ទាហានថៃម្នាក់ដែលបានបើកការបាញ់ប្រហារនៅតំបន់ឦសាននៃប្រទេសថៃកាលពីរសៀលថ្ងៃសៅរ៍ ត្រូវបានកងសន្ដិសុខបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ។
ខ្មាន់កាំភ្លើងដែលត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថាឈ្មោះ Jakrapanth Thomma វ័យ៣២ឆ្នាំ បានចាប់ផ្ដើមបាញ់រះនៅមូលដ្ឋានកងទ័ពមួយកន្លែងនិងបានសម្លាប់មេបញ្ជាការទ័ពរបស់ខ្លួន។ បន្ទាប់មកជននោះបានយកអាវុធនិងរថយន្តទាហានមួយគ្រឿងចេញពីមូលដ្ឋានទ័ពនោះ និងបន្តទៅបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងដែលមានមនុស្សម្នាកកកុញ រួចបង្ហោះសកម្មភាពបាញ់ប្រហារនោះនៅលើទំព័រហ្វេសប៊ុក។ រាល់វីដេអូទាំងអស់ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកក្រោយមកត្រូវបានលុបចោល។
ជនឈ្មោះ Thomma នេះបានសម្លាប់មនុស្សអស់ចំនួន២៩នាក់ ដោយរួមមានទាំងជនស៊ីវិលនិងកងសន្ដិសុខ។ ជនរងគ្រោះវ័យក្មេងបំផុតគឺជាក្មេងប្រុសម្នាក់ដែលមានអាយុ១៣ឆ្នាំ។ មនុស្សចំនួន៥៧នាក់បានរងរបួស ដែលក្នុងនោះជនរងគ្រោះយ៉ាងតិចពីរនាក់ដែលត្រូវឆ្លងកាត់ការវះកាត់ខួរក្បាល។
លោក Chan-O-Cha បានហៅហេតុការណ៍នេះថាជាហេតុការណ៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ។ លោកថ្លែងថា លោកសង្ឃឹមថា «ការបាញ់ប្រហារនេះគឺជាលើកដំបូងដែលកើតឡើងហើយក៏ជាលើកចុងក្រោយផងដែរ ដែលនឹងមិនកើតឡើងជាថ្មីទៀតនោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា