អ្នកជំនាញខាងការប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បីបង្ហាញពីភាពស្មោះត្រង់និងដើម្បីទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី «Hello VOA» ប្រចាំខែស្ដីពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ យ៉ាងដូច្នេះថា៖
«ប្រសិនបើយើងអាចធ្វើដូច្នេះបាន មានន័យថា ប្រជាពលរដ្ឋនៅក្នុងឃុំហ្នឹង មានការជឿទុកចិត្តពីភាពស្មោះត្រង់របស់ក្រុមប្រឹក្សាឃុំ ហើយយើងក៏អាចទប់ស្កាត់អំពើពុករលួយបានដែរ»។
Your browser doesn’t support HTML5
ការលើកឡើងនេះ ធ្វើឡើង ខណៈប្រទេសកម្ពុជា កំពុងត្រៀមរៀបចំការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៤របស់ខ្លួន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១១៥៧២នាក់ សម្រាប់ឃុំ សង្កាត់ចំនួន១៦៤៦ ទូទាំងប្រទេសកម្ពុជា។
លោក ព្រាប កុល លើកឡើងថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជាបច្ចុប្បន្ន តម្រូវឲ្យមានការប្រកាសទ្រព្យសម្បត្តិដែរ សម្រាប់មន្ត្រីដែលជាប់ឆ្នោតត្រៀមចូលកាន់មុខតំណែងនិងក្រោយពីចេញពីតំណែង ប៉ុន្តែ លោកថា វារឹតតែប្រសើរ បើបេក្ខជនឈរឈ្មោះ ធ្វើការប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលជាប់ឆ្នោតនោះ។
«បើបានប្រកាសមុនពេលជាប់ឆ្នោតទៅទៀត រឹតតែបង្ហាញដល់ប្រជាពលរដ្ឋថា គាត់ពិតជាមានឆន្ទៈថាគាត់ជាមន្ត្រីដែលនឹងកាន់តំណែង នឹងធ្វើការបម្រើប្រជាពលរដ្ឋ ដោយប្រកាន់នូវជំហរសុចរិត ហើយប្រជាពលរដ្ឋជឿទុកចិត្តបាន»។
លោក ព្រាប កុល បន្តថា លក្ខខ័ណ្ឌនៃការប្រកាសទ្រព្យសម្បត្តិតាមច្បាប់បច្ចុប្បន្ន គឺធ្វើឡើងតាមរូបភាពនៃការដាក់ក្នុងស្រោមសំបុត្របិទជិត ដែលគ្មាននរណាដឹង ហើយការធ្វើបែបនេះ គឺពុំមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើពុករលួយនោះទេ។
លោកបន្ថែមថា ប្រសិនបើមន្ត្រីសាធារណៈ មិនអាចប្រកាសទ្រព្យសម្បត្តិបាន ដោយសារតែមានឧបសគ្គណាមួយ គាត់មិនគួរធ្វើជាមន្ត្រីសាធារណៈទេ៕