ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងភរិយារបស់លោកគឺលោកស្រី ប៉េង លីយួនកាលពីថ្ងៃពុធ បានចូលគាល់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តមសីហមុនី និង ព្រះមហាក្សត្រិយានី សម្តេចម៉ែ នរោត្តម មុនីនាថសីហនុ មុនពិធីបុណ្យសែនព្រះ ខែ នៅក្រុងប៉េកាំង។ នេះបើតាមបណ្តាញផ្សាយព័ត៌មានរដ្ឋប្រទេសចិន Xinhua ដែល បានរាយការណ៍ ហើយត្រូវគេផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេស ចិន។
ដោយបានថ្វាយព្រះពរដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានី ឲ្យមានព្រះរាជ សុខភាពល្អក្នុងពេលព្រះអង្គទាំងទ្វេគង់នៅពិនិត្យព្រះរាជ្យសុខភាពក្នុងប្រទេសចិន និងរីករាយក្នុងពិធីបុណ្យសែនព្រះខែ លោក ស៊ី បានមានប្រសាសន៍ថា ទំនាក់ទំនង ជិតស្និទ្ធនិងទំនាក់ទំនងពិសេសរវាងចិននិងកម្ពុជា មានលក្ខណៈប្រវត្តិសាស្រ្តយ៉ាង ជ្រាលជ្រៅ។
លោកក៏បានសង្កត់ធ្ងន់អំពីទំនាក់ទំនងពិសេស៦០ឆ្នាំ ជាមួយកម្ពុជាថា នឹងការបន្តរក្សាមិត្តភាពពិសេសជាមួយរាជវង្សានុវង្សកម្ពុជា តាំងពីជំនាន់សម្តេចឳព្រះបរមរតនកោដ សម្តេចព្រះនរោត្តម ស៊ីហនុ។
ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់ប្រសាសន៍ លោក ស៊ី មកបញ្ជាក់ទៀតថា ៖ «ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ខ្ញុំបានជួបជាមួយព្រះមហាក្សត្រ សីហមុនី និងព្រះមហាក្សត្រិយានី សម្តេចម៉ែ មុនីនាថ ជារៀងរាល់ឆ្នាំ ដូចជាការជួបជុំគ្នារវាង សមាជិកគ្រួសារ» ។
លោក ស៊ី បានហៅការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងប្រទេសទាំងពីរថា មាន កម្រិតផ្លូវការខ្ពស់ ក៏ដូចជាក្នុងចំណោមប្រជាជនដែលលោកអះអាងថា«ដូចជាសាច់ ញាតិជិតស្និទ្ធ»។
លោកក៏បានអបអរសាទរការបោះឆ្នោតសកលនៅកម្ពុជា ហើយលោក ស៊ី បានសម្តែងក្តីប្រាថ្នារបស់លោកថា ប្រទេសអាស៊ីអាគ្នេយ៍ទទួលបានសមិទ្ធផលថ្មី និងធំធេងនៅក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា ហើយនឹងធ្វើការរួមគ្នាជាមួយភាគីកម្ពុជាដើម្បី ជំរុញចំណងមិត្តភាពប្រពៃណី និងបង្កើនភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដ៏ទូលំទូលាយជាបន្តបន្ទាប់។
ថ្លែងអំណរគុណចំពោះលោក ស៊ី និងលោកស្រី ប៉េង ព្រះមហាក្សត្រ សីហមុនី និង សម្តេចម៉ែ មានព្រះរាជបន្ទូលថា រាល់ជំនួបជាមួយលោក ស៊ី និង លោកស្រី ប៉េង គឺដូចជាការជួបជុំក្រុមគ្រួសារ។
ព្រះមហាក្សត្រ និងសម្តេចម៉ែ មានព្រះរាជអង្គការទៀតថា ប្រជាជនកម្ពុជាសូមថ្លែង អំណរគុណចំពោះការគាំទ្រនិងការគាំទ្រយ៉ាងរឹងមាំ និងយូរអង្វែងរបស់ប្រទេសចិន និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោក ស៊ី ក្នុងការបង្កើតចំណងមិត្តភាពកម្ពុជា - ចិន ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនៅកម្ពុជាបានប្រាប់ VOA ថា ជំនួបនេះបង្ហាញ ឱ្យឃើញនូវអត្ថន័យបន្ថែមទៀតសម្រាប់ទំនាក់ទំនងរឹងមាំរវាងកម្ពុជានិងចិន និងរាជា និយមក្នុងកាលទេសនេះ។
«ក្នុងកាលទេសសព្វថ្ងៃ ចិនចង់សង្កត់ធ្ងន់ខ្លាំង ថា ចិនគាំទ្រ ហើយគាំទ្រប្រព័ន្ធហ្នឹងតែ ម្តង។ ដូច្នេះគឺរួមទាំងស្ថាប័នព្រះមហាក្សត្រ រាជានិយមហ្នឹង។ ហើយពេលនេះដែរ ប្រហែលជាអាចមានការបញ្ជាក់ពិសេសៗ ដើម្បីប្រហែលជាពង្រឹងអំណាចរបស់ព្រះមហាក្សត្រយើងផងដែរ»។
ប្រទេសកម្ពុជាទើបបង្កើតរដ្ឋាភិបាលថ្មីមួយចេញពីការបោះឆ្នោត ដែលមិនទាន់មាន ការគាំទ្រយ៉ាងទូលំទូលាយពីអន្តរជាតិ ជាពិសេសលោកខាងលិច ដោយសារមាន ការរំលាយបក្សជំទាស់ មេដឹកនាំត្រូវជាប់ឃុំឃាំង មិនអាចចូលរួមការប្រកួតប្រជែង ក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ ហើយនឹងមានការចោទប្រកាន់អំពីការ រឹតត្បិតក្រុមសង្គមស៊ីវិល សារព័ត៌មានជាដើម។
អ្នកវិភាគប្រចាំតំបន់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បាននិយាយថា វាជាកាយវិការ ការទូតដើម្បីគាំទ្រដល់រដ្ឋាភិបាលថ្មី ដែលកើតចេញបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូង ចម្រាស។
«វាបញ្ជាក់អំពីមិត្តភាពជាប្រពៃណី ក៏ដូចជាការគាំទ្រដ៏រឹងមាំរបស់ប្រទេសចិនចំពោះ រដ្ឋាភិបាលថ្មីនៅរាជធានីភ្នំពេញ»។
លោកបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជាទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិននៅ តែមានសារៈសំខាន់៕