EU ​ចាប់ផ្តើម​នីតិវិធី​ដក​ EBA ​ពី​កម្ពុជា​ក្រោយពី​រដ្ឋ​សមាជិក​ផ្តល់​ភ្លើង​ខៀវ

រូបឯកសារ៖ លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រី​បញ្ជាក់​ថា ​សម្រាប់​ដំណាក់កាល​តាម​ដាន​និង​វាយ​តម្លៃនេះ​គឺ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​ដោយ​ពេញលេញ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្វែង​រក​វិធី​ដោះស្រាយ។

សហគមន៍​អឺរ៉ុប​ចាប់ផ្តើម​ដំណើរ​ការជា​ផ្លូវការ​នៅថ្ងៃច័ន្ទ​នេះ​ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះ​អាសន្ន​នូវឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។​

ដំណើរការ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ទទួល​បានការ​យល់​ព្រម​ពី​រដ្ឋ​សមាជិក ប៉ុន្តែ​ការ​ដក​ហូត​ពិត​ប្រាកដនឹងធ្វើ​ឡើង​នៅ​ខែ​សីហា ​ឆ្នាំ​២០២០។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហភាព​អឺរ៉ុប។

ការណ៍​នេះ​ដោយសារ​តែ​សហភាព​អឺរ៉ុប​ទុក​ពេល​មួយឆ្នាំ​ដើម្បីតាមដាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្តទុក​ដាក់​ និង​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋា​ភិបាល​កម្ពុជា និង​សរសេរ​របាយការណ៍។ ការ​ដក​ហូត​និងរយៈពេល​ដក​ហូត​បណ្តោះ​អាសន្ន​នឹង​ចាប់​ផ្តើម​ក្នុង​រយៈពេល​៦ខែ​បន្ទាប់​ពីនេះ។

លោកស្រី ​Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖

«សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា ​ចំណាត់ការ​នៅថ្ងៃនេះ​គឺ​មិនមែន​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​ ឬ​ក៏​ជា​ដំណាក់កាល​ចុងក្រោយ​ដែរ។ ប៉ុន្តែ​ទ្រនិច​នាឡិការ​កំពុង​តែ​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ ហើយ​យើង​ត្រូវការ​ឃើញសកម្មភាព​ពិតប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ‍»។

លោកស្រី​បញ្ជាក់​ថា ​សម្រាប់​ដំណាក់កាល​តាម​ដាន​និង​វាយ​តម្លៃនេះ​គឺ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​ដោយ​ពេញលេញ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្វែង​រក​វិធី​ដោះស្រាយ។

លោក​ស្រី​ Cecilia Malmstrom ​បាន​បន្ថែម​ថា៖

«នៅពេល​ណា​ដែល​យើង​និយាយ​ថា​ គោល​នយោបាយ​សហភាព​អឺរ៉ុប​ផ្អែក​លើ​គុណ​តម្លៃ គឺ​នេះ​មិនមែន​ជា​ពាក្យ​ពេញ​មិនបាន​ការទេ‍»។

រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដែលមាន​ប្រទេស​ចំនួន២៨បាន​ផ្តល់​ការ​យល់​ព្រម​កាលពី​ចុងខែ​មករា ឱ្យ​ចាប់​ផ្តើម​ដំណើរការ​ដក​ហូត​ឋានៈ​អនុ​គ្រោះពន្ធ​«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) ​ពីប្រទេស​កម្ពុជា។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​នាំ​ផលិត​ផល​ចូល​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​៥,៥ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​មិន​បង់ពន្ធ​ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ ភាគច្រើន​នៃ​ទំនិញ​ដែលកម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺ​មានសម្លៀក​បំពាក់ ស្បែកជើង ផលិតផល​កសិកម្ម​និង​កង់។

ប៉ុន្តែ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​គណបក្ស​ប្រឆាំង​នៅមុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​មុន​ បាន​ធ្វើ​ឱ្យ​សហភាពអឺរ៉ុប​និង​សហគមន៍​អន្តរជាតិ​ស្នើ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថានការណ៍​ឱ្យ​បាន​ល្អឡើងវិញ បើ​មិន​ដូច្នោះ​ទេ​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្សេងៗ។

លោកស្រី​ហ្វេដឺរីកា មូហ្កឺរីនី (Federica Mogherini) ​អនុប្រធាន​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ដោយ​កត់​សម្គាល់​ពី​ការ​បន្ត​ធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​នៅ​កម្ពុជា​ បើទោះ​បី​ជា​លោកស្រី​បាន​ទទួល​ស្គាល់​ការ​វិវត្ត​នយោបាយខ្លះ​ដែល​មាន​ការ​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង​ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​សារព័ត៌​មាន​ជាដើម។

លោកស្រី​បាន​បន្ថែមថា៖

«ប៉ុន្តែ បើ​គ្មាន​ចំណាត់ការ​ជាក់លាក់​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​ ស្ថានការណ៍​ជាក់ស្តែង​ធ្វើ​ឱ្យ​មាន​បញ្ហាដល់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​ EBA‍។​ក្នុងនាម​ជា​សហភាព​អឺរ៉ុប​ យើង​ប្តូរផ្តាច់​នឹង​ដៃគូ​កម្ពុជា​របស់​យើង ​ដើម្បីជួយ​ដល់​ពលរដ្ឋ​កម្ពុជា។ ការ​គាំទ្រ​ដល់​លទ្ធិ​ប្រជាធិបតេយ្យនិង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ​ស្ថិត​នៅក្នុង​ចំណុច​កណ្តាល​នៃភាព​ជាដៃ​គូ​នេះ‍»។​

រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការ​ណាមួយ​ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​នេះនៅឡើយ​ទេ។ ប៉ុន្តែ​ក្នុងពេល​កន្លង​មក​ មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ វា​ជា​វិធានការ​ដែល​ពួកគេ​រំពឹង​ថា​នឹង​កើតមាន​ឡើង​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ជាង​មុន៕