របាយការណ៍​ថ្មី៖ កម្ពុជា​នៅតែ​ពុករលួយ​ជាង​គេ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍

រូបឯកសារ៖ ពលរដ្ឋមកពីសហគមន៍នានាដាក់ញត្តិនៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/VOA)

របាយការណ៍​ថ្មី​ស្ដីពី​ការ​យល់ឃើញ​អំពី​អំពើ​ពុករលួយ​ក្នុង​បណ្ដា​ប្រទេស​និង​ដែន​ដី​ចំនួន​១៨០​ទូទាំង​សកលលោក​ រក​ឃើញ​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ឋានៈ​ជា​ប្រទេស​ពុករលួយ​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដដែល។

សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៩ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ២០២០​នេះ បង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៦២​ក្នុង​ពិភពលោក គឺ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែម​ទៀត​ បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៨។

​ចំណាត់​ថ្នាក់​ថ្មី​នៃ​កម្រិត​ពុករលួយ​ឆ្នាំ​២០១៩ ធ្វើ​ឱ្យ​កម្ពុជា ស្ថិត​នៅ​លំដាប់​ស្មើ​គ្នា​ជាមួយ​នឹង​ប្រទេស​ឆាដ និង​ប្រទេស​អ៊ីរ៉ាក់។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ឆ្នាំ​២០១៩។

កម្ពុជា ក៏​បាន​ទទួល​បាន​ពិន្ទុ២០​លើ​១០០ ដូច​ពិន្ទុ​ដែល​ប្រទេស​នេះ​ទទួល​បាន​កាល​ពី​ឆ្នាំ​២០១៨​ដែរ។ ពិន្ទុ​នេះ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សា​ឋានៈ​ជា​ប្រទេស​ពុករលួយ​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​(អាស៊ាន)ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា។

ប្រទេស​ដែល​ស្អាតស្អំ​ជាង​គេ​ក្នុង​តំបន់​អាស៊ាន​គឺ​ប្រទេស​សិង្ហបុរី ដែល​ស្ថិត​នៅ​លំដាប់​លេខរៀង​ទី​៤​ក្នុង​ពិភពលោក​ និង​ទទួល​បាន​ពិន្ទុ​រហូត​ដល់​ទៅ​៨៥​លើ​១០០ គឺ​ក្រោម​តែ​ប្រទេស​ហ្វាំងឡង់ នូវែលសេឡង់ និង​ដាណឺម៉ាក​ប៉ុណ្ណោះ។​

ពិន្ទុ​ពី​០​មាន​ន័យ​ថា​ «ពុករលួយ​បំផុត‍» និង​១០០ មាន​ន័យ​ថា​ «ស្អាតស្អំ​បំផុត‍»។

​សន្ទស្សន៍​ស្ដីពី​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ ផ្អែក​លើ​ការស្ទង់​មតិ ​និង​ការ​វាយតម្លៃ​ពី​អ្នក​ជំនួញ​និង​អ្នក​ជំនាញ ដើម្បី​វាស់វែង​កម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ៕