ព្រះចៅអធិរាជជប៉ុន Akihito បានថ្លែងព្រះរាជសារដ៏កម្រមួយតាមកញ្ចក់ទូរទស្សន៍ផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ បញ្ជាក់ពីក្ដីព្រួយបារម្ភរបស់ព្រះអង្គក្នុងការមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញព្រះរាជតួនាទីជាព្រះមហាក្សត្រឲ្យបានពេញលេញ ដោយសារតែព្រះអង្គមានព្រះជន្មកាន់តែជរា ដែលចំនុចនេះចង់មានន័យថា ព្រះអង្គអាចនឹងដាក់រាជ្យក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ព្រះមហាក្សត្រ Akihito បានមានព្រះរាជបន្ទូលថា៖ «ពេលដែលខ្ញុំគិតថាសមត្ថភាពរបស់ខ្ញុំចុះខ្សោយ ខ្ញុំមានក្ដីបារម្ភថា ខ្ញុំអាចមានការលំបាកក្នុងការបំពេញព្រះរាជតួនាទីរបស់ខ្ញុំជានិមិត្តរូបនៃជាតិឲ្យបានពេញលេញ ដូចដែលអ្វីដែលខ្ញុំបានធ្វើកន្លងមក»។
រដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុនចាប់ពីក្រោយសម័យសង្គ្រាមលោកលើកទីពីរមក ដាក់កំហិតចំពោះអ្វីដែលព្រះចៅអធិរាជជប៉ុនគួរមានព្រះរាជបន្ទូលបាន ក្នុងតួនាទីជាព្រះមហាក្សត្រដែលជានិមិត្តរូបរបស់ជាតិគ្មានអំណាចផ្នែកនយោបាយ។ ដូចដែលបានរំពឹងទុកជាមុន ព្រះមហាក្សត្រ Akihito មិនបានថ្លែងព្រះរាជសារណាមួយពាក់ព័ន្ធនឹងការដាក់រាជ្យនោះទេ ដែលការថ្លែងដូចនេះអាចរំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញ។
ឆ្លើយតបទៅនឹងព្រះរាជសាររបស់ព្រះអង្គ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បាននិយាយថា លោកនឹងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះអ្វីដែលព្រះមហាក្សត្រ Akihito បានថ្លែង។
លោក Abe បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងពិចារណាឲ្យបានល្អិតល្អន់ពីអ្វីដែលយើងអាចធ្វើបានដើម្បីបំពេញតាមសេចក្ដីព្រួយបារម្ភរបស់ព្រះមហាក្សត្រ ដោយពិចារណាអំពីព្រះជន្មជរារបស់ព្រះអង្គ និងអំពីបន្ទុកនៃកិច្ចការសព្វថ្ងៃរបស់ព្រះអង្គ»។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនអាចពិចារណាបង្កើតច្បាប់ពិសេសមួយដើម្បីឲ្យមានការដាក់រាជ្យសម្រាប់ព្រះមហាក្សត្រ Akihito តែមួយលើកនេះប៉ុណ្ណោះ។
ការស្ទង់មតិក្នុងចំណោមប្រជាពលរដ្ឋជប៉ុនបានបង្ហាញថា ប្រហែលជា ៨០ ទៅ ៩០ ភាគរយ នៃសាធារណជនទូទៅគាំទ្រឲ្យមានការកែប្រែច្បាប់ដើម្បីអនុញ្ញាតឲ្យអធិរាជជប៉ុនអាចដាក់រាជ្យបាន៕