លោកអៀង សារីបានស្លាប់ ហើយសពរបស់លោកត្រូវដឹកទៅស្រុកម៉ាឡៃ
Your browser doesn’t support HTML5
លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជាបានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកអៀង សារីបានស្លាប់ហើយ។
លោកស្រីប្រកាសដូច្នេះមិនដល់ដប់នាទីផងក្រោយពីសាកសពរបស់អៀង សារីត្រូវបានដឹកតាមរថយន្តមន្ទីរពេទ្យឆ្ពោះទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅទីនោះកូនៗនិងសាច់ញាត្តិរបស់ជនជាប់ចោទរូបនេះនឹងធ្វើពិធីបុណ្យតាមប្រពៃណីរបស់ខ្មែរ។
ដោយមិនបាច់រង់ចាំការចោទសួរ លោកស្រីជា លាងបានបង្ហាញពីមូលហេតុនៃការស្លាប់របស់អៀង សារី ដែលគេមិនបានដឹងចាប់តាំងពីគាត់ត្រូវដឹកចូលមន្ទីរពេទ្យយ៉ាងប្រញ៉ាប់ប្រញ៉ាល់កាលពីថ្ងៃទី៤ខែមិនា។
លោកស្រីនិយាយថា៖ «គ្រូពេទ្យព្យាបាលលោកអៀង សារី បានបញ្ជាក់ថា មូលហេតុនៃមរណភាពរបស់លោកគឺបណ្តាលមកពីអសមត្ថភាពនៃបេះដូង»។
លោកស្រីព្រះរាជអាជ្ញាជាតិបញ្ជាក់ថា ការចោទប្រកាន់លើអៀង សារី «ត្រូវរំលត់» ដោយយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីរាជធានីភ្នំពេញ៕