ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​បាន​ចាប់​ផ្តើម​ក្នុង​បរិយាកាស​ល្អ​ប្រសើរ

បេក្ខជន​ប្រឡង​ឈរ​តំរង់​ជួរ​មុខ​មណ្ឌល​ប្រឡង​ដើម្បី​ធ្វើ​ការ​ឆែក​រក​សំណើរ​ឯកសារ​មុន​ចូល​មណ្ឌល​ប្រឡង។ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

សិស្សានុសិស្ស​ដែល​សិក្សា​កម្រិត​ទុតិយភូមិ​ជាង​មួយ​សែន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ​បាន​ចាប់ផ្តើម​ការ​ប្រឡង​ថ្ងៃ​ទី​មួយ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០​ ខែ​សីហា​នេះ។​ ​ការ​ប្រឡង​សញ្ញាបត្រ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិកាស​ល្អ​ប្រសើរ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទូទាំង​ប្រទេស​កម្ពុជា​ រយៈពេល​ពីរ​ថ្ងៃ​ ​បាន​ចាប់​ផ្តើម​កាល​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដោយ​មាន​ចំនួន​សិស្សានុសិស្ស​ច្រើន​ជាង​ឆ្នាំ​មុនៗ​ និង​ស្ថានភាព​ល្អ​ប្រសើរ​តាម​មណ្ឌល​ប្រឡង​នានា។​ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ថ្ងៃទី​១ ​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​ ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​អប់រំ​ ​លោក ​ហង់ ជួនណារ៉ុន​ ថ្លែង​ថា ​នៅ​ក្នុង​ការ​ប្រឡង​ក្នុង​ឆ្នាំ២០១៨​នេះ​ មាន​បេក្ខជន​ចំនួន​១១៧.០៦១នាក់​ ​ដែល​មាន​កំណើន​ប្រមាណ​១៣.៩៤៩​នាក់។​ ​លើស​ពី​នេះ​ទៀត​ មណ្ឌល​ប្រឡង​បាន​កើន​ឡើង​ពី​ចំនួន​១៥០​ ដល់​១៩៦​កន្លែង​នៅ​ទូទាំង​ប្រទេស។

លោក​ ​ហង់ ជួន​ណារ៉ុន​ ​មាន​ប្រសាសន៍​ថា៖​

«ហើយ​ឆ្នាំ​នេះ​ យើង​ឃើញ​ថា ​ចំនួន​សិស្ស​មាន​ការ​កើនឡើង​ រាល់​ដង​មាន​សិស្ស​តែ​ប៉ុន្មាន​៨​ម៉ឺន​នាក់ ​ឆ្នាំ​នេះ​ឡើង​ដល់​១១៥.០០០​នាក់​ជាង។ ហើយ​មណ្ឌល​ក៏​កើន​ឡើង​ដែរ។ កាលពីឆ្នាំ​២០១៤​ យើង​មាន​មណ្ឌល​ប្រមាណ​ជា​១៥០​ ​ឥឡូវ​នេះ​មណ្ឌល​ឡើង​ដល់​១៩៦»។

បើ​ទោះ​បីជា​មាន​មតិ​មួយ​ចំនួន​ដែល​លើក​ឡើង​ថា​ ក្រសួង​បានបន្ធូរ​កម្រិត​វិញ្ញា​សារ​ប្រឡង​យ៉ាងណា​ក៏​ដោយ​ ក៏​ក្រសួង​នៅ​តែ​បន្ត​រៀបចំ​ការ​ប្រឡង​នេះ​ជាមួយ​ស្តង់ដារ​ដែល​ខ្លួន​បាន​អះអាង។

ព័ត៌មាន​ ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ​ ​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រឡង​ឆ្នាំ​នេះ​ មិន​មាន​ស្ថានការណ៍​ណា​មួយ​ដែល​ខុស​ប្រក្រតី​នៅ​ឡើយ​ទេ។

នេះ​គឺ​ជា​ឆ្នាំ​ទី៥​ហើយ​នៃ​ការ​កែ​ទម្រង់​ការ​សិក្សា​ និង​ការ​ប្រឡង​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​មាន​ការ​រឹត​បន្តឹង​ការ​ប្រឡង ​ដើម្បី​ទទួល​បាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ក្រោម​ពាក្យ​ស្លោក​ថា​«អ្នកចេះ​ ​ទើប​ជាប់»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ​មាន​កំណែ​ទម្រង់​ និង​ការ​រឹត​បន្តឹង​ដំណើរ​ការ​ប្រឡង​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​បេក្ខ​ជន​ប្រឡង​និយម​តែ​ចម្លង​តាម​សំណៅ​ឯក​សារ​ផ្សេងៗ​ធ្វើ​ឱ្យ​អត្រា​បេក្ខជន​ដែល​ប្រឡង​មិន​ជាប់​ គឺ​មាន​ប្រមាណ​៧០​ភាគរយ​ ​ក៏​ប៉ុន្តែ​ឆ្នាំ​ទៅមិញ​ ​ពីរ​ភាគ​បី​នៃ​ចំនួន​បេក្ខជន​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ គឺ​ទទួល​ជោគជ័យ។

