ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ការ​សម្ដែង​របាំ​អប្សរា ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

លោក ជុំ ប៊ុនរ៉ុង ឯក​អគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បង្ហាញ​សេចក្ដី​សប្បាយ​រីករាយ និង​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​រៀបចំ​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា កន្លង​ទៅ​នេះ នៅ​ក្នុង​បរិវេណ​ស្ថានទូត​ផ្ទាល់។

ប្រជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ដទៃ​ទៀត​រាប់​រយ​នាក់ បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​នេះ។

ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ គឺ​ជា​ឱកាស​មិន​ត្រឹមតែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​អាមេរិកាំង ដែល​រស់នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​ដូចជា​ប្រជាពលរដ្ឋ​មកពី​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចូលរួម​ជួបជុំ​សប្បាយ​ទាំង​អស់​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ឱកាស​សម្រាប់​រំឭក​ដល់​វប្បធម៌ ប្រពៃណី​ដ៏​យូរ​លង់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ផង។

លោក ជុំ ប៊ុនរ៉ុង ឯក​អគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បង្ហាញ​សេចក្ដី​សប្បាយ​រីករាយ និង​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

«ទូលបង្គំ​ខ្ញុំ​បាទ ដែល​ជា​ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេល​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​យើង មាន​កិត្តិយស​ណាស់​ថ្ងៃ​នេះ ដែល​បាន​មក​ជួបជុំ​បងប្អូន​មកពី​គ្រប់​ទិសទី ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ ២០១៧»។

លោក ជុំ ប៊ុនរ៉ុង អគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ថ្លែង​សន្ទរកថា​បើក​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

លោក​អគ្គរាជទូត ជុំ ប៊ុនរ៉ុង បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ស្ថានទូត​ខ្មែរ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ពិត​ប្រាកដ​នោះ គឺ​ដោយសារ​លោក​ជាប់​រវល់​ចូលរួម​នៅ​ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ តប​តាម​ការ​អញ្ជើញ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​រដ្ឋ​ផ្សេងៗ ដូចជា​រដ្ឋ California រដ្ឋ Pennsylvania រដ្ឋ Florida រដ្ឋ Texas ជា​ដើម។

សារៈសំខាន់​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ គឺ​ជា «មោទនភាព​របស់​ខ្មែរ ដើម្បី​ឲ្យ​គេ​ដឹង​ថា ខ្មែរ​យើង​ធ្វើ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហោ ជូ ប្រធាន​សមាគម​ពាណិជ្ជកម្ម​ខ្មែរ ប្រចាំ​ទីក្រុង Philadelphia។

អ្នកស្រី ម៉ី ភារម្យ មកពី​រដ្ឋ Maryland ដែល​បាន​មក​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឯ​ស្ថានទូត​ខ្មែរ នេះ​អស់​រយៈពេល ៣ ឆ្នាំ ជាប់ៗ​គ្នា​កន្លង​មក បាន​និយាយ​ថា ពិធី​បុណ្យ​ចូលឆ្នាំ​នេះ មាន​គោល​បំណង​សម្រាប់​ឲ្យ​កូន​ខ្មែរ ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក អាច​ស្វែង​យល់​បាន​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​វប្បធម៌​ប្រពៃណី​ខ្មែរ។

«[ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្ថាន​ទូត​នេះ] ជួយ​ឲ្យ​កូន​ខ្មែរ ដែល​កើត​នៅ​ស្រុក​ហ្នឹង​ឲ្យ​ដឹង​ឭ​ថា ប្រពៃណី​ខ្មែរ​យើង​យ៉ាង​ម៉េច ដើម្បី​រំឭក​ពី​ទំនៀមទម្លាប់​ខ្មែរ»។

អ្នកស្រី​បន្ថែម​ថា ការ​រៀបចំ​ពិធី​ចូល​ឆ្នាំ​នេះ ក៏​ជា​ឱកាស​សប្បាយ​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជួបជុំ​គ្នា​ផង​ដែរ។

«មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់។ ក្នុង​មួយ​ឆ្នាំ មាន​តែ​ម្ដង​ទេ។ ពួក​ខ្ញុំ​តែងតែ​មក​ស្ថានទូត​ខ្មែរ​ហ្នឹង មក​ចូលរួម​ជុំ​ខ្មែរៗ​ទាំង​អស់​គ្នា»។

សម្រាប់​លោក ភីថឺ ក្លេន ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ដែល​ជា​អ្នក​បើក​រថយន្ត​ដឹក​សិស្ស​ឲ្យ​សាលារៀន​រដ្ឋ​នៅ​ក្នុង​ទីក្រុង Arlington រដ្ឋ Virginia ការ​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​រៀប​ចំ​ដោយ​ស្ថានទូត​ខ្មែរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​រូប​លោក។

