លោក John Kerry សសើរ ភាព​ជាដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែល​ជាប់គាំង

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ថ្លែង​នៅក្នុង​ពេល​ជួប​ប្រជុំ​មួយ​ជាមួយ​យុវជន​ដែល​មក​ពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ នៅ​ទីក្រុង​កូឡាឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥។

លោក John Kerry កំពុង​ផ្សព្វផ្សាយ​អំពី​ផល​ប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ហៅ​កាត់ TPP ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​១២​ជា​សមាជិក ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​សាកល​ប្រមាណ​ជា ៤០ ភាគរយ។

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry កំពុង​ផ្សព្វផ្សាយ​អំពី​ផល​ប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ហៅ​កាត់ TPP ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​១២​ជា​សមាជិក ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​សាកល​ប្រមាណ​ជា ៤០ ភាគរយ។

កាលពី​សប្តាហ៍​មុន គ្រាដែល​ក្រុម​រដ្ឋមន្រ្តី​ការបរទេស​ជួបប្រជុំ​នៅ​រដ្ឋហាវ៉ៃ ពួកអស់លោក បាន​បរាជ័យ​ក្នុងការព្រមព្រៀង​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP។

«ដូច​ការចរចា​ដ៏​ស្មុគស្មាញ​ដទៃ​ទៀត​ដែរ ហើយ​ខ្ញុំ​បាន​មើល​ការចរចា​នានា​រាប់​ឆ្នាំ​នៅក្នុង​ព្រឹទ្ធសភា បាន​បោះឆ្នោត​សម្រេច​លើ​បញ្ហា​ជាច្រើន​នោះ ខ្ញុំ​សូម​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នៅ​មាន​បញ្ហា​លម្អិត​ជាច្រើន ត្រូវ​ចរចា​គ្នា​ទៀត»។

នៅ​សាកលវិទ្យាល័យ Singapore លោក​រដ្ឋមន្រ្តី Kerry បាន​មាន​ប្រសាសន៍​ថា ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP អាច​ដំឡើង​បទដ្ឋាន​លើ​វិស័យ​ផ្សេងៗ​ទៀត។

«នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ គ្រប់​សមាជិក​ដែល​ចូលរួម​ទាំងអស់ ត្រូវតែ​គោរព​ទៅ​តាម​បទដ្ឋាន​បរិដ្ឋាន និង​ការងារ​អន្តរជាតិ​ដ៏​សំខាន់ គ្រប់​សមាជិក ត្រូវតែ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការប្រើ​កម្មករ​មិន​ទាន់​គ្រប់​អាយុ និង​ទីកន្លែង​ធ្វើការ​ដែល​គ្មាន​សុវត្ថិភាព»។

អ្នកវិភាគ​ថ្លែង​ថា ផល​ប៉ះពាល់​ដោយសារតែ​ផលប្រយោជន៍​បន្ថែម​នោះ អាច​មាន​កម្រិត។

លោក Greg Poling នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​ការសិក្សា​អន្តរជាតិ​ថ្លែង​ថា៖

«លទ្ធភាព​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ គឺ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ការគោរព​សិទ្ធិ​មនុស្ស​ដែល​មាន​តិចតួច។ វា​មិន​មែន ជាកិច្ច​ព្រមព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​ទេ»។

លោកស្រី Deborah Elms ជា​អ្នកវិភាគ​មួយ​រូប​នៅ​ប្រទេស​សិង្ហបុរី បាន​ប្រាប់​ VOA តាម​ប្រព័ន្ធ Skype ថា បើសិនជា​ត្រូវ​បាន​អនុវត្ត​នោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP នឹង​មាន​ផលប៉ះពាល់​យ៉ាងទូលំ​ទូលាយ​ទៅ​លើ​ពាណិជ្ជកម្ម​សាកល ប៉ះពាល់​ទៅ​ពាណិជ្ជកម្ម​ចាប់ពី​ឧស្សាហកម្ម​ស្ក រហូត​ដល់​ឱសថ។ ក៏ប៉ុន្តែ ការធ្វើឲ្យ​ប្រទេស​ដែល​ប្រកួតប្រជែង​ប្រយោជន៍​គ្នា​ព្រមព្រៀង​នឹង​គ្នា គឺ​ជា​បញ្ហា​ប្រឈម​មួយ។

«បញ្ហា​ប្រឈម​ពិត​ប្រាកដ​គឺ មាន​ប្រទេស​១២​ជា​សមាជិក ដែល​គិត​អំពី​ប្រយោជន៍​ខុស​គ្នាៗ។ ជួនកាល ពួកគេ​គាំទ្រ ប៉ុន្តែ ជាញឹកញយ ពួកគេ​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ទេ»។

មុន​ដំណើរ​ទស្សនកិច្ច មន្រ្តី​ជាន់​ខ្ពស់​មួយរូប​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថា ប្រទេស​សិង្ហបុរី ហាក់​ដូចជា ជា​ទីប្រឹក្សា​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ សហរដ្ឋ​អាមេរិក​និង​ប្រទេស​សិង្ហបុរី ជា​ដៃគូ​នឹងគ្នា លើ​កិច្ចការ​មួយ​ចំនួន​ ដែល​ក្នុង​នោះ មានរួមទាំង សន្តិសុខ នឹង ពាណិជ្ជកម្មផងដែរ៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់