កម្ពុជា​រិះគន់​ថា​គោល​នយោបាយ​លោក​ត្រាំគំរាម​ដល់​សណ្តាប់​ធ្នាប់​ពិភពលោក

រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឱប​ទង់ជាតិ​អាមេរិក នៅពេល​ដែល​លោក​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ CPAC ឆ្នាំ២០១៩ នៅ​ទីក្រុង Oxon Hill រដ្ឋ Maryland ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិ​ ដូណាល់ ​ត្រាំ​ បាន​ឡើង​មក​កាន់អំណាច​ ដោយ​ឈរ​លើ​គោល​ការណ៍​ «ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ជា​អាទិភាព‍»។

ប្រទេស​កម្ពុជា​បាន​រិះគន់​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ (Donald Trump) ​ដែល​ងាក​ទៅ​កាន់​ឯកតោ​និយម​ និង​គាំពារ​និយមថា ​កំពុង​តែ​គំរាម​ដល់​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​មាន​ជាង​៧​ទសវត្សរ៍​មក​ហើយ។​

នៅក្នុង​សុន្ទរកថា​បើក​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃអង្គារ​ លោក​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​ថា​ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​នឹង​ជះ​ឥទ្ធិពល​លើ​ដំណើរ​របស់​ពិភព​លោក​ទំាងមូល​ទំាង​ខាងនយោបាយ ​សន្តិសុខ ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា។

លោក​ប្រាក់​ សុខុន​ បាន​បន្ថែម​ថា៖

«ការ​ងាកចេញ​របស់​មហាអំណាច​ទី១​ពី​ប្រព័ន្ធ​ពហុភាគី​និយម​ទៅកាន់​ឯកតោ​ភាគី​និយម​ និង​គាំពារ​និយម​កំពុង​គំរាម​ដល់​ប្រព័ន្ធ​សណ្តាប់​ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​ ដែល​ជា​វិធាន​សម្រាប់​ចាត់​ចែង​ទំនាក់​ទំនង​អន្តរជាតិ​អស់​កាល​ជាង​៧០​ឆ្នាំ​មក​ហើយ‍»។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិ​ ដូណាល់ ​ត្រាំ​ បាន​ឡើង​មក​កាន់អំណាច​ ដោយ​ឈរ​លើ​គោល​ការណ៍​ «ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ជា​អាទិភាព‍»​ និង​ខិតខំ​ការពារ​ផលិតផល​របស់​សហរដ្ឋ​អាមេរិក ​ក្នុង​ពេល​ដែល​លោក​មើល​ឃើញ​ថា​ ប្រទេស​មួយ​ចំនួន​បាន​កេង​ចំណេញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ​ជាពិសេស​ប្រទេស​ចិន​ដែល​ជា​មហាអំណាច​ទីពីរ​របស់​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។​

ចាប់តំាង​ពី​ចូល​កាន់​តំណែង​កាលពី​ដើម​ឆ្នាំ​២០១៧ ​រដ្ឋ​បាល​លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ដក​សហរដ្ឋ​អាមេរិក ​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ​សន្ធិ​សញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​ (INF) ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កិច្ចព្រម​ព្រៀង​ស្តីពី​ភាព​ជាដៃ​គូអន្តរ-ប៉ាស៊ី​ហ្វិក (TPP)​ និង​ពី​ស្ថាប័ន​ពិភពលោក​ដែល​មាន​ដូច​ជា​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់ ​អ.ស.ប (UNHRC) ​និង​អង្គការ​យូណេស្កូ ​(UNESCO) ​ព្រម​ទាំង​ការគំរាម​ដក​ខ្លួន​ ចេញ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​ ផង​ដែរ។

ប្រទេស​កម្ពុជា​ចាត់​ទុក​ថា ​ការ​ងើបឡើង​របស់​បណ្តា​ប្រទេស​នៅ​អាស៊ី​ដែល​នាំមុខ​ដោយ​ចិន ​ជប៉ុន​ ឥណ្ឌា ​កូរ៉េ​ខាងត្បូង​និង​អាស៊ាន​ «កំពុង​តែ​ធ្វើ​ឱ្យ​ជញ្ជីង​អំណាច​ផ្អៀង​ពី​ភាគ​ខាង​លិច​មក​ខាង​កើត‍»។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ តំបន់​អាស៊ាន​ដែល​កម្ពុជា​ជា​សមាជិក​ក៏​នឹង​រង​ឥទ្ធិពលនិងសម្ពាធ​ពី​ការ​ប្រកួត​ប្រជែង​គ្នា​នេះ ​ជាពិសេស​ចំពោះ​គោល​នយោបាយ​គំនិត​ផ្តួច​ផ្តើមខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន​ និង​យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ​របស់​សហរដ្ឋ​អាមេរិក។​

លោក​ប្រាក់​ សុខុន បាន​បន្ថែម​ថា៖

«ការ​ប្រកួត​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន​ និង​យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ​ដែល​កំពុង​លេចចេញ​ជារូបរាង​របស់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ជាច្រើន​ទៀត​នឹងធ្វើ​ឱ្យ​អាស៊ី-ប៉ាស៊ីហ្វិក​បន្ត​នៅ​ជា​តំបន់​ដ៏ក្តៅ​ រំជើប​រំជួល​ប្រែប្រួល​ឆាប់​រហ័ស‍»។​

សន្និបាត​របស់​ក្រសួង​ការបរទេស​ដែល​បញ្ចប់​នៅថ្ងៃ​ព្រហស្បតិ៍​ផ្តោត​លើ​ការស្វែង​យល់​ពី​យថាភាព​នៃ​ការវិវត្ត​ទៅមុខ​នៃ​សភាពការណ៍​តំបន់​ និង​ពិភពលោក​ ផលប៉ះពាល់​ទាំងឡាយ​មក​លើ​តំបន់​និង​កម្ពុជា​ផ្ទាល់។ ជាពិសេស​ការ​ត្រៀម​ទប់​ទល់​នឹង​បស្ចឹម​ប្រទេស​ដែល​កម្ពុជា​ចាត់​ទុក​ថា​កំពុង​អនុវត្ត​ស្តង់ដារ​ពីរ​លើ​ផ្នែក​សិទ្ធិមនុស្ស​ និង​ពាណិជ្ជកម្ម​ជាមួយ​នឹងប្រទេស​ដ៏​ក្រីក្រ​នេះ៕