រដ្ឋាភិបាលអាល្លឺម៉ង់ផ្ដល់ថវិកាជិត៦លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលនៅកម្ពុជា ព្រមទាំងរំឭកឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញទំនិញកម្ពុជាទៅអឺរ៉ុប។
ការផ្ដល់ថវិការបស់រដ្ឋាភិបាលអាល្លឺម៉ង់នេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក Norbert Barthle សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ កាលពីថ្ងៃអង្គារ ដោយបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ៥លានអឺរ៉ូ ឬស្មើនឹងជាង៥.៦លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា សម្រាប់អនុវត្តគម្រោងមានឈ្មោះថា «ក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF)» ដែលជាគម្រោងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល។ គម្រោងនេះនឹងផ្ដល់តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB។
សេចក្ដីប្រកាសព័ត៌មាននោះបានស្រង់សម្ដីរបស់លោក Nobert Barthle បញ្ជាក់តាមន័យដើមថា៖ «កំណើនសេដ្ឋកិច្ចសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ។ សង្គមស៊ីវិលរស់រវើក ជាកម្លាំងចលករ ដែលរុញច្រានឲ្យមានការផ្លាស់ប្ដូរ និងការវិវត្ដទៅមុខ»។
អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាប្រាប់ VOA ដោយមិនបញ្ចេញឈ្មោះ តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលនារសៀលថ្ងៃពុធនេះថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Nobert Barthle មកកាន់ប្រទេសកម្ពុជា និងជាដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ របស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៅកម្ពុជា។
អ្នកនាំពាក្យរូបនេះបន្ថែមថា កម្ពុជាគឺជាដៃគូអភិវឌ្ឍន៍របស់អាល្លឺម៉ង់ និងថា អាល្លឺម៉ង់គាំទ្រកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យសុខភាពសាធារណៈ ជំរុញការអភិវឌ្ឍជនបទ និងជួយកម្ពុជាក្នុងដំណើរវិមជ្ឈការ។
អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ដដែលបញ្ជាក់ពីមូលហេតុនៃការផ្ដល់លុយដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលតាមន័យដើមថា៖
«យើងមើលឃើញថាការជឿទុកចិត្តជាច្រើនបានបាត់បង់ ហើយយើងមើលឃើញពីតម្លៃក្នុងការកសាងទំនុកចិត្តឡើងវិញរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល»។
កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃបានរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាលើកទី២ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ការរៀបចំវេទិកានាពេលនោះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលមួយចំនួនបានលើកឡើងថា រដ្ឋាភិបាល បានភ្ជាប់ពួកគេទៅនឹងចលនាបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអំឡុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០១៨។
កាលពីខែកុម្ភៈឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយសៀវភៅ «ស» រៀបរាប់ថា កម្ពុជាកំពុងកើតមាននូវបដិវត្តន៍ពណ៌ រៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ និងថាមានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណជា ៣០០ បានចូលរួមក្នុងបដិវត្តន៍ពណ៌នោះ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia ឬCCC) ប្រាប់ VOA ថា លោកគាំទ្រការផ្ដល់ជំនួយរបស់អាល្លឺម៉ង់ដើម្បីពង្រឹងការទំនាក់ទំនងរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោកបន្តថា កន្លងមករដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលតែងមានភាពរកាំរកូសដោយសារមិនមានការទុកចិត្តគ្នា និងខ្វះខាតយន្តការធ្វើការងារជាមួយគ្នា។
លោកបញ្ជាក់ថា៖
«ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ មានកម្មវិធី I-SAF ហ្នឹងឯង ដែលជាច្រកមួយដ៏សំខាន់ដែលនឹងអាចកសាងជំនឿជឿទុកចិត្តគ្នាទៅវិញទៅមករវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។ ហើយជាពិសេសគឺជាលំហប្រជាធិបតេយ្យដ៏សំខាន់មួយ ដែលអាចជំរុញឲ្យប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានហ្នឹងលោកអាចចូលរួមក្នុងការកសាងផែនការ ក៏ដូចជាការតាមដានត្រួតពិនិត្យការអនុវត្តសកម្មភាព ឬក៏គម្រោងកម្មវិធីនានារបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ»។
លោក សឿង សារឿន បន្ថែមថាដើម្បីធ្វើឲ្យរដ្ឋាភិបាល និងសង្គមស៊ីវិលកម្ពុជាមានទំនាក់ទំនងល្អ គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឲ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិបំពេញការងារដោយតម្លាភាព និងឯករាជ្យភាព។ កំណែទម្រង់ទៅលើវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ទេរមុខងារ និងក្របខ័ណ្ឌការងារដល់ថ្នាក់ក្រោមជាតិ និងកំណែទម្រង់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការកៀរគរហិរញ្ញវត្ថុ និងអនុវត្តគម្រោងផ្សេងៗដោយខ្លួនឯង។
នៅថ្ងៃអង្គារនោះដែរ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានបង្ហោះសារខ្លីមួយពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយសរសេរថា ក្រោយជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Nobert Barthle លើកឡើងថា កម្ពុជានៅតែមានឱកាសទទួលបានការអនុគ្រោះពន្ធហៅកាត់ថា EBA ដើម្បីនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុបដដែល ប្រសិនបើកម្ពុជាបើកចំហបរិយាកាសនយោបាយ និងសិទ្ធិសង្គមស៊ីវិលឡើងវិញ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជាបានទេ នៅថ្ងៃពុធនេះ។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧ ពោលគឺក្រោយការបោះឆ្នោតឃុំសង្កាត់ ដែលពេលនោះ គណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាមេដឹកនាំ ទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ គេឃើញរដ្ឋាភិបាលចាប់ផ្ដើមរឹតបន្តឹងការធ្វើសកម្មភាពការងាររបស់ក្រុមសង្គមស៊ីវិល និងសំឡេងប្រឆាំង ព្រមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិផ្សេងៗ។
អង្គការមួយចំនួនដែលធ្វើការងារពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជា National Democratic Institute ឬNDI ជាដើម ត្រូវបានបិទ និងបណ្ដេញចេញពីកម្ពុជា ព្រមទាំងមានការចោទប្រកាន់អង្គការសង្គមស៊ីវិលមួយចំនួនថា មានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌ និងរងការព្រមានបិទ និងមានទាំងការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សដាក់ពន្ធនាគារជាដើម។
ការណ៍នេះធ្វើឲ្យសហភាពអឺរ៉ុបសម្រេចព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ«សព្វមុខទំនិញលើកលែងតែអាវុធ» ដែលហៅកាត់ថា EBA ដែលផ្ដល់ផលចំណេញដល់កម្ពុជាដោយការមិនបង់ពន្ធប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
យ៉ាងណាក្ដី រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានអះអាងថា រាល់ការបង្ក្រាប ទាំងទៅលើសំឡេងប្រឆាំង សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាននានា គឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