រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានអះអាងពីការការពារអធិបតេយ្យ ដោយមិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅប្រទេសកម្ពុជា ហើយថាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននៅខេត្តកោះកុង គឺក្នុងគោលបំណងទេសចរណ៍ដែលមិនដូចការព្រួយបារម្ភរបស់ប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកនោះទេ។
នៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយនឹង VOA ខេមរភាសា កាលពីថ្ងៃសុក្រ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោករដ្ឋមន្ត្រី ទៀ បាញ់ បានការពារគម្រោងអភិវឌ្ឍន៍នៅខេត្តកោះកុង ថាគឺជាគម្រោងអភិវឌ្ឍន៍ឯកជនពិតប្រាកដ ដែលគ្មានចេតនាយោធាក្នុងពេលអនាគតនោះឡើយ។
លោកបានបន្ថែមថា៖
«កម្ពុជាគឺគ្មានអ្វីលាក់បាំងទៀតទេ នៅក្នុងនោះគឺក្រុមហ៊ុនយូញៀន ជាក្រុមហ៊ុនឯកជនមួយរបស់ចិនពិតមែន ហើយគឺការអភិវឌ្ឍន៍កន្លែងនោះ គឺការបានសម្បទាន អភិវឌ្ឍន៍ដើម្បីបម្រើឱ្យវិស័យទេសចរណ៍។ ដូច្នេះបើសិនជាទេសចរណ៍ដំណើរការបានល្អ គេបានធ្វើការវិនិយោគយ៉ាងធំ ហើយទំហំទឹកប្រាក់រាប់ពាន់លាន ដើម្បី កសាងឡើងវិញនូវព្រលានយន្តហោះផង កំពង់ផែ។ កំពង់ផែអត់ទាន់កសាងទេ ព្រលានយន្តហោះកសាងហើយ»។
ក្រុមហ៊ុន Union Development Group របស់ចិនទទួលបានដីសម្បទានចំនួន ៤៥.០០០ ហិកតា ដែលក្នុងនោះមានបញ្ចូលដែនសមុទ្រខ្មែរចំនួន ២០ភាគរយ នៅក្នុងស្រុកបុទុមសាគរ និងគីរីសាគរនៃខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍គម្រោងមួយដែលមានមន្ទីរពេទ្យ អគារខុនដូ រមណីយដ្ឋាន សណ្ឋាគារ រោងចក្រ អាកាសយានដ្ឋានអន្តរជាតិនិងកំពង់ផែសមុទ្រទឹកជ្រៅ។ ក្រុមហ៊ុនបានប្រកាសថានឹងវិនិយោគទុនចំនួន ៣.៨០០ លានដុល្លារ។
របាយការណ៍សារព័ត៌មាននានាបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនោះមានផ្លូវយន្តហោះចុះប្រវែង ៣.៤០០ម៉ែត្រ ដែលវែងជាងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនាំឱ្យមានការព្រួយបារម្ភថាអាចនឹងត្រូវប្រើប្រាស់ក្នុងគោលបំណងយោធាក្នុងពេលខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងត្រូវបើកដំណើរការខ្លះៗនៅដំណាច់ឆ្នាំ ២០២០។ នេះបើតាមគម្រោងអភិវឌ្ឍន៍ ដែលបានបង្ហាញក្នុងពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អះអាងថា ការដ្ឋានសាងសង់អាកាសយានដ្ឋាននេះគឺបើកទូលាយ អ្នកណាចង់ទៅមើលក៏បានដែរ ហើយការកសាងអាកាសដ្ឋានធំ ដូច្នេះគឺស្របតាមអ្វីដែលរដ្ឋាភិបាលបានឯកភាពឱ្យដីសម្បទានសម្រាប់ការវិនិយោគ។
លោក ទៀ បាញ់ បានបន្ថែមទៀតថា៖
«ដូច្នេះរឿងនេះច្រើននាក់បានលើកឡើងហាក់ដូចជាមើលបញ្ហាហ្នឹងទៅជារឿងផ្សេង។ ខ្ញុំក៏មិនអាចទៅបរិយាយបានដែរថា ធ្វើព្រលានយន្តហោះធំរបៀបហ្នឹង គេអាចចុះបានគ្រប់ប្រភេទយន្តហោះអាចចុះបាន។ នេះជារឿងរបស់ព្រលាន។ ដូច្នេះការចាត់ទុកថាអាចមាននាវា ឬក៏មានយន្តហោះរបស់ចិនចុះចតអីហ្នឹង រឿងហ្នឹងគឺសមត្ថភាពអធិបតេយ្យរបស់ប្រទេសនីមួយគេក៏មានកម្រិតដែរ»។
