យ៉ូហាន់នេសស្ប៊ឺក៖ ក្រោយពីបានរាយការណ៍ព័ត៌មានមានតុល្យភាព បន្ទាប់ពីមានការចុះហត្ថលេខាឆ្នាំ២០០៨ គឺ កិច្ចព្រមព្រៀងនយោបាយសកល (Global Political Agreement) ដែលបានបង្កើតរដ្ឋាភិបាលឯកភាពនៅប្រទេស Zimbabwe មកនោះ សាជីវកម្មផ្សាយព័ត៌មានរបស់ Zimbabwe គឺ Zimbabwe Broadcasting Cooperation បានចាប់ផ្តើមងាកមកផ្សាយព័ត៌មានលម្អៀងភ្លាមៗ ដោយលើកតម្កើងលោកប្រធានាធិបតី Robert Mugabe និងគណបក្សរបស់លោក គឺគណបក្ស ZANU-PF។
អ្នកវិភាគនិយាយថា សាជីវកម្មផ្សាយព័ត៌មានរបស់ Zimbabwe ចាប់ផ្តើមផ្សាយព័ត៌មានគាំទ្រគណបក្ស ZANU-PF ខ្លាំងឡើងៗ ហើយកំពុងធ្វើឲ្យស្ថានការណ៍បច្ចុប្បន្ននេះ មានភាពតានតឹងផ្នែកនយោបាយ និងធ្វើសកម្មភាពល្មើសច្បាប់ដ៏ធ្ងន់ធ្ងរប្រឆាំងនឹងកិច្ចព្រមព្រៀងពហុបក្ស កាលពីឆ្នាំ២០០៨ ដែលបង្កើតរដ្ឋាភិបាលចម្រុះ កាលពីខែកុម្ភៈឆ្នាំទៅ។
សាជីវកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) ដែលជាបណ្តាញទូរទស្សន៍តែមួយគត់ក្នុងប្រទេស Zimbabwe នោះ បានបង្កើនការផ្សាយគាំទ្រគណបក្ស ZANU-PF ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ក្រោយពីលោក Mugabe និយាយថា លោកចង់ឲ្យមានការបោះឆ្នោតថ្មីនៅដើមឆ្នាំក្រោយ។
Andy Moyse ជាអ្នកសម្របសម្រួលរបស់អង្គការអាយុ១០ឆ្នាំ ឈ្មោះ Media Monitoring Project of Zimbabwe គឺគម្រោងឃ្លាំមើលបណ្តាញព័ត៌មាន Zimbabwe។ លោកបាននិយាយថា មួយរយៈ ក្រោយពីមានការចុះហត្ថលេខាកិច្ចព្រមព្រៀងនយោបាយជាសកល សាជីវកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) បានកែទម្រង់។
«មុនដំបូង បណ្តាញផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) បានប្រសើរ ក្រោយពីមានការចុះហត្ថលេខាកិច្ចព្រមព្រៀងនយោបាយជាសកល (GPA) គឺជាពេលសុខដុមរមនាដែលគណបក្សនានា បានព្រមព្រៀងគ្នា និងស្វះស្វែងរកការផ្សះផ្សា»។
Moyse និយាយថា សាជីវកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) ថែមទាំងបានរាយការណ៍ អំពីចលនាប្រជាធិបតេយ្យដើម្បីឲ្យមានការផ្លាស់ប្តូរ Movement for Democratic Change (MDC) ដែលបានឈ្នះ ការបោះឆ្នោតប្រផិតប្រផើយកាលពីឆ្នាំ២០០៨។ ប៉ុន្តែឥឡូវ ការផ្សាយបែបនេះលែងមានទៀតហើយ។
ថ្ងៃមួយកាលពីខែមុន សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) ដែលគ្រប់គ្រងដោយច្បាប់របស់រដ្ឋសភា បានចាប់ផ្តើមផ្សាយព្រឹត្តិប័ត្រព័ត៌មានដ៏សំខាន់មួយរបស់ខ្លួន នៅថ្ងៃនោះ ដោយចំអកឲ្យប្រធានចលនាប្រជាធិបតេយ្យ ដើម្បីឲ្យមានការផ្លាស់ប្តូរ MDC គឺលោក Morgan Tsvangirai ដែលជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលចម្រុះនោះ។
«នាទីព័ត៌មានសូមស្វាគមន៍។ ខ្ញុំ Grace Chikanie សូមជូនចំណងជើងព័ត៌មានក្នុងព្រឹត្តិប័ត្រព័ត៌មាននៅយប់នេះ គឺ 'Tsvangirai ត្រចៀកស អត់ចូលរួមការបោះឆ្នោតលើកក្រោយទេ'»។
អំពើហិង្សាអាចកើតមានឡើង។ ប៉ុន្មានថ្ងៃក្រោយមក លោក Tsvangirai ដែលព្រួយបារម្ភអំពីការរំលោភកើនឡើងរបស់គណបក្ស ZANU-PF ទៅលើកិច្ចព្រមព្រៀងនយោបាយនោះ បានទៅ Botswana ចូលរួមជាមួយសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង Southern African Development Community ដែលធានាឲ្យមានរដ្ឋាភិបាលចម្រុះ។ កិច្ចប្រជុំ ដែលគេរំពឹងទុកជាមួយអង្គការ Morgan នៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង SADC អំពីវិស័យការពារ និងសន្តិសុខជាមួយប្រទេស Zimbabwe នោះ មិនបានកើតមានឡើងទេ។
សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) ដាក់ចំណងជើងព័ត៌មាន ដូចខាងក្រោមនេះ៖
«លោក Morgan Tsvangirai មេដឹកនាំចលនាប្រជាធិបតេយ្យដើម្បីឲ្យមានការផ្លាស់ប្តូរ MDC វិលត្រឡប់មកពីកិច្ចប្រជុំជាមួយខ្យល់»។
សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) បានសម្ភាសន៍ជាមួយលោក Patrick Chinamasa រដ្ឋមន្ត្រីយុត្តិធម៌មកពីគណបក្ស ZANU-PF និយាយអំពីដំណើររបស់លោកTsvangirai ប៉ុន្តែជាបទសម្ភាសន៍គ្មានតុល្យភាព ពីព្រោះមិនបានសម្ភាសន៍ជាមួយលោក Tsvangirai ឬមិនបានស្រង់សំដីរបស់លោកមកផ្សាយទេ។
«នោះជាកិច្ចប្រជុំរបស់អង្គការការពារ និងសន្តិសុខ។ គេអត់ប្រជុំ ពីព្រោះមិនមានកូរ៉ុមគ្រប់គ្រាន់។ ការខកខាននេះបណ្តាលមកពីការបំផ្លើសរបស់ចលនាប្រជាធិបតេយ្យដើម្បីឲ្យមានការផ្លាស់ប្តូរ គឺ MDC-T អំពីវិបត្តិនេះ»។
កិច្ចព្រមព្រៀងនយោបាយ ដែលបង្កើតរដ្ឋាភិបាលឯកភាពមួយ តម្រូវឲ្យបង្កើតនិងអនុញ្ញាតឲ្យមានប្រតិបត្តិការបណ្តាញព័ត៌មានឯករាជ្យ ប៉ុន្តែត្រូវបានគេរារាំងមិនឲ្យបណ្តាញព័ត៌មានឯករាជ្យអាចបង្កើតឡើង និងប្រតិបត្តិការបានទេ។ ប៉ុន្តែសេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) វិញត្រូវបានអនុញ្ញាតឲ្យបង្កើតបណ្តាញផ្សព្វផ្សាយមួយទៀត។
