មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសថៃកំពុងស្វែងរកវិធីដើម្បីបន្ធូរបន្ថយកំហឹងនៅតាមបណ្តាញសង្គមក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងរបាំបេតិកភណ្ឌមួយដែលមានសម្តែងក្នុងប្រទេសទាំងពីរ។
លោកវីសានុ គ្រូង៉ាម ឧបនាយករដ្ឋមន្ត្រីថៃបាននិយាយថាប្រទេសកម្ពុជាក៏អាចចុះបញ្ជីល្ខោនខោលនៅអង្គការយូនីស្កូជាបេតិកភណ្ឌវប្បធម៌អរូបិយ៍ដែរ។
ប៉ុន្តែប្រទេសថៃដែលបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលយោធា មានផែនការនឹងបន្តចុះបញ្ជីនៅអង្គការយូនីស្កូដោយខ្លួនឯង ដោយសារតែអង្គការនេះមិនកំណត់ថាប្រទេសចំនួនប៉ុន្មានអាចចុះបញ្ជីបេតិកភណ្ឌស្រដៀងគ្នាទេ នេះបើតាមការបញ្ជាក់របស់លោកវីរ៉ា រ៉ាច់ប៉ូចាណារ៉ាត់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសថៃ។
ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងថៃក៏អះអាងទាមទារដូចគ្នាលើរបាំស្បែក ក្នុងខណៈពេលដែលប្រទេសអាហ្សង់ទីននិងអ៊ុយរ៉ូហ្កាយ បានចុះបញ្ជីរបាំតុងហ្គោក្នុងបញ្ជីអង្គការយូនីស្កូដូចគ្នា។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីវប្បធម៌ ហើយលោកក៏បាននិយាយយោងដល់ប្រទេសកូរ៉េទាំងពីរដែលបានចុះបញ្ជីជ្រក់គីមឈីថាជាសម្បត្តិវប្បធម៌ផងដែរ។
ប៉ុន្តែពលរដ្ឋកម្ពុជាបានសម្តែងការភ្ញាក់ផ្អើលតាមបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះអំពីផែនការដែលថៃចុះបញ្ជីល្ខោនខោលដោយអះអាងថាវាជាផ្នែកមួយនៃបេតិកភណ្ឌខ្មែរ ហើយរបាំនៅថៃទើបតែបង្កើតក្រោយនិងចម្លងតាមកម្ពជាប៉ុណ្ណោះ។
ក្រសួងវប្បធម៌ប្រទេសកម្ពុជាបានផ្សាយតាមបណ្តាញសង្គមដោយខិតខំធ្វើឲ្យស្ងប់ស្ងាត់ ដោយនិយាយថាការតវ៉ានិងការស្នើសុំរបស់ថៃអាចធ្វើប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូម្បីតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានលូកដៃចូលលើជម្លោះនេះដែរ ដោយសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលកម្ពុជាមិនមែនមិនយកចិត្តទុកដាក់លើបញ្ហានេះនោះទេ៕