កម្ពុជា​រំលឹក​គុណ​បំណាច់​លើ​អ.ស.ប​និង​សន្តិភាព​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​និង​ការ​រិះគន់

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និងគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់​កណ្តាល​របស់​អ.ស.ហ ​នៅក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុករបស់ General Tea Banh)

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​បញ្ជូន​កម្លាំង​ចូលរួម​ក្នុង​ក្របខណ្ឌ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​តាំង​ពី​ឆ្នាំ​ ២០០៦ ​ដោយ​បញ្ជូន​កម្លាំង​បាន​ជាង​ ៥០០០ ​នាក់​ដែល​មាន​ជំនាញ​ដោះមីន​ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​វិស្វកម្ម​នៅក្នុង​ប្រទេស​ស៊ូដង់ ​ស៊ូដង់​ខាងត្បូង​ លីបង់​និង​ម៉ាលី​ជាដើម។

ប្រទេស​កម្ពុជា​បាន​ទាមទារ​គុណ​បំណាច់​ពីការ​ចូលរួម​ចំណែក​របស់​ខ្លួន​ ក្នុង​បេសកកម្ម​អន្តរជាតិនានា​ ជាពិសេស​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាពរបស់​អង្គការ​សហប្រជាជាតិ​ដើម្បី​គេច​ចេញ​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​ ដែល​សហគមន៍​អន្តរជាតិ​គ្រោង​នឹង​ដាក់​ និង​ការ​រិះគន់​នានា​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស​ដែល​មិន​ល្អ។​

នៅក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុងញូវយ៉ក​ ​កាលពី​ចុង​ខែ​មីនា ទៅកាន់​ក្រុម​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​ចូលរួម​ចំណែក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា​បាន​លើកឡើង​ពី​គុណ​សម្បត្តិ​របស់​កម្ពុជា​ ដែល​បាន​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ចូល​រួម​ក្នុង​បេសកកម្ម​មួក​ខៀវក្នុង​រយៈពេល​ជាង​ ១០ ​ឆ្នាំ​កន្លង​មក​នេះ។

លោក​បាន​ថ្លែង​ថា៖

«ទោះបីជា​ធនធាន​លទ្ធភាព​និង​ថវិកា​ការពារ​ជាតិ​នៅ​មានកម្រិត​ និង​ជួប​លំបាក​ខ្វះខាត​យ៉ាង​ណា​ក្តី ក៏​កម្ពុជា​នៅ​តែ​អាច​ឆ្លើយតប​ជាមួយ​នឹង​តម្រូវ​ការ​ អាច​បញ្ជាក់​នូវ​ឆន្ទៈ​ដ៏​មោះមុត​ និង​ការ​ប្តេជ្ញា​ដ៏​ម៉ឺងម៉ាត់​សម្រាប់​ការ​ចូលរួម​ចំណែក​ដើម្បី​សន្តិភាព​ ស្ថិរភាព​ និង​ការងារ​មនុស្ស​ធម៌​ ក្នុង​កម្រិត​អន្តរជាតិ​យ៉ាង​ពេញលេញ។ ក្នុង​ហេតុផល​នេះ​ កម្ពុជា​គួរតែ​ត្រូវ​បាន​ភាព​យុត្តិធម៌​ និង​ទទួល​បាន​ការ​ជ្រោមជ្រែង​ខ្លាំងក្លា​ថែមទៀត ​ដោយ​មិន​ត្រូវ​បាន​ការ​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍន៍​ និង​ការ​ប្តេជ្ញាចិត្ត​ទាំង​នោះ​ទេ‍»។​

លោក​ ទៀ បាញ់​ បាន​អះអាង​ថា​ កម្ពុជា​តែងតែ​លើក​ដម្កើង​សេរីភាព​ សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​រៀបចំ​ការ​បោះឆ្នោត​យ៉ាង​ទៀងទាត់​ ហើយ​ថ្មីៗ​នេះ​មាន​ការប្រារព្ធ​ខួប​លើក​ទី ២០ ​នៃ​ការ​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា បន្ទាប់ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​នេះ​កាន់​តែបញ្ជាក់​ច្បាស់​នូវ​ «ការ​ប្តេជ្ញា​ចិត្ត​ ថែរក្សា​ការពារ​សន្តិភាព​ សន្តិសុខ​និង​ការ​បញ្ជាក់​នូវ​ភស្តុតាង​សម្រាប់​គោល​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា‍»។

លោក​បាន​បន្ថែម​ថា៖

«ដូច្នេះ​ការ​ខិតខំ​រក​លេស​ណាមួយ​សម្រាប់​ជា​ហេតុផល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ខិតខំ​នេះ​ជា​ទណ្ឌកម្ម​តាម​រូបភាព ​ឬ​ការ​រិះ​គន់​ណាមួយ​ពិតជា​ប៉ះពាល់​ដល់​ការ​រីកចម្រើន ​និង​ការ​ប្រឹង​ប្រែងយ៉ាង​ខ្លាំង​ក្លា‍»។​

ទស្សនាសុទ្ទរកថារដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ទាំងស្រុងដូចតទៅ៖

Your browser doesn’t support HTML5

សុន្ទរកថាលោកទៀ បាញ់នៅកិច្ចប្រជុំអ.ស.ប.អំពីបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោកថ្ងៃ២៩មីនា២០១៩

​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​បញ្ជូន​កម្លាំង​ចូលរួម​ក្នុង​ក្របខណ្ឌ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​តាំង​ពី​ឆ្នាំ​ ២០០៦ ​ដោយ​បញ្ជូន​កម្លាំង​បាន​ជាង​ ៥០០០ ​នាក់​ដែល​មាន​ជំនាញ​ដោះមីន​ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​វិស្វកម្ម​នៅក្នុង​ប្រទេស​ស៊ូដង់ ​ស៊ូដង់​ខាងត្បូង​ លីបង់​និង​ម៉ាលី​ជាដើម។ កម្ពុជាបាន​ប្រើប្រាស់​វេទិកា​អង្គការ​សហប្រជាជាតិ​នេះ​ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​បន្ត​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ​ហើយ​អ្នកវិភាគ​មើលឃើញ​ថា​ នេះ​ក៏​ជា​ការ​ពង្រឹង​អំណាច​ការទូត​របស់​កម្ពុជា​ផង​ដែរ។

អតីត​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឱ្យ​បែងចែក​គ្នា​រវាង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេ​ស​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ប្រាប់ ​VOA ​ថា​កាតព្វកិច្ច​ចូលរួម​ចំណែក​ក្នុង​បេសកកម្ម​របស់​អង្គការសហ​ប្រជាជាតិ​ គឺ​ប្រទេស​សមាជិក​ដែល​មាន​លទ្ធភាព​ត្រូវ​តែ​ចូលរួម។ ប៉ុន្តែ​បើ​សិន​ជា​ប្រទេស​នោះ​នៅ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅផ្ទៃក្នុង​ប្រទេស​ គឺ​អង្គការ​អន្តរជាតិ​ក៏​មាន​កាត្វកិច្ច​ទាញ​មក​រក​ការ​គោរព​សិទ្ធិមនុស្ស​វិញ​តាម​ច្បាប់​អន្តរជាតិ។

លោក​បាន​បន្ថែម​ថា៖

«យ៉ាងណាមិញ ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​ដែល​របប​លោក ​ហ៊ុន សែន ដែល​ក្នុង​នោះ​មាន​លោក​ ទៀ បាញ់​ ជារដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ​បាន​ចូលរួម​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​ ​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃទី​២៣ ខែ​តុលា ​ឆ្នាំ​១៩៩១ ​នោះ​គឺ​សហគមន៍​អន្តរជាតិ​គេ​ត្រូវ​តែ​មាន​វិធានការ​ ដើម្បី​នាំ​កម្ពុជា​មក​កាន់របប​ប្រជាធិបតេយ្យ។ ច្បាប់​គេ​មាន​ច្រើន​ណាស់​មាន​ការដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម ​ឬ​សេដ្ឋកិច្ច​ដើម្បី​ចាប់​បង្ខំ​រដ្ឋបាល​មួយ​ដែល​កំពុងតែ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ងាក​មក​រក​ផ្លូវត្រូវ​វិញ‍»។​

រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៨ ​បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​ ក្រោយ​ពី​គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ក្នុងការ​បោះឆ្នោត​ពីរ​លើក​ចុងក្រោយ ក្នុង​ឆ្នាំ​ ២០១៣ និង​ ២០១៧។

លោក​ អេង ឆៃអ៊ាង ​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​ក្នុងពេល​កន្លងមក​គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ទេ ​ដូច្នេះពលរដ្ឋ​មាន​សិទ្ធិ​ចេញ​មក​តវ៉ា​ទាម​ទារ​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ ដែល​ពួកគេ​អាច​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ពួកគេ​ តាម​ឆន្ទៈ​ដែល​ក្នុង​ករណី​នេះ​គឺ​កងកម្លាំង​ប្រដាប់​អាវុធ​មិន​ត្រូវ​បង្ក្រាប​ទេ​ ព្រោះ​វា​ជាសិទ្ធិ​ក្នុងការ​ចង់​បាន​យុត្តិធម៌។​

លោក​បាន​បន្ថែម​ថា៖

«អីចឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ដែល​កំពុងតែ​កាន់​កាំភ្លើងហ្នឹង​គឺ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​បម្រើ​ប្រជាពលរដ្ឋ​ ត្រូវ​ការពារ​ប្រជាពលរដ្ឋ​ មិន​ត្រូវ​ការពារ​ជន​ផ្តាច់​ការ​ឱ្យ​ពួកជន​ដែល​បាន​សម្លាប់​ប្រជាធិបតេយ្យ​ ជន​ដែល​រំលោភ​សិទ្ធិមនុស្ស​ទេ។ អីចឹង​ហើយ​ពួក​ជន​ផ្តាច់ការ​គេ​តែង​តែ​យក​លេស​ក្នុងករណី​ដែល​មាន​ការ​ទាមទារ​ណាមួយ​ដោយ​សន្តិវិធី​ ដោយ​អហិង្សា​ហ្នឹង​ជាការ​ផ្តួលរំលំ។ ការពិត​របប​ពួក​ហ្នឹង​គឺ​ជា​របប​ខុស​ច្បាប់‍»។​

សហគមន៍​អន្តរជាតិ​ដែល​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ពិនិត្យ​មើល​លទ្ធភាព​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ឡើងវិញ​ទេ។ ក្នុងនោះ​មាន​ការ​ដោះលែង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តល់​សិទ្ធិ​ឱ្យ​អតីត​អ្នក​តំណាងរាស្ត្រ​ជាង​ ១០០ ​នាក់​បាន​ធ្វើ​នយោបាយ​ឡើង​វិញ។

រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​ដក​ឋានៈអនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វា​វុធ‍» រីឯ​ក្រុម​អ្នក​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ច្បាប់​ដើម្បី​សើរើ​ឋានៈ​អនុគ្រោះពន្ធ​ GSP ដែល​កម្ពុជា​ទទួល​បាន​ផង​ដែរ។

លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ កុំ​ស្តាប់បញ្ជា​ពី​ថ្នាក់​ដឹកនាំ​ដែល​លោក​ចាត់​ទុក​ថា​ឡើង​កាន់​អំណាច​ដោយ​ខុសច្បាប់។​

លោក​ ទៀ បាញ់​ ក៏​មាន​សារ​ព្រមាន​ដល់​អតីត​គណបក្ស​ប្រឆាំ​ងនៅ​ប្រទេស​កម្ពុជា​ផង​ដែរ។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹង VOA លោក​ ទៀ បាញ់​ បាន​បញ្ជាក់​ថា៖

«ចំណែក​ឯ​កង​កម្លាំង​ កងទ័ព​ ចង់​អំពាវនាវ​ឱ្យ​ទៅ​ផ្តួល​រដ្ឋាភិបាល​ស្រប​ច្បាប់​ ខ្ញុំ​ចាត់​ទុក​ថា​ជា​រឿង​ខុស​ឆ្គងធំ​ណាស់​ ហើយ​នេះ​ជា​ការងារ​មួយ​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​អាច​មាន​ទោស​ថែម​ទៀត។ និយាយ​ឱ្យ​មែនទែន​ គឺ​មាន​ទោស​ថែម​ទៀត​ព្រោះ​នេះ​ឈាន​ទៅដល់​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ មិន​អនុញ្ញាត​ជា​ដាច់​ខាត‍»។

ប៉ុន្តែ​លោក​ ទៀ បាញ់​ បន្ថែម​ថា​ បើ​ការ​តវ៉ា​ក្នុង​ន័យ​សម្តែង​មតិ​នឹង​បញ្ហា​ក្នុង​សង្គម​គឺ​ទាហាន​មិន​ចេញ​មក​បង្ក្រាប​នោះ​ទេ។​

«បើសិន​ជា​ការ​ទាមទារ​ហ្នឹង​ថា​ជា​ការ​ទាមទារ​ដីធ្លី ទាមទារ​ពី​ការ​ឡើងប្រាក់​បៀវត្សរ៍ នោះ​ គឺ​ជា​រឿងធម្មតាទេ​ តែ​ទាមទារ​ដែល​មាន​លក្ខណៈ​ផ្តួល​រំលំ​ គឺ​អត់​អនុញ្ញាត​ជា​ដាច់​ខាត​ ហើយ​ចាត់​ទុក​ថា​ខុស​ច្បាប់​ទៀត‍»។

