ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា នឹងឈានចូលមកដល់នាថ្ងៃអាទិត្យខាងមុខ។ ពលរដ្ឋកម្ពុជាជាច្រើនលាននាក់ទូទាំងប្រទេស ត្រូវគេរំពឹងថានឹងចូលរួមការបោះឆ្នោតនៅតាមមូលដ្ឋានដែលពួកគេស្នាក់នៅ ឬធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេដើម្បីបោះឆ្នោត។
ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនដែល VOA បានជួបសម្ភាសនាព្រហស្បតិ៍នេះ បង្ហាញភាពជឿជាក់ថា ពួកគេបានត្រៀមខ្លួននិងឯកសារពាក់ព័ន្ធរួចជាស្រេចសម្រាប់ការបោះឆ្នោតដែលនឹងមកដល់នៅត្រឹមតែ៣ថ្ងៃទៀតប៉ុណ្ណោះ។
លោក ហ៊ឹម សោភ័ណ្ឌ វ័យ៤០ឆ្នាំ ជាជាងសំណង់មួយរូបបម្រើការក្នុងរាជធានីភ្នំពេញ។ លោកត្រៀមរួចជាស្រេចនូវអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ដើម្បីធ្វើដំណើរទៅបោះឆ្នោតឯស្រុកកំណើតក្នុងខេត្តកំពង់ធំ បន្ទាប់ពីទទួលបានច្បាប់សម្រាកការងាររយៈពេល៣ថ្ងៃ។
ជាងសំណង់រូបនេះ ចាប់អារម្មណ៍ខ្លាំងចំពោះការផ្ដល់សេវាសាធារណៈឱ្យបានប្រសើរជាងមុន ក្រោយការបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់ថ្មីនេះ។
លោក បញ្ជាក់ថា ក្នុងអាណត្តិកន្លងមក បើទោះជាមានការកែប្រែជាវិជ្ជមានខ្លះហើយក្ដី ក៏ប៉ុន្តែការទារកម្រៃសេវាក្រៅផ្លូវការពីមន្ត្រីថ្នាក់មូលដ្ឋាននៅតែមាន។
«នៅសហគមន៍ ខ្ញុំចង់បាន ទី១ ចង់ឲ្យគាត់បម្រើប្រជាពលរដ្ឋ នៅពេលពលរដ្ឋត្រូវការអី ទៅពឹងពាក់គាត់ ស្នើសំបុត្រស្នាម ធ្វើនេះធ្វើនោះ គាត់ធ្វើតាមដែលមានចែងក្នុងច្បាប់ ព្រោះមិនចង់ឲ្យគាត់យកលុយកាក់ពីប្រជាពលរដ្ឋ»។
គណបក្សនយោបាយក្នុងប្រទេសចំនួន១២ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់រយៈពេល២សប្ដាហ៍នៅទូទាំងប្រទេស។ យុទ្ធនាការឃោសនាបោះឆ្នោតនេះនឹងបញ្ចប់ថ្ងៃសុក្រ មុនពេលការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី៤ខាងមុខ។
លោក ហ៊ិន ចាន់ វ័យ៤២ គឺជាអ្នកបើករ៉ឺម៉កកង់បី ក្នុងរាជធានីភ្នំពេញ។ លោក និងភរិយា ដែលជាកម្មកររោងចក្រកាត់ដេរ នឹងបោះឆ្នោតនៅមូលដ្ឋានដែលពួកគេស្នាក់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកថា ការបោះឆ្នោត គឺជាការបំពេញកាតព្វកិច្ច និងអនុវត្តសិទ្ធិពេញលេញជាពលរដ្ឋខ្មែរ ហើយថា រូបលោកផ្ទាល់ចង់ឃើញ សហគមន៍ដែលលោករស់នៅ មានសេវាសាធារណៈ និងសេវាសុខាភិបាល ដែលមិនគិតថ្លៃ។
«កាលមុនធ្លាប់ស្នើសុំលិខិតស្នាម ដូចថាយើងរវល់អីចឹង ទាល់តែយើងបង់លុយឲ្យគេ ទើបបាន។ ខ្ញុំធ្លាប់ធ្វើលិខិតបញ្ជាក់ទីលំនៅអីចឹង។ អីចឹងទៅមេឃុំថ្មី ចង់សំណូមពរកុំឲ្យគេយកលុយកន្លែងធ្វើលិខិត។ ចង់បានអត្តចរិតឲ្យស្លូតបូតបន្តិច ឲ្យចេះមើលការខុសត្រូវប្រជាពលរដ្ឋ យើងសំណូមពរអីឲ្យធ្វើតាម ចង់ធ្វើផ្លូវ អត់ធ្វើតាមផង កាលមុនអីចឹង។ មេឃុំថ្មីចង់ឲ្យ ពេលពលរដ្ឋឈឺអី ទៅពេទ្យកុំឲ្យយកលុយ។ កាលមុនខ្ញុំទៅពេទ្យរដ្ឋ ប្រាប់គេថា យើងអត់លុយអី គេអត់មើលយើងទេ ដល់តែមានលុយបានគេមើល។ អាហ្នឹងពេទ្យរដ្ឋផង មិនមែនឯកជនទេ»។
លោកស្រី ណៃ សុផេង វ័យ៤៣ឆ្នាំ ដែលជាកសិករ រស់នៅក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ចង់ឲ្យមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិឃុំដែលលោកស្រីរស់នៅ។
«ចង់បានគេធ្វើផ្លូវឲ្យល្អ។ ចង់ឲ្យរដ្ឋអំណាចគេជួយ ឲ្យកូនខ្ញុំបានរៀន ឲ្យមានលទ្ធភាពធ្វើការហ្នឹងគេថ្ងៃក្រោយ។ ខ្ញុំស្រលាញ់ការសិក្សា តែខ្ញុំខ្វះលទ្ធភាព។ ចង់ឲ្យខាងឃុំជួយឲ្យស្រូវអង្ករ ពេលធ្វើហើយ ឲ្យបានថ្លៃផង កុំឲ្យពេលគេច្រូតហើយ បន្ថោកតម្លៃគ្នា»។
លោកស្រី យាន កាន អាយុ៥៧ឆ្នាំ ដែលជាកសិករមួយរូបទៀត នៅខេត្តកំពង់ឆ្នាំង រំពឹងចង់រស់នៅក្នុងសហគមន៍ដែលមិនមានអំពើពុករលួយ និងគ្មានបក្សពួកនិយម។
«ចង់ឲ្យមេឃុំមើលកូនចៅ ដូចខ្វះទឹកអណ្ដូង សាលារៀន ផ្លូវអីចឹងទៅ។ ចង់ឲ្យដូចថាបឹងអីចឹង តម្រូវទុកឲ្យគោក្របីផឹកទឹកអីចឹង ដូចរាល់ថ្ងៃនេះអត់មានទេ គេដាំឈូកអីអស់ហើយ។ ខ្ញុំជ្រើសរើសឲ្យមេឃុំហ្នឹងមើលកូនចៅ ដូចថាពេលមានអំណោយអី គេមិនមានប្រាប់ដូចពួកខ្ញុំអីទេ។ គេប្រាប់តែគ្នាគេអីអញ្ចឹងទៅ»។
លោក អ៊ុយ រ៉ាឆឹង អាយុ៥១ឆ្នាំ ដែលជាកសិករចិញ្ចឹមជ្រូក រស់នៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ចង់ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ផ្ដោតសំខាន់លើការអប់រំ ការកសាងសាលារៀននៅតាមមូលដ្ឋាន និងកាត់បន្ថយក្មេងទំនើងនៅតាមសាលារៀន។
«អីចឹង បើអ្នកជាប់ឆ្នោតហើយ គាត់ត្រូវតែជួយមើលពួកគាត់ ជួយផ្ដល់សេវាឲ្យគាត់ ដើម្បីឲ្យគាត់មានទំនុកចិត្ត។ ហ្នឹងគាត់ហៅថា អាជ្ញាធរគំរូរបស់ពលរដ្ឋនៅក្នុងឃុំ។ និយាយរួមទៅហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះប្រភពទឹក»។
ក្នុងថ្ងៃឃោសនាចុងបញ្ចប់ នាថ្ងៃសុក្រស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចអស់រយៈពេល៣២ឆ្នាំ នឹងដឹកនាំក្បួនយុទ្ធនាការរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សកាន់អំណាចនេះ អះអាងថានឹងមានអ្នកចូលរួមប្រមាណ១៥ម៉ឺននាក់។
រីឯគណបក្សជំទាស់ដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក កឹម សុខា ជាប្រធានគណបក្ស គ្រោងនឹងដឹកនាំមហាជនជាអ្នកគាំទ្រដង្ហែក្បួនឃោសនាថ្ងៃផ្ដាច់ព្រ័ត្រ ឆ្លងកាត់ដងវិថីនានា នៅកណ្ដាលក្រុងភ្នំពេញដោយរំពឹងថាមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់។
ពលរដ្ឋកម្ពុជាចំនួនជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១.៥៧២នាក់សម្រាប់ឃុំសង្កាត់ចំនួន១.៦៤៦ ទូទាំងប្រទេស នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕
(រាយការណ៍បន្ថែមដោយ លោក ស៊ុន ណារិន)