មិនថាជាបេក្ខជនឬជាប្រធានាធិបតីទេ កំណត់សម្គាល់និងសកម្មភាពរបស់លោកដូណាល់ ត្រាំ រួមមានការតែងតាំងបុគ្គលិកខ្លះរបស់លោក បានធ្វើឲ្យពួកអ្នកសង្កេតការអំពីប្រទេសចិន ជឿជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននឹងមានការយ៉ាប់យ៉ឺនកាន់តែខ្លាំង ហើយថាប្រទេសទាំង២ អាចឆ្ពោះទៅកាន់ការប៉ះទង្គិចគ្នាទៀតផង។
ចាប់តាំងពីការរិះគន់ដ៏ខ្លាំងលើការធ្វើពាណិជ្ជកម្មរបស់ចិនរហូតដល់ការរំលោភពិធីការខាងការទូតដ៏យូរអង្វែងដោយការទទួលការហៅទូរស័ព្ទពីលោកស្រីប្រធានាធិបតី Tsai Ing-wen នៃកោះតៃវ៉ាន់ តាំងពីសំណួរនៃការបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនគឺគោលនយោបាយចិនតែមួយ រហូតដល់ការតែងតាំងមនុស្សដែលល្បីល្បាញរិះគន់ប្រទេសចិនក្នុងតួនាទីពាណិជ្ជកម្មដ៏សំខាន់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងផ្តល់សញ្ញាថា លោកមានបំណងធ្វើឲ្យរង្គោះរង្គើទំនាក់ទំនងដែលមានសារៈសំខាន់ ផលវិបាកបំផុតនៅក្នុងពិភពលោក ជាពិសេសនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។
ពួកអ្នកជំនាញពាណិជ្ជកម្មខ្លះជឿជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកជាការជៀសមិនផុត។
លោក Alan Tonelson ជាអ្នកបង្កើតប្លុក RealityCheck blog ហើយនឹងជាអ្នកសិក្សាស្រាវជ្រាវនៅឯក្រុមប្រឹក្សាពាណិជ្ជកម្មនិងឧស្សាហកម្មសហរដ្ឋអាមេរិក។លោកTonelson បានប្រាប់ VOA នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទថា «ប្រសិនបើ ពួកមេដឹកនាំចិន ចង់ធ្វើឲ្យខាតបង់យ៉ាងខ្លាំងដែលនឹងប៉ះពាល់ជីវភាពរបស់ពួកគេ ដូច្នេះ ពួកគេត្រូវធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកពីព្រោះនេះប្រាកដជាអ្វីដែលនឹងកើតមានឡើង»៕