ស្ត្រី​អ្នក​តវ៉ា​ពីរ​នាក់​រ​ងរបួស​ក្នុងពេល​ប៉ូលិស​បង្ក្រាប​អំពី​ទំនាស់​ដីធ្លី

ស្ត្រី​បឹងកក់​​នេះត្រូវ​ប៉ូលិស​​ក្រៀក​ក នៅពេល​ពួកគាត់​ទាមទារ​​កម្មសិទ្ធិ​ដីធ្លី​ នៅមុខ​សាលាក្រុង​រាជធានី​ភ្នំពេញ, ថ្ងៃ១ កក្កដា ២០១៣។

យ៉ាងហោច​ណាស់​មាន​ស្ត្រីពីរ​នាក់នៃ​សហគមន៍​បឹងកក់​ដ៏ក្រីក្រ​បាន​រងរបួស​ ក្នុងនោះ​ស្ត្រីម្នាក់​បាន​រលូតកូន ​ដោយ​សារ​ការ​បង្រ្កាប​របស់​ក្រុម​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

បាតុករ​ដែលរង​គ្រោះ​ដោយការ​បណ្តេញ​ចេញ​នៅ​សហគមន៍​បុរីកីឡា​និង​សហគមន៍​បឹងកក់​ដែល​ភាគ​ច្រើន​គឺ​ជាស្ត្រី​សរុប​ប្រមាន​១០០​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នៅម៉ោង​៨និង​៣០​នាទី​ នៅ​នេះ​ដោយ​បិទផ្លូវ​ព្រះ​មុនីវង្ស​ដែល​ជាផ្លូវ​ចរាចរ​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ក្រុង។​

ជន​រងគ្រោះ​ទាំងនេះ​បាន​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​បណ្ណ​កម្ម​សិទ្ធិដី​ដល់​ពួកគេ​ដែល​មាន​ទំនាស់​យ៉ាងរ៉ាំរ៉ៃ​ ចាប់តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ​រហូត​ដល់​ពួកគេ​ត្រូវ​បណ្តេញ​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ។​

សាលា​រាជធានី​ភ្នំពេញ​បាន​សន្យា​ថា​ នឹង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ពី​ការ​បណ្តេញ​ចេញ​ នៅ​មុន​ពេល​បោះឆ្នោត​នៅខែ​ក្រោយ​នេះ។ ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ​រហូត​មក​ទល់​ពេល​នេះ​ សាលា​រាជធានី​ភ្នំពេញ​នៅតែ​មិន​ទាន់​បាន​ដោះស្រាយ​សម្រាប់​ពួក​គេ​ទេ។​

ក្នុងបាតុកម្មនេះ​ក្រុមបាតករក៏បានទាមទារឲ្យ​ដោះលែងអ្នកស្រីយ៉ោម បុប្ផា អ្នកតវ៉ា​នៃ​សហគមន៍បឹងកក់​ខ្លាំងក្លាមួយរូបដែលត្រូវចាប់ខ្លួននិង​ផ្តន្ទាទោសឲ្យជាប់​ពន្ធនាគារ ចំនួន​បីឆ្នាំពីបទ​បង្កហិង្សា។

អ្នកស្រី​ខែក ច័ន្ទរស្មី ​អាយុ​៣៣​ឆ្នាំ ​ដែល​ទទួល​រងរបួស​រហូត​រលូត​កូន​រៀប​រាប់​ពីការ​បង្រ្កាបរបស់​ក្រុម​សមត្ថកិច្ច។​

អ្នកស្រី​និយាយថា៖ ​«កម្លាំងខែល​របស់​អាជ្ញាធរ ​គាត់​បាន​រុញ​ពួក​ខ្ញុំ​មក​ផ្តុំ ​ខ្ទប់​គ្នា​ហើយ​គាត់​បាន​វាយ​ហ្នឹង​ខែល។ ​គាត់​គម្រាម​ពួក​ខ្ញុំ ​ហើយ​មាន​កង​កម្លាំង​សណ្តាប់​ធ្នាប់​ គាត់​រុញ​ពី​ក្រោយ​ខែល​ហ្នឹង​ទៀត​ ហើយ​គាត់​ចូល​មក​ចាប់​ទាញ​យក​ពួក​ខ្ញុំ​ទៅ​វាយ​តែ​ម្តង។​ ស្ត្រី​ម្នាក់​ឈ្មោះ​ប៉ូ សុភា​ហ្នឹង​គេធាក់​ចំ​ពោះ​គាត់​ ហើយ​ហែក​ខោ​គាត់​អស់​រលីង​ទៀត។​ ចំណែក​ខ្ញុំ​វិញ​ត្រូវ​ក្រុម​អាជ្ញាធរ​ច្រាន​ពី​ក្រោយ​ឱ្យ​នាង​ខ្ញុំ​ដួល​ខ្ទប់​នឹង​ថ្នល់​ រយៈ​ពេល​ ប្រហែល​កន្លះ​ម៉ោង​ក្រោយ ​ទើប​ខ្ញុំ​ចុក​ពោះ​ខ្លាំង»។​

Your browser doesn’t support HTML5

ស្ត្រី​អ្នក​តវ៉ា​ពីរ​នាក់​រ​ងរបួស​ក្នុងពេល​ប៉ូលិស​បង្ក្រាប​អំពី​ទំនាស់​ដីធ្លី


ក្រោយពី​មាន​អំពើ​ហិង្សា​ ក្រុម​បាតុករ​បាន​សម្រេច​ចិត្ត​រំសាយ​ការ​តវ៉ា​នៅ​វេលា​ម៉ោង​៥​ល្ងាច​នេះ​ដោយ​សន្យា​គ្រោង​នឹង​ធ្វើ​ការ​តវ៉ា​ជាថ្មី​ ប្រសិន​បើ​ពួកគេ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​នោះ​ទេ។​

ក្រុម​អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​បាញ់​ទឹក​ចំនួន​ពីរ​គ្រឿង​ ក៏​ប៉ុន្តែ​មិន​បាន​ប្រើ​សម្រាប់​ធ្វើការ​បង្រ្កាប​លើ​ក្រុម​បាតុករ​ ដូចកាល​ពី​លើក​មុន​នោះ​ទេ។​

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្កោល​ទោស​ការ​បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ពី​ការ​បណ្តេញ​ចេញ​នេះភ្លាមៗ​ក្រោយ​ពី​អំពើ​ហិង្សា​កើត​ឡើង។​ នៅក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ធ្លាក់​ដល់ដៃ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ល្ងាច​នេះ​ សមាគម​អាដហុក​ចាត់​ទុក​ថា ​ការ​បង្រ្កាប​នេះ​ជា​ «អំពើ​រំលោភ​ច្បាប់​ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ»។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ។​

លោក​និយាយថា៖ ​«នេះ​ជា​ការ​រំលោភ​ច្បាប់ ​ទីមួយ​ខុស​ច្បាប់​ស្តី​ពី​បាតុកម្ម​អហិង្សា​ ដែល​អាជ្ញាធរ​គ្មាន​សិទ្ធិ​ណា​ទៅ​បង្រ្កាប​បាតុកម្ម​ដែល​គេ​មិន​បាន​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។ ​ទីពីរ​ទាក់ទង​ហ្នឹង​ក្រម​ព្រហ្ម​ទណ្ឌ​ កាល​ណា​យើង​វាយ​ឱ្យ​របួស​រហូត​ដល់​រលូត​កូន​គឺ​ជា​បទ​ឧក្រិដ្ឋ។ ​ទាំង​ពីរ​ចំណុច​នេះ​ហើយ​ដែល​អាជ្ញាធរ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។​


វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​លោក​ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ការ​បកស្រាយ​ តែមិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