កងយោធាចិន និងកម្ពុជារាប់រយនាក់បានរួមគ្នាធ្វើលំហាត់ហ្វឹកហ្វឺនរួម កាលពីចុងសប្ដាហ៍កន្លងទៅ ដែលអមដោយការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌទំនើបៗ ក្នុងគោលដៅវាយបង្ក្រាបភេរវកម្ម និងការអន្តរាគមន៍ផ្ដល់ជំនួយមនុស្សធម៌ក្នុងគ្រាមានអាសន្នគ្រោះធម្មជាតិនានា។
លំហាត់ហ្វឹកហ្វឺនដែលមានឈ្មោះថា«នាគមាស២០១៨» ជាការរៀបចំធ្វើឡើងជាលើកទី២ហើយ បន្ទាប់ពីបានធ្វើសម្រេចជោគជ័យកាលពីលើកទីមួយនាចុងឆ្នាំ២០១៦កន្លងទៅ ដែលលើកនេះមានរាប់បញ្ចូលការបាញ់គ្រាប់ពិត តូច ធំនានា សរុបប្រមាណ១៨.០០០គ្រាប់ រួមមានការបាញ់គ្រាប់រ៉ុក្កែតពីឧទ្ថម្ភាគចក្រការវាយប្រហារដោយរថពាសដែកថែមទៀតផង។
អ្នកវិភាគបាននិយាយថា ការណ៍នេះបានបង្ហាញឱ្យឃើញអំពីការឈានដល់ចំណុចរបត់កំពូលថ្មីមួយទៀតនៃទំនាក់ទំនងរវាងមហាយក្សចិន និងកម្ពុជា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងអាចជាការស្ដែងឡើងនៃឥទ្ធិពលដែលចេះតែរីកធំធាត់របស់ចិនទៅក្នុងតំបន់ ដែលមានការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អ្នកវិភាគស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់បានប្រាប់ VOA ថា ការផ្ដល់ជំនួយសឹករបស់ប្រទេសចិនមកដល់កម្ពុជាបានផ្ដល់ជាវិភាគទានមួយផ្នែកដល់កងកម្លាំងកម្ពុជាក្នុងការពង្រឹងសមត្ថភាពការពារខ្លួនឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រជាប្រវត្តិសាស្ត្រ ស្ថិតនៅចន្លោះប្រទេសជិតខាងដែលមានមាឌធំជាងខ្លួន ប៉ុន្តែការណ៍នេះក៏ត្រូវបានព្រមានដែរថា ការបង្កកកិច្ចសហប្រតិបត្តិការណ៍ជាមួយយោធាអាមេរិក ទៅស្និទ្ធនឹងចិន អាចនាំឱ្យជញ្ជីងសន្ដិសុខនយោបាយការទូតរបស់កម្ពុជាផ្អៀងផ្អងបាត់បង់លំនឹង នឹងនាំឱ្យការទន់លោងពឹងផ្អែកលើប្រទេសចិនគឺកាន់តែខ្លាំង។
Your browser doesn’t support HTML5
កាលពីឆ្នាំទៅមិញ កម្ពុជាបានជូនដំណឹងដល់កងទ័ពអាមេរិក អំពីការសម្រេចផ្អាកសមយុទ្ធយោធារួម«ឆ្មាំអង្គរ» (ANGKOR SENTINEL) រវាងប្រទេសទាំងពីរ ខណៈដែលកិច្ចសហប្រតិបត្តិការណ៍មនុស្សធម៌ផ្សេងទៀតដូចជា កម្មវិធី«ឃ្មុំសមុទ្រ»(SEABEES) ក៏ត្រូវបានផ្អាកផងដែរ នៅចំកណ្ដាលនៃការធ្លាក់ចុះជាទូទៅនៃទំនាក់ទំនងរវាងភ្នំពេញ និងវ៉ាស៊ីនតោន នារយៈពេល១២ខែកន្លងទៅនេះ។
លោក Carlyle Thayer អ្នកជំនាញកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ New South Wales បាននិយាយថា ស្ថានការណ៍នយោបាយផ្ទៃក្នុងកម្ពុជាអាចជាកត្តាមួយជួយរុញច្រានយោធាខ្មែរ-ចិនឱ្យកាន់តែជិតស្និទ្ធជាងមុន ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការប្រើវិធានការណ៍ផ្លូវច្បាប់គ្រប់រូបភាព ចាត់ការដៃគូប្រជែងផ្នែកនយោបាយ និងស្ថាប័នព័ត៌មានដែលមិនចំណុះរដ្ឋអំណាច និងស្ថាប័នសង្គមស៊ីវិលផ្សេងៗ នៅមុនការបោះឆ្នោតសភាខែកក្កដា។
សាស្ត្រាចារ្យរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក តាមន័យដើមថា៖
«ការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលរួមខាងប្រទេសចិន មានគោលដៅមួយក្នុងការសម្រាលខ្លួនឯងពីការដាក់សម្ពាធពីបណ្ដាប្រទេសបស្ចិមលោកឱ្យរក្សារបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស។ កម្ពុជាដឹងថា បើខ្លួនឈរខ្សែត្រៀមជាមួយប្រទេសចិន មិនមានឡើយ ឬបើមានពិតជាតិចតួច នូវការជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់ខ្លួន»។
លោក Carlyle Thayer បានបន្ថែមថា ជំនួយសឹកពីសំណាក់ទីក្រុងប៉េកាំង ជួយលើកកម្ពស់នូវសមត្ថភាពការពារសន្តិសុខផ្ទៃក្នុងប្រទេសកម្ពុជាផងដែរ។
សមយុទ្ធ«នាគមាស»លើកទីមួយត្រូវបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០១៦ នៅឯវិទ្យាស្ថានកងទ័ពជើងគោក ក្នុងខេត្តកំពង់ស្ពឺ ដែលមានការឧបត្ថម្ភទាំងផ្នែកឧបក្ខារ និងបច្ចេកទេសយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រទេសចិន តាំងពីឆ្នាំ២០០០មក។
នៅឯទីសមយុទ្ធក្នុងខេត្តកំពង់ស្ពឺវិញ កាលពីចុងសប្ដាហ៍កន្លងទៅ មន្ត្រីយោធាខ្មែរ និងចិន ដែលបានចូលរួមពិធីបើកសមយុទ្ធ«នាគមាស២០១៨»លើកទីពីរនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើកិច្ចការការពារជាតិរវាងប្រទេសទាំងពីរ។ ភាគីកម្ពុជាបានចាត់ទុកប្រទេសចិនថា ជាជញ្ជាំងផ្អែកដ៏រឹងមាំក្នុងកិច្ចការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន។
កម្ពុជាធ្លាប់មានជម្លោះព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនទាំងថៃ ទាំងឡាវ និងវៀតណាម។ ជាមួយប្រទេសថៃ កម្ពុជាបានពើបប្រទះនឹងការប្រឈមមុខគ្នាតាមប្រដាប់អាវុធនៅលើបណ្ដាយព្រំដែនឆ្នាំ២០០៨ ជុំវិញសំណុំរឿងដណ្ដើមកាន់កាប់តំបន់ទឹកដីក្បែរប្រាសាទព្រះវិហារ។
កាលពីឆ្នាំ២០១៧ កងទ័ពកម្ពុជាក៏ធ្លាប់បានប្រឈមមុខរយៈពេលខ្លីជាមួយកងទ័ពឡាវ ជុំវិញការដណ្ដើមកាន់កាប់ទឹកដីក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បន្ទាត់ខណ្ឌសីមាព្រំដែនដ៏វែងនៅភាគខាងត្បូង និងភាគខាងកើតជាមួយប្រទេសវៀតណាម បានសម្រេចការកំណត់ និងបោះបង្គោលព្រំដែនជាបន្តបន្ទាប់ ដែលអមទៅដោយភាពចម្រូងចម្រាស និងការមិនយល់ស្របរវាងប្រទេសទាំងពីរជាហូរហែ។
ការចងសម្ព័ន្ធស្អិតរមួតផ្នែកយោធាជាមួយប្រទេសចិនធ្វើឱ្យកម្ពុជាមានភាពកក់ក្ដៅក្នុងចិត្តជាងមុន ក្នុងការឈរជើងក្នុងភូមិសាស្ត្រប្រវត្តិសាស្ត្រជាមួយអ្នកជិតខាងដែលមានមាឌធំជាងខ្លួន រួមមានថៃ និងវៀតណាម ជាពិសេសវៀតណាមដែលនៅរក្សាឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចលើកម្ពុជា។ នេះបើយោងតាម លោក ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាតំបន់អាស៊ីអាគ្នេយ៍ក្នុងប្រទេសសិង្ហបុរី។ឮ
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«ចិនជាដៃគូមួយដ៏សំខាន់ គឺសំខាន់ជាងគេតែម្ដង និយាយឱ្យចំទៅ ទាក់ទងនឹងសន្តិសុខ និងការពារជាតិ»។
ក៏ប៉ុន្តែលោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ដែរថា បើទោះជាត្រូវការចិន ដើម្បីយកមកធ្វើជាខ្នងបង្អែកការពារគ្រឹះសន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងណាក្ដី ទំនាក់ទំនងនេះត្រូវធ្វើឱ្យមានតុល្យការជាមួយប្រទេសវៀតណាមដែលនៅក្បែរខាង។ វៀតណាមបានជួយជ្រោមជ្រែងឥស្សរជននយោបាយជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាឱ្យចូលមកក្នុងអំណាចកាលពីឆ្នាំ១៩៧៩។
«និយាយជារួមទៅ កម្ពុជាយើងមិនអាចចោលពីរ[ប្រទេស]ហ្នឹងបានទេ ក្នុងនយោបាយការបរទេស ក្រោមរបបដឹកនាំបច្ចុប្បន្ននេះ»។
កម្ពុជាបានបង្កើនថវិកាសម្រាប់វិស័យសន្តិសុខជាបន្តបន្ទាប់ ដែលសម្រាប់ឆ្នាំ២០១៨នេះ ថវិកាសម្រាប់ការការពារជាតិ និងសន្តិសុខផ្ទៃក្នុងមានបរិមាណរហូតដល់ប្រមាណ៩៧៣លានដុល្លារ ដែលមានចំណែកក្បែរ១៦%នៃថវិកាជាតិ ហើយចំណែកថវិកាចំណាយលើវិស័យនេះមានការកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ក្នុងអត្រាជាមធ្យម១៥%ក្នុងមួយឆ្នាំ។
ស្ថានទូតចិននៅភ្នំពេញ និងក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងការព្យាយាមរបស់ VOA ក្នុងការស្នើសុំសេចក្ដីអធិប្បាយលើបញ្ហានេះទេ គិតត្រឹមរយៈពេលនៃការចេញផ្សាយនេះ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានពោលសរសើរជំនួយយោធារបស់ចិនដោយនិយាយថា បានជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា ក្នុងមូលដ្ឋាននៃការការពារខ្លួនទប់ទល់នឹងការគំរាមកំហែងនានា និងពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ប្រទេស។
«យើងឃើញថា អ្វីដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មកដល់កងយោធពលខេមរភូមិន្ទ ជាជំនួយដែលគ្មានចំណង ជាជំនួយដែលគ្មានលក្ខខណ្ឌ ជាជំនួយដោយសុទ្ធចិត្ត ជាការហ្វឹកហាត់ និងសម្ភារៈ ដើម្បីពង្រឹងកងយោធពលខេមរភូមិន្ទយើងឱ្យមានសមត្ថភាពយល់ដឹង និងសមត្ថភាពវិជ្ជាជីវៈ ជាយោធិន និងជាយោធា មានសមត្ថភាពគ្រប់គ្រងការពារជាតិរបស់យើង»។
នៅរយៈកាលមិនយូរប៉ុន្មានក្នុងខែមីនានេះដែរ នាវាពិឃាតខ្នាតធំផ្ទុកយន្តហោះប្រយុទ្ធរបស់អាមេរិក USS Carl Vinson បានទម្លាក់យុថ្កាចូលសំចតនៅកំពង់ផែទីក្រុងដាណាំង ប៉ែកកណ្ដាលប្រទេសវៀតណាម ដែលត្រូវបានមើលឃើញថាជាសម្ព័ន្ធមិត្តថ្មីរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងចិន ជាពិសេសក្នុងជម្លោះសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស ដែលរដ្ឋអំណាចទីក្រុងប៉េកាំងបានទាមទារផ្ទៃគ្រប់គ្រងស្ទើរតែទាំងអស់ ហើយបានសាងសង់កោះសិប្បនិម្មិត ដើម្បីដាក់មូលដ្ឋានទ័ព និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនពាសពេញផ្ទៃទឹកដែលជាច្រកនាវាចរណ៍សំខាន់របស់ពិភពលោកទៀតផង។
សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញផ្សាយនូវសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិ ដោយបានដៅឈ្មោះចំៗលើរុស្ស៊ី និងចិនថា មានការរីកឡើងនៃអនុត្តរភាពអំណាចដែលបង្កជាការគំរាមកំហែងសន្តិសុខជាតិសហរដ្ឋអាមេរិក។កាលពីខែមុន សេតវិមានបានប្រកាសកាត់ផ្ដាច់ជំនួយមកកាន់ប្រទេសកម្ពុជា ជុំវិញការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
ការកាត់ជំនួយមកដល់ប្រទេសកម្ពុជា ដែលជាសេចក្ដីសម្រេចរបស់សេតវិមាននោះ ក៏មានផងដែរការផ្ដាច់ជំនួយយោធា ក្នុងអ្វីដែលអ្នកនាំពាក្យមួយរូបនៃស្ថានទូតអាមេរិកនៅភ្នំពេញនិយាយថា បណ្ដាលមកពីវោហាស័ព្ទហិង្សាដែលត្រូវបានថ្លែងនាពេលកន្លងទៅដោយមេបញ្ជាការកងទ័ពទាំងឡាយ ទាំងពួងរបស់កម្ពុជាទាក់ទងនឹងការបោះឆ្នោត។
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានឈ្នះបណ្ដឹងមួយនៅតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំទៅមិញ នាំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំបង្អស់នៅក្នុងប្រទេស ជាមួយនឹងការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធនឹងការចូលដៃ ចូលជើងនឹងសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងផ្ដួលរំលំរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅភ្នំពេញ បានបដិសេធការចោទប្រកាន់ទាំងនេះ ជាបន្តបន្ទាប់។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរបន្ទាត់ព្រំដែនវៀតណាមនោះ ត្រូវប្រឈមនឹងបទចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ មេដឹកនាំ១១៨រូបនៃគណបក្សជំទាស់បានទទួលកាតក្រហមឱ្យស្ថិតនៅក្រៅសង្វៀននយោបាយរយៈពេល៥ឆ្នាំ ដែលមួយចំនួននៃពួកគេកំពុងរស់នៅនីរទេសខ្លួននៅក្រៅប្រទេស ដោយខ្លះត្រូវចូលរួមនឹងចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី ហើយដែលត្រូវរដ្ឋាភិបាលពាក់ស្លាកឱ្យថា ជាក្រុម«ភេរវជន»។
បណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមអនាមិក ដែលមានទំនោរគាំទ្ររដ្ឋាភិបាល បានចេញផ្សាយជាបន្តបន្ទាប់នូវការជាប់ពាក់ព័ន្ធរវាងលោក សម រង្ស៊ី និងក្រុមនយោបាយផ្សេងៗនៅវៀតណាម ទាំងក្រុមជនជាតិភាគតិច និងមន្ត្រីរដ្ឋាភិបាលវៀតណាម ដោយមានការលេចធ្លាយនូវរូបថតនៃជំនួបរវាងមេដឹកនាំចលនាជំទាស់រូបនេះជាមួយមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីអំឡុងជាង១០ឆ្នាំមុនទៀតផង។
តាមរយៈបទសម្ភាសន៍មួយជាមួយកាសែត The Australian កាលពីខែមុន លោក សម រង្ស៊ី បានព្រមានអំពីលទ្ធភាពដែលថា ប្រទេសចិនអាចនឹងសម្លឹងឆ្ពោះទៅកាន់ការដាក់មូលដ្ឋានទ័ពនៅប្រទេសកម្ពុជា ក្នុងខណៈណាមួយ នាពេលអនាគត ក្នុងអ្វីដែលប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា អាចនឹងរងការគំរាមកំហែង។
ក៏ប៉ុន្តែលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាត់ចោលមន្ទិលសង្ស័យខាងលើ ដោយថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសណាមួយក្នុងទឹកដីកម្ពុជានោះទេ។
លោក Carlyle Thayer នៃសាកលវិទ្យាល័យ New South Wales បាននិយាយថា ដោយសារសភាពការណ៍សន្តិសុខកម្រិតជាតិ និងកម្រិតតំបន់ ចេះតែមានការប្រែប្រួល ជាពិសេសសម្រាប់ប្រទេសកម្ពុជានោះ នោះ ប្រទេសចិនមុខជានឹងពង្រីកវាតទីឥទ្ធិពលរបស់ខ្លួនទៅក្នុងតំបន់បន្តទៀត ជាពិសេសតាមរយៈជម្លោះនៅសមុទ្រចិនខាងត្បូង តែថា ចិនមុខជានឹងត្រូវការឲ្យកម្ពុជាផ្ដល់ជំនួយជាការគាំទ្រផ្នែកស្មារតី ការទូត និងមធ្យោបាយផ្សេងទៀត នៅពេលជម្លោះកាន់តែឡើងក្ដៅ៕