មេ​ដឹកនាំ​កម្ពុជា​ប្រាប់​មេដឹកនាំ​ឡាវ​​ឲ្យ​សហការ​រួមគ្នា​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋ​ក្នុង​ទីតាំង​ទំនាស់

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (កណ្តាល) និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ថតរូបរួមគ្នាមួយមុនកិច្ចប្រជុំលើកទី១០រវាងកម្ពុជា ឡាវ និងវៀតណាម ដែលជាផ្នែកមួយនៃកិច្ចប្រជុំអនុតំបន់មេគង្គ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ប្រាប់​រដ្ឋាភិបាល​ឡាវ​ឲ្យរួមដៃ​ជាមួយ​កម្ពុជា​​ទប់​ស្កាត់​សកម្មភាព​ចោរព្រៃ​ ឬ​បទ​ឧក្រិដ្ឋ​នានា​​ក្នុងទីតាំង​ទំនាស់​ក្នុង​តំបន់​អូរ​តាង៉ាវ។ លោក​ស្នើ​​មិនឲ្យ​មាន​វត្តមាន​របស់​កងទ័ព​ ​និង​ប្រជាជន​របស់​ប្រទេស​ទាំងពីរ​ក្នុង​តំបន់​នោះ​ ហើយ​ក៏សុំ​ឲ្យមាន​ការ​ដើរ​ល្បាតរួមគ្នា​ដើម្បី​ការ​ពារ​សន្តិ​សុខ​ផង​ដែរ។

មេ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរលោកហ៊ុន សែន​ បាន​ប្រាប់​សមភាគី​របស់​លោក​គឺ​លោក​ ​ថងលួន ​ស៊ីសូលីត​ នាយក​រដ្ឋមន្ត្រី​ឡាវ​ ​ឲ្យ​បង្កើន​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុងការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នៅ​តំបន់​អូរតាង៉ាវ ​ដែល​ជាទីតាំង​មាន​ទំនាស់ ដោយមិន​ឲ្យ​មាន​វត្តមាន​យោធា​ និង​ប្រជាជន​នៅ​តំបន់នោះ។​ ​នេះ​បើ​យោង​តាម​វីដេអូ​ខ្លី​មួយ ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ហ៊ុន សែន​ ​កាលពីល្ងាចថ្ងៃ​ព្រហស្បតិ៍។​

ការ​ថ្លែង​របស់​លោកហ៊ុន សែន ​អំពី​វិធានការ​នានា​ដើម្បី​ដោះស្រាយ​ទំនាស់​ព្រំដែន​នៅ​តំបន់​អូរតាង៉ាវ​នោះ​បានធ្វើ​ឡើង ក្នុង​ពេល​លោក​ជួប​ជា​លក្ខណៈ​ទេ្វភាគី​ជាមួយ​លោក​ថងលួន ស៊ីសូលីត​ នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​ដែល​បាន​រៀបចំ​នៅ​ប្រទេស​វៀតណាមពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល​កុម្មុយនីស្ត​ឡាវថា​ ក្នុង​ពេល​មិន​ឲ្យ​មាន​វត្តមាន​នៃ​កងទ័ព​ និង​ប្រជាជន​ក្នុង​តំបន់​ជម្លោះ​នោះ​ ភាគី​ទាំង​ពីរត្រូវ​ធ្វើ​ការ​ដើរ​ល្បាត​រួមគ្នា​ក្នុង​ទីតាំង​ជម្លោះដើម្បី​បង្ការ​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងៗ។

«និយាយ​រួម​សរុប​មក​វិញ​គឺ​បញ្ជាក់​ថា​ តំបន់​អូរតាង៉ាវ​ ដែល​ត​ភ្ជាប់​ពី​អូរ​អាឡៃ​ទៅ​ដល់​ព្រំដែន​ជាមួយ​ឡាវ ​គឺ​ជា​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​ ហើយ​ដែល​ចង​ភ្ជាប់​ដោយ​លក្ខខណ្ឌ​បីយ៉ាង​ ដូច​ដែល​ត្រូវ​បាន​បញ្ជាក់​ ​ទីមួយ​ អត់​មាន​កងទ័ព​ទាំង​សង​ខាង​ ទីពីរ​អត់​មាន​ប្រជា​ពលរដ្ឋ​ចូល​មក​ធ្វើ​អាជីវកម្ម​ ទីបី​បើ​ចង់​ធ្វើ​ល្បាត​គឺ​ល្បាត​រួម​គ្នា»។​

តំបន់​អូរតាង៉ាវ​ស្ថិត​ក្នុង​ស្រុក​សៀងប៉ាង​ ​ខេត្ត​ស្ទឹងត្រែង មាន​ព្រំប្រទល់​ជាប់​ខេត្ត​ Attapeu ​របស់​ឡាវ​ ជា​តំបន់​ដែល​ធ្លាប់​មាន​ការ​ប្រទាញ​ប្រទង់​ផ្នែក​យោធា​រវាង​កម្ពុជា​ ​និង​ឡាវ​កាល​ពី​ឆ្នាំ​កន្លង​មក។

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​បាន​កើត​ឡើង​ ខណៈ​ស្ថានភាព​នយោបាយ​កម្ពុជា​បាន​ឡើង​កំដៅ ​កាល​ពី​ឆ្នាំ​ទៅមិញ​ ​ក្នុង​ពេល​មាន​ការ​បង្រ្កាប​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ទៅ​លើ​ក្រុម​អ្នក​នយោ​បាយ​ជំទាស់​ អង្គការ​សង្គម​ស៊ីវិល​ និងប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ ​និងការ​ចាប់​ខ្លួន​លោកកឹម សុខា ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ឈាន​ដល់​ការ​រំលាយ​ចោល​គណបក្ស​នេះ​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​

កាល​ពីឆ្នាំ​កន្លង​ទៅ ​លោក​ហ៊ុន សែន​ បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​វៀង​ច័ន្ទ​ដោយ​ការ​ប្រើ​កម្លាំង​យោធា​ ប្រសិន​បើ​ភាគី​ឡាវនៅតែ​គឃ្លើន​ មិន​ព្រម​ដក​កងទ័ព​ខ្លួន​ចេញ​ពី​ទឹក​ដី​ប្រទេស​កម្ពុជា​ ​ត្រង់​តំបន់​អូរតាង៉ាវ​ដែល​ជា​ទីតាំង​ទំនាស់។​

ប៉ុន្តែ​ក្រោយ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​នៅ​ប្រទេស​ឡាវ​ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ដក​ចេញ​ពី​ទី​តាំង​ជម្លោះ​ ហើយ​បាន​ឯកភាព​គ្នា​ ​ស្នើ​ឱ្យ​ប្រទេស​បារាំង​បញ្ជូន​ផែនទី​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បញ្ជូន​អ្នក​បច្ចេកទេស​ ​និង​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នានា​ ​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ និង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា-ឡាវ។​ ​នៅ​ចុង​ ​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស​បង្កើត​កង​អន្តរាគមន៍​មួយ​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ព្រំដែន​ឡាវ​ ដែល​មាន​ទាហាន​ទៅ​ដល់​ជាង​៣​ពាន់​នាក់។

ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​នៅ​ចំពោះ​មុខ​លោកហ៊ុន សែន ក្នុង​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ថងលួន ស៊ីសូលីត​ ​នាយក​រដ្ឋមន្ត្រី​ឡាវ​ បាន​បង្ហាញ​ជំហរ​របស់​ឡាវក្នុង​កិច្ច​ខិតខំ​ធ្វើ​ទៅតាម​ការ​ស្នើ​របស់​លោក​ហ៊ុន សែន​ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាជន​ទាំង​សង​ខាង។​

លោក​បាន​ថ្លែង​ជា​ភាសា​ឡាវ​ ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ៖​

«ការ​ឯកភាព​គ្នា​រវាង​នាយក​រដ្ឋ​មន្ត្រី​យើង​ទាំង​ពីរ​ គឺ​ជា​ការ​ឯកភាព​មួយ​ដ៏​មាន​សារៈសំខាន់​ និង​បង្ក​ការ​ភាពទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ ធ្វើ​ឲ្យ​ប្រជាជន​យើង ​ប្រទេស​ទាំងពីរ​កាន់​តែ​សប្បាយ»។​

លោកបានថ្លែង​ជា​ភាសាឡាវ​បន្ថែម​ ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ខ្លឹមសារ​ដែល​សម្តេច​តេជោ​បាន​បញ្ជាក់​មក​មិញ​ហ្នឹង​ គឺ​យើង​នឹង​ខិតខំ​អនុវត្ត​ការងារ​ ឯកភាពគ្នា​ឲ្យ​បាន​ទន្ទឹម​គ្នា»។​

លោក​ថងលួន ស៊ីសូលីត​ ក៏​បាន​ព្រម​ព្រៀង​ជាមួយ​លោក​ហ៊ុន សែន​ ក្នុង​ការ​ឲ្យ​ក្រសួង​ការ​បរទេស​ប្រទេស​ទាំង​ពីរ ធ្វើ​ការ​រួមគ្នា​ដើម្បី​ទាក់​ទង​ទៅ​ភាគី​បារំាង​ និង​ជំរុញ​ឲ្យ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ទៅ​សិក្សា​ទីតាំង​ទំនាស់​ជាក់​ស្តែង​រួមគ្នា។​ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ ប្រសិន​បើ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​លើ​ទីតាំង​ជម្លោះនោះ។​

លោក​ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ភាគី​ឡាវបង្កើន​ទំនាក់​ទំនង​រវាង​យោធា​ និង​យោធា​របស់​ភាគី​ទាំង​សងខាង​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដើរ​ល្បាត​រួមគ្នា​ឆាប់ៗ​ក្នុង​ទីតាំង​ដែល​មាន​វិវាទ​នេះ។​

លោក​ហ៊ុន សែន​ ថ្លែង​ថា៖​

«ការ​ល្បាត​រួមរបស់​យើងត្រូវ​ចាប់​ផ្តើម ​ត្រូវ​ធ្វើ​ដោយ​សារ​យើង​មិនចង់​ឲ្យ​តំបន់​ ដែល​មិន​ទាន់​ដោះ​ស្រាយ​ដាច់​ស្រេចនេះ​ទៅជា​ជម្រក​នៃ​ពួកចោរ​ព្រៃ​ ឬ​ពួក​ក្រុម​គ្រឿង​ញៀន​ ឬ​ពួក​បំផ្លាញ​ព្រៃ​ឈើ»។​

ជុំវិញបញ្ហា​រំកាំ​រកូស​នៃ​ការ​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា​ និង​ឡាវ​នេះ​ ​ក្រុម​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ ​បាន​ថ្លែង​កាល​ពីពេល​កន្លង​មក​ថា​ វា​ជា​បញ្ហា​មួយ​ដែល​មេ​ដឹកនាំ​កម្ពុជា ​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​ក្តៅ​មួយដើម្បីទាញ​ការ​គំាទ្រ​ពី​ពលរដ្ឋ​ខ្មែរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដាកន្លង​ទៅ។

លោក​ ​Paul Chambers​ ​ជា​សាស្រ្តាចារ្យ​ ​និង​ជា​ទីប្រឹក្សា​ស្តីពី​បញ្ហា​អន្តរ​ជាតិ​នៃ​សាកល​វិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ ​បាន​បញ្ជាក់​ឲ្យ​ ​VOA​ ​ដឹង​កាល​ពី​ពេល​កន្លង​មកថា ​លោក​ហ៊ុន សែន​ ​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ​នៅ​តែ​ខ្លាំង ​និង​មាន​ប្រជាប្រិយភាព​សម្រាប់​ទាហាន​របស់​កម្ពុជា ​ដោយសារ​លោក​បាន​បង្ហាញ​នូវ​តួនាទី​គាំទ្រ​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​ការ​ការពារ​កម្ពុជា ​និង​ក្នុង​ការ​ដឹកនាំ​កង​កម្លាំង​ខេមរ​ភូមិន្ទ។​

លោក​បន្ថែម​ថា​ តាម​រយៈ​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ លោក ​ហ៊ុន សែន ​ចង់​បង្ហាញ​ទៅ​សាធារណជន​ថា ​លោក​នៅ​តែ​ជា​អ្នក​ការពារ​នៃ​អធិបតេយ្យភាព​កម្ពុជា។ ដូច្នេះ​លោក​ចង់​ធានា​ជា​សាធា​រណៈ​ថា ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​គឺត្រូវ​បាន​បោះ​បង្គោល​ព្រំដែន​ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​កម្ពុជា។

លោក​សាស្ត្រា​ចារ្យ​អះអាង​ថា​ ​ឡាវ​មិន​មែន​ជា​ប្រទេស​ដែល​គំរាម​កំហែង​កម្ពុជា​ទេ​ ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វៀងច័ន្ទ​ពិត​ជា​មាន​ភាព​អាក់អន់​ចិត្ត​ជាមួយ​លោកហ៊ុន សែន មែន​នោះ៕