សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យលើការអនុញ្ញាតឲ្យសាលារៀន និងសាកលវិទ្យាល័យ Zaman បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យអប់រំ ទោះបីជាមានការស្នើសុំជាបន្តបន្ទាប់ពីស្ថានទូតសាធារណរដ្ឋតួកគីឲ្យបិទគ្រឹះស្ថានអប់រំនេះក្តី។
សមាគមនេះបានចាត់ទុកថា ការស្នើឲ្យបិទគ្រឹះស្ថានសិក្សាឯកជន Zaman ដោយអ្នកការទូតជាន់ខ្ពស់តួកគី ដោយទាំងពុំទាន់មានភ័ស្តុតាងច្បាស់លាស់នោះគឺពុំទាន់ត្រឹមត្រូវតាមច្បាប់កម្ពុជានៅឡើយ ហើយថែមទាំងធើ្វឲ្យមានភាពភ័យព្រួយដល់អនាគតរបស់សិស្ស និងនិស្សិតកម្ពុជា ដែលកំពុងតែសិក្សាក្នុងគ្រឹះស្ថានអប់រំនេះផងដែរ។
សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញផ្សាយជាសាធារណៈកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា៖«សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមអំពាវនាវដល់អ្នកគ្រប់គ្រង បុគ្គលិក កម្មករ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និស្សិត និងមាតាបិតា រួមទាំងអាណាព្យាបាល សូមមេត្តាស្ងាត់ស្ងៀម និងបន្តដំណើរការបង្រៀន និងរៀនរបស់ខ្លួនឲ្យបានជាប់លាប់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលយើងដោះស្រាយ»។
តាំងពីឆ្នាំ១៩៩៧រហូតមកដល់ពេលនេះ សាលា Zaman មានសិស្សចុះឈ្មោះចំនួនប្រហែល២.០០០នាក់ ដែលកំពុងសិក្សាចាប់ពីថ្នាក់មតេ្តយ្យរហូតដល់កម្រិតមហាវិទ្យាល័យ។
លោកដេត សុខឧត្តម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Zaman កម្ពុជា បានប្រាប់ VOA កាលពីព្រឹកថ្ងៃអាទិត្យថា គ្រឹះស្ថានសិក្សា Zaman នឹងនៅតែបន្តប្រតិបតិ្តការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ទោះបីជាមានការចោទប្រកាន់ពីស្ថានទូតសាធារណរដ្ឋតួកគីបែបណាក្តី។
លោកនិយាយថា រហូតមកទល់នឹងពេលនេះ ស្ថានទូតក៏កំពុងរកភ័ស្តុតាងដើម្បីគាំទ្រការចោទប្រកាន់ដែលថា គ្រឹះស្ថានសិក្សា Zaman មានការជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនោះ។
«ខ្ញុំជឿថា គាត់ព្យាយាមរកហើយ ប៉ុន្តែសំខាន់ វាអត់មាន។ ដល់ពេលអញ្ចឹងទៅដូចជា ជាក់ស្តែង ដូចខ្ញុំអានព័ត៌មានជុំវិញពិភពលោកអី ក៏ឃើញថា សូម្បីតែការចោទប្រកាន់លោក Gulen នៅអាមេរិកអី ក៏ខាងតួកគីហ្នឹងក៏បានសារភាពថា ខ្លួនអត់មានភ័ស្តុតាងអីបង្ហាញទៅសហរដ្ឋអាមេរិកក្នុងការរកឃើញថា លោក Gulen នៅពីក្រោយការធ្វើរដ្ឋប្រហារអីដែរហ្នឹង។ អញ្ចឹងរឿងនេះវាដូចជា ហ្នឹងហើយ ខ្ញុំគិតថា វាមិនទៅណា សំខាន់គាត់អត់ភ័ស្តុតាង»។
លោកបន្ថែមថា សាកលវិទ្យាល័យ Zamanដំណើរការធម្មតា ហើយការចុះឈ្មោះប្រឡងយកអាហារូបករណ៍ពីសាកលវិទ្យាល័យនេះក៏មានចំនួនកើនឡើងគឺមានប្រមាណជាង៥០០នាក់។
យ៉ាងណាក៏ដោយ លោក អ៊ីល ហាន ខេម៉ាល់ធូ (Ilhan Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ដែលធ្លាប់ស្នើឲ្យលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បិទគ្រឹះស្ថានសិក្សា Zaman បានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ការលើកពីបញ្ហាច្បាប់របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មិនទាក់ទងគ្នានឹងការធ្វើប្រតិបត្តិការភេរវកម្មនោះទេ។ លោកឯកអគ្គរដ្ឋទូតនៅតែប្រកាន់ជំហរថា គ្រឹះស្ថានអប់រំ Zaman មានការជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មដដែល។
«បញ្ហានេះគឺមិនមែនទាក់ទងតែនឹងច្បាប់កម្ពុជានោះទេ។ នេះមិនមែនជាបញ្ហាទេ។ បញ្ហាគឺថា មនុស្សទាំងអស់នេះ អង្គភាពនេះកំពុងធ្វើប្រតិបតិ្តការ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសផ្សេងទៀតផងដែរ។ ពួកគេកំពុងត្រូវបានគេប្រើប្រាស់ដើម្បីផ្តល់ធនធានហិរញ្ញវត្ថុ និងការកសាងបណ្តាញទៅដល់អង្គការភេរវកម្ម»។
កាលពីពាក់កណ្ដាលខែកក្កដា មានការធ្វើរដ្ឋប្រហារមិនបានសម្រេចមួយនៅក្នុងប្រទេសតួកគី។ រដ្ឋប្រហារនេះត្រូវបានបង្ក្រាបដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Recep Tayyip Erdogan។
ក្រោយរដ្ឋប្រហារនោះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជាបានចាត់ទុកក្រុម Zaman Group ថា បានជាប់ពាក់ព័ន្ធនឹងសកម្មភាពធ្វើរដ្ឋប្រហារនោះ។
បន្ទាប់ពីមានរដ្ឋប្រហារនៅប្រទេសតួកគីនៅថ្ងៃទី១៥ ខែកក្កដាកន្លងទៅ សាលាអន្តរជាតិ Zaman បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមរដ្ឋប្រហារនៅប្រទេសតួកគី និងការចោទប្រកាន់របស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ក្រុមហ៊ុន Zaman មិនមានការគាំទ្រដល់ការចូលរារាំងរបស់ក្រុមយោធាទេ ព្រោះប្រជាពលរដ្ឋតួកគីទាំងអស់នៅក្នុងប្រទេសតួកគីអាចនឹងទទួលគ្រោះថ្នាក់ចំពោះការប៉ុនប៉ងនេះ។
លើសពីនេះ ក្រុមហ៊ុន Zaman បានអះអាងថា លោក Fethullah Gulen មិនដែលផ្ដល់ការសម្រេចចិត្តណាមួយក្នុងការបង្កើត ឬដំណើរការរបស់សាលានោះឡើយ។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ VOA កាលពីរសៀលថ្ងៃអាទិត្យថា ក្រសួងអប់រំ មិនមានដែនសមត្ថកិច្ចលើការសម្រេចអំពីការបិទគ្រឹះស្ថានសិក្សា Zaman នោះទេ។ លោកនិយាយថា បញ្ហារបស់គ្រឹះស្ថាន Zaman ត្រូវការដំណោះស្រាយនយោបាយតាមផ្នែកការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋតួកគី។
«ករណីនេះគឺជាករណីដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបតិ្តការការទូតរវាង ប្រទេសនិងប្រទេស ដែលការសម្រេចស្ថិតនៅក្នុងកម្រិតជានយោបាយការទូត ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាគឺអនុវត្តនៅក្នុងក្របខ័ណ្ឌតែការអនុវត្តតាមច្បាប់អប់រំ តាមបញ្ញត្តិអប់រំផ្សេងៗ ជាធរមានបាទ»។
ប្រទេសតួកគីបានចោទថា ភេរវកម្មកាលពីខែកក្កដាគឺបង្កឡើងដោយក្រុមអង្គការភេរវកម្ម FETO ដែលមានលោក Gulen ជាមេដឹកនាំ។ លោក Gulen គឺជាបព្វជិតឥស្លាម និងកំពុងនិរទេសខ្លួនក្នុងរដ្ឋ Pennsylvania ប៉ែកខាងកើតស.រ.អា.៕