ក្រុម​មន្ត្រី​សហគមន៍​អឺរ៉ុប​ក្រោម​ក្រប​ខណ្ឌ​ EBA ផ្តើម​ជួប​ភាគី​ពាក់​ព័ន្ធ​នៅ​កម្ពុជា

រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បាន​ជួប​និង​ពិភាក្សាជាមួយគណៈប្រតិភូ សហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ (រូបថតដោយ MFA.IC)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​នៅ​ត្រូវ​ការ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហ​ភាព​អឺរ៉ុប​ដដែល​ ដោយសារ​តែ​ប្រព័ន្ធ​នេះ​បាន​ជួយ​ដល់​ជីវភាព​កម្មករ​កាត់​ដេរ​​ប្រមាណ​​៧០​ម៉ឺន​នាក់​​និង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ​២​លាន​នាក់​ផ្សេង​ទៀត។

ក្រុម​មន្ត្រី​របស់​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្មនិង​ការ​បរទេស​បាន​ចាប់​ផ្តើម​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​មន្ត្រី​របស់​អង្គការ​សង្គម​ស៊ីវិល​ ក្រោម​ក្របខណ្ឌរបប​ពាណិជ្ជកម្ម«អនុ​គ្រោះពន្ធ​លើ​អី្វៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ»​ ឬ​ហៅ​ថា​ EBA​ ដែល​ជា​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធដល់​ការ​នាំ​ចូល​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ដោយ​គ្មាន​បង់​ពន្ធ​គយ។​

តាម​ការ​បញ្ជាក់​របស់​លោក​ George Edgar ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ក្រុម​មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ទិន​ស្ថាន​ភាព​បច្ចុប្បន្ន។​

សេចក្តី​ជូន​ដំណឹង​ខ្លី​មួយ ​ចុះ​ថ្ងៃ​ទី​៦​ខែ​មិថុនា​ ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​របស់​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ជួប​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ដឹកនាំ​ដោយ​លោក​ Jean Christophe Belliard ​អគ្គ​លេខាធិការ​រង​នៃ​មន្ទីរ​ការបរទេស​សហភាព​អឺរ៉ុប។ ​ក៏​ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជាមិន​បាន​បញ្ជាក់​លម្អិត​អំពី​ខ្លឹមសារ​នៃ​ការ​ពិភាក្សា​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​កេត សោផាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​ បាន​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ដំណើរ​របស់​លោក Jean Christophe Belliard ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អញ្ជើញ​របស់​ស្ថានទូត​ប្រទេស​បារំាង​ប្រចាំ​កម្ពុជា​តែ​ប៉ុណ្ណោះ។

«លោក​ Jean Christophe Belliard ​គាត់​បាន​បញ្ជាក់​ថា​ គាត់​អញ្ជើញ​មក​ទស្សនកិច្ច​កម្ពុជា​នេះមិន​មែន​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ដំណើរ​ការ​ EBA ​ទេ​ តែ​លោក​អញ្ជើញ​មកនេះតាម​ការ​អញ្ជើញ​របស់​ស្ថានទូត​បារំាង​នៅ​ភ្នំពេញ​ ដើម្បី​ចូលរួម​សន្និសីទរបស់​ឯក​អគ្គរដ្ឋ​ទូត​បារំាងនៅ​ភ្នំពេញ​ ស្តី​អំពី​ទំនាក់​ទំនង​អាស៊ាន​ និង​សហភាព​អឺរ៉ុប»។​

លោក​អះអាង​ថា​ ដោយសារ​តែ​លោក​ប្រមុខ​ការទូត​កម្ពុជាបាន​លើក​ឡើង​ពី​វឌ្ឍនភាព​កម្ពុជាក្នុង​ការ​ឆ្លើយ​ទៅ​នឹង​សំណើ​របស់​សហភាព​អឺរ៉ុប​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​នោះ​ ​ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​ពិភាក្សា​លើ​បញ្ហា ​EBA​ នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចុង​ក្រោយ​គឺ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ ជា​គោល​ការណ៍​ធំៗ​ហ្នឹង​គឺថា​ យើង​នឹង​បន្ត​កិច្ច​សន្ទនា​ដើម្បី​ខិត​ខំ ដើម្បី​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ EBA​ នេះ»។​

មន្ត្រី​នាំពាក្យ​ដដែល​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ការ​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ​នេះ​ ដើម្បី​ទ្រទ្រង់​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​ឧស្សហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ប្រមាណ​ជា ៧០​ម៉ឺន​នាក់។​

«រាជ​រដ្ឋាភិបាល​កម្ពុជា​គឺ​ហ្នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​នូវ​ស្ថានភាព​អនុ​គ្រោះ​ EBA ​ហ្នឹង​បាទ​ ដោយ​ហេតុ​ថា​ សំដៅ​យ៉ាង​ណា​គឺ ​EBA ​ហ្នឹង​គឺ​បាន​ជួយ​ទៅ​ដល់​កម្មករ​ប្រមាណ​ជា​៧០​ម៉ឺននាក់​ ហើយ​និង​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ពួក​គាត់​ហ្នឹង​ប្រមាណ​ជា​២​លាន​នាក់​ទៀត​បាទ។​ អ៊ីចឹង​គឺ​រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​ណាស់ពីរឿង​ថា ធ្វើ​ម៉េច​ចង់​ឲ្យ​បាន​រក្សា​ស្ថានភាពអនុគ្រោះ​ពន្ធ ​EBA ​នេះ។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​អាច​ធ្វើ​បាន​តែ​នៅ​ក្នុង​កម្រិត​មួយ​ នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ក្រប​ខណ្ឌ​នីតិរដ្ឋ​ ដែល​រាជ​រដ្ឋាភិបាលប្រកាន់​យក​គឺ​ថា​មិន​អាច​ឆ្លង​បន្ទាត់​ក្រហម​ និង​ការ​រក្សា​ឯករាជ្យ​ និង​អធិបតេយ្យភាព​ជាតិ​បាន​ទេ»។​

VOA ​បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ George Edgar ​ឯក​អគ្គរដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​អំពី​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​របស់​ក្រុម​មន្ត្រី​គណៈ​កម្មការ​អឺរ៉ុប​ខាង​លើ​ តែ​លោក​សុំ​មិន​ទាន់​ផ្តល់​សេចក្តី​បញ្ជាក់​លម្អិត ព្រោះ​នឹង​មាន​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ បន្ទាប់​ពី​បេសកកម្ម​នេះ​ត្រូវ​បាន​បញ្ចប់។​

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម ​EBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។​

សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ហេតុផល​នៃ​ការ​ផ្តើម​ដំណើរ​ការ​នេះ​ថា ដោយសារ​កម្ពុជា​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ​ដូចជា​ការ​ច្រាន​ចោល​សិទ្ធិ​នយោបាយ ការ​រឹត​បន្តឹង​នានា​ទៅ​លើ​សង្គម​ស៊ីវិល​ ​សហជីព​ ​ការ​មិន​ផ្តល់​សេរីភាព​សារ​ព័ត៌មាន​ ​និងបញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច។​

លោក​ស៊ឹង សែនករុណា​ មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​ បាន​ប្រាប់​ VOA ​ថា​ ក្រុម​មន្ត្រី​គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​សាក​សួរ​ក្រុម​អង្គការ​សង្គម​ស៊ីវិលអំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​ដែល​ជា​លក្ខខណ្ឌ​តម្រូវ​ក្នុង​កិច្ច​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម​របស់​សហគមន៍​អឺរ៉ុប។ ​លោក​ថា ក្រុម​មន្ត្រី​ដដែល​ក៏​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ផលិត​ស្ករ​ស​ ដែល​មាន​ប្រភព​ចេញ​ពី​ដំណាំ​អំពៅ​នៅក្នុងខេត្ត​កោះកុង​ កំពង់​ស្ពឺ​ ឧត្តរមានជ័យ​ ​និង​ខេត្ត​ព្រះ​វិហារ។​

ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​មិន​ទាន់​បញ្ជាក់​បាន​ថា​ បេសកកម្ម​របស់​ក្រុម​មន្ត្រី​គណៈ​កម្មការ​អឺរ៉ុប​លើក​ទីពីរ​នេះនឹងបញ្ចប់​ទៅ​នៅ​ពេលណា​នោះ​ទេ។ ​ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​គណៈកម្មការ​សហភាព​អឺរ៉ុប​នេះជា​ផ្នែក​មួយ​នៃ​នីតិវិធី​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ការ​ដក​ហូត​ពិត​ប្រាកដ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ​២០២០​ ប្រសិន​បើ​មិន​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​សហ​ភាព​អឺរ៉ុប​ទុក​ពេល​ដើម្បី​តាម​ដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ ៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០​ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ (EBA) ​ដល់​កម្ពុជា​នោះ៕