សកម្មជន​នៅ​រដ្ឋ​ចរចា​ទូរស័ព្ទ​រំលឹក​ពលរដ្ឋ​ទៅ​បោះឆ្នោត

អ្នក​ស្ម័គ្រ​ចិត្ត និង​បុគ្គលិក​សមាគមធនធានអង្គរហៅ​ទូរស័ព្ទ​ដើម្បី​ជំរុញ​អ្នក​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត។ (រូបថត​ផ្តល់​ឲ្យ)

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​សមាគម​ធនធាន​អង្គរ​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ថ្មី​គឺ​ការ​ទូរស័ព្ទ​ទៅ​អ្នក​បោះឆ្នោត​អាស៊ី​អាមេរិកាំង​ជា​ការ​បន្ថែម​ទៅ​នឹង​ការ​ចុះ​ជួប​អ្នក​បោះឆ្នោត​តាម​ផ្ទះ​​​ដើម្បី​រំលឹក​ពួកគេ​ឱ្យ​ចេញ​ទៅ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​សមាគម​ធនធាន​អង្គរ​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ថ្មី​គឺ​ការ​ទូរស័ព្ទ​ទៅ​អ្នក​បោះឆ្នោត​អាស៊ី​អាមេរិកាំង​ជា​ការ​បន្ថែម​ទៅ​នឹង​ការ​ចុះ​ជួប​អ្នក​បោះឆ្នោត​តាម​ផ្ទះ​ដើម្បី​រំលឹក​ពួកគេ​ឱ្យ​ចេញ​ទៅ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក រ៉ែនឌី មុត ​ប្រធាន​សមាគម​ធនធាន​អង្គរ​ដែល​ស្ថិត​នៅ​ទីក្រុង​ Riverdale ​ដែល​ជា​តំបន់​ភាគ​ខាងត្បូង​នៃ​ទីក្រុង​អាត្លង់តា​នៃ​រដ្ឋ​ចរចា​ បាន​បញ្ជាក់​ថា​ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ទូរស័ព្ទ​ទៅ​អ្នក​បោះឆ្នោត​ជាច្រើន​ពាន់​នាក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​មក​ដល់​ដើម្បី​រំលឹក​ពួកគេ​ឱ្យ​ចេញ​ទៅ​បោះឆ្នោតឱ្យ​បាន​ច្រើន។

លោក ​រ៉ែនឌី មុត ​បញ្ជាក់​បន្ថែម​ថា ​យ៉ាង​ហោចណាស់​មាន​អ្នក​បោះឆ្នោត​ជាង​៥០០០​នាក់​ទទួល​បាន​ការ​រំលឹក​នោះ​ ហើយ​ភាគច្រើន​គឺ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង៖

«យើង​មាន​អ្នកស្ម័គ្រចិត្ត​ផង​ បុគ្គលិកផង ​ដែល​ចេះ​ភាសា​ខ្មែរ​ហ្នឹង​ ប៉ុន្តែ​គាត់​ឱ្យ​អ្នក​បោះឆ្នោត​ខ្មែរ​ដែល​យើង​ទូរស័ព្ទ​ទៅ​យើង​បាន​ពន្យល់​គាត់​ជា​ភាសា​យើង​ គាត់​អត់​ចេះ​និយាយ​អង់គ្លេស។ តាម​ខ្ញុំ​ប៉ាន់ស្មាន​គេ​ព្យាយាម​បូក​ខ្មែរ​ចូល​ក្នុង​ហ្នឹង​ដែរ ​តាម​ខ្ញុំ​ស្មាន​ប្រហែល​៦០ភាគរយ​ទៅ​៧០ភាគរយ‍»។

អ្នកស្រី​ ផាវី ទាន់ ​បុគ្គលិក​នៃ​សមាគម​ធនធានអង្គរ​ដែល​បាន​ទូរស័ព្ទ​ទៅ​រំលឹក​អ្នក​បោះឆ្នោត​បាន​បញ្ជាក់​ថា៖ ​

«យើង​គ្រាន់តែ​ទូរស័ព្ទ​រំលឹក​គេ​ទេ។ ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើសរើស​គឺ​សម្រេច​ទៅ​លើ​ម្ចាស់​ខ្លួន​គេ​ផ្ទាល់​ទេ​ណា។ យើង​គ្រាន់​តែ​ធ្វើ​ម៉េច​ឱ្យ​គេ​ដឹង​ថា​ ពេល​ដែល​បោះឆ្នោត​ហ្នឹង​គឺ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ ហើយ​កុំ​ភ្លេច​ទៅ​បោះឆ្នោត​ព្រោះ​សន្លឹក​ឆ្នោត​របស់​ម្នាក់ៗ​សុទ្ធ​តែ​មា​ន​តម្លៃ‍»។​

បុគ្គលិក​ម្នាក់​ទៀត​នៃ​សមាគម​នេះ​គឺ​ លោក​ សែម សាមឺឌី បាន​ចែក​រំឡែក​បទពិសោធ​ក្នុង​ការ​ទូរស័ព្ទ​ថា៖

«គាត់​ថា​អរគុណ​ហើយ​បាន​ជួយ​ខ្ញុំ​ណែនាំ​គាត់​ទៅ​បោះ​កន្លែង​ណា​កន្លែង​ណា​អីចឹង​ណា‍»។

ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​មិនចង់​ទៅ​ដែរ ​ដោយ​សារ​តែ​លំបាក​ទៅ​រក​ទីតាំង​ពិត​ប្រាកដ។

«ពេលខ្លះ​គាត់​ថា​ ពិបាក​រក​កន្លែង​ហើយ​ថា​ចាំ​ឆ្នាំ​ក្រោយ​ក៏បាន​ដែរ‍»។​

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១០.០០០នាក់​រស់​នៅ​ក្នុង​រដ្ឋ​ចរចា​ ប៉ុន្តែ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មិន​ទាន់មាន​ច្រើន​នៅឡើយ បើ​ប្រៀបធៀប​នឹង​សហគមន៍​អាស៊ី​ដទៃ​ទៀត។

អ្នក​ស្ម័គ្រ​ចិត្ត និង​បុគ្គលិក​សមាគមធនធានអង្គរហៅ​ទូរស័ព្ទ​ដើម្បី​ជំរុញ​អ្នក​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត។ (រូបថត​ផ្តល់​ឲ្យ)

សម្រាប់​ឆ្នាំ​២០១៦នេះ​ សមាគម​ធនធាន​អង្គរ​បាន​ជួយ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ជាខ្មែរ​អាមេរិកាំ​ង​បាន​ចំនួន​២២០នាក់ ​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ច្រើន​តាម​ការ​ចង់​បាន​របស់​លោក រ៉ែនឌី ​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា៖

«ឆ្នាំមុន​ខ្ញុំ​ចុះ​ឈ្មោះ​បាន​តែ​១០០​នាក់​ទេ​ ឥឡូវនេះ​២០០។ ចឹង​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​អាច​បង្កើន​ទ្វេដង​រាល់ឆ្នាំ។ ខ្ញុំ​សង្ឃឹម​ថា​ធ្វើ​អីចឹង​បាន​ ហើយ​ខ្ញុំ​ជឿ​ចិត្ត​ខ្លួន​ឯង​ថា​ អាច​ធ្វើ​បាន​ព្រោះអី​ខ្ញុំ​មាន​ការ​ពិសោធ​ន៍​មក​ហើយ​ ហើយ​បុគ្គលិក​ខ្ញុំ​ក៏មាន​ការ​ពិសោធន៍។ ខ្ញុំ​ថា​ឆ្នាំ​ក្រោយ​ខ្ញុំ​អាច​ចុះឈ្មោះ​៥០០នាក់‍»។​
លោក​ រ៉ែនឌី មុត ​បន្ថែម​ថា ​បើ​គិត​ពី​ការ​លំបាក​របស់​មនុស្ស​ជំនាន់​មុន​ដែល​តស៊ូ​ទាមទារ​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ទំរាំ​តែ​បាន​គឺ​ចំណាយ​ពេល​ជា​យូរ៖

«សង្គមគេ​ដែល​មាន​ដូច​ជា​អាមេរិកាំង​ខ្មៅ ​សិទ្ធិ​ស្រ្តី​ជាដើម​ ទម្រាំ​គេ​បាន​សិទ្ធិ​បោះឆ្នោត​គេ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ស្រួល​ណាស់​ឱ្យ​តែ​យើង​មាន​សញ្ជាតិ​ យើង​អាច​បោះ​បាន។ គាត់​មិនគួរ​ព្រងើយ​កន្តើយ​ទេ‍»។​

លោក​សេដ្ឋី​អចលនទ្រព្យ ដូណល់ ​ត្រាំ​ (Donald Trump) គឺ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ ហ៊ីល្លីរី គ្លីនតុន​ (Hillary Clinton) អតីត​រដ្ឋ​មន្ត្រី​ការបរទេស​មកពី​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ប្រកួត​ប្រជែង​គ្នា​យក​តំណែង​ប្រធានាធិបតី។​

លោក ណែម ឈឿង ប្រធាន​សមាគម​ក្រុង​ខ្មែរ​នៅ​រដ្ឋ​ចរចា​ បាន​ផ្តាំផ្ញើ​ដល់​អ្នក​បោះឆ្នោត​ក្នុង​សហគមន៍​របស់​លោក​ឱ្យ​ជ្រើស​រើស​បេក្ខជន​ណា​ ដែល​ស្គាល់​ប្រទេស​កម្ពុជា​ និង​អាច​ជួយ​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កំណើត​របស់​ពួកគេ​ផងដែរ។

​លោក​ក៏​ស្នើ​ឱ្យ​ពួកគេ​កុំ​បោះឆ្នោត​ឱ្យ​គណបក្ស​តែមួយ គឺ​ត្រូវ​ផ្តល់​ជម្រើស​ដើម្បី​ឱ្យ​មាន​តុល្យភាព​អំណាច។ ​ដូចជា​បើ​សិន​ជា​ពួកគេ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​គឺ​ត្រូវ​ជ្រើស​រើស​អ្នក​តំណាងរាស្រ្ត​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។

លោក​បាន​ពន្យល់​បន្ថែម៖

«ដោយសារ​យើង​ឃើញ​នៅ​ស្រុក​ខ្មែរ​គឺ យើង​ឃើញ​ហើយ​ថា​កាលណា​គេ​ឈ្នះ​សភា​គេ​ឈ្នះ​រដ្ឋាភិបាល​ទៀត​មាន​អ្នកណា​មើល​អ្នកណា​ម្ល៉ោះហើយ ​វាអត់​អ្នកណា​ដែល​សង្កត់​អ្នកណា​ ឬ​សួរចម្លើយ​អ្នក​ណា​ ឬ​សុំ​សេចក្តី​ទុកចិត្ត​ពី​សភា ​ឬ​ក៏សុំ​ថវិកា​ទៅ​បម្រើ​ធ្វើជា​គម្រោង​អ្វី​របស់​រដ្ឋាភិបាល​លោក​មិន​ដែល​ទៅសុំ​សេចក្តី​ទុកចិត្ត ​ឬ​ក៏​សុំ​ការ​សម្រេច​ពី​សភា​ផង​ហ្នឹង។ លោក​ទុក​ដូច​ជា​លុយ​ហោប៉ៅ​ខ្លួនឯង។​ ម្ល៉ោះ​ហើយ​វា​អត់​មាន​តុល្យភាព​អំណាច​ទេ។ នេះ​ជាអ្វី​ដែល​យើង​ឃើញ​ម្ល៉ោះហើយ​ យើង​ចង់​ឱ្យ​បងប្អូន​យល់​ហើយ​ជ្រួតជ្រាប​ថា​ តើ​យើង​បោះឆ្នោត​របៀប​ប្រជាធិបតេយ្យ​ហ្នឹង​លើ​ប្រព័ន្ធ​តុល្យភាព​អំណាច​មិន​មែន​លើ​បុគ្គល​ស្រឡាញ់​តែ​ម្នាក់​របស់​ម្នាក់​ ហើយ​គេ​យក​ធ្វើ​អ្វី​ក៏​បាន​ដែរ។ ហ្នឹង​យើង​ឃើញ​ហើយ​វា​កើត​ឡើង​នៅ​ស្រុកខ្មែរ‍»។​

លោក ណែម​ ឈឿង ​ក៏​នៅ​មិនទាន់​ពេញចិត្ត​នឹង​កម្រិត​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ឡើយ​ទេ​ ហើយ​ថា​ ក្រុម​សកម្មជន​នឹង​មាន​កិច្ចការ​ត្រូវ​ធ្វើ​ជា​ច្រើន​ទៀត។

«រឿង​ទីមួយ​ដែល​ធំ​ជាងគេ​គឺ​បញ្ហា​ភាសា​ហ្នឹង ​ដែល​យើង​លំបាក​ក្នុង​ការ​ដោះស្រាយ​ដោយសារ​ជួនកាល​គាត់​មក​ស្រុក​នេះ​យូរហើយ​ពិបាក​ចាប់​ផ្តើម​ទៅរៀន​ឡើង​វិញ។ ម្ល៉ោះ​ហើយ​ជា​ឧបសគ្គ​ជាច្រើន​ដែល​យើង​ប្រឈម​ហើយ​យើង​នឹង​ដោះស្រាយ​ជា​បន្តបន្ទាប់ ​ប៉ុន្តែ​ដោយ​សារ​ផល​ប្រយោជន៍​ដែល​គាត់​ចូល​សញ្ជាតិ​ ហើយ​ទៅ​បោះឆ្នោត​បាន​ដល់​គាត់​ ជាពិសេស​គ្នា​គាត់​ដែល​និយាយ​ប្រាប់​គ្នា​គាត់​តៗ​អំពី​ថា ​បើ​យើង​ចូល​សញ្ជាតិ​យើង​ទៅ​បោះឆ្នោត​យើង​បាន​អ្វី​ខ្លះ​ចឹង​គាត់​ឃើញ​ផ្ទាល់ៗ​តែម្តង​ពី​ផល​ប្រយោជន៍​ដែល​គាត់​បាន​បង្ហាញ​គ្នា​គាត់​ម្ល៉ោះ​ហើយ​យើង​មិន​សូវ​ពិបាក​ជំរុញ​កន្លែង​ហ្នឹង​ទេ​បាទ​ប៉ុន្តែ យើង​ត្រូវ​ដោះស្រាយ​ពី​បច្ចេកទេស​ក្នុង​ការ​ដែល​ឱ្យ​គាត់​ឈាន​ទៅ​ដល់​ចូល​សញ្ជាតិ​ហើយ​ទៅ​បោះឆ្នោត។ នេះ​ជារឿង​បច្ចេកទេស​ដែល​យើង​ត្រូវ​ដោះស្រាយ​ជូនគាត់‍»។​

កង្វះ​ការងារ ​សុខាភិបាល​សាធារណៈ​ និង​ការ​អប់រំ​សិក្សាធិការ​គឺ​ជា​បញ្ហា​ដែល​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ចរចា​កំពុង​ជួប​ប្រទះ៕