កម្ពុជា​ច្រាន​ចោល​កំណត់ត្រា​សិទ្ធិមនុស្ស​រាយការណ៍​ដោយ​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

របាយការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្តី​ពី​សា្ថនភាព​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ថា​ក្នុង​​ឆ្នាំ​២០១៨​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កម្ពុជា​នៅ​តែ​អាក្រក់​ ប៉ុន្តែ​​រដ្ឋាភិបាល​កម្ពុជាបាន​ច្រាន​ចោល​និង​អះអាង​ថា ​ការ​សន្និដ្ឋាននេះ​មិន​ផ្អែក​លើ​ស្ថានភាពជាក់​ស្តែង​របស់​កម្ពុជា​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃ​សុក្រ​នេះ​ បាន​ច្រានចោល​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​បានពណ៌នា​អំពី​ស្ថានភាព​អាក្រក់ៗ​ ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេសកម្ពុជា​កាលពី​ឆ្នាំ​មុន។

កាល​ពីថ្ងៃពុធ ទី​១៣​ ខែ​មីនា ឆ្នាំ​២០១៩​កន្លង​ទៅនេះ​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ «​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨»​ ដែល​បង្ហាញ​ថា​ កំណត់ត្រា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថានភាព​អាក្រក់​នៅ​ឡើយ។

របាយការណ៍​នោះ​បាន​លើក​ឡើង​ករណី​ជាច្រើន​ដូចជា​ «ការ​សម្លាប់​ក្រៅ​ច្បាប់ និង​តាម​អំពើ​ចិត្ត ​ការ​បំបាត់​ខ្លួន ​ការ​ធ្វើ​ទារុណកម្ម​ ការ​ចាប់ខ្លួន​តាម​អំពើ​ចិត្ត​ ការ​រំខាន​ដល់​ការ​រស់នៅ​ពលរដ្ឋ​ ដូចជា​ការ​លួច​ស្តាប់​ការ​សន្ទនា​អំពី​ជីវិត​ឯកជន​តាម​ប្រព័ន្ធ​ទូរសព្ទ ​និង​អេឡិចត្រូនិក​ ការ​ប្រើប្រាស់​ច្បាប់​បរិហារ​កេរ្តិ៍​ព្រហ្មទណ្ឌ​ចាត់​វិធាន​ការណ៍​លើ​បុគ្គល​ណា​ដែល​ជា​គោលដៅ​ ការ​រឹត​ត្បិត​សេរីភាព​នយោបាយ ការ​រារាំង​មិន​ឲ្យ​គណបក្ស​ជំទាស់​ចូលរួម​ការ​បោះឆ្នោត​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ អំពើ​ពុក​រលួយ​ដែល​រីក​រាលដាល​ រួមទាំង​ក្នុង​ប្រព័ន្ធ​តុលាការ» ​ជាដើម។

លោក​ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ច្រានចោល​របាយការណ៍​ដែល​លោក​ចោទ​ថា​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ​នៅ​ប្រទេ​សកម្ពុជា​ទេ។

មន្ត្រី​អ្នក​នាំពាក្យ​រូបនេះ អះអាង​បន្ថែម​ថា ការ​គោរព​សិទ្ធ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ក៏​មិន​អាក្រក់​ដូច​ការ​ការ​ចោទប្រកាន់​នៅ​ក្នុង​របាយការណ៍​មួយ​ចំនួន​របស់​សហគមន៍​អន្តរជាតិ​នោះ​ដែរ។

លោក​ជិន ម៉ាលីន​ ​ប្រាប់​ VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា៖

«បើ​និយាយ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ យើង​មិន​អាក្រក់​ណាស់​ណា​ដូចជា​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន ​ដែល​ធ្វើ​ឡើង​ដោយ​មាន​និន្នាការ​នយោបាយ​និង​របៀបវារៈ​នយោបាយ​នៅពី​ក្រោយ​ហ្នឹង​ណា៎។ ហើយ​ខ្ញុំ​សិក្សា​ទៅ​ការ​វាយតម្លៃ​ការ​សន្និដ្ឋាន​របស់​គេ​ហ្នឹង​មិនផ្អែក​ទៅលើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​ទូទៅ​គ្រប់​ទិដ្ឋភាព​នោះ​ទេ»។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយពីអ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន​បាន​ទេ​ នៅ​ថ្ងៃសុក្រ​ដដែល​នេះ​ ដោយ​ទូរសព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​គោរព​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជា​ចេញផ្សាយ​ដោយ​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ការ​រំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិនយោបាយ​ជា​ច្រើន​បាន​កើតឡើង​ នៅមុន​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ចុងក្រោយ​នៅខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នៅ​កម្ពុជា។

របាយការណ៍​បាន​លើក​ឡើង​ពី​ ការ​ចាប់​ខ្លួន​លោក កឹម សុខា​ អតីតមេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ការ​ឃុំ​ខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស (ADHOC)​ ការ​បង្រ្កាប​អង្គការ​សង្គម​ស៊ីវិល​ ការ​បណ្តេញអង្គការ​ប្រជាធិប​តេយ្យ​ (NDI)​ ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០១៧ និង​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ជាដើម។

យ៉ាងណា​ក្តី​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន​ ថ្លែង​ថា​ ក្រុម​មន្ត្រី​ទទួល​បន្ទុក​ក្នុង​វិស័យ​យុត្តធម៌​នឹង​ធ្វើ​ការ​សិក្សា​ ទៅលើ​ការ​អធិប្បាយ​ទាំងឡាយ​ ​ដែល​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​របស់ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​របៀបវារៈ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​កសាង​នីតិរដ្ឋ​ឲ្យ​បាន​រឹងមាំថែមទៀត។

លោក​ ជិន ម៉ាលិន​ បាន​បន្ថែម​ថា៖

«តែ​សម្រាប់​រដ្ឋាភិបាល​ គឺ​យើង​អត់កំណត់​ថា​អានេះ​ជា​ការ​បំពាន​សិទ្ធិ​ទេ​ អា​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ នីតិ​រដ្ឋ​ណា​ក៏​គេ​ធ្វើ​ដែរ​បាទ ក៏ប៉ុន្តែ​យើង​នឹង​សិក្សារបាយការណ៍​ហ្នឹង​មើល​ចំណុច​ណា​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​រិះគន់​ ក្នុង​ន័យ​ស្ថាបនា​ ហើយ​ផ្អែក​ទៅលើ​មូល​ដ្ឋាន​បច្ចេកទេស ដើម្បី​យើង​យក​មក​ពិចារណា និង​អនុវត្តក្នុង​ការធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​នីតិ​រដ្ឋ​ និង​យុត្តិធម៌​ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុនបាទ»។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ និយាយ​ថា​ រដ្ឋាភិបាល​តែង​តែច្រាន​ចោល​របាយការណ៍​ដែល​ថាស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ មិន​ថា​ជា​របាយការណ៍​របស់សហរដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប ឬ​អង្គការ​សហប្រជាជាតិ ​ដែល​មាន​ភាព​ស៊ី​សង្វាក់​គ្នា​នោះ​ទេ។

លោកអំ សំអាត ​បាន​និយាយ​ថា៖

«របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ វា​មិន​ខុស​ពី​អ្វី​ដែល​សហគមន៍​អឺរ៉ុប​គេ​លើក​ឡើង​អំពី EBA ដែល​គេ​ឲ្យ​កម្ពុជា​យើង​ស្តារ​ឡើង​វិញ​នៅ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លក្ខខណ្ឌមួយ​ចំនួន​ទៀត បាទ​បើ​យើង​និយាយ​ទៅ​ការ​លើក​ឡើង​របស់​គេ​ហ្នឹង​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា រួម​ទាំង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ក៏​ដូចជា​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ»។

មន្រ្តី​អង្គការ​សិទ្ធ​មនុស្ស​រូប​នេះ​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ហាក់​ដូចជា​មិន​មាន​អ្វី​ប្រសើរ​ឡើង​នោះ​ដែរ​ ខណៈដែល​បញ្ហា​រំលោភ​សិទ្ធិ​នៅបន្ត​កើតមាន​ ​ដូច​ជា​ការ​រំលោភ​សិទ្ធិដីធ្លី​ ការ​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល​ជា​ចំហរ​ និង​ការ​ជួបជុំ​សម្តែង​មតិ។

ជាក់​ស្តែង​ កាល​ពី​ចុង​ខែ​មករា ​ឆ្នាំ ២០១៩ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​កាំភ្លើង​ដើម្បី​បំបែក​ក្រុម​បាតុករ​ក្នុង​ជម្លោះ​ដី​ធ្លីហិង្សា​មួយ​ នៅ​ខេត្ត​ព្រះ​សីហនុ ​ដែល​បណ្តាល​ឲ្យបុរស​ម្នាក់​បាន​រង​របួស។

មិន​តែ​ប៉ុណ្ណោះ នៅ​ដើមខែ​មីនា​ ​ឆ្នាំ​២០១៩​នេះ ក្រុម​សហជីព​កម្មករ ​និង​អង្គការ​សង្គម​ស៊ីវិល​ជាង​៥០០​នាក់ ​ដែល​៩០​ភាគរយ​ជា​ស្ត្រី​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើការ​ដង្ហែរ​ក្បួន​ពី​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ទៅ​កាន់​ការិយាល័យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ដើម្បី​ដាក់​ញត្តិ​ស្តី​ពី «តម្រូវការ​អាទិភាព​របស់​ស្រ្តី» អំឡុងទិវា​សិទ្ធិ​នារី​ ៨​មីនា លើក​ទី​១០៨​ ដោយ​ខាង​អាជ្ញាធរ​បាន​លើក​ឡើង​ថា​ ការ​ហែ​ក្បួន​នឹង​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​សង្គម។

ការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាពនៅ​តែ​មាន​នៅឡើយ។​ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ជំរុញ​ការ​គោរព​សិទ្ធិមនុស្ស​នៅកម្ពុជា។

ទាក់​ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ដដែល​នេះ​ សហគមន៍​អឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រកាស​ទុក​ពេល​ឱ្យ​កម្ពុជា​រយៈពេល​១៨ខែ​ ដើម្បី​កែប្រែ​ស្ថាន​ការណ៍​នយោបាយ​ និង​ការ​គោរព​សិទ្ធិ​ ​មុន​ពេល​សហគមន៍​ដែល​មាន​សមាជិក​២៨ប្រទេស​នេះ​ ​សម្រេច​ជា​ចុង​ក្រោយ​ថា​ នឹង​បញ្ចប់​ឬ​មិន​បញ្ចប់​កិច្ច​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា៕