ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនៅប្រទេសចិនដីគោកបានកើនដល់ ៨១១ នាក់ហើយគិតត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញ គឺលើសចំនួនអ្នកស្លាប់ដោយសារមេរោគ SARS កាលពីឆ្នាំ ២០០២ និង ២០០៣ ទៅទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីចិននៅព្រឹកថ្ងៃអាទិត្យនេះ។
គណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យនេះថា សម្រាប់ថ្ងៃសៅរ៍ម្សិលមិញ គឺមានមនុស្ស ៨៩ នាក់បានស្លាប់ដោយសារមេរោគនេះ។
កាលពីឆ្នាំ ២០០២ និង ២០០៣ មេរោគ SARS ត្រូវបានគេជឿថាបានសម្លាប់មនុស្សអស់ជាង ៧៧៤ នាក់ និងបានធ្វើឲ្យមនុស្សជិត ៨ ពាន់ ១ រយនាក់ធ្លាក់ខ្លួនឈឺនៅក្នុងប្រទេសចិន និងទីក្រុងហុងកុង។
គណៈកម្មការសុខាភិបាលជាតិចិនបានរាយការណ៍ថា ករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះសរុបមានចំនួន ៣ ម៉ឺន ៧ ពាន់ ១៩៨ ករណី គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនអ្នកស៊ើបអង្កេតអន្តរជាតិមួយក្រុមទៅប្រទេសចិននៅថ្ងៃច័ន្ទ ឬក៏ថ្ងៃអង្គារខាងមុខ។
ពលរដ្ឋអាមេរិកាំងអាយុ ៦០ ឆ្នាំម្នាក់បានស្លាប់ដោយសារមេរោគនេះកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Wuhan ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ម្សិលមិញ។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្ដល់ជំនួយរហូតដល់ទៅ ១ រយលានដុល្លារឲ្យប្រទេសចិន និងប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ ដើម្បីទប់ទល់កុំឲ្យឆ្លងរាតត្បាតបន្ថែមទៀត៕