«មាន​អារម្មណ៍​សប្បាយ​រីករាយ ប្លែក​ភ្នែក។ អត់​ដែល​ធ្លាប់​មក​សោះ។ នេះ​ជា​លើក​ទី​មួយ​ហើយ។ ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​មក​ទៀត នាំ​កូន នាំ​ប្រពន្ធ​មក​លេង​ឲ្យ​សប្បាយ​ម្ដង»។

លោក ទេស សារឿម ប្រធាន​សមាគម​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ចូលឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ គេ​ក៏​ឃើញ​មាន​ការ​សម្ដែង​សិល្បៈ​របាំ​បុរាណ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ​ផង​ដែរ។ សមាគម​រក្សា​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​បង្កើត​ឡើង និង​ដឹកនាំ​ដោយ​លោក ទេស សារឿម ជា​សមាគម ដែល​ស្ម័គ្រចិត្ត​ជួយ​រៀបចំ​ចាត់ចែង​ការ​សម្ដែង​សិល្បៈ​បុរាណ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដោយ​មិន​យក​ប្រាក់​កម្រៃ​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឯ​ស្ថានទូត​ខ្មែរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នា​ឆ្នាំ ២០១៧ នេះ។

លោក ទេស សារឿម បាន​មាន​ប្រសាសន៍​ថា គោល​បំណង​ធំ​នៃ​ការ​បង្ហាញ​សិល្បៈ វប្បធម៌​ខ្មែរ​លើក​នេះ គឺ​ដើម្បី​ផ្ដល់​ឱកាស​ជាពិសេស​ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិកាំង អាច​ស្វែង​យល់​អំពី​ប្រភេទ​សិល្បៈ និង​វប្បធម៌​ប្រពៃណី​បរម​បុរាណ​ដ៏​ផូរផង់​របស់​ខ្មែរ។

«សមាគម​រក្សា​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក មាន​សេចក្ដី​រីករាយ​ណាស់ ដើម្បី​ចូលរួម ទោះបី​ពុំ​មាន​ផល​កម្រៃ​អ្វី​ក៏​ដោយ ក៏​ដើម្បី​បង្ហាញ​វប្បធម៌ និង​សិល្បៈ​របស់​ខ្មែរ​យើង​ឲ្យ​ប្រជារាស្ត្រ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ ជាពិសេស​ប្រជារាស្ត្រ​អាមេរិកាំង ដើម្បី​ឲ្យ​គេ​ឃើញ​ថា​តើ​សិល្បៈ​យើង វប្បធម៌​យើង មាន​សម្រស់ មាន​ភាព​ថ្កុំថ្កើង​ប៉ុណ្ណា​ពី​សម័យ​បុរាណ»។

ក្រៅ​ពី​នេះ ក៏​មាន​ការ​រៃអង្គាស​ថវិកា​សប្បុរសធម៌ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មិត្ត​សម្លាញ់​គ្មាន​ព្រំដែន (Friends Without A Border) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York ផង​ដែរ។ គោល​បំណង​នៃ​ការ​រៃ​អង្គាស​ថវិកា​របស់​អង្គការ​នេះ គឺ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សុខ សុគន្ធ អ្នក​ស្ម័គ្រចិត្ត​ដើរ​រៃ​អង្គាស​ថវិកា​មួយ​រូប​ឲ្យ​អង្គការ​មិត្ត​សម្លាញ់​គ្មាន​ព្រំដែន​នេះ។

លោក សុខ សុគន្ធ អ្នក​ស្ម័គ្រ​ចិត្ត​រៃ​អង្គាស​ថវិកា​ឲ្យ​អង្គការ​មិត្ត​សម្លាញ់​គ្មាន​ព្រំដែន (Friends Without A Border) ចូលរូម​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

«ការ​រៃ​អង្គាស​ប្រាក់​នេះ គឺ​រៀបចំ​ឡើង​ដោយ​អង្គការ​មិត្ត​សម្លាញ់​គ្មាន​ព្រំដែន ជា​ភាសា​អង់គ្លេស​ហៅ​ថា Friends Without A Border ដែល​ជា​អង្គការ​មិន​យក​កម្រៃ។ លោក Kenro Izu ជា​ស្ថាបនិក​ដំបូង ដែល​ផ្ដួចផ្ដើម​កសាង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា»។

លោក​បាន​បន្ថែម​ថា៖ «កម្មវិធី​នេះ គឺ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​សប្បុរស​ជន ប្រុស​ស្រី ក្មេង​ចាស់ ទាំង​ខ្មែរ​អាមេរិកាំង ទាំង​បរទេស ចូល​ចាប់​កុសល ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ»។

ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​នាក់ មក​ពី​រដ្ឋ​ផ្សេងៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​អបអរ​ឆ្នាំ​ថ្មី ដែល​រៀបចំ​ដោយ​ស្ថានទូត​ខ្មែរ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ឆ្នាំ​នេះ​ដែរ។ ពលរដ្ឋ​អាមេរិកាំង​ទាំង​នោះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​វប្បធម៌​ប្រពៃណី​ខ្មែរ។

ក្នុង​ចំណោម​នោះ លោក Ken Washington លេខា​រដ្ឋបាល នៃ​ក្រុម​ប្រឹក្សា Philadelphia, AFL-CIO ដែល​ជា​អង្គការ​បណ្ដាញ​សហជីព​កម្មករ មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Philadelphia ជា​អ្នក​ដែល​ស្រលាញ់​ប្រជាពលរដ្ឋ​ខ្មែរ និង​វប្បធម៌​ប្រពៃណី​ខ្មែរ​ដ៏​ខ្លាំងក្លា​ម្នាក់។

លោក Ken Washington លេខា​រដ្ឋបាល​នៃ​ក្រុម​ប្រឹក្សា Philadelphia, AFL-CIO ក្នុង​កម្មវិធី​ចូលឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

ដោយ​បាន​ចាត់ទុក​ខ្លួន​លោក​ថា​ជា​ជនជាតិ​ខ្មែរ​មួយ​រូប លោក​បាន​បញ្ជាក់​ថា លោក​ត្រូវតែ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ណា​ដែល​រៀបចំ​ឡើង​ដើម្បី​ខ្មែរ។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«ក្នុង​បេះដូង​ខ្ញុំ ខ្ញុំ​គឺ​ជា​ខ្មែរ។ បងប្អូន​ខ្មែរ​នៅ​ក្នុង​ទីក្រុង Philadelphia បាន​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ខ្ញុំ។ ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នានា ដែល​ខ្មែរ​រៀបចំ​ឡើង។ ខ្ញុំ​ចាត់ទុក​លោក​អគ្គរាជទូត​ខ្មែរ​ជា​បង​ប្រុស​របស់​ខ្ញុំ។ ដូច្នេះ ពេល​ដែល​លោក​អញ្ជើញ​ឲ្យ​ចូលរួម ខ្ញុំ​មក​ចូលរួម»។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​កម្ពុជា​ក្នុង «រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ» ដើម្បី​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ស្រុក​ខ្មែរ ក្រោយពី​គម្រោង​ទៅ​លេង​ស្រុក​ខ្មែរ​របស់​លោក កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​លុប​ចោល ដោយសារតែ​លោក​ជាប់​រវល់​ការងារ។

លោក ហោ ជូ ប្រធាន​សមាគម​ពាណិជ្ជកម្ម​ខ្មែរប្រចាំ​ក្រុង Philadelphia ក្នុង​កម្មវិធី​ចូលឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​សន្ទរកថា​បើក​កម្មវិធី​ចូល​ឆ្នាំ​ថ្មី​នេះ លោក​អគ្គរាជទូត​ ជុំ ប៊ុនរ៉ុង បាន​លើក​ឡើង​ពី​ការ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​ការ​លើក​មុខមាត់​ប្រទេស​កម្ពុជា និង​វប្បធម៌​ប្រពៃណី​ខ្មែរ នៅ​ក្នុង​សហរដ្ឋ​អាមេរិក តាម​រយៈ​ការ​សម្រេច​ជោគជ័យ​ផ្សេងៗ​នៅ​ក្នុង​អាជីព​ការងារ​របស់​ពួកគេ ក៏​ដូចជា​ការ​កសាង​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​ចំនួន​ជិត ៣ រយ វត្ត​អារាម នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក​បាន​បន្ថែម​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក នា​ពេល​បច្ចុប្បន្ន​នេះ​មាន​សភាព​ប្រសើរ​ខ្លាំង​ជាង​មុន។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មាន​សភាព​រឹងមាំ​ខ្លាំង​ណាស់ ដោយសារតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​ភ្ញៀវ​ទេសចរ​អាមេរិកាំង​ជាង ៣ សែន​នាក់ ទៅ​ទស្សនា​ប្រទេស​កម្ពុជា និង​ភ្ញៀវ​ទេសចរ​ខ្មែរ​ជិត ៥ ពាន់​នាក់ មក​ទស្សនា​សហរដ្ឋ​អាមេរិក។

មាន​ក្រុមហ៊ុន​អាមេរិកាំង​ជាង ៥០ ក្រុមហ៊ុន បោះ​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ទឹក​ប្រាក់​សរុប​ចំនួន​ជិត ១ ពាន់​លាន​ដុល្លារ​អាមេរិក។ សហរដ្ឋ​អាមេរិក​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា ដូចជា​សម្លៀក​បំពាក់​ជា​ដើម ក្នុង​ទឹក​ប្រាក់​ចំនួន​ច្រើន​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រទេស​កម្ពុជា​នាំ​ចូល​ទំនិញ​ផ្សេងៗ​ពី​សហរដ្ឋ​អាមេរិក ដូចជា​គ្រឿង​ម៉ាស៊ីន​ជា​ដើម ក្នុង​ទឹក​ប្រាក់​ចំនួន​ជិត ៣ រយ​លាន​ដុល្លារ​អាមេរិក»៕