ក្នុង​ដំណើរ​ការ​ប្រឡង​ថ្ងៃទី​១​នេះ​ ​បេក្ខជន​ប្រឡង​មាន​ចំនួន​សរុប​ចំនួន​១១៥.២៦៨​នាក់​ ​ស្រី​៥៨.១៥៨​នាក់​ ​អវត្តមាន​សរុប​ចំនួន​១.៧០៨​នាក់​ ​ស្រី​ ​៦៩២​នាក់។​

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ ​VOA​ ​នៅ​ថ្ងៃ​ចន្ទ​ដែល​ជា​ថ្ងៃទី​១ បេក្ខជន​មួយ​ចំនួន​បាន​បង្ហាញ​ពីភាព​សុទិដ្ឋិនិយម​ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ។​ ​ពួកគេ​សុទ្ធ​តែគិត​ថា ​ការ​ប្រឡង​ឆ្នាំ​នេះ​មិន​ពិបាក​ ​ហើយ​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ។​

កញ្ញា​ មាស ចាន់ថន​ ​ជា​បេក្ខនារី​មក​ពី​វិទ្យាល័យ​ឫស្សីកែវ ​ហើយ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​បឋមសិក្សា​ចតុមុខ ​បាន​និយាយ​ថា វិញ្ញាសារ​ប្រឡង​ព្រឹក​នេះ​គឺ​ជា​អ្វី​ដែល​នាង​បាន​រៀន​រួច ​ប៉ុន្តែ​ស្ថានភាព​ក្នុង​បន្ទប់​ប្រឡង​មាន​ការ​តឹងតែង។​

«អនុរក្ស​គាត់​នៅ​ឈរ​មើល​យើង​២៤​ម៉ោង​ហ្មង​ ចង់​និយាយ​អីចឹង​ណា៎។​ ​ហើយ​គ្រូ​ គាត់​ដើរ​ទៅ​ដើរ​មក​មើល​ការ​ប្រឡង​របស់​យើង​រហូត។​ ពេល​ខ្លះ​ទៅ​ ​ចង់​និយាយ​ថា​ ​ងាក​ខ្លួន​មិន​រួចហ្មង​ណា៎»។

ចាន់ថន​ ​បាន​បន្ថែម​ថា​ ​នាង​សង្ឃឹម​ថា ​វិញ្ញាសារ​បន្ទាប់​នឹង​ចេញ​ចំ​មេរៀន​ដែល​នាង​បាន​រំឭក​និង​ត្រៀម​រួច​នោះ។​

ចំណែក​កញ្ញា​ ​រស្មី ដារ័ត្ន​ ​មកពី​វិទ្យាល័យឫស្សី​កែវ​ ​ដែល​បាន​ប្រឡង​នៅ​មណ្ឌល​ដូចគ្នា​នេះ​ និយាយ​ថា​ នាង​មិន​មាន​ការ​ភិត​ភ័យ​នោះ​ទេ​ ​ដោយសារ​តែ​នាង​ធ្វើ​បាន​ច្រើន។

«ពេល​ដែល​ចូល​ទៅ​ហ្នឹង ខ្ញុំ​អត់​បាន​រំពឹង​ថា​ នឹង​សុំ​បន់​ឲ្យ​ចេញ​វិញ្ញាសារ​ដែល​ខ្លួន​ឯង​បាន​មើល​ទេ ​ព្រោះ​អី​មាន​អារម្មណ៍​ថា ​ដូច​ខ្ញុំ​ប្រាប់​បង​អីចឹង​ណា៎​ ថា​ ធម្មតា​ ចូល​ទៅ​ប៉ះ​សំណួរ​ណា​ធ្វើ​សំណួរ​ហ្នឹង​តែ​ម្តង។​ ហើយ​អឺ ​អាច​និយាយ​បាន​ថា​ សំណួរ​ខ្លះ​បើក​មក​ទៅ គឺ​វា​ចំ​ជាមួយ​នឹង​សំណួរ​មួយ​ហើយ​នឹង​លំហាត់​មួយៗ​ដែល​ធ្លាប់​មើល»។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទូទាំង​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ​ នឹង​ត្រូវ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​អង្គារ​ខាងមុខ​ ហើយ​លទ្ធផល​នៃ​ការ​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​កញ្ញា​ខាង​មុខ៕