ក្រសួងការបរទេសបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រិះគន់សហភាពអឺរ៉ុបថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ករណីដែលសហភាពអឺរ៉ុបរិះគន់ការបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស៤រូបរបស់អង្គការអាដហុក និងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១រូប។
កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការកម្ពុជាកាលពីចុងខែមេសា ក្នុងការបន្តឃុំខ្លួនមន្ដ្រីការពារសិទ្ធិមនុស្សរបស់អង្គការអាដហុកចំនួន៤រូប និងមន្ត្រី គ.ជ.ប ១រូប នៅក្នុងពន្ធនាគារ៦ខែបន្ថែមទៀត បន្ទាប់ពីពួកគេបានជាប់ឃុំអស់រយៈពេល១ឆ្នាំមកហើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ សហភាពអឺរ៉ុបបានដកស្រង់ពីការលើកឡើងរបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្ត ដែលបានចាត់ទុកការឃុំខ្លួនអ្នកទាំង៥ថា «ជាការធ្វើឡើងតាមអំពើចិត្ត និងបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់»។
សេចក្ដីថ្លែងការណ៍បន្តថា៖ «វាមានសារៈសំខាន់ណាស់ដែលសិទ្ធិរបស់បុគ្គលទាំង៥រូបនេះ ត្រូវបានគោរពដោយពេញលេញ ហើយរាល់ការរំលោភបំពានសិទ្ធិណាមួយរបស់ពួកគេនៅក្រោមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយដោយសមស្រប»។
ភ្លាមៗនោះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបមួយដោយលើកឡើងថា ការសម្រេចរបស់តុលាការក្នុងការបន្តឃុំខ្លួនអ្នកទាំង៥ រយៈពេល៦ខែបន្ថែមទៀតនោះ គឺស្របតាមច្បាប់ជាតិ ដែលអនុញ្ញាតឱ្យចៅក្រមស៊ើបអង្កេតអាចសម្រេចពន្យារការឃុំឃាំងមុនសវនាការចំនួន២ដង ដោយក្នុងរយៈពេល៦ខែម្តង។
សេចក្ដីថ្លែងការណ៍ដដែលនោះបន្តទៀតថា ការរិះគន់របស់សហភាពអឺរ៉ុប គឺជាការរំលោភបំពានលើអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូតដែលមានខ្លឹមសារថា រាល់បេសកកម្មកាទូតទំាងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតំាងនៅ ហើយពួកគេមានមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ។
បើទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានថ្លែងថា វាជារឿងល្អ និងជារឿងធម្មតាមួយក្នុងការពិភាក្សាទៅបញ្ហាសិទ្ធិមនុស្សនេះ ដោយសារបញ្ហាស្ថានភាពសិទ្ធិមនុស្ស បានក្លាយទៅជាកង្វល់រួមមួយរបស់ពិភពលោក។
លោក Edgar បន្តទៀតថា មានកិច្ចព្រមព្រៀង និងអនុសញ្ញាមួយចំនួនដែលកម្ពុជាជាហត្ថលេខី អនុញ្ញាតឱ្យមានការពិភាក្សាលើបញ្ហាស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជាសមាជិក។ លោកបានលើកជាឧទាហរណ៍ ដូចជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សសកលរបស់អង្គការសហប្រជាជាតិ (Universal Periodic Review)។
«នេះគឺជាប្រព័ន្ធមួយដែលរៀងរាល់២ឬ៣ឆ្នាំ ប្រទេសនីមួយៗបង្ហាញពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន ដើម្បីទទួលមតិយោបល់ពីប្រទេសជាសមាជិកផ្សេងៗទៀត និងធ្វើការឆ្លើយតបទៅនឹងអនុសាសន៍ផ្សេងៗ»។
VOA មិនអាចសុំការឆ្លើយតបពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅល្ងាចថ្ងៃសុក្រនេះ។
កាលពីចុងខែមេសា ក្រោយពីចៅក្រមស៊ើបសួរនៃតុលាការកម្ពុជា បានសម្រេចពន្យារពេលឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥ រយៈពេល៦ខែទៀត ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយអំពាវនាវឱ្យអាជ្ញាធរខ្មែរដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ ដែលកំពុងជាប់ឃុំ «ជាបន្ទាន់»។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតមានប្រសាសន៍ថា បញ្ហាសិទ្ធិមនុស្សមិនមែនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយនោះទេ ដោយសារតែសន្ធិសញ្ញានិងកត្តិកាផ្សេងៗស្ដីពីសិទ្ធិមនុស្ស តែងនិយាយអំពីកាតព្វកិច្ចរបស់រដ្ឋាភិបាលនីមួយៗក្នុងការគោរពនិងការពារសិទ្ធិមនុស្សជូនពលរដ្ឋខ្លួន។
លោកបន្តថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចក្នុងការការពារពលរដ្ឋនៅក្នុងពិភពលោក ករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសណាមួយ។
«បើសិនជាប្រទេសហ្នឹងបរាជ័យខ្លាំងមែនទែន (ក្នុងការគោរពសិទ្ធិមនុស្ស) ចឹងពិភពលោកគេអាចលូកដៃចូលបាន។ ក្នុងនោះគេមានគោលការណ៍មួយទៀតគេហៅថា Responsibility to protect គេហៅថា កាតព្វកិច្ចរបស់ពិភពលោកក្នុងការការពារប្រជាពលរដ្ឋ។ បានន័យថា បើសិនជាប្រទេសហ្នឹងបរាជ័យខ្លាំង មិនមែនប្រទេសទេ បានន័យថា បើរដ្ឋាភិបាលយបរាជ័យខ្លាំង គឺកាតព្វកិច្ចរបស់ពិភពលោកក្នុងការការពារ»។
មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤រូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី និងអគ្គលេខាធិការរង លោក នី ចរិយា ដែលជាអតីតបុគ្គលិកនៃសមាគមអាដហុក ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
អ្នកទាំង៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។ សំណុំរឿងនេះត្រូវបានគេមើលឃើញថា មានចរិតនយោបាយ និងគួរឱ្យសង្ស័យ។
អ្នកវិភាគនយោបាយ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានចាត់ទុកការប្រើប្រាស់នីតិវិធីព្រហ្មទណ្ឌទៅលើអ្នកទាំង៥ថា គ្រាន់តែជាលេស ដើម្បីគាបសង្កត់ និងរារាំងការអនុវត្តសិទ្ធិស្របច្បាប់ ក្នុងការសម្ដែងមតិនិងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សប៉ុណ្ណោះ។ ក៏ប៉ុន្តែរដ្ឋាភិបាល តែងច្រានចោលការលើកឡើងទាំងនេះ ដោយអះអាងថា វាជាការអនុវត្តច្បាប់របស់តុលាការ៕