មុនដំបូង បណ្តាញថ្មីនេះ ផ្សាយល្ខោន និងសិល្បៈកម្សាន្ត ប៉ុន្តែឥឡូវនេះ បណ្តាញផ្សព្វផ្សាយថ្មីនេះ ក៏បានប្រើម៉ោង ផ្សព្វផ្សាយបម្រើឲ្យគណបក្ស ZANU-PF ឬផ្សាយចម្រៀងកោតសរសើរ លើកតម្កើងគណបក្សនេះនិងលោក Mugabe។
Moyse ដែលជាអ្នកសម្របសម្រួលគម្រោងត្រួតពិនិត្យបណ្តាញព័ត៌មាន Zimbabwe និយាយថា សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) និងកម្មវិធីអំពីស្ថានការណ៍បច្ចុប្បន្ន ហើយនិងការផ្សាយពាណិជ្ជកម្មឃោសនាកំពុងបម្រើផលប្រយោជន៍យ៉ាងខ្លាំងដល់គណបក្ស ZANU-PF ដោយធ្វើឲ្យខូចប្រយោជន៍របស់គណបក្សចលនាប្រជាធិបតេយ្យ ដើម្បីឲ្យមានការផ្លាស់ប្តូរ(MDC) ហើយនិងគណបក្សផ្សេងទៀត។
«សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) ពិតជាផ្សាយលម្អៀងទៅរកគណបក្ស ZANU-PF លើកតម្កើងនយោបាយរបស់គណបក្ស ZANU-PF។ បណ្តាញផ្សាយព័ត៌មាននេះបន្តុះបង្អាប់សកម្មភាពរបស់ចលនាប្រជាធិបតេយ្យដើម្បីឲ្យមានការផ្លាស់ប្តូរ (MDC) ដែលធ្វើឲ្យសាធារណជនមានទស្សនៈអវិជ្ជមានអំពីចលនានេះ ដូចជាលោក Morgan Tsvangirai ត្រូវគេបកស្រាយថា អត់សមត្ថភាព ហើយនិយាយឲ្យចំគឺល្ងង់ ហើយមិនមែនជាមេដឹកនាំមានសត្តានុពលសម្រាប់ប្រទេសនេះទេ»។
ការឃោសនាលើកសរសើរ គាំទ្រគណបក្ស ZANU-PF មានផ្សាយពេញមួយថ្ងៃតាមសេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC)។ ការផ្សាយឃោសនាមួយ ដែលមានរយៈពេល៣នាទី មានចំណងជើងថា បណ្តាញ Gushungo។ Gushungo គឺជាឈ្មោះវង់ត្រកូលរបស់លោក Mugabe ហើយក៏ជាឈ្មោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយកន្លែងនៅក្បែរទីក្រុង Harareជាទីដែលលោកស្រី Grace Mugabe បានបណ្តើមយកពីកសិករជនជាតិស្បែកសម្នាក់កាលពី៥ឆ្នាំមុនក្នុងកម្មវិធីកំណែទម្រង់ដីធ្លីរបស់ប្រទេសZimbabwe។
ការផ្សាយឃោសនាបង្ហាញរូបលោក Mugabe មានអារម្មណ៍សប្បាយ និង ញញឹមស្វាគមន៍មនុស្សវ័យក្មេង តាមរយៈទូរស័ព្ទដៃរបស់លោក ហើយបង្ហាញរូបភាពមនុស្សវ័យក្មេងទាំងនេះជាច្រើន លើកតម្កើងលោកដោយរីករាយ។
Nhlanhla Ngwena ដែលជានាយកក្រុមមួយមានឈ្មោះថា វិទ្យាស្ថានព័ត៌មាននៃអាហ្វ្រិកខាងត្បូង Media Institute of Southern Africa បានប្រាប់វីអូអេសំឡេងស.រ.អ.ថា សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC)កំពុងប្រមូលយុវវ័យឲ្យគាំទ្រលោកMugabe និងគណបក្ស ZANU-PFរបស់លោក។