រដ្ឋាភិបាលកម្ពុជាបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយក្រុងប៉េកាំង និងបានបដិសេធថាកំពង់ផែដែលសាងសង់ដោយចិននៅក្នុងខេត្តកោះកុង នឹងមិនត្រូវប្រើដើម្បីមូលដ្ឋានសំចតនាវាយោធាចិនទេ។ សារព័ត៌មាន Asia Times ដែលបានដកស្រង់សម្តីក្រុមអ្នកវិភាគ ដែលនិយាយថា កំពង់ផែទឹកជ្រៅដែលកំពុងសាងសង់ដោយក្រុមហ៊ុន Union Development Group (UDG) មានទំហំធំល្មម ដើម្បីចតនាវាចម្បាំងនិងនាវាពិឃាត។
សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភពីទំនាក់ទំនងរវាងចិននិងកម្ពុជា ដែលអាចនឹងត្រូវចិនប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាមូលដ្ឋានយោធា ឬអគារផ្ទុកសម្ភារៈយោធា។
លោកអនុប្រធានាធិបតី Mike Pence របស់សហរដ្ឋអាមេរិក ក៏បានលើកឡើងជាផ្លូវការនូវការសង្ស័យ និងព្រួយបារម្ភនេះ នៅក្នុងលិខិតមួយ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ចូសេហ្វ ហ្វែលធឺ ឧបការីរងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជា កាលពីពាក់កណ្តាលខែមករា លោកក៏បានសម្តែងការព្រួយបារម្ភពីវត្តមានយោធាចិននៅកម្ពុជា ដោយចាត់ទុកថា «ធ្វើឱ្យខូចដល់សន្តិសុខក្នុងតំបន់និងសន្តិសុខរបស់កម្ពុជាខ្លួនឯង» ហើយឈានទៅដល់ការខូចខាតដល់អធិបតេយ្យរបស់កម្ពុជា។
លោក ចូសេហ្វ ហ្វែលធឺ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយនឹង VOA ថា៖
«ដូច្នេះយើងព្រួយបារម្ភថា នេះប្រហែលជាផ្លូវដែលចិនអាចនាំកម្ពុជាទៅកាន់ ដូច្នេះពួកគេអាចនិយាយថា «នេះគឺគ្រាន់តែជាមូលដ្ឋានរួមគ្នា ឬក៏នេះគ្រាន់តែជាវត្តមានម្តងម្កាល ឬក៏នេះគ្រាន់ជាតំបន់មួយសម្រាប់កប៉ាល់ និងយន្តហោះពាណិជ្ជកម្ម»។ យើងមានការព្រួយបារម្ភទៅលើអ្វីដែលបានកើតឡើងពីមុនមកនៅក្នុងតំបន់ ដែលថាកម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ដូចគ្នា ដែលប្រទេសទាំងនោះមានវត្តមានយោធារបស់ចិន ឬក៏យោធាចិនអាចចូលទៅកាន់ផែ និងព្រលានយន្តហោះ ដែលអាចឱ្យពួកគេប្រើប្រាស់ដើម្បីអំណាចយោធា។ យើងមានការព្រួយបារម្ភជាខ្លាំង»។
លោក ស្ទីវ ឆាបុត្រ អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកប្រចាំរដ្ឋអូហៃយូ ដែលមកពីគណបក្សសាធារណរដ្ឋ បានបញ្ជាក់ប្រាប់ VOA ពីក្តីកង្វល់របស់ស្ថាប័ននីតិប្បញ្ញត្តិនៃសហរដ្ឋអាមេរិកផងដែរ។
«យើងមានការព្រួយបារម្ភពីរឿងនេះ។ យើងដឹងថាការសាងសង់មូលដ្ឋានយោធាជើងទឹករបស់ចិននៅកម្ពុជា។ ពួកគេព្យាយាមកេងចំណេញពីស្ថានភាពនេះ ដើម្បីផលប្រយោជន៍ចិន និងខាតផលប្រយោជន៍ពលរដ្ឋកម្ពុជា។ ខ្ញុំសង្ឃឹមថា រឿងនេះមិនបន្តទៅមុខទៀតទេ។ ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជានឹងដើរតាមផ្លូវប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព។
ប្រទេសចិនបានដាក់មូលដ្ឋានយោធាដ៏ធំមួយនៅប្រទេសជីប៊ូទី តាមច្រកដែលគេហៅថាខ្សែគុជនៃការអភិវឌ្ឍន៍ ហើយនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដូចជានៅកំពង់ផែ Gwadar នៅក្នុងប្រទេសប៉ាគីស្ថាន កំពង់ផែ Hambanthota នៅក្នុងប្រទេសស្រីលង្កា និងបណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្រុមហ៊ុនចិនបានអភិវឌ្ឍ ដូចជាទីតាំងផែ និងវាលយន្តហោះ ដែលវាគ្រាន់តែជាការវិនិយោគមានតម្លៃខាងសេដ្ឋកិច្ចតិចតួច។ បន្ទាប់មកពួកគេបានព្យាយាមប្រើប្រាស់ទីតាំងទាំងនេះសម្រាប់អំណាចយោធា។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។
ប៉ុន្តែលោក ទៀ បាញ់ អះអាងថា កម្ពុជានឹងមិនអនុញ្ញាតឱ្យបរទេសដាក់ទ័ពនៅកម្ពុជាទេ។
«ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតចំពោះរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យមានមូលដ្ឋានបរទេសតាំងនៅប្រទេសរបស់ខ្លួនទេ ហើយខ្លួនក៏មិនបញ្ជូនកម្លាំងទៅបរទេសក្រៅពីសំណូមពររបស់អង្គការសហប្រជាជាតិនោះទេ។ ដូច្នេះគឺរឿងនេះគឺរឿងច្បាស់លាស់ណាស់។ កាន់តែច្បាស់ទៅទៀត គឺយើងមិនអនុញ្ញាតទេចំពោះអង្គភាព ឬកងទ័ពបរទេសមកតាំងទី ឬយើងនិយាយថា មូលដ្ឋានទ័ពរបស់ខ្លួននៅប្រទេសកម្ពុជា គឺយើងមិនអនុញ្ញាតទេ។ រដ្ឋធម្មនុញ្ញរបស់យើងមិនអនុញ្ញាតជាដាច់ខាត»។
អ្នកវិភាគបានលើកឡើងថា កម្ពុជាមិនមានសត្រូវស្លាប់រស់នៅក្នុងតំបន់ទេ ដែលមិនតម្រូវឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ ព្រោះវានាំបញ្ហាច្រើនជាងការរក្សាស្ថិរភាពនៅក្នុងតំបន់។ ប៉ុន្តែមហិច្ឆតារបស់ចិន គឺជារឿងមួយផ្សេង។
លោក ឈៀង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបញ្ជាក់ថា៖
«អីចឹងបើយើងមើលពីភូមិសាស្រ្តនយោបាយ វាអត់មានលក្ខខណ្ឌណាមួយដែលកម្ពុជាត្រូវឱ្យមានវត្តមានទ័ពបរទេសទេ។ ក៏ប៉ុន្តែ បើសិនជាយើងមើលពីក្រសែភ្នែកចិនវិញ ប្រហែលជាចិនក៏អាចមានមហិច្ឆតាខ្លះនៅក្នុងតំបន់ហ្នឹងដែរ ទាំងសេដ្ឋកិច្ច ទាំងយោធា និងសន្តិសុខ ក៏ប៉ុន្តែប្រសិនបើប្រទេសកម្ពុជាយើងមិនអនុញ្ញាត ឬមិនមានតម្រូវការ ចិនក៏មិនអាចបង្ខំឱ្យកម្ពុជាដើម្បីឱ្យមានវត្តមានកងទ័ពបរទេសដែរ»។
កាលពីដើមឆ្នាំ២០១៧ ប្រទេសកម្ពុជាបានប្រកាសផ្អាកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក ដោយយកហេតុផលថាជាប់រវល់បញ្ហាផ្ទៃក្នុង ប៉ុន្តែនៅបន្តធ្វើសមយុទ្ធរួមគ្នាជាមួយនឹងប្រទេសចិន។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA លោក ទៀ បាញ់ អះអាងថា ប្រទេសកម្ពុជាចង់ធ្វើសមយុទ្ធជាមួយនឹងប្រទេសនានា ប៉ុន្តែកង្វះខាតធនធានថវិកានិងសម្ភារៈធ្វើឱ្យកម្ពុជាមានតែឆន្ទៈ ហើយមិនអាចធ្វើបាន។
លោកបានបញ្ជាក់ថា៖
«នៅពេលខ្លះគឺកម្ពុជាអត់មានសមត្ថភាពទេ អត់មានធនធានទេ ឬក៏ហៅថាមានតែមនុស្ស ឬក៏មានតែឆន្ទៈ ប៉ុន្តែយើងខ្វះប្រេងឥន្ធៈក្តី គ្រាប់រំសេវក្តី មធ្យោបាយផ្សេងៗដែលត្រូវការហ្នឹង ជួនកាលវាខ្វះ។ ដូច្នេះយើងមិនអាចបំពេញបានក៏វាជារឿងមួយ។ រឿងមួយទៀត គឺតម្រូវក្នុងការធ្វើសហប្រតិបត្តិការលើបញ្ហាអ្វីមួយ វាគាប់ជួនពេលនោះ គឺយើងមានភារកិច្ចអ្វី វាសំខាន់ជាងយើងត្រូវពិភាក្សាគ្នាលើកទៅពេលណា ធ្វើបានឬធ្វើមិនបាន។ នេះគឺរឿងពិតវាដូច្នោះឯង»។
លោក ទៀ បាញ់ ថាការណ៍ដែលអាចធ្វើជាមួយនឹងប្រទេសចិនបាន គឺដោយសារតែចិនបានចំណាយសព្វបែបយ៉ាងដល់ប្រតិបត្តិការសមយុទ្ធរួមគ្នានោះ។
«ខ្ញុំនិយាយឱ្យត្រង់ ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន គឺចេញឱ្យទាំងអស់។ ប្រេងឥន្ធនៈ គ្រាប់រំសេវ មធ្យោបាយ គឺគាត់នាំមកទាំងអស់ ហើយខ្ញុំចាំតែកម្លាំងចូលរួម ហើយបង្កលក្ខណៈសម្បត្តិ រៀបចំតែភូមិសាស្រ្តតាមតម្រូវដែលយើងមាន។ ដូច្នេះកម្លាំងរបស់យើង យើងមានលទ្ធភាពធ្វើបាន។ ចំណែកប្រេង តាំងពីមធ្យោបាយសម្ភារៈអីសព្វបែបយ៉ាង គ្រាប់រំសេវដែលត្រូវចំណាយដែលយើងត្រូវបំពេញបានតាមតម្រូវការដែលការពិតនូវសមត្ថភាពពិតប្រាកដនោះ គឺខាងសាធារណរដ្ឋប្រជាមានិតចិនគាត់ចេញជូនទាំងអស់ រហូតដល់ពេលវេលានៃការសមយុទ្ធទៀតសោតអំពីការហូបចុក បំប៉នបងប្អូនកម្លាំងដែលធ្វើការធ្ងន់ ធ្វើការដើម្បីបម្រើនោះ គឺចំនួនរាប់រយនាក់ ក៏គាត់ចេញឱ្យទាំងអស់។ នោះគឺខ្ញុំធ្វើបានភ្លាម»។
កម្ពុជានិងសហរដ្ឋអាមេរិកបានពិភាក្សាគ្នារីកចម្រើនមួយជំហានដែរ ដែលក្នុងនោះមានការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកាំង ដែលបាត់ខ្លួនបន្ទាប់ពីកម្មវិធីនេះត្រូវបានផ្អាកមួយរយៈ ដោយសារតែបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា។
លោកឈៀង វណ្ណារិទ្ធ បានបញ្ជាក់ថា ចិនហាក់មានប្រៀបជាងសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែវិធីចងសម្ព័ន្ធមិត្តរបស់ចិនស៊ីសង្វាក់ជាមួយនឹងវប្បធម៌នៃថ្នាក់ដឹកនាំក្នុងតំបន់។
លោកបានបញ្ជាក់ថា៖ «ចំពោះចិនគឺគេប្រើយុទ្ធសាស្រ្តសេដ្ឋកិច្ច ហើយនឹងវប្បធម៌ហើយជាពិសេសគឺទំនាក់ទំនងបុគ្គលនិងបុគ្គល។ ជាពិសេសរវាងអ្នកនយោបាយ ឬក៏អ្នកជំនួញ ឬក៏អ្នកវិនិយោគសំខាន់ណាស់ ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមកហើយនិងពង្រឹងសហប្រតិបត្តិការ។ ហើយក៏ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិករបៀបទំនាក់ទំនងគឺប្រើលក្ខណៈជាលក្ខណៈប្រព័ន្ធច្រើនជាង។ បានន័យថា យើងត្រូវការតួនាទីអាមេរិកនៅក្នុងផលប្រយោជន៍អ្វីមួយ។ អីចឹងអាមេរិកគេជាអ្នកផ្តល់ផលប្រយោជន៍ ជាពិសេសផលប្រយោជន៍សន្តិសុខ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ច ក៏ប៉ុន្តែក្នុងលក្ខណៈថា ប្រទេសផ្សេងៗត្រូវទៅរណបជាមួយអាមេរិក»។
សហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ជាច្រើនសារថា ខ្លួនមិនចូលជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងផ្នែកយោធានិងការទូតបានល្អប្រសើរឡើង ល្គឹកណាប្រទេសកម្ពុជាដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលបើកឱ្យអតីតគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដំណើរការដោយសេរី៕