សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សយ៉ាងតិច ៣ នាក់ ពាក់ព័ន្ធនឹងការរិះគន់ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយចាត់ទុកថា ការរិះគន់នោះមានលក្ខណៈជេរប្រមាថដល់កម្លាំងសមត្ថកិច្ច។
អ្នកទាំងបីនាក់នោះត្រូវបានដោះលែង ក្រោយពួកគេបានសារភាពកំហុសនៅក្នុងវីដេអូ ហើយមានការផ្តិតមេដៃជាការទទួលកំហុស។ នេះបើតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមវេបសាយ ចាប់តាំងពីថ្ងៃអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី ១ ខែឧសភា បុរសម្នាក់ឈ្មោះ ផល្លា ជាមនុស្សទី៣ហើយ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឲ្យចូលខ្លួនមកបំភ្លឺ «ករណីផុសព័ត៌មានមិនពិតនិងជេរប្រមាថ មើលងាយមកលើសមត្ថកិច្ចអនុវត្តច្បាប់»។
សមត្ថកិច្ចបានលើកឡើងថា បុរសនោះបានបង្ហោះព័ត៌មាន «ជេរប្រមាថមើលងាយយ៉ាងខ្លាំងមកលើសមត្ថកិច្ចអនុវត្តច្បាប់» កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០។
បើតាមវេបសាយនោះ សមត្ថកិច្ចបានភ្ជាប់ការបង្ហោះលើហ្វេសប៊ុករបស់លោក ផល្លា ដោយមានរូបថតលោកឈរក្បែរម៉ូតូរបស់លោក ដែលមានកម្លាំង ១៥៥ CC។ លោកបានប្រើពាក្យមួយចំនួន មានដូចជាពាក្យ «អញ» «ងាប់អញ» និង «ពួកអាប្រែត ចុះនរក១៨ជាន់» ដែលទំនងជាសំដៅលើនគរបាល នៅក្នុងសារនោះ។ លោកលើកឡើងថា លោកមិនអាចបើកម៉ូតូបាន ដោយសារតម្រូវឲ្យមានបណ្ណបើកបរ។
លោក ផល្លា បានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយលោកក៏បានសារភាពកំហុសនៅក្នុងវីដេអូ។ បើតាមវីដេអូនោះលោក ផល្លា និយាយថា លោកបានបង្ហោះរូបភាព និងខ្លឹមសារ «មើលងាយនិងប្រមាថ» កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០។
លោកមានប្រសាសន៍ថា៖ «អត្ថន័យក្នុងការបង្ហោះនេះធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេស ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សមត្ថកិច្ច និងមន្រ្តីសាធារណៈដែលជាអ្នកអនុវត្តច្បាប់»។ លោក ផល្លា បន្ថែមថា៖ «ដោយខ្វះការពិចារណាខ្ញុំបាទសូមទទួលកំហុស និងសុំទោសចំពោះកំហុសដែលបានធ្វើនេះ»។
ចំណែកបុរសម្នាក់ទៀត ដែលត្រូវបាននាំមកសាកសួរ លោក រស់ ដារ៉ា បានសារភាពនៅក្នុងវីដេអូថា រូបលោកបានបង្ហោះរូបភាពដែលប៉ូលិសបានផាកពិន័យរូបលោកកាលពីឆ្នាំ ២០១៨។ បើតាមហ្វេសប៊ុកនោះ លោកបង្ហោះសាររិះគន់ការមិនមានបណ្ណសម្គាល់ម៉ូតូ ដោយសារម៉ូតូបង់រំលស់ ហើយឯកសារមិននៅជាមួយម្ចាស់ម៉ូតូទេ។ សាររិះគន់របស់លោកនោះមានបានភ្ជាប់ជាមួយរូបភាពចាស់ ដែលលោកត្រូវបានផាកពិន័យ។
លោក ដារ៉ា និយាយក្នុងវីដេអូថា៖ «ដោយខ្វះការពិចារណា ខ្ញុំសូមទទួលកំហុសទាំងស្រុងចំពោះទង្វើដែលខ្ញុំបានធ្វើនេះ។ ខ្ញុំសូមសន្យាថា នឹងមិនប្រព្រឹត្តអំពើបែបនេះតទៅទៀតទេ។ ដូច្នេះ សូមប្រជាពលរដ្ឋមេត្តាអនុគ្រោះ និងលើកលែងទោសដល់រូបខ្ញុំបាទផង»។
ចំណែកមនុស្សម្នាក់ទៀត គឺជាស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ដែលជាអ្នកលេង TikTok។ កញ្ញាត្រូវបានរាយការណ៍ថា បានបង្ហោះវីដេអូចាស់នៅលើ TikTok ជាការរិះគន់ការរឹតបន្តឹងច្បាប់ចរាចរណ៍។
អ្នកទាំង៣នោះត្រូវបានដោះលែង ក្រោយពីសមត្ថកិច្ចបានណែនាំ អប់រំ និងឲ្យធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក។
បើតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការទប់ស្កាត់រាល់ព័ត៌មានមិនពិត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានព្រមានថា អាជ្ញាធរនឹងបន្តអនុវត្តតាមច្បាប់ចំពោះបុគ្គលណា ដែលបង្ហោះព័ត៌មានមិនពិត ជាពិសេសព័ត៌មានដែលមានលក្ខណៈ «មើលងាយ និងជេរប្រមាថមកលើច្បាប់និងសមត្ថកិច្ច»។ អាជ្ញាធរបញ្ជាក់ថា៖ «បើក្នុងករណីមិនរៀងចាល សមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបាននៅឡើយទេ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់ VOA ថា លោកគាំទ្រសេរីភាពនៃការបញ្ចេញមតិ ហើយប្រជាពលរដ្ឋត្រូវមានក្រមសីលធម៌ក្នុងការបញ្ចេញមតិ ដោយការស្ថាបនា។ លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះធ្វើឲ្យប្រជាពលរដ្ឋ ដែលមិនបានយល់ដឹងច្បាប់ចរាចរណ៍ទូលំទូលាយ មានការខឹងសម្បាចំពោះការអនុវត្តនេះ។
លោកមានប្រសាសន៍ថា៖ «ដោយសារតែការអនុវត្តច្បាប់ចរាចរណ៍កន្លងមកហ្នឹង គឺយើងអត់បានធ្វើជាជំហានៗ។ នៅពេលដែលរឹតបន្តឹងតែម្តង ធ្វើឲ្យប្រជាពលរដ្ឋហ្នឹង ខ្លះគាត់មានការខឹងសម្បាអ៊ីចឹងដែរ»។
លោក អំ សំអាត ចាត់ទុកការបង្ហោះវីដេអូសារភាពតាមហ្វេសប៊ុកជាការប៉ះពាល់សិទ្ធិរបស់ពួកគាត់ បើទោះថា អាជ្ញាធរយល់ថា នេះជាការបង្ហាញគំរូមួយក៏ដោយ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងគឺជាការផ្ញើសារមួយ។ ក៏ប៉ុន្តែមានមួយចំណែក បើយើងគិតពីបញ្ហាសិទ្ធិមនុស្ស គឺវាធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាព និងសិទ្ធិរបស់ពួកគេ។ បើសិនជាអត់មានបទល្មើសអីផង ហើយយើងគ្រាន់តែអប់រំឲ្យត្រឡប់ទៅវិញ ហើយយើងធ្វើការបង្ហោះជាវីដេអូ ជាអីទៅ វានាំឲ្យទៅប៉ះពាល់សិទ្ធិបុគ្គលជាដើម ដែលនាំឲ្យមានការរិះគន់របៀបហ្នឹងបាទ»។
កាលពីខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលរបស់លោកកំពុងតែពិចារណាលទ្ធភាពនៃការបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយលោកបានលើកឡើងថា ប្រទេសផ្សេងៗដូចជា ប្រទេសសិង្ហបុរី បានបង្កើតច្បាប់នេះរួចទៅហើយ ដូច្នេះលោកថា រដ្ឋាភិបាលរបស់លោកក៏ទំនងជានឹងអាចធ្វើដូចគ្នាផងដែរ។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ ពិភពលោកកំពុងខ្វាយខ្វល់អំពីព័ត៌មានក្លែងក្លាយ។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់ទាន់មានទេ។ យើងកំពុងតែពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ។ ប៉ុន្តែប្រហែលមានលទ្ធភាពធ្វើច្រើនជាង»៕