កងទ័ព​កម្ពុជា​បង្កើន​ការ​គំរាម​ប្រឆាំង​នឹង​អាមេរិក

រូបឯកសារ៖ កងយោធពលខេមរភូមិន្ទជិះម៉ូតូល្បាតតាមផ្លូវនៅទីក្រុងភ្នំពេញ ក្នុង​កិច្ច​ប្រជុំកំពូលអាស៊ាន កាលពីខែមិនា ឆ្នាំ២០១២។

ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​«ក្បត់ជាតិ»​ ​កងទ័ព​ និង​យោធា​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ប្រសាសន៍​លោក​នាយករដ្ឋមន្រ្តី ​ដោយ​​បង្កើន​ការ​គំរាម​ប្រឆាំង​នឹង​អាមេរិក។

កម្តៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​«ក្បត់ជាតិ»។ ​ចុង​ក្រោយ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ចោទ​ថា ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ ​និង​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​លោក​ ​William Heidt​ ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ច្រាន​ចោល។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​កងទ័ព​ និង​យោធា​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្រ្តី ​ដោយបង្កើន​ការ​គំរាម​ប្រឆាំង​នឹង​អាមេរិក។​

បន្ទាប់​ពី​បិទ​សារព័ត៌មាន​ឯករាជ្យ​ និង​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មន្រ្តី​ជាន់​ខ្ពស់​ខាង​ទាហាន​បាន​ចាប់​ផ្តើម​ប្រើប្រាស់​ពាក្យ​សម្តី​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​ដែល​នាំឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​សម្រាប់​អ្នក​រិះគន់​រដ្ឋាភិបាល ​និង​អ្នក​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បើក​ការ​វាយ​ប្រហារ​លើ​សហរដ្ឋ​អាមេរិក​ជា​បន្ត​បន្ទាប់។ ​ចុងក្រោយ​នេះ​ មាន​ការ​ចោទ​ប្រកាន់​ថា​ អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក ​ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​អាមេរិក។​

កាល​ពី​ថ្ងៃ​សុក្រ​ ពួក​មន្រ្តី​ទាហាន​កម្ពុជា​បាន​សន្យា​«កម្ចាត់​ចោល»​នូវ​បរទេស​ទាំង​ឡាយ​ណា​ដែល​ពួកគេ​ថា ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល ​និង​បង្ក​អសន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​Fresh News។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានបោះឆ្នោតឃុំសង្កាត់ នៅខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ Fresh News​ កាល​ពី​ថ្ងៃ​សុក្រ​ ​ មេ​បញ្ជា​ការ មេ​បញ្ជា​ការ​រង ​និង​កងទ័ព​រាប់ពាន់​នាក់ ​នៅ​កង​ពលតូច​អន្តរាគមន៍​លេខ១ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​បាន​ប្រកាស​គាំទ្រ ​និង​អនុវត្ត​ពេញ​ទំហឹង​តាម​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន ​ក្នុង​ការ​កម្ចាត់​បរទេស​ទាំង​ឡាយ​ដែល​ពួកគេ​ថា ​ប៉ុនប៉ង​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។​ ក្រុម​កង​ទ័ព​ទាំង​អស់​ក៏​បាន​ប្តេជ្ញា​«កម្ទេច»​ រាល់​ជន​ទាំង​ឡាយ ​ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផង​ដែរ។​

សារព័ត៌មាន​ Fresh News ​បាន​ដក​ស្រង់​សម្តី​របស់​លោក​ឧត្តម​សេនីយ៍​ឯក ​ព្រំ ផេង​ មេ​បញ្ជា​ការ​កង​ពលតូច​អន្ដរាគមន៍​លេខ១​ថា៖​

«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​កង​ទ័ព ​ដែល​មាន​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹក​ដី ​សូម​គាំទ្រ​ទាំង​ស្រុង​ប្រសាសន៍​របស់​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​និង​ជា​មេដឹកនាំ​ដែល​បាន​ស្រោច​ស្រង់​ប្រទេស​កម្ពុជា​ចេញ​ពី​ភ្លើង​សង្រ្គាម ​ដោយ​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​កម្ចាត់​ពួក​បរទេស​ឈ្លាន​ពាន»។​

សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​មន្រ្តី​ទាហាន​ទាំង​នោះ​បន្ត​ថា៖​

«ពួក​យើង​ខ្ញុំ​នឹង​លើក​កម្ពស់​ស្មារតី​ជាតិ​និយម។ ​សូម​ប្តេជ្ញា​ដាច់​ខាត​កម្ទេច​ចោល​រាល់​ការ​ព្យាយាម​ផ្តួល​រំលំ​កម្ពុជា​តាម​បដិវត្ដន៍​ពណ៌ ​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​រំលោភ​លើ​អធិបតេយ្យ​ភាព​នៃ​ប្រទេស​កម្ពុជា​បាន​ឡើយ ​ទោះ​ជា​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ»។​

ចំណែក​លោក​ឧត្តម​សេនីយ៍​ឯក ប៊ុន សេង ​មេ​បញ្ជា​ការ​រង​កងទ័ព​ជើង​គោក ​និង​ជា​មេបញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥​ក្នុង​ខេត្ត​បាត់ដំបង​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ថា​ គាំទ្រ​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ ហើយក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​ដូច​លោក​ ព្រំ ផេង ​ផង​ដែរ។​

លោក ​ព្រំ ផេង ​និង​លោក ​ប៊ុន សេង ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥។​

លោក ​ឈុំ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​កង​ទ័ព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ។ ​លោក​បន្ថែម​ថា ​កម្ពុជា​ប្រឆាំង​ដាច់​ខាត​ និង​មិន​លើក​លែង​ចំពោះ​ជន​បរទេស​ណា ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ស្វាគមន៍​ទាំង​អស់​ជន​បរទេស​ណា​ដែល​មក​លក្ខណៈ​ទេសចរណ៍​ស្រប​ច្បាប់ ​ដែល​មិន​បង្ក​វិនាស​កម្ម ​និង​អំពី​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ ​គឺ​យើង​គាំទ្រ​ទាំង​អស់ ​លើក​លែង​តែ​អ្នក​ឯង​មក​ធ្វើ​អំពើ​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ឬ​ប្រឆាំងសន្តិសុខ​ជាតិ ​ឬ​ក៏​ធ្វើ​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ។​ អាហ្នឹង​យើង​មិន​គាំទ្រ​ទេ។​ យើង​មាន​ច្បាប់​របស់​យើង»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ស្ថានភាព​សន្តិសុខ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ធម្មតា ​ហើយ​រដ្ឋាភិបាល​នឹង​ការពារ​ជន​បរទេស​ទាំង​អស់។​

លោក ​ប៉ុល សារឿន​ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ ​បាន​បដិសេធ​អធិប្បាយ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​មន្រ្តី​ទាហាន​ជាន់​ខ្ពស់​ទាំង​នោះ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«បើ​គេ​គាំទ្រ​ម៉េច ​ឆ្លើយ​តាម​គេ​អីចឹង​ទៅ ​មិន​បាច់​សួរ​ខ្ញុំ​ទេ!»​

ការ​លើក​ឡើង​របស់​មន្រ្តី​ទាហាន​ទាំង​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្រកាស​ថា ​ជនជាតិ​អាមេរិក​ធ្វើ ​«ចារកម្ម» ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ​ហើយ​លោក​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជនជាតិ​អាមេរិក​ ដែល​សង្ស័យ​ទាក់ទង​នឹង​អ្វីដែល​លោក​ថា​ ជាគម្រោង​ឃុបឃិត​ផ្តួល​រំលំ​រដ្ឋាភិបាល។​

នៅ​ក្នុង​ពាក្យ​សម្តី​ដូច​គ្នា​នោះ​ លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​អាមេរិក​ហៅ​ថា Peace Corps ​ដែល​បាន​ជួយ​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​គួរ​ដក​ចេញ​ពី​កម្ពុជា។​

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

កាល​ពី​សប្តាហ៍​មុន ​លោក​ក៏​បាន​ប្រកាស​ផ្អាក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​សង្រ្គាម​វៀតណាម​ផង​ដែរ។​

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បដិសេធ​មិនអធិប្បាយ​លើ​ករណី​នេះ​ទេ​ ​ដោយ​ស្នើ​ឲ្យ​មើល​សេចក្តី​ថ្លែង​ការណ៍​របស់​ លោក​ William Heidt ​ឯក​អគ្គរដ្ឋទូត​អាមេរិក​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​សប្តាហ៍​មុន។​

នា​ពេល​នោះ ​ លោក ​Heidt ​បាន​និយាយ​ថា ​ការ​ថ្លែង​ប្រឆាំង​នឹង​អាមេរិក​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរ​អាមេរិក ​និង​ប្រទេស​លោក​ខាង​លិច ​និង​ក្រុមហ៊ុន​មាន​អារម្មណ៍​មិន​កក់​ក្តៅ​មក​កម្ពុជា ​ដោយ​ទស្សន៍​ទាយ​ថា ​នឹង​មាន​អ្នក​វិនិយោគ​តិច​ណាស់។​

លោក ​Phil Robertson ​នាយក​រង​នៃ​អង្គការ​ឃ្លំាមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ថា ​និយម​ន័យ​នៃ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កំពុង​ត្រូវ​បាន​បក​ប្រែ​ជា​បន្ត​បន្ទាប់​ និង​ទូលំ​ទូលាយ​ ក្រោម​ច្បាប់​ស្តី​អំពី​ការ​ស៊ើប​ការណ៍​សម្ងាត់ ​ដែល​មិន​មាន​ភាព​ច្បាស់​លាស់។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ តាម​រយៈ​អ៊ីម៉េល​ថា៖​

«មាន​គម្រោង​ថ្មី​ដែល​ព្យាយាម​បំភិតបំភ័យ​ គំរាម​កំហែង ​និង​គ្រប់​គ្រង​ជន​បរទេស​តាម​មធ្យោបាយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កាន់តែ​ច្រើន»។​

