ឆ្នាំនេះ យុវជនប្រុសស្រីប្រមូលផ្ដុំគ្នាជាថ្មីម្ដងទៀត ដើម្បីប្រារព្ធពិធីបុណ្យភូមិដែលចាប់ផ្ដើម នៅព្រឹកថ្ងៃសុក្រនេះនៅវត្តទួលក្រសាំង ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីក្រុងតាខ្មៅនៃខេត្តកណ្ដាល។
កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នករៀបចំកម្មវិធីជួបជុំគ្នានេះ បានឲ្យដឹងថា កញ្ញារៀបចំពិធីជួបជុំនេះនៅវត្តអារាម ដោយសារជាទូទៅគ្រួសារខ្មែរនៅក្នុងភូមិតែងយកទីវត្តអារាម ជាគោលនៃការជួបជុំរបស់ពួកគេ។
«វត្តអារាមជាកន្លែងមួយដែលឲ្យប្រជាជនខ្មែរបានទទួលនូវព្រលឹងរបស់ខ្លួនឯង ដែលតាមរយៈល្បែងប្រជាប្រិយ ល្បែងប្រពៃណី ល្ខោន ម្ហូបខ្មែរ និងបរិយាកាសដែលខ្មែរយើងជួបជុំគ្នា»។
លោក ចាន់ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាបុណ្យភូមិ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធជាយូរយារណាស់មកហើយ។ បុណ្យនេះត្រូវបានធ្វើឡើងទៅតាមការចូលចិត្ត និងជំនឿរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនីមួយៗ ក្រោយការប្រមូលផល និងមុនបុណ្យចូលឆ្នាំ។
លោកបានពន្យល់ពីអត្ថន័យនៃបុណ្យភូមិនេះថា៖
«បុណ្យភូមិហ្នឹង ជាទូទៅជាឱកាសកែប្រែបរិយាកាស។ ពេលហ្នឹងយើងទំនេរ ហើយដៃអីដែរ អញ្ចឹងយើង ធ្វើអាហ្នឹង ទៅត្រៀមចូលឆ្នាំផងទៅ។ ហើយចូលឆ្នាំ ហើយមនុស្សចាប់ផ្ដើមចូល វស្សា ធ្វើស្រែ ធ្វើស្រូវទៀតហើយ។ ពេលព្រះសង្ឃត្រឡប់ទៅវិញ គេយកស្រែដាក់ឡាន ប្រគេនព្រះសង្ឃ។ វាជាស្មារតីសាមគ្គីធម៌មួយ ដើម្បីរួបរួមគ្នាបានបច្ច័យតិចតួច ពិសេសស្រូវដើម្បីយកទៅផ្គត់ផ្គង់វត្តមួយ ដែលនៅក្នុងភូមិ។ គេឧទ្ទិស សូត្រមន្ត ដើម្បីឆ្នាំក្រោយទៀត ទទួលបានផលកាន់តែសំបូរហូរហៀរទៅទៀត»។
កម្មវិធីជួបជុំដែលកញ្ញា លំអរពេជ្រ ហៅថា «បុណ្យភូមិ» នេះចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជនដោយសារបទចម្រៀង «ឆឺតឆឺតបុណ្យភូមិ» ដែលនិពន្ធពិសេសសម្រាប់បុណ្យភូមិឆ្នាំមុន ដែលនាពេលនោះ បានទាក់ទាញយុវជនជាច្រើនពាន់នាក់ចូលរួម។
ឆ្នាំនេះ យុវជនជាច្រើនទន្ទឹងរង់ចាំចូលរួមកម្មវិធីជួបជុំ ដែលហៅថា «បុណ្យភូមិ» ម្ដងទៀត ហើយពួកគេរំពឹងខ្ពស់ពីក្រុមអ្នករៀបចំកម្មវិធី។
ពេលនេះ យុវជនស្គាល់បុណ្យភូមិច្រើនជាងមុនតាមរយៈពិធីជួបជុំគ្នាដែលកញ្ញា លំអរពេជ្រ បានផ្ដួចផ្ដើមគំនិតធ្វើឡើងអស់រយៈពេលបួនឆ្នាំមកហើយ។ កម្មវិធីនេះ មិនត្រឹមតែជាកម្មវិធីអបអរបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះទេ តែពួកគេយល់ថា បុណ្យភូមិជាទិវាដែលពួកគេជួបជុំដើម្បី កសាងមិត្តភាព សិក្សាអំពីសិល្បៈបុរាណ និងចូលរួមលើកស្ទួយការជីកកកាយឡើងវិញនូវវប្បធម៌ និងសិល្បៈបុរាណខ្មែរ។
យុវតី ថាវ នារីនាថ វ័យ១៧ឆ្នាំ កំពុងអង្គុយសម្រាកក្រោមទីម្លប់មួយក្បែរព្រះវិហារនៃវត្តទួលក្រសាំងជាមួយមិត្តភក្តិ ក្រោយពីលេងល្បែងប្រជាប្រិយ។ នារីនាថ ប្រាប់ VOA ថា ដោយសារកាលពីឆ្នាំមុន កញ្ញាទទួលបានបទពិសោធន៍ល្អពីការចូលរួមបុណ្យភូមិ ទើបឆ្នាំនេះកញ្ញាមកចូលរួមម្ដងទៀត។
«បុណ្យភូមិហ្នឹងធ្វើជាលក្ខណៈមួយ បែបប្រពៃណីខ្មែរយើង ហើយបង្ហាញនូវវប្បធម៌ខ្មែរយើង។ ការរៀបចំ មើលទៅលក្ខណៈជាភូមិស្រុកអញ្ចឹងមើលទៅ មានប្រជាជនមកច្រើនទៅអ៊ូអរ។ រៀបចំឡើងអញ្ចឹង យើងអាចបង្កើតមិត្តភាពថ្មីៗ ពោរពេញទៅដោយក្ដីស្រលាញ់និងភាពស្និទ្ធស្នាល»។
កញ្ញាបន្តថា ៖«នៅពេលដែលប្រទេសយើងកំពុងអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យាទំនើបវារីក[ចម្រើន] អញ្ចឹងទៅ ខ្ញុំគិតថាវាអាចបាត់បង់វប្បធម៌ខ្មែរ។ ក៏ប៉ុន្តែ បើពួកយើងចូលរួមបង្កើតនូវអ្វីដែលមានលក្ខណៈជាប្រពៃណីខ្មែរយើង ខ្ញុំគិតថាវាល្អ។ អញ្ចឹងខ្ញុំចង់មកចូលរួម»។
យុវតីរូបនេះ លើកឡើងថា បុណ្យភូមិដែលមានលក្ខណៈបែបប្រពៃណីនេះ បានផ្ដល់ឱកាសឲ្យកញ្ញា ស្គាល់អំពីល្ខោន និងរបាំប្រពៃណីខ្មែរ ដែលនាងមិនធ្លាប់បានទស្សនាដោយផ្ទាល់ពីមុន។
យុវតី ធីតា ពេជ្រសម្បត្តិ វ័យ១៦ឆ្នាំ កំពុងឈរមើលគេលេងបាញ់ធ្នូខ្មែរផង ស្រែកហ៊ោផង។ កញ្ញាចូលរួមបុណ្យភូមិជាលើកដំបូង និយាយទាំងអារម្មណ៍រំភើបរីករាយ។
«ដោយសារខ្ញុំឃើញមានលាយឡំនឹងវប្បធម៌ខ្មែរ ចង់មកមើល មានល្បែងប្រជាប្រិយ មានអ្វីៗទាក់ទងនឹងវប្បធម៌របស់ខ្មែរយើង។ យើងជាខ្មែរ យើងត្រូវដឹងពីវប្បធម៌ខ្មែរឲ្យបានទូលំទូលាយ។ ជួនកាល ល្បែងប្រជាប្រិយខ្លះ ខ្ញុំអត់ធ្លាប់លេងទេ តែដល់ពេលខ្ញុំមកហ្នឹង ខ្ញុំបានលេងល្បែងដែលខ្ញុំមិនធ្លាប់លេងពីមុន»។
យុវតីរូបនេះ រំពឹងថា កម្ពុជានឹងមានការរៀបចំកម្មវិធីដែលមានលក្ខណៈវប្បធម៌ ប្រពៃណីបែបនេះកាន់តែច្រើនថែមទៀត ដើម្បីឲ្យយុវជនកម្ពុជាជំនាន់ក្រោយស្គាល់អំពីទម្រង់វប្បធម៌បុរាណខ្មែរកាន់តែទូលំទូលាយ។
ពិធី«បុណ្យភូមិ» ដែលកញ្ញា លំអរពេជ្រ យកតាមឈ្មោះពិធីបុណ្យភូមិពីដើម ផ្ដើមចេញពីសារណាបញ្ចប់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់កញ្ញា ។ សហស្ថាបនិក៣នាក់ទៀត រួមមានមិត្តរួមថ្នាក់ ប្អួនស្រី និងមិត្តរួមការងារដែលជួយជ្រោមជ្រែង និងរៀបចំកម្មវិធីនេះទាំង៤ឆ្នាំ។
កញ្ញា រិទ្ធី លំអរពេជ្រនិយាយថា៖ «អញ្ចឹងវាវិវត្តពីការនិយាយគ្នាទាំងអស់ហ្នឹង ដោយយើងមិនមែនចាប់ផ្ដើមថា ហ្អេ...តោះ… នាំគ្នាធ្វើបុណ្យភូមិទេ។ វាចេញពីរឿងតូចមួយ ដែលយើងគ្រាន់តែចង់ឲ្យមនុស្សមើលល្ខោន ហើយវាចេញពីកម្មវិធីបុណ្យភូមិហ្នឹងឯង”។
សិល្បៈសំខាន់ៗដែលនឹងត្រូវសម្ដែងនៅក្នុងបុណ្យភូមិ មានដូចជាការសម្ដែងយីកេ របាំបុរាណខ្មែរ និងល្ខោនខ្មែរ ដែលមានដូចជាល្ខោនស្បែកធំ និងស្បែកតូច ព្រមទាំងល្ខោនខោល។
កម្មវិធីទាំងអស់សុទ្ធតែមានការវិវត្ត និងបង្កប់នូវអត្ថន័យខុសប្លែកពីឆ្នាំមុន ។ យប់ទី១ នៃការប្រារព្ធពិធីនេះ មានសម្ដែងយីកេ រឿងកាកី ដែលខុសពីឆ្នាំមុនដែលគេយករឿងម៉ាក់ថឺងមកសម្តែង។ យប់ទី២ គេសម្ដែងរបាំបុរាណ ដកស្រង់ចេញពីឈុតរឿងរាមឥសូ មណីមេខលា។
«ព្រោះថានៅក្នុងសង្គមខ្មែរ សាច់រឿងដែលនិយាយអំពីតួស្រីជា វីរនារី វាតិច។ អញ្ចឹងមណីមេខាលា ជារឿងមួយនិយាយថា មនុស្សស្រីជាវីរនារី ពីព្រោះគាត់ឈ្នះរាមឥសូ»។
របាំនេះសម្ដែងដោយក្រុមរបស់ក្រុមអ្នកគ្រូ សាភារ៉ូ ជាម សុភិលីន (Sophiline Cheam Shapiro) ដែលជាក្រុមសិល្បៈខ្មែរល្បីល្បាញមួយនៅកម្ពុជាក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈបុរាណខ្មែរ។
ចំណែកយប់ទី៣ ដែលជាយប់ចុងក្រោយ នឹងមានការសម្ដែងល្ខោន ស្បែកធំ ស្បែកតូច និងល្ខោនខោល ដោយសមាគមសិល្បៈសុវណ្ណភូមិ។ ជារៀងរាល់ឆ្នាំ គេជ្រើសរើសយកឈុតឆាកចេញពីរឿងរាមកេរ្តិ៍មកសម្ដែង តែឆ្នាំនេះ ទម្រង់ល្ខោនទាំង៣ នឹងត្រូវលើកយកមកបង្ហាញបែបសហសម័យ។
