លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកំពុងតែបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តក្នុងនាមជាស្រ្តីដំបូងបង្អស់ដែលគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីដែលតែងតាំងដោយគណបក្សនយោបាយមួយក្នុងចំណោមគណបក្សនយោបាយធំៗទាំងពីរនៅក្នុងប្រទេស។
លោកស្រីនឹងមិនទទួលបាននាមជាផ្លូវការជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិតេយ្យនោះទេ រហូតទាល់តែមហាសន្និបាតរបស់បក្សនៅខែក្រោយនេះ ប៉ុន្តែលោកស្រីក្តាប់បានប្រតិភូច្រើនបំផុតចំនួន ២.៣៨៣ ដែលត្រូវការដើម្បីយកឈ្នះលើលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ហើយ។
លោក John Hudak អនុប្រធានមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងកិច្ចការសាធារណៈប្រកបដោយប្រសិទ្ធភាពនៃវិទ្យាស្ថាន Brookings បានថ្លែងប្រាប់ VOA ថាស្ថានភាពដ៏សំខាន់នេះប្រហែលជាមិនមានពីមុនមកនោះទេ នេះដោយសារតែលោកស្រី Clinton ត្រូវបានគេស្គាល់ច្បាស់រួចទៅហើយ ដូច្នេះលោកស្រីទទួលបានការគាំទ្រច្រើនពេលចូលមកប្រជែង។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងប្រវតិ្តសាស្រ្តអាមេរិកដែលស្រ្តីក្លាយជាបេក្ខជនប្រធានាធិបតីត្រូវបានគេមើលឃើញថា គឺជាអ្វីដែលគួរតែបានកើតឡើងតាំងពីមុន។ ដោយនិយាយយ៉ាងដូច្នេះខ្ញុំគិតថា ខណៈដែលលោកស្រីចាប់ផ្តើមប្រឹងប្រែងកាន់តែខ្លាំងក្នុងដំណើរឆ្ពោះទៅរកយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិនោះលោកស្រីនឹងនិយាយកាន់តែច្បាស់និងកាន់តែផ្តោតសំខាន់អំពីបេក្ខភាពដែលមានលក្ខណៈប្រវត្តិសាស្រ្តរបស់លោកស្រី។»
លោកស្រី Clinton បានសម្តែងការប្រុងប្រយ័ត្នកាលពីយប់ថ្ងៃច័ន្ទដោយបាននិយាយថា ខណៈដែលការរាប់ប្រតិភូរបស់ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា លោកស្រីកំពុងតែឈានទៅរក «ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនោះ» នៅមានរដ្ឋចំនួន៦ទៀតដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃអង្គារនេះ ហើយលោកស្រីកំពុងតែខិតខំប្រឹងប្រែងក្នុងការប្រជែងនេះយ៉ាងខ្លាំងដើម្បីទទួលបានសន្លឹកឆ្នោតគាំទ្រនីមួយៗ។
ថ្ងៃអង្គារគឺជាថ្ងៃបោះឆ្នោតធំចុងក្រោយបង្អស់នៅក្នុងដំណើរការបោះឆ្នោតបឋមដោយមានប្រតិភូជិត៨៥១ទៀតនៅសល់។ លោក Robby Mook ដែលជាប្រធានគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកស្រីកំពុងតែទន្ទឹងរង់ចាំការក្តោបយកចំនួនប្រតិភូដ៏ច្រើននិងសន្លឹកឆ្នោតដ៏មានប្រជាប្រិយបំផុត។
លោក Michael Briggs អ្នកនាំពាក្យរបស់លោក Sanders បានចេញលិខិតមួយច្បាប់ដោយនិយាយថា ប្រព័ន្ធផ្សព្វផ្សាយប្រញាប់ប្រញាល់ផ្តល់ជ័យជំនះដល់លោកស្រី Clinton ឆាប់ពេក ហើយថា លោកស្រីអាចអះអាងទទួលបានការគាំទ្រច្រើនបំផុតបានប្រសិនបើលោកស្រីទទួលបានប្រតិភូពិសេសចំនួនរាប់រយដែលគាំទ្រលោកស្រី ប៉ុន្តែពួកគេអាចផ្លាស់ប្ដូរចិត្តបាននៅមុនពេលមហាសន្និបាតចាប់ផ្តើម។
លោកមាននិយាយយ៉ាងដូច្នេះថា «ចាប់ពីឥឡូវនេះរហូតដល់មហាសន្និបាត ការងាររបស់យើងគឺត្រូវបញ្ចុះបញ្ចូលប្រតិភូពិសេសទាំងនោះថាមកទល់នឹងពេលនេះ លោក Bernie គឺជាបេក្ខជនខ្លាំងបំផុតដែលអាចប្រជែងនឹងលោក Donald Trump បាន»៕