លោក​បន្ថែម​ថា​ នា​ពេល​ខាង​មុខ ​លោក​ជឿជាក់​ថា ​ប្រជាជន​ខ្មែរ​ដែល​មាន​លិខិត​ឆ្លង​ដែន​បរទេស​ នឹង​ជា​គោល​ដៅ​នៃ​ចំណាត់​ការ​នេះ​ដូចគ្នា​នេះ។​

លោក ​Lee Morgenbesser ​ អ្នក​ស្រាវជ្រាវ​នយោបាយ​ជា​ជនជាតិ​អូស្ត្រាលី ​ប្រាប់​ VOA​ ថា​ ប្រជាជន​អាមេរិក​ដែល​រស់​នៅ​កម្ពុជា ​គួរ​ត្រៀម​មធ្យោបាយ​ទុក​ជាមុន​ ដើម្បី​ចាក​ចេញ​ពី​ស្ថានភាព​អាក្រក់​ដែល​អាច​កើត​ឡើង។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ តាម​រយៈ​អ៊ីម៉េល​ ឬ​សារ​អេឡិច​ត្រូនិក​ថា៖​

«ការណ៍​ពិត​ដែល​ពួក​មន្រ្តី​ទាហាន​មួយ​ចំនួន​ក៏​ដូច​ជា​លោក ​ហ៊ុន សែន ​បាន​បង្កើត​នូវ​ការ​ថ្លែង​ដូចគ្នា​ នោះ​គឺ​បង្ហាញ​ថា​ ​ទំនាក់​ទំនង​ខាង​ក្រៅ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​រៀបចំ​ផ្ទៃ​ក្នុង»។​

លោក​មាន​ប្រសាសន៍​ថា៖​

«ភាព​ខុសគ្នា​នៅ​ត្រង់​អ្វី​ដែល​បាន​និយាយ​កាល​ពី​អតីត​កាល​គឺ​ថា​ សេចក្តី​ថ្លែង​ការណ៍​បែប​នេះ​គឺ​ធ្វើ​ឡើង​ប្រឆាំង​នឹង​អ្វី​ដែល​នៅ​ពី​ក្រោយ​ការ​បង្រ្កាប ​ដែល​បង្ហាញ​ថា​ ការ​ថ្លែង​ទាំង​នោះ​មិន​គួរ​ត្រូវ​បាន​ទម្លាក់​ចោល។ ​ការ​ប្រើ​ការ​គាបសង្កត់​នៅ​កម្ពុជា​គឺ​ពិបាក​នឹង​ទស្សន៍ទាយ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​មុន»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ កាសែត​ The Cambodia Daily ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ពលរដ្ឋ​អាមេរិក ​ត្រូវ​បាន​បិទ ​បន្ទាប់​ពី​មាន​ជម្លោះ​លើ​ការ​បង់ពន្ធ។ ​បន្ទាប់​មក​ វិទ្យុ​អាស៊ីសេរី​ ដែល​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​អាមេរិក​ ក៏​ត្រូវ​បាន​បិទ ​ដោយ​មាន​ការ​លើក​ឡើង​ពី​ការ​គំរាម​កំហែង។ ​អង្គការ​អាមេរិក​គឺវិទ្យាស្ថាន​ជាតិ​សម្រាប់​ប្រជាធិបេតេយ្យ​ ​(NDI)​ ដែល​ជួយ​លើ​ផ្នែក​បោះ​ឆ្នោត ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​ផង​ដែរ។​

លោក កឹម សុខា ​មេ​គណបក្ស​ប្រឆាំង​ ក៏​ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែ​នេះ ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាមេរិក។ ការ​ចោទ​ប្រកាន់​នេះ​ទាក់ទង​នឹងវីដេអូ​ចាស់​មួយ​ដែល​លោក ​កឹម សុខា ​បាន​ថ្លែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​អំពី​ការ​គំាទ្រ​របស់​អាមេរិក​ដើម្បី​លើក​កម្ពស់លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម។​

លោក មាស នី ​អ្នក​វិភាគ​នយោបាយ ​មាន​ប្រសាសន៍​ថា ​ពួក​មន្រ្តី​ទាហាន​ទាំង​នោះ​ត្រូវ​តែ​បង្ហាញ​ការ​គាំទ្រ ​និង​ភាព​ស្មោះត្រង់ ​បើ​ទោះជា​ពួកគេ​មិន​ចង់​ក៏​ដោយ។​

លោក​បាន​ថ្លែង​ថា៖

«ពួក​គេ​ត្រូវ​តែ​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ ​បើ​ទោះជា​ពួកគេ​មិន​យល់​ស្រប​ទៅ​អ្វី​ដែល​កំពុង​កើត​ឡើង​នា​ពេល​នេះ​ក៏ដោយ។​ តួនាទី ​និង​ទ្រព្យ​សម្បត្តិ​គឺជា​កត្តា​សំខាន់​ក្នុងការ​បង្ហាញ​ការគាំទ្រ​របស់ពួក​គេ»៕