ការពន្លិចនូវសិល្បៈបុរាណខ្មែរឡើងវិញ តាមរយៈការបង្ហាញ និងពន្យល់ឲ្យយុវជនខ្មែរស្គាល់អំពីអត្ថន័យឲ្យកាន់តែច្បាស់ កើតឡើងពីឆន្ទៈ និងសេចក្ដីស្រលាញ់របស់យុវជនទាំងឡាយដែលស្រលាញ់សិល្បៈ។
ចំពោះកញ្ញា រិទ្ធី លំអរពេជ្រ ទឹកចិត្តនេះកើតឡើងពីអនុស្សាវរីយ៍ដែលកញ្ញាមានចំពោះលោកយាយរបស់ខ្លួន។
«ខ្ញុំបានទទួលព្រលឹងទាំងអស់ហ្នឹង ដែលខ្ញុំហៅថាវាជាព្រលឹងនោះ គឺពីម៉ាក់យាយរបស់ខ្ញុំ ដោយសារតែគាត់ស្រលាញ់សិល្បៈ។ ដែលខ្ញុំចាំមែនទែននោះ គឺមានយប់មួយនោះ ដែលខ្ញុំទៅលេងគាត់នៅកំពង់ឆ្នាំង។ គាត់នាំខ្ញុំទៅមើលល្ខោន ដែលយប់នោះគេលេងល្ខោនយីកេ និងល្ខោនបាសាក់២យប់ផ្សេងគ្នា ហើយខ្ញុំអង្គុយមើល ក្រាលកន្ទេលអង្គុយមើល។ អារម្មណ៍នោះ គឺវាមានតែពេលដែលខ្ញុំជួបម៉ាក់យាយទេ ដែលខ្ញុំបានទៅមើលល្ខោន»។
លោក ឃឹម មាឃ វ័យ៣៦ឆ្នាំ កំពុងរៀបចំស្តង់តាំងពិពណ៌សិល្បៈស្បែកតូច និងស្បែកធំ។ ស្តង់នេះ មិនត្រឹមតែអាចឲ្យអ្នកចូលរួមបានទស្សនាសកម្មភាពឆ្លាក់ និងដាប់រូបផ្សេងផ្ទាល់នោះទេ តែក៏អាចសាកល្បងឆ្លាក់ និងដាប់ដោយខ្លួនឯងផ្ទាល់។
«ប្រសិនជាយើងអត់មានកម្មវិធីដែលបង្កើតដោយយុវជនដែលស្រលាញ់វប្បធម៌ដោយចេញពីទឹកចិត្តយុវជន វប្បធម៌យើងពិសេសនៅលើយុវជន ក្មេងជំនាន់ក្រោយហ្នឹងហើយ ប្រសិនបើគាត់ ក្នុងកម្មវិធីធំៗមិនពាំនាំយកទម្រង់វប្បធម៌បុរាណមកទេ វាធ្វើឲ្យប្រជាជនខ្មែរយើងអត់ស្គាល់ ធ្វើឲ្យបាត់បង់បន្តិចម្តងៗ។ ហើយបើសិនជាមានទៅ គាត់ឃើញ គាត់ឆ្ងល់ គាត់សួរ អញ្ចឹងគាត់អាចប្រាប់បន្តទៅក្មេង ឬចាស់ៗ ឪពុកម្ដាយ ឬតាមសាលាអញ្ចឹង។ គាត់អាចថា ល្ខោនខ្មែរយើងល្អ»។
នាពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តស្នើសុំទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលមរតកវប្បធម៌អរូបិយ និងសិល្បៈខ្មែរបុរាណមួយចំនួន ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនោះរួមមាន ល្ខោនខោល ក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងតម្បាញសូត្រខ្មែរជាដើម។ កាលពីចុងឆ្នាំ២០១៦ អង្គការយូណេស្កូ បានដាក់បញ្ចូលទម្រង់សិល្បៈចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមកហើយ៕