ទោះបីជាពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលមួយចំនួនបានត្រៀមខ្លួនទៅបោះឆ្នោតក្តី អ្នកដឹកនាំសហគមន៍ និងសកម្មជនខាងសង្គម លើកឡើងថា ចំនួនពលរដ្ឋខ្មែរអាមេរិកាំងដែលចេញទៅបោះឆ្នោតនៅតិចនៅឡើយ ដោយសារតែការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតនៅមានកម្រិត និងការមិនជឿទុកចិត្តលើបេក្ខជនដែលឈរឈ្មោះជាដើម។
ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងរដ្ឋម៉ាសាឈូសេត និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់នៅខែវិច្ឆិកាខាងមុខនេះ អ្នកដឹកនាំសហគមន៍ក្នុងទីក្រុងឡូវែល អះអាងថា ពលរដ្ឋខ្មែរអាមរិកាំងក្នុងក្រុងនេះ មិនសូវសកម្មក្នុងការបោះឆ្នោតនៅឡើយ។

លោក ពៅ សុវណ្ណា ប្រធានសមាគមខ្មែរប្រចាំទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោក ពៅ សុវណ្ណា ប្រធានសមាគមខ្មែរប្រចាំនៅទីក្រុងឡូវែល បានប្រាប់ VOA ថា ពលរដ្ឋខ្មែរអាមេរិកាំង មិនសូវសកម្មក្នុងការបោះឆ្នោតប៉ុន្មានទេ ជាពិសេសការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រចាំរដ្ឋម៉ាសាឈូសេតនេះ។
«តាមបទពិសោធន៍ការងាររបស់ខ្ញុំ ខ្ញុំយល់ថា បងប្អូនក្នុងសហគមន៍យើងទៅបោះឆ្នោតមិនច្រើនទេ។ ហើយភាគច្រើន ពួកគាត់ទៅបោះឆ្នោត នៅពេលដែលគាត់ស្គាល់បេក្ខជនដែលឈរឈ្មោះ ដែលមកពីសហគមន៍ដែលពួកគាត់រស់នៅតែប៉ុណ្ណោះ»។
ទីក្រុងឡូវែល មានពលរដ្ឋអាមេរិកាំង ដើមកំណើតខ្មែរ ជាង៣០.០០០នាក់ រស់នៅ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៦លាននាក់ ក្នុងរដ្ឋម៉ាសាឈូសេត ភាគខាងកើតសហរដ្ឋអាមេរិកនេះ។
លោក មុំ រ៉ាឌី គឺជាតំណាងរាស្ត្រប្រចាំសង្កាត់ទី១៨ Middlesex នៃរដ្ឋម៉ាសាឈូសេត ហើយលោកគឺជាពលរដ្ឋខ្មែរអាមេរិកាំងដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំរដ្ឋ។
មុំ រ៉ាឌី គឺជាតំណារាស្ត្រប្រចាំសង្កាត់ទី១៨ Middlesexនៅរដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោក រ៉ាឌី លើកឡើងថា ពលរដ្ឋខ្មែរនៅទីក្រុងឡូវែលយល់ដឹងគួរសមអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តែមិនសូវដឹងពីសារៈសំខាន់នៃសំឡេងឆ្នោតរបស់ពួកគេ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប៉ុន្មានទេ។
«ខ្ញុំជឿថា បងប្អូនយើងខ្វះខាតច្រើន ហើយបងប្អូនខ្លះទៀតថា មិនបាច់ទៅបោះទេ ពីព្រោះមិនបានប្រយោជន៍អីទេ។ មិនមែនទេ គឺប្រយោជន៍ធំណាស់ ធំទូលាយមែនទេ។ ពីព្រោះសំឡេងរបស់យើង បងប្អូនមកប្រាប់ខ្ញុំ ខ្ញុំយកទៅអនុវត្តធ្វើ មិនមែនបោះចោលទេ»។
តាមការលើកឡើងរបស់អ្នកដឹកនាំសហគមន៍ និងអ្នកធ្វើការបម្រើសហគមន៍ខ្មែរនៅទីក្រុងឡូវែលនេះឲ្យដឹងថា មូលហេតុដែលពលរដ្ឋខ្មែរមិនសូវសកម្មក្នុងការបោះឆ្នោតនេះ គឺដោយសារតែការខ្វះការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ការមិនជឿទុកចិត្តរបស់ពួកគេទៅលើបេក្ខជនឈរឈ្មោះ និងបញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅក្រុងឡូវែលនេះ។
លោក លាង ស៊ីដនី ប្រធានគម្រោងស្តីអំពីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋនៃមជ្ឈមណ្ឌលសុខភាពសហគមន៍ Lowell Community Health Center រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោក លាង ស៊ីដនី ប្រធានគម្រោងសិទ្ធិពលរដ្ឋនៅមជ្ឈមណ្ឌលសុខភាពសហគមន៍ Lowell Community Health Center បានពន្យល់ថា ការយល់ដឹងរបស់ពលរដ្ឋខ្មែរអាមេរិកាំងអំពីសារៈសំខាន់នៃការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅមានកម្រិត ដោយសារសហគមន៍ខ្មែរនៅទីក្រុងនេះនៅក្មេងខ្ចីនៅឡើយ។
«បើនិយាយទៅ ពលរដ្ឋខ្មែរយើងនៅទីក្រុង Lowell នេះគឺជាសហគមន៍ដ៏ក្មេងខ្ចីមួយ មិនទាន់ដើរទៅមុខដូចសាសន៍គេនៅឡើយទេ ពីព្រោះថា អ្នកដែលមករស់នៅក្នុងទីក្រុង Lowell នេះ ភាគច្រើនគឺឆ្នាំ៨០។ ដូច្នេះ ការរៀនសូត្រខាងបោះឆ្នោត ចូលរួមក្នុងការបោះឆ្នោត ការទុកចិត្តចំពោះបេក្ខជនបោះឆ្នោត ឬក៏ប្រព័ន្ធបោះឆ្នោត យើងមិនទាន់ដឹងច្បាស់លាស់។ ដូច្នេះ យើងនៅមានការស្ទាក់ស្ទើរមិនទាន់មានការចូលរួមស្មើ ដូចជនជាតិគេ ដូចជាស្បែកស និងជនជាតិ Hispanic នៅឡើយទេ»។
លោក ប៉ាន សូ ជាចាស់ព្រឹទ្ធចារ្យម្នាក់ និងជាអតីតបេក្ខជនក្រុមប្រឹក្សាក្រុងឆ្នាំ២០១៥នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
ប៉ុន្តែ លោក ប៉ា សូ ដែលជាចាស់ព្រឹទ្ធាចារ្យនិងធ្លាប់ជាបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែលឆ្នាំ២០១៥ម្នាក់ដែរ អះអាងថា ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនធំ តាមពិតចង់ទៅបោះឆ្នោត ក៏ប៉ុន្តែពួកគេភាគច្រើន ហាក់បាត់បង់ជំនឿទុកចិត្តទៅលើបេក្ខជនដែលជាប់ឆ្នោតមុនៗ ដោយសារតែភាពព្រងើយកន្តើយរបស់បេក្ខជនទាំងនោះ ក្រោយពីពួកគេ បានទទួលសំឡេងឆ្នោតពីពលរដ្ឋហើយនោះ។
«តាមការសិក្សារបស់ខ្ញុំ បងប្អូនខ្មែរយើងយល់ច្រើនពីការបោះឆ្នោត ហើយចង់បោះឆ្នោត។ ក៏ប៉ុន្តែ ដូចអ្នកខ្លះថា បោះឆ្នោតជាប់ហើយ មិនដែលនិយាយរកគេ។ អាហ្នឹងជាមេរៀនមួយ ដែលបងប្អូនយើងទទួលបាន ជាពិសេសអ្នកដឹកនាំយើង គឺភ្លេចភារកិច្ចរបស់ខ្លួន ដែលត្រូវទាក់ទង[ពលរដ្ឋ]ឲ្យជាប់។ ក្រោយមកដូចថាម្នាក់ពីរនាក់ទៅធ្វើឲ្យគេខ្លាច ក្រោយមកគេឈប់ខ្វាយខ្វល់វិញ»។
អ្នកនាង ម៉ៅ រូនី គឺជាអ្នកសម្របសម្រួលគម្រោងសិទ្ធិពលរដ្ឋនៅមជ្ឈមណ្ឌលសុខភាពមេត្តា នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
តែទោះជាយ៉ាងនេះក្តី អ្នកនាង ម៉ៅ រូនី អ្នកសម្របសម្រួលនៃគម្រោងសិទ្ធិពលរដ្ឋនៅមជ្ឈមណ្ឌលសុខភាពមេត្តា លើកឡើងថា ការចូលរួមនៅក្នុងការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅទីក្រុងឡូវែល នៅមានកម្រិតតិចតួចនៅឡើយ ដោយសារកត្តាផ្សេងៗ។
«ជួនកាលពួកគាត់មិនទៅបោះឆ្នោតដោយសារពួកគាត់មិនមានឡានជិះទៅកន្លែងបោះឆ្នោត។ ជួនកាលទៅគាត់ថា គាត់មានជំងឺ គាត់ត្រូវថែរក្សាសុខភាព។ ជួនកាលគាត់រវល់ធ្វើការ មិនមានពេលវេលា។ គឺថា មានបញ្ហាត្រូវដោះស្រាយច្រើន ដើម្បីឲ្យពួកគាត់ទៅបោះឆ្នោត។ ក៏ប៉ុន្តែ ការដែលគាត់មិនទៅបោះឆ្នោត ចំពោះខ្ញុំ ខ្ញុំគិតថា មកពីគាត់មិនយល់អំពីសារៈសំខាន់នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក»។
លោក នួន វាសនា គឺជាអតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
យ៉ាងណាមិញ លោក នួន វាសនា អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល និងជាចាស់ព្រឹទ្ធាចារ្យម្នាក់ក្នុងសហគមន៍ខ្មែរក្នុងក្រុងនេះ បានសង្កត់ធ្ងន់ថា សំឡេងឆ្នោតរបស់ពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុងនេះសំខាន់ សម្រាប់ប្រយោជន៍របស់សហគមន៍ខ្មែរផ្ទាល់។
«យើងនៅតែទទូចព្យាយាមឲ្យបងប្អូនខ្មែរចេញទៅបោះឆ្នោត ពីព្រោះដើម្បីវាជួយ ហើយបម្រើប្រយោជន៍របស់ខ្មែរ។ បើខ្មែររីកចំរើន ហើយខ្មែរមាំនៅទីក្រុងឡូវែល នោះប្រជាពលរដ្ឋនៅទីក្រុងឡូវែលទាំងមូលហ្នឹងក៏មាំដែរ»។
ទោះជាយ៉ាងណាក្តី មជ្ឈមណ្ឌលសុខភាពមេត្តា និងសមាគមខ្មែរ ដែលធ្វើការងារបម្រើពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលនេះ បានខិតខំបង្កើតគម្រោងផ្សេងៗជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការបោះឆ្នោត និងដើម្បីជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំងក្រុងនេះ ចេញទៅចូលរួមបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលនឹងមកដល់នៅខែវិច្ឆិកាខាងមុខនេះ៕