អតីត​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវ​បាន​ហាមឃាត់​ចំនួន​ ៩ នាក់​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ​ដោយ​ពួកគេ​ខ្លះអះអាង​ថា​ ចង់​បន្ត​សកម្ម​ភាព​នយោបាយ​ដោយ​សារ​ក្នុង​ពេល​កន្លង​មក​មិន​អាច​ធ្វើ​អ្វី​បាន​ សូម្បីតែ​ជួបជុំ​គ្នា​ទទួល​ទាន​កាហ្វេ​ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​ដាន​មើល​ផង​ដែរ។

លោកស្រី ទេព សុទ្ធី​ អតីត​អ្នក​តំណាងរាស្រ្ត​មណ្ឌល​តាកែវ​ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ បាន​បញ្ជាក់​ប្រាប់ VOA ថា អ្នកស្រី​បាន​ផ្ញើ​លិខិតទៅស្ថានទូត​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ កាលពី​ដើម​ខែ​មេសា​ ដើម្បី​ស្នើ​សុំ​កុំ​ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។​

លោក​ស្រី​បាន​បញ្ជាក់​ប្រាប់ VOA ថា៖

«លិខិត​ហ្នឹង​គ្រាន់តែ​ថា​ ក្នុង​ចិត្ត​ខ្ញុំ​ ខ្ញុំ​ធ្វើ​នយោបាយ​ចំណេញៗ។ គោល​បំណង​នៃ​លិខិត​របស់​ខ្ញុំ​ទៅ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក ​ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដែល​រក្សា​បាន​នូវ​ EBA ហើយ​នឹង​ GSP ហើយ​ក្នុង​ពេល​ដូច​គ្នា​នេះដែរ​ យើង​ស្តារ​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»។​

នៅក្នុង​លិខិត​ចម្លង​ដែល​ផ្ញើមក VOA ​លោកស្រី​បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​ការ​លុប​បំបាត់​ពាណិជ្ជកម្ម​ពិសេស​ត្រូវ​បាន​លុបចោល​ ឬ​ផ្អាក​កម្មករ​រោងចក្រ​ និង​កសិករ​រាប់​លាន​នាក់​ នឹង​ទទួល​រង​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច‍»។

លោកស្រី​ ទេព សុទ្ធី​ បញ្ជាក់​ថា​ មិន​ទទួល​សម្ពាធ​ពី​គណបក្ស​កាន់អំណាច​ក្នុង​ការ​ធ្វើ​លិខិត​នេះ​ទេ ហើយក៏​មិន​មាន​ការ​ពិគ្រោះ​ជាមួយ​នឹង​អតីត​សហការី ​ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​រួម​គ្នា​ក្នុង​ពេល​កន្លង​មក​ដែរ។

លោកស្រី​បន្ថែម​ថា៖

«នេះជា​សកម្មភាព​ប្រជាធិបតេយ្យ​ដើម្បី​បង្ហាញ​សាធារណជន​ថា​ នេះ​ជា​វិធី​មួយ​ទៀតដែល​លទ្ធិ​ប្រជាធិបតេយ្យ​ស្ថិតនៅ​ក្នុង​សកម្មភាព​មិន​មែន​គ្រាន់តែ​ស្ថិត​នៅក្នុង​កូដកម្ម ​ឬ​បាតុកម្ម​ទេ។ ខ្ញុំ​មិន​អាច​រង់ចាំ​អ្នកណា​ម្នាក់ ឬ​អ្វីមួយ​លេខ​ធ្លោ​នៅ​មុខ​ខ្ញុំ។ ហ្នុង​មិនមែន​ជា​ការ​ចូលរួម​យ៉ាង​សកម្មក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ទេ‍»។​

យ៉ាងណា​ក៏ដោយ​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ តែងតែ​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​ ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​បាន​នោះ​ឡើយ ​ហើយ​កម្ពុជា​មិន​លះបង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ឋានៈ​អនុគ្រោះពន្ធ​នេះ​ដែរ។ លោក ហ៊ុន សែន ក៏​មាន​ប្រវត្តិ​រិះគន់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ថា ​មិន​បាន​នាំ​មក​នូវ​សន្តិភាពពិត​ប្រាកដ​ដល់​កម្ពុជា​ឡើយ៕