កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំសម្រាប់ឆ្នាំ២០២០ ដោយសន្ទុះនៃផលិតផលសរុបក្នុងស្រុក (GDP) ស្ថិតក្នុងអត្រា ៦.៨ភាគរយ ដែលថមថយបន្តិចជាងសន្ទុះ៧ភាគរយ សម្រាប់ឆ្នាំ២០១៩នេះ។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងរបាយការណ៍ចុងក្រោយស្តីពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍក្នុងតំបន់អាស៊ីឆ្នាំ២០១៩ (Asian Development Outlook 2019 Update) ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញានេះ។
អ្នកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយថ្ងៃពុធនេះថា៖ «សេដ្ឋកិច្ចកម្ពុជានៅតែបន្តរីកលូតលាស់ក្នុងសន្ទុះរឹងមាំ ដោយសារភាពរឹងមាំនៃវិស័យកាត់ដេរ ទេសចរណ៍ និងសំណង់»។
ក៏ប៉ុន្តែ អ្នកស្រីក៏បានកត់សម្គាល់ថា «ប្រទេសកម្ពុជាចាំបាច់ត្រូវតែផ្តោតលើយុទ្ធសាស្ត្រពិពិធកម្ម ឬការធ្វើឲ្យសេដ្ឋកិច្ចរីកចំរើនពីគ្រប់វិស័យដែលនាំមកនូវសេវាកម្មនិងផលិតផលដែលមានតម្លៃខ្ពស់» ដើម្បីទប់ស្កាត់កត្តាប្រឈមនានាដែលអាចបណ្តាលមកពីភាពមិនប្រាកដប្រជានៃស្ថានភាពពាណិជ្ជកម្មក្នុងសាលកលោក។
សម្រាប់ឆ្នាំ២០២០ កម្ពុជារំពឹងថានឹងមានអត្រាអតិផរណាដដែលដូចឆ្នាំ២០១៩ គឺ២.៥ភាគរយ ដោយសារតម្លៃប្រេងឥន្ធនៈទាប និងតម្លៃម្ហូបកើនឡើងក្នុងអត្រាទាបគួរសម។
សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានកត់សម្គាល់ថា កម្ពុជាអាចនឹងជួបកត្តាប្រឈមក្នុងដំណើរផលិតកម្មរបស់ខ្លួនដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។ គ្រោះរាំងស្ងួតដែលបានកើតឡើងនៅដើមឆ្នាំ២០១៩ បានបង្កឲ្យមានការថយចុះនៃផលិតផលកសិកម្ម និងនេសាទ ដែលបណ្តាលឲ្យកំណើនក្នុងវិស័យកសិកម្មសម្រាប់ឆ្នាំ២០១៩ ថយចុះពី ១.៧ភាគរយ មកត្រឹម ១.១ភាគរយ៕