ពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណ៥០នាក់ ដែលរស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិស្ដីអំពីលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ ស្របពេលដែលសភាអាមេរិកទើបតែបានអនុម័តសេចក្ដីសម្រេចលេខ៧២៨ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពច្បាប់ គោរពសិទ្ធិមនុស្ស អនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញនយោបាយលើក្រុមប្រឆាំង។
លោក ទន់ សុវណ្ណ ប្រធានពុទ្ធិកសមាគមខ្មែរប្រចាំទីក្រុង Silver Springs រដ្ឋម៉ារីឡែន បានប្រាប់ VOA ខេមរភាសាថា ការជួបជុំគ្នានៅវត្តពុទ្ធិការាមឆ្នាំនេះ ធ្វើឡើង ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរ-អាមេរិកាំងជួបពិភាក្សាគ្នាពីប្រធានបទនានាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ ដោយប្រកាន់គោលជំហរឯករាជ្យ មិនលម្អៀងទៅរកបក្សនយោបាយណាមួយឡើយ។
នៅក្នុងឱកាសនេះ លោក នាថបណ្ឌិត រិទ្ធិពល ប្រធានអង្គការសង្គហប្រយោជន៍ជាតិយើង ហៅកាត់ថា OMNI International បានរំឭកថា លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសផ្សេងៗទៀតគឺដើម្បីបម្រើប្រជាពលរដ្ឋ។
«ពាក្យសង្ខេបរបស់លោកប្រធានាធិបតី Abraham Lincoln បានថ្លែងបញ្ជាក់សង្ខេបពីលក្ខណៈប្រជាធិបតេយ្យស្រុកអាមេរិកគឺថា ត្រូវតែមានរដ្ឋាភិបាល មួយជារបស់ប្រជាជនរបស់មហាជន កើតចេញពីប្រជាជន ជារដ្ឋាភិបាលសម្រាប់មហាជន»។
ក្រៅពីការពិភាក្សាអំពីលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានផ្ដល់ការអង្កេតលើស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថា៖
« អាត្មាគិតថា យើងបានប្រើប្រាស់ពេលវេលាជាង៣០ឆ្នាំ ដើម្បីដាំពូជប្រជាធិបតេយ្យ ប៉ុន្តែគ្រាប់ពូជរីកធំបានច្រើនមែនទែន ហើយយើងអាចដាំបាន ស្ទើរតែគ្រប់សម័យកាលនៃការបោះឆ្នោត។ ហើយមិនត្រឹមតែដាំពូជប្រជាធិបតេយ្យក្នុងសម័យបោះឆ្នោតទេ គឺប្រជាពលរដ្ឋខ្មែរបានក្រោកទទួលខុសត្រូវ និងប្រើប្រាស់សិទ្ធិរបស់ខ្លួនធំមែនទែន។ ប៉ុន្តែអ្វីដែលអាត្មាមើល គួរឲ្យព្រួយបារម្ភគឺ អ្នកដែលត្រូវអនុវត្តគោលការណ៍ប្រជាធិបតេយ្យជាអ្នកដើរថយក្រោយ គឺអ្នកដែលគ្រប់គ្រងរដ្ឋតែម្ដង»។
ព្រះតេជគុណមានសង្ឃដីកាបន្តថា៖ ការបង្កើតច្បាប់រឹតត្បិតសិទ្ធិបញ្ចេញមតិនិងសិទ្ធិជួបជុំគ្នា ដោយរដ្ឋាភិបាលកម្ពុជាគឺជាកត្តារារាំងដល់ការរីកលូតលាស់នៃគ្រាប់ពូជលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«មិនត្រឹមតែមិនប្រឹងរក្សាពូជប្រជាធិបតេយ្យទេ ថែមទាំងចង់កម្ទេចពូជប្រជាធិបតេយ្យចោល តាមរយៈការគំរាមកំហែង តាមរយៈការរឹតត្បិត តាមរយៈចាប់សកម្មជនដាក់ពន្ធនាគារ។ ដូច្នេះ មើលពីទិដ្ឋភាពរដ្ឋាភិបាលវិញ ប្រជាធិបតេយ្យដើរថយក្រោយ»។
លោក ព្រំ សៅណូរ៉ា ប្រធានក្រុមប្រឹក្សានាយករបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបាននិយាយថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះ ហើយមានតែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេទើបអាចកែប្រែស្ថានការណ៍នេះបាន។
«ឫសគល់នៃលទ្ធិប្រជាធិបតេយ្យស្រុកខ្មែរ ធ្លាក់ចុះរហូតមកដល់កន្លែងមួយដែលយើងមិនអាចកែបាន លុះត្រាតែការបោះឆ្នោតនឹងវាសេរីនិងយុត្តិធម៌ បានកែលទ្ធិប្រជាធិបតេយ្យស្រុកខ្មែរបាន»។
ពលរដ្ឋអាមេរិកាំងម្នាក់ អ្នកនាង Julia Fischer Mackey បេក្ខជនបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិមកពី American University ដែលបានចូលរួមប្រារព្ធទិវាអន្តរជាតិស្ដីអំពីលទ្ធិប្រជាធិបតេយ្យជាមួយពលរដ្ឋកម្ពុជានោះ បានលើកឡើងពីចំណាត់ការ និងឯករាជ្យភាពរបស់តុលាការ និងប្រតិកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក ទាក់ទងនឹងការរឹតត្បិត និងរំលោភសិទ្ធិមនុស្ស។
អ្នកនាង Julia បានថ្លែងថា៖
«ខ្ញុំគិតថា ប្រសិនបើមានរឿងដូច្នេះកើតឡើងនៅទីនេះ ច្បាស់ជាមានប្រតិកម្មផុលផុសពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ។ ហើយចំពោះរឿងច្បាប់ ឬប្រព័ន្ធច្បាប់ ខ្ញុំគិតថា យើងជាមូលដ្ឋានគឺមានការជឿជាក់ទៅលើប្រព័ន្ធតុលាការ។យើងជឿជាក់ថា តុលាការនឹងផ្ដល់ការកាត់ក្ដីដោយយុត្តិធម៌ ដូច្នេះបើខ្ញុំស្រមៃមើលទៅ ប្រជាជនកម្ពុជាក៏ប្រាកដជាចង់បាន[តុលាការយុត្តិធម៌] អញ្ចឹងដែរ»។
មិនថាពលរដ្ឋខ្មែរ អាមេរិកដែលទើបតែមករស់នៅអាមេរិក ឬនៅអាមេរិកច្រើនឆ្នាំមកហើយនោះទេ ពួកគេសុទ្ធតែខ្វាយខ្វល់ពីស្ថានភាពនយោបាយនៅកម្ពុជា និងចង់ឲ្យប្រជាពលរដ្ឋខ្មែររស់បានសុខសន្តិភាពក្នុងសង្គមដែលមានប្រជាធិបតេយ្យពេញលេញដូចគ្នា។
លោក ចាន់ សុខផៃ ជាយុវជនម្នាក់ដែលមានទឹកចិត្តស្រឡាញ់វប្បធម៌ អរិយធម៌ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកាលពីអតីតកាល និងទើបតែមករស់នៅសហរដ្ឋអាមេរិកបានប្រាំមួយខែបាននិយាយថា៖
«ទោះបីជាយើងមកដល់អាមេរិកក៏ដោយ ប៉ុន្តែគំនិតយើងគឺនៅដិតដាម ខ្ញុំមិនដែលបំភ្លេចចោលស្រុកខ្មែរដែលយើងធ្លាប់មានវប្បធម៌ផូរផង់ ធ្លាប់មានអរិយធម៌មួយដែលល្អ សាមគ្គីគ្នា ស្រឡាញ់គ្នា»។
ក្រៅពីលោក សុខផៃ អ្នកស្រី ណាឡែន ស្មីត ដែលសព្វថ្ងៃប្រកបរបរជាអ្នកបកប្រែ ចង់ឃើញប្រទេសកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ បើទោះបីជាអ្នកស្រីបានមករស់នៅ និងបានទទួលសញ្ជាតិអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ។
«ខ្ញុំយល់ថា ខ្ញុំជាខ្មែរម្នាក់ដែរ ហើយខ្ញុំអត់ចង់ឃើញប្រទេសខ្ញុំ គឺថាមានការជិះជាន់ ធ្វើបាបមនុស្សអញ្ចឹង។ ជាប្រទេសដែលគ្មានប្រជាធិបតេយ្យពិតប្រាកដ ដូចជាក្លែងក្លាយ។ ដូច្នេះខ្ញុំអត់ចូលចិត្ត។ ខ្ញុំចង់ឲ្យប្រទេសយើងសុខសប្បាយ និងមានប្រជាធិបតេយ្យដ៏ពិតប្រាកដ»។
អ្នកស្រី ណាឡែន ស្មីត ក៏បានលើឡើងថាទោះបីជាមានជំនួយ និងការគាំទ្រពីសហគមន៍អន្តរជាតិក៏ពិតមែន ពលរដ្ឋកម្ពុជាគួរតែខំប្រឹងជួយខ្លួនឯងជាមុនសិន ព្រោះថាពេលខ្លះសហគមន៍អន្តរជាតិមិនអាចលូកដៃចូលទៅជួយត្រង់ៗបានទេ។
លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក៏បានអំពាវឲ្យប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងទាំងអស់ជួយគិតគូរពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជាដែលគ្រប់អាយុបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
«ខ្ញុំសូមអំពាវនាវ ដល់ខ្មែរ-អាមេរិកាំង ឲ្យជួយខ្នះខ្នែងពីរឿងស្រុកខ្មែរយើង ជាពិសេសឲ្យពង្រឹងរបបលទ្ធិប្រជាធិបតេយ្យ ហើយនឹងការគោរពសិទ្ធិមនុស្ស ឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ ដើម្បីយើងមានសេចក្ដីសុខសប្បាយ ហើយនៅក្នុងស្រុកខ្មែរ ខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរយើងឲ្យទៅចុះឈ្មោះបោះឆ្នោត ហើយពេលបោះឆ្នោតជ្រើសរើសគណបក្សណាដែលថា មិនប្រើទាហានប៉ូលិស ទៅគាបសង្កត់ដល់ប្រជាជន»។
នៅក្នុងឆ្នាំ ២០១៦ នេះ គេសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចុះអន់ថយយ៉ាងខ្លាំង។ តួយ៉ាង កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ សភាអាមេរិកបានចេញសេចក្ដីព្រាងសេចក្ដីសម្រេច (H Res) លេខ ៧២៨ ថ្កោលទោសរាល់គ្រប់ទម្រង់នៃអំពើហិង្សានយោបាយ និងបានបញ្ជូនសារដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាព សិទ្ធិបញ្ចេញមតិ សិទ្ធិបាតុកម្ម និងសិទ្ធិជួបប្រជុំ។
សេចក្ដីសម្រេចទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់ដំណើរការបោះឆ្នោតឲ្យដំណើរការទៅដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ៕