតិជប៉ុន សម្លាប់នៅខេត្តសៀមរាបកាលពីថ្ងៃអាទិត្យ។
ក្នុងសាររបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះបញ្ជាក់ថា៖
«ខ្ញុំពិតជាក្រៀមក្រំនៅពេលដែលបានឮដំណឹងថា អ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូបសម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព»។
ការបង្ហោះសារចូលរួមរំលែកទុក្ខនេះធ្វើឡើង បន្ទាប់ពីជនជាតិចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី១៧ ខែមីនា ពាក់ព័ន្ធនឹងសកម្មភាពអាករសម្លាប់អ្នករត់តាក់ស៊ីប្លន់យករថយន្តម៉ាកហាយលែនឌ័រ១គ្រឿង នៅវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃដដែលនោះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្រុកពួក ខេត្តសៀមរាប។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ចេញនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បញ្ជាក់ថា លោកចៅក្រម ជូ លឹមហ៊ាង បានបង្គាប់ឲ្យប្រធានមន្ទីរឃុំឃាំង ឃុំខ្លួនជនជាតិជប៉ុនទាំងពីរនាក់ជាបណ្តោះអាសន្ន ក្រោមការពិនិត្យពីបទ «ឃាតកម្មគិតទុកជាមុន»។
ឃាតកម្មលើបុរសបើកតាក់ស៊ីនេះបានធ្វើឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនចែកចាយជាបន្តបន្ទាប់។ ក្នុងនោះគេឃើញមានជនជាតិជប៉ុនមួយចំនួន ក៏បានបង្ហាញពីការសោកស្តាយនិងសូមអភ័យទោសចំពោះឃាតកម្មនេះផងដែរ៕