រដ្ឋាភិបាល​កម្ពុជា​ថា​កំណើន​ដ៏​គំហុក​នៃ​ខុនដូជា​បន្ទុក​ថ្មី​លើ​កង្វះ​ថាមពល​អគ្គិសនី

សំណង់​នៃ​អគារ​ខ្ពស់ៗ​កំពុង​រីក​ត្រដែត​ឡើង​ក្នុង​ខណ្ឌ​ចម្ការមន​ រាជធានី​ភ្នំពេញ​​ កាល​ពី​ខែឧសភា​ ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ សំណង់​ធំ​ និង​អគារ​ខ្ពស់ៗ​ជា​ច្រើន​បាន​លេច​ឡើង​កាន់​តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​គេ​សង្កេត​ឃើញ​មាន​ការ​បំពាក់​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ដែល​ត្រូវ​ការ​ថាមពល​អគ្គិសនី​ជាច្រើន។

បន្ទាប់​ពី​មាន​ការ​ផ្អាក​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​ជា​បន្ត​បន្ទាប់​ទូទាំង​ប្រទេស​ ​ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក​ដើម្បី​សន្សំ​សំចៃ​ថាមពល​អគ្គិសនី រដ្ឋា​ភិបាលបង្ហាញ​ថា​ការ​កើន​ឡើង​នៃ​ប្រើ​ប្រាស់​អគ្គិសនី​យ៉ាង​គំហុក​ដោយ​សារ​កំណើន​វិនិយោគ​ផ្នែក​សំណង់​ គឺជា​ដើមចម​នៃ​កង្វះ​អគ្គិសនី​ ​ហើយ​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ទំនប់​វារី​អគ្គិសនី​បាន​ដាក់​បន្ទុក​បន្ថែម​ទៀត​លើ​បញ្ហា​នេះ។

​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃសុក្រ​នេះ​បាន​ស្តី​បន្ទោស​លើ​កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​យ៉ាង​គំហុក​ក្នុង​វិស័យ​សំណង់​ និង​គ្រោះ​រាំងស្ងួត​ថា​ជា​មូល​ហេតុ​ចម្បង​ ​ដែល​បណ្តាល​ឲ្យ​កម្ពុជា​ជួប​ប្រទះ​ការ​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់​ និង​ធ្វើ​ឱ្យ​មាន​ការ​ផ្អាក​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​ជា​ញឹកញយ​នៅ​ទូទាំង​ប្រទេស។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​បញ្ហា​ថាមពល​អគ្គិសនី​ដែល​ធ្វើ​ឡើង​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ចាប់​ពី​២៥.៥​ លាន​គីឡូវ៉ាត់ ​ក្នុង​មួយ​ថ្ងៃ​ ក្នុង​ឆ្នាំ​២០១៨ ​មក​ដល់​៣១​ លាន​គីឡូវ៉ាត់​ នៅ​ដើម​ឆ្នាំ​២០១៩​នេះ។​ កំណើន​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ប្រចាំ​ថ្ងៃ ដោយ​សារ​ការ​វិនិយោគ​នេះ​បាន​បន្ថែម​បន្ទុក​មួយ​ចំណែក​ទៀត​ទៅ​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្តៅ​ហួត​ហែង​ ដែល​បណ្តាល​ឲ្យមាន​ការ​កាត់​ផ្តាច់​អគ្គិសនី​ជា​ប្រចាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ​នេះ​បើ​យោង​តាម​លោក​ ទី នរិន​ ប្រធាន​អាជ្ញាធរ​អគ្គីសនី​កម្ពុជា។

«តាម​ការ​ពិនិត្យ​របស់​យើង​ខ្ញុំ​ឃើញ​ថា​ មកពី​ការ​វិនិយោគ​គំហុក។​ តំបន់​មួយ​ចំនួន​ដែល​ឡើង​ជាក់​ស្តែង​ ហ្នឹង​គឺ​មាន​តំបន់​ខ្លះ​ដែល​ឡើង គឺ​មាន​តំបន់​ភ្នំពេញ​ កណ្តាល​កំពង់ស្ពឺ ដែល​សុទ្ធ​តែ​ជា​តំបន់​មាន​រោងចក្រ​មាន​អី។​ តំបន់​ខេត្ត​ព្រះសីហនុ​ដែលសេវាកម្ម​ធំៗអី​ជាដើម ​ហើយ​និង​ខេត្ត​បាត់​ដំបង​ ខេត្ត​សៀម​រាប»។

លោក​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​ផ្អាក​ទទួល​ការ​វិនិយោគ​ធំៗ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ជា​ច្រើន​ដើម្បី​ទប់​កំណើន​នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ ខណៈ​ដែល​មាន​កង្វះ​ថាមពល​ដ៏​សំខាន់​មួយ​នេះ។

លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បានប្រាប់​ VOA​ ​បន្ថែម​ក្រោយ​សន្និសីទ​សារព័ត៌មាន​នេះ​ថា ការ​វិនិយោគ​ដែល​បាន​ហូរ​ចូល​យ៉ាង​គំហុក​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​គឺ​ភាគ​ច្រើន​ជា​សំណង់​អគារ​ធំៗ​ដែល​បាន​កើន​ឡើង​ ៧០០ ​ភាគរយ​ និង​ត្រូវ​ការ​ប្រើប្រាស់​អគ្គិសនី​ដ៏​ច្រើន ហើយ​ភាគច្រើ​ន​គឺ​ជា​គម្រោង​វិនិយោគ​អាគារ​ខុនដូ ​របស់​ចិន​ ជប៉ុន និង​កូរ៉េ។

«មាន​ប្រទេស​ខាងក្រៅ​មក​ដូច​ចិន​ ជប៉ុន​ កូរ៉េ​ ​សំណង់របៀប​ខុនដូ​ High Rise building​ ពួក​បរទេស​ដូចជា​ ជប៉ុន​ កូរ៉េ​ ហើយ​និង​ចិន​ ហើយ​មួយ​ចំនួន​នៅ​ខ្មែរ​យើង​បាន​ចូល​រួម​ក្នុង​ការ​សាង់សង់​ខុនដូ»។

​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ សំណង់​ធំ​ និង​អគារ​ខ្ពស់ៗ​ជា​ច្រើន​បាន​លេច​ឡើង​កាន់​តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​គេ​សង្កេត​ឃើញ​មាន​ការ​បំពាក់​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ដែល​ត្រូវ​ការ​ថាមពល​អគ្គិសនី​ជាច្រើន។

​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​នៅ​តែ​អាច​ដោះ​ស្រាយ​បាន​នៅ​ពេល​ដ៏ខ្លី​ខាង​មុខ។

«រឿង​ការ​អភិវឌ្ឍ​កំណើន​ ៧០០​ ភាគរយ​ ហ្នឹង​ជា​បន្ទុក​សារ​ជា​ថ្មី​ ប៉ុន្តែ​យើង​នៅ​ដោះស្រាយ​បាន​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ​ទេ​បាទ»។

ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ​ ​ប្រជាជន​កម្ពុជានៅ​ទូទាំង​ប្រទេស​កំពុង​ជួបប្រទះ​ការ​កាត់​ផ្តាច់​អគ្គិសនី​ជា​បន្ត​បន្ទាប់។ ​ពលរដ្ឋ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ និងរិះគន់​ចំពោះ​ការ​ផ្តាច់​អគ្គិសនី​នេះ​ជា​បន្ត​បន្ទាប់​តាម​សង្គម​ហ្វេសប៊ុក​ និង​សារ​ធារណៈ។​ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែមីនា​កន្លង​ទៅ​ អគ្គិសនី​កម្ពុជា​បាន​ជូន​ដំណឹង​អំពី​ការ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​តាម​តំបន់​ និង​តាម​ពេល​វេលា​នៃ​ការ​កាត់​ផ្តាច់​ដើម្បី​សន្សំ​សំចៃ​ថាមពល​ដ៏​ចាំ​បាច់​នេះ​រហូត​ដល់​រដូវ​វស្សា​ដែល​នឹង​មក​ដល់​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត។

​លោក​ ង៉ែត ជូ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​បានប្រាប់​ VOA​ តាម​ទូរសព្ទ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ​ខណៈ​ដែល​សេដ្ឋកិច្ច​នៅ​ក្នុងប្រទេស​កម្ពុជា​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​គួរ​តែ​មាន​រៀប​ចំ​ផែន​ការ​ច្បាស់​លាស់​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​កង្វះ​ខាត​នានា​និង​ការ​ប្រែ​ប្រួល​ដែល​មិន​អាច​ទស្សន៍ទាយ​បាន​នេះ។

«បាទ​ តាម​ធម្មតា​ គឺ​គួរ​តែ​មាន​ផែនការច្បាស់​លាស់ ហើយ​ប្រុង​ប្រយ័ត្ន​ជានិច្ច ដោយសារ​អា​នេះ​វា​ទាក់ទង​នឹង​ការ​ខាត​សេដ្ឋ​កិច្ច​ ហើយ​ទាក់ទង​នឹង​ការ​សប្បាយចិត្ត​ពី​សាធារណៈ​ជន​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​បែប​ហ្នឹង​អ៊ីចឹង​ណា​ ពីព្រោះ​យើង​ដឹងហើយ​យើង​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​ខ្លាំង»។

ដើម្បី​ដោះ​ស្រាយ​នឹង​កង្វះ​ថាមពល​អគ្គិសនី​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​នេះ​ ​លោក​ ទី នរិន​ ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​ជាតិ​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​នាំ​ចូលថាមពល​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ជិត​ខាង​ ដែល​មាន​ដូចជា​ថៃ​ ឡាវ​ និង​វៀតណាម​ រួម​ទាំង​អាជីវកម្ម​ធំ​ក្នុង​ស្រុក​ដែល​មាន​ម៉ាស៊ីនភ្លើង​តាម​អគារ​របស់​ពួកគេ ​ដែល​លោក​ហៅ​ថា​នេះ​ជា​ «វិធាន​ការ​ក្នុង​ពេល​មាន​អាសន្ន»។

យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​ក្នុង​រដូវ​ប្រាំង​នេះ​នឹង​ឡើង​ដល់​ ៤០ទៅ៤២​ អង្សារ​ ​និង​អាច​បន្ត​អូស​បន្លាយ​រហូត​ដល់​ខែ​ឧសភា​ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ខ្វះ​ទឹក​សម្រាប់​វារី​អគ្គិសនី​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ក្នុង​ស្រុក៕