លោក​ Trump ថា​​លោក​គ្មាន​ទោសពៃរ៍​ទេ​អំពី​ការ​ចោទប្រកាន់​សហព័ន្ធ

លោក Raul Meneses ពាក់ម៉ាស​មុខ​លោក ​Donald Trump ​អំឡុង​ការប្រមូល​ផ្តុំ​នៅ​សួន Tropical Park ថ្ងៃទី​១១ មិថុនា ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​អង្គារ ​អតីត​ប្រធានាធិបតីលោក Donald Trump ​បានបង្ហាញ​ខ្លួន​នៅ​មុខ​ចៅក្រម​សហព័ន្ធ​ម្នាក់ក្នុង​ទីក្រុង Miami ​ដោយ​និយាយ​ថាលោក​គ្មាន​ទោសពៃរ៍​ទេ​អំពី​ការ​ចោទប្រកាន់ថាលោក​បានរក្សាទុក​ដោយ​ខុស​ច្បាប់​នូវឯកសារ​សម្ងាត់​ខាង​សន្តិសុខ​ជាតិរាប់សិប​សំណុំក្រោយពីលោកបានចាកចេញ​ពី​សេតវិមានហើយបាន​រារាំង​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​យក​ឯកសារ​ទាំង​នោះ​មកវិញ។​

លោក Trump បានក្លាយ​ជា​ប្រធានាធិបតី​ស.រ.អ.​ទី​មួយដែល​ប្រឈម​នឹងការ​ចោទ​ប្រកាន់​សហព័ន្ធ​នៅ​ពេល​មហា​គណៈវិនិច្ឆ័យមួយនៅទីក្រុង Miami បានចោទ​ប្រកាន់​លោក​ចំនួន​៣៧​ករណី​កាល​ពី​សប្តាហ៍​មុនទាក់​ទិន​នឹងការរក្សា​ទុកឯកសារ​សម្ងាត់​មិនត្រឹមត្រូវ។​

ការចោទប្រកាន់នេះ​ដែលត្រូវ​បានលាតត្រដាងកាលពីថ្ងៃ​ទី​៩​ខែ​មិថុនា ​ចោទ​លោក​ Trump ​ចំនួន៣១​ករណីអំពី​«ការរក្សាទុក​ដោយ​ចេតនា‍»​នូវ​ព័ត៌មានស្តីពី​ការការពារ​ជាតិ ​ដោយ​ករណីនីមួយៗតំណាងឯកសារ​នីមួយៗផ្សេងៗ​គ្នា​ដែល​លោក Trump ​បាន​យក​ពី​សេតវិមាន​ទៅ​ភូមិ​គ្រឹះ​ Mar-a-Lago ​ហើយ​លោក​បាន​ប្រកែក​មិន​ព្រមប្រគល់​ឯកសារទាំងនោះ​មក​វិញ​ក្រោយ​ពី​មាន​ដីការ​កោះ​។

ការ​ចោទប្រកាន់​នេះ​ក៏​ចែង​ដែរ​ថា​លោក Trump ​បានបង្ហាញឯកសារ​សម្ងាត់​ទាំង​នេះពីរ​ដង​ដល់​ជន​ឯទៀតៗ​ហើយ​ថា​លោក​បាន​ឃុបឃិត​ធ្វើ​អំពើ​ទុច្ចរិត​ជា​មួយ​ជំនួយការ​ម្នាក់​ ដើម្បីរក្សា​ឯកសារ​ទាំង​នោះ​កុំឱ្យពួក​អ្នក​ស៊ើប​អង្កេត​យក​បាន។

លោក Todd Blanche ​មេធាវី​ម្នាក់​ក្នុង​បណ្តាពួក​មេធាវី​របស់​លោក Trump ​បាន​និយាយ​ប្រាប់​ចៅក្រម​ Jonathan Goodman ​ថា​«យើងប្រាកដ​ជាឆ្លើយ​ថា​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ‍»។

លោក Trump ​ត្រូវ​បាន​ដោះលែង​ដោយ​មាន​ការ​ធានា​របស់​លោកផ្ទាល់និង​ត្រូវ​បាន​បញ្ជា​មិនឱ្យនិយាយ​ទាក់ទងជា​មួយ​លោក Nauta ​និង​សាក្សី​ឯទៀតៗ​ទេអំពី​ការពិត​ជាក់ស្តែង​នៃ​ករណី​នេះ។ លោក Nauta ​ដែល​ជា​អតីត​អ្នកបម្រើក្នុង​សេតវិមាន​និង​ជា​ជំនួយការ​លោក Trump ​បានឆ្លើយ​ថា​លោក​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ​អំពីការចោទ​ប្រកាន់​ចំនួន​៦​ករណី​ថា​រារាំងការ​ស៊ើបអង្កេត​និង​និយាយ​កុហកក្រុម​អ្នក​ស៊ើបអង្កេត។

ការ​ចោទប្រកាន់ពី​បទ​«រក្សា​ទុក​ដោយ​ចេតនា‍»​នូវ​ព័ត៌មានខាង​ការពារ​ជាតិ​មាន​ទោស​ជាប់​ពន្ធនាគារ​១០ឆ្នាំ។​ ការចោទ​ប្រកាន់​អំពី​ការ​រារាំងមាន​ទោស​ជាប់គុក​រហូត​ដល់​២០ឆ្នាំ៕