កម្ពុជាឈ្នះបានមេដាយចំនួន ២១ហើយ ចាប់តាំងពីការប្រកួតកីឡាស៊ីហ្គេម ឬ Southeast Asian Games (SEA Games) បានផ្តើមប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពហុកីឡាដ្ឋាន Philippine Area ក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន។
កីឡាករនិងកីឡាការិនីខ្មែរបានប្រកួតឈ្នះមេដាយមាសចំនួន ១ ឲ្យកម្ពុជា សម្រាប់ការប្រកួតកីឡាក្បាច់គុណ Arnis របស់ហ្វីលីពីន មេដាយប្រាក់ចំនួន ៣ សម្រាប់កីឡាប្រភេទ Arnis និងកីឡាសីដក ឬ Sepak Takraw និងមេដាយសំរិតចំនួន ១៧ សម្រាប់កីឡាប្រភេទ Arnis ។
កីឡាករវ័យ១៨ឆ្នាំ យ៉ុង ម៉េងលី បានប្រកួតឈ្នះបានមេដាយមាសឲ្យកម្ពុជាជាលើកដំបូងសម្រាប់ប្រភេទកីឡាក្បាច់គុណហ្វីលីពីន Arnis វិញ្ញាសា Full Contact Padded Stick កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្នុងវគ្គផ្តាច់ព្រ័តសម្រាប់កីឡាករបុរសទម្ងន់ ៦០-៦៥ គីឡូក្រាម ដោយឈ្នះគូប្រកួតលោក Valenzuela Billy Joel មកពីប្រទេសហ្វីលីពីន។ កាលពីថ្ងៃអាទិត្យ កីឡាករល្បុក្កតោរូបនេះ ក៏បានឈ្នះមេដាយប្រាក់ឲ្យកម្ពុជា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តពីគូប្រកួតមកពីប្រទេសមីយ៉ាន់ម៉ា។
មកដល់ពេលនេះ កម្ពុជាឈរក្នុងលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសចំនួន ១១ដែលកំពុងចូលរួមការប្រកួតកីឡាស៊ីហ្គេមនេះ ដែលប្រារព្ធធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដោយនាំមុខប្រទេសប៊្រុយណេ ឡាវ និងទីម័រខាងកើត។
ការប្រកួតកីឡាស៊ីហ្គេមសម្រាប់ឆ្នាំ ២០១៩ នេះ នឹងបញ្ចប់ទៅនៅថ្ងៃទី ១១ ខែធ្នូខាងមុខនេះ៕