«បណ្តាញ Gushungoកំពុងធ្វើការប្រឹងប្រែងមួយទៀតរៀបចំការប្រមូលផ្តុំគ្នាគាំទ្រលោកប្រធានាធិបតី Mugabe ពីព្រោះចម្រៀងបណ្តាញ Gushungo អំពាវនាវឲ្យយុវវ័យចូលរួមក្នុងបណ្តាញ នេះ។ ក្នុងចម្រៀងនេះ គេក៏អាចឮសំឡេងរបស់លោក Mugabeផងដែរ។ គេព្យាយាមស្តែងឲ្យឃើញថា លោក Mugabeជាម្លប់ដ៏ត្រជាក់ ដែលយល់អំពីស្ថានភាពយុវវ័យ»។
Ngwenya និយាយថា ឧបសគ្គខាងការិយាធិបតេយ្យបានបង្កឡើងដោយគណបក្ស ZANU-PF ដើម្បីរារាំងមិនឲ្យបណ្តាញផ្សាយព័ត៌មានឯករាជ្យទទួលបានអាជ្ញាបណ្ណផ្សព្វផ្សាយ។
«មិនមានភស្តុតាងជាក់ស្តែងធ្វើឲ្យយើងជឿជាក់ថា រដ្ឋាភិបាលនេះ នឹងអនុញ្ញាតឲ្យមានបណ្តាញផ្សាយព័ត៌មានសេរីតាមរលកធាតុអាកាស ក្នុងពេលឆាប់ៗនេះទេ»។
មុនបង្កើតរដ្ឋាភិបាលចម្រុះ នៅក្នុងព្រឹត្តិប័ត្រព័ត៌មានរបស់ខ្លួន អ្នកកាសែតនៃសេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC)ហៅងារលោក Mugabeយ៉ាងសាមញ្ញថា លោកប្រធានាធិបតី Mugabe។ ប៉ុន្តែឥឡូវគេប្រើងាររបស់លោកពេញតែម្តង។
«លោកប្រធានាធិបតី Robert Mugabe ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងជាអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិ Zimbabwe»។
Nelson Chamisa ដែលជាអ្នកនាំពាក្យរបស់គណបក្សចម្បងមួយនៃចលនា
ប្រជាធិបតេយ្យដើម្បីឲ្យមានការផ្លាស់ប្តូរ (MDC) ដែលចុះហត្ថលេខាកិច្ចព្រមព្រៀងនយោបាយដែរនោះ បានប្រាប់វីអូអេសំឡេងស.រ.អ.ថា សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC) ផ្សាយលម្អៀងឡើងៗ។
«គឺជាការខុសឆ្គង ខុសឆ្គងខ្លាំងណាស់។ ដូចឋានរកលើផែនដីអញ្ចឹង។ អ្នកត្រូវធ្មេចភ្នែក បិទត្រចៀក ពេលឃើញនិងពេលឮការឃោសនានោះ។ ប្រជាជន Zimbabwe មិនចាប់អារម្មណ៍នឹងការឃោសនាឥតន័យនេះទេ»។
Welshman Ncube នៃគណបក្សភាគតិចក្នុងចលនាប្រជាធិបតេយ្យដើម្បីឲ្យមានការផ្លាស់ប្តូរ (MDC) ដែលបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនយោបាយនោះដែរ បាននិយាយថា រដ្ឋាភិបាលចម្រុះនេះកំពុងដើរថយក្រោយ។
ដំណើរថយក្រោយមិនមែនមានតែត្រឹមបណ្តាញព័ត៌មានសាធារណៈ កាសែតរដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខប៉ុណ្ណោះទេ គឺសឹងទាំងអស់គ្នាត្រឡប់ទៅរកស្ថានភាពដើម ដូចកាលពីឆ្នាំ២០០៨វិញ។
George Charamba អ្នកនាំពាក្យរបស់គណបក្ស ZANU-PF បានប្រាប់វីអូអេ សំឡេងស.រ.អ.ថា លោកមិនអាចទទួលយកការរិះគន់លើសេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe (ZBC)បានទេ។ វីