ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមម​សិទ្ធិ​មនុស្ស​ព្យាយាម​សូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​នៃប្រទេស​ហ្សីមបាវ៉េ​


ក្រុម​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចោទ​ថា​ បាន​ព្យាយាម​សូកប៉ាន់​លោក អូប៊ើត​ ម្ផូហ្វូ (Obert Mpofu) រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​របស់​ប្រទេស​ហ្សីមបាវ៉េ។

លោក​អូប៊ើត​ ផូហ្វូ បាន​អះអាង​នៅក្នុង​កាសែត​សឺន​ដេម៉ែល​សាន់ដេម៉េល(Sunday Mail) ដែល​គាំទ្រ​គណបក្ស ZANU-PF នៅ​ក្នុង​ទីក្រុង​ហារ៉ារី (Harare) ថា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​ពីរ​គឺ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch និង​អង្គការ​ភាព​ជា​ដៃ​គូរអាហ្វ្រិក​កាណាដា Partnership Africa Canada បាន​ព្យាយាម «សូកប៉ាន់» លោក​ នៅ​ឯ​សន្និសីទ​ស្តីពីលិខិត​បញ្ជាក់​ដំណើរ​ការ​របស់​ឃឹម​ប៊ើ​លី (Kimberley Process Certification) នៅ​ក្នុង​ទី​ក្រុង​ថែល​ឡាវីវ (Tel Aviv) ដើម្បី ​គាំទ្រ​ការងារ​របស់ពួក​គេ​ខាង​ផ្នែក​ហរិញ្ញវត្ថុ។ លិខិត​បញ្ជាក់​ដំណើរ​ការ​របស់​ឃឹម​ប៊ើ​លី ជា​ដំណើរការ​ចេញ​មកពីសេចក្ដី​សំរេច​របស់​អសប ​ដើម្បី​បញ្ជាក់​អំពី​ត្បូងពេជ្រ​មិន​ទាន់​ឆ្នៃ​ដែល​បាន​មក​ពី​ប្រភព​គ្មាន​ការ​ប្រយុទ្ធ​គ្នា​។

លោក​ ផូហ្វូ ​ដែល​ជា​សមាជិក​កំពូល​មួយ​រូប​នៃគណបក្ស ZANU-PF របស់​លោក​ប្រធានាធិបតី​ រ៉ូប៊ើត មូហ្កាបេ (Robert Mugabe) កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ដាក់​បញ្ញាតិអន្ដរជាតិ ដែល​ជា​ដំណើរការរបស់​ឃឹមប៊ើលី ដើម្បី​ឲ្យចេញ​លិខិត​បញ្ជាក់​អំពី​ឃ្លាំង​ត្បូង​ពេជ្រ​របស់ខ្លួនសំរាប់​ការ​នាំ​ចេញ​។

លោក​ ផូហ្វូ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​រឿង​សំណូក​ផ្តល់ឲ្យ​រូប​លោក បន្ទាប់ពីការ​វិល​ត្រឡប់​ទៅ​កាន់ប្រទេស​ហ្សីមបាវ៉េ​ មក​ពី​សន្និសីទ​ដំណើរ​ការរបស់​ឃឹម​ប៊ើ​លី​ នៅ​ក្នុង​ទីក្រុង​ថែលឡាវីវ ដែល​បាន​ជាប់​គាំង​ ទាក់​ទង​នឹង​លិខិត​បញ្ជាក់​អំពី​ត្បូង​ពេជ្រ​របស់​ប្រទេស​ហ្សីមបាវ៉េ ដែល​ចេញ​មក​ពី​តំបន់ម៉ារ៉ាង។

លោក​ អាឡាន ម៉ាទីន (Alan Martin) មក​ពី​អង្គការ​ភាព​ជា​ដៃ​គូរ​អាហ្វ្រិក​កាណាដា (Partnership Africa Canada) បាន​បដិសេធ​នា​ថ្ងៃ​អាទិត្យ​នេះ​ថា គ្មាន ការ​សូក​ប៉ាន់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ជូនលោកផូហ្វូ​នោះ​ទេ។ លោក​ ម៉ាទីន​ មាន​ប្រសាសន៍​ថា ក្រុម​សិទ្ធិ​ពលរដ្ឋ​ ជំទាស់​នឹង​លិខិតបញ្ជាក់​លើ​ត្បូង​ពេជ្រ​ ចេញ​មក​ពី​តំបន់​ម៉ារ៉ាង​ ដោយ​សារ​តែ​ពួក​គេ​មិន​បាន​គោរព​តាម​ដំណើរការរបស់ឃឹមប៊ើលី​ ដែល​ព្យាយាម​បញ្ឈប់​ការលក់ អ្វីដែលគេហៅថា «ត្បូង​ពេជ្រ​ប្រឡាក់​ឈាម » នោះ។

លោក​និយាយ​ថា​ លោក​ អាប៊ី ជីកាណេ (Abbey Chikane ) ជាជនជាតិ​អាហ្វ្រិក​ខាងត្បូង​ ហើយជាអ្នកត្រួតពិនិត្យមើលដំណើរការ​របស់ឃឹមប៊ើលី ​បាន​ត្រួសត្រាយ​ផ្លូវ​សំរាប់​ប្រទេស​ហ្សីមបាវ៉េ​ក្នុង​ការ​នាំ​ចេញ​ត្បូងមិន​ទាន់ឆ្នៃ​មក​ពី​តំបន់​ម៉ារ៉ាង ​ហើយធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​រត់​ពន្ធ​ត្បូង​ពេជ្រ​មក​ពី​ប្រទេសហ្សីមបាវ៉េ។

ក្រុម​សិទ្ធិ​មនុស្ស​ទាំងឡាយ​ ដែល​ត្រួត​ពិនិត្យ​មើល​ត្បូង​ពេជ្រ​មក​ពី​តំបន់​ម៉ារ៉ាង​ និយាយ​ថា ពួក​គេមាន​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ដែល​លោក​ ឆេម អ៊ីវិន ហ្សូហារ Chaim Even-Zohar ជា​អ្នកវិភាគត្បូងពេជ្រជន​ជាតិអ៊ីស្រាអែល​ដ៏​គួរ​ឲ្យ​គោរព​ បាន​គាំទ្រ​កាល​ពី​សប្តាហ៍​មុន​ ចំពោះ​ការប៉ុនប៉ង ​របស់​ប្រទេស​ហ្សីមបាវ៉េ​ ចង់បានលិខិតបញ្ជាក់​លើ​ត្បូង​ពេជ្រ​ ដែល​នឹង​ត្រូវ​បញ្ជាក់​ដោយ​ដំណើរ​ការ​របស់​ឃឹមប៊ើលី។ លោក​ អ៊ីវិន ហ្សូហារ​ និយាយ​ថា​ ប្រសិន​បើ​ត្បូង​ពេជ្រ​របស់​ប្រទេស​ហ្សីមបាវ៉េ​ មិន​ត្រូវ​បាន​នាំ​ចេញ​ដោយ​ស្រប​ច្បាប់​ទេ ត្បូង​ពេជ្រ​ទាំង​នោះ​ នឹង​ត្រូវ​បាន​រត់​ពន្ធ​ចេញ​ ហើយ​នឹង​ធ្វើ​ឲ្យ​ខូច​តម្លៃ​ត្បូង​ពេជ្រ​នៅ​លើ​ទីផ្សារអន្តរ​ជាតិក្នុង​អំឡុងពេលមាន​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចទូទាំង​ពិភព​លោក​។

លោក​និយាយ​ថា ដំណើរការ​របស់​ឃឹមប៊ើលី មិន​មែន​ជា​អង្គការ​សិទ្ធិ​មនុស្ស​ទេ ហើយ​ដូច​ដែលលោក​បាន​លើក​ឡើងគឺ​ថា​ អាណត្តិនៃដំណើរការ​របស់​ឃឹមប៊ើលី​នេះ​ ដែល​សន្និដ្ឋាន​ថា រដ្ឋាភិបាល​មាន​អធិបតេយ្យភាព​ និង​ស្រប​ច្បាប់​ គឺ ដូច​លោក​និយាយដែរថា​ ត្រឹម​ត្រូវ​ហើយ​។ ​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដំណើរ​ការ​របស់​ឃឹមប៊ើលី​ មាន​តែ​យន្តការ​ទប់ទល់ ដោះស្រាយជា​មួយ​ក្រុម​ឧទ្ទាម​ទាំងឡាយ​ណា​ដែល​ប្រើ​ត្បូងពេជ្រ​ ដើម្បី​ប្រឆាំង​ ឬ​បំផ្លាញ​រដ្ឋាភិបាលមាន​អធិបតេយ្យភាព។

លោក​អ៊ីវិន ហ្សូហារ​ បាន​និយាយ​ថា​ ដំណើរការ​របស់​ឃឹមប៊ើលី​ គ្មាន​យន្តការទប់​ទល់​ដោះ​ស្រាយ​ជា​មួយប្រទេស​ណា​មួយដូច​ជា​ប្រទេស​ហ្សីមបាវ៉េ​ នេះ​ទេ​ ដែល​នោះ​ជាអ្វី​ដែល​ហៅ​លោកថា​ជា «តួអង្គ​ទុច្ចរិត» ខ្លួន​ឯង​។

លោក​ ចូណាថាន​ អូផេនហេមើ (Jonathan Oppenheimer) ជា​នាយក​ប្រតិបតិ្តនៃ​ក្រុម​ត្បូង​ពេជ្រ​ ដេបៀរ (De Beers) បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ មាន​ការ «ព្រួយ​បារម្ភ» អំពី​រឿង​ជីក​រ៉ែត្បូង​ពេជ្រ​ ដែល​កំពុងរុក​រក​នៅ​ក្នុង​ប្រទេស​ហ្សីម​បា​វ៉េ​ ប៉ុន្តែ​គ្មាន «ជម្លោះ​ត្បូង​ពេជ្រ​ប្រឡាក់​ឈាម» នោះ​ទេ​ ហើយ​មាន​រដ្ឋាភិបាល​ស្របច្បាប់​មួយ ដែល​មាន​ស្រាប់​ហើយ ក្នុង​ទី​ក្រុង​ហារ៉ារី។ ​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ អាស្រ័យ​ហេតុ​នេះ​ ដំណើរការ​របស់​ឃឹម​ប៊ើលី​ ស្ថិត​ក្នុង​ជំហរ​មួយ​ដ៏​លំបាក។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch អះ​អាង​ថា​ ការ​យាយី​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​ម៉ារ៉ាង​ ហើយ​ថាអ្នក​រុក​រក​រ៉ែ​គ្មាន​វិជ្ជា​ជីវ: មួយ​ចំនួនត្រូវ​បាន​បង្ខំ​ឲ្យ​ប្រគល់​ត្បូង​មិន​ទាន់​ឆ្នៃ ដែលពួក​គេ​រក​បាន​ ទៅ​ឲ្យ​សមាជិក​នៃកងទ័ព​របស់​លោក​មូហ្កាបេ។ របាយការណ៍​ថ្មីៗ​របស់​ខ្លួនបង្ហាញ​ថា​ បន្ទាប់​មកត្បូង​ទាំងអស់​នោះ​ ត្រូវ​បាន​ដាក់​លក់​នៅ​តាម​ទីផ្សារ​ងងឹត។

ក្រុម​សិទ្ធិ​ពលរដ្ឋ​និយាយ​ថា​ អ្នក​រុក​រក​រ៉ែ​ជា​ច្រើន​ ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​របស់លោក​មូ​ហ្កាបេ​នៅ​កន្លែងរក​ត្បូង​ពេជ្រ​តំបន់​ម៉ារ៉ាង៕

ប្រែ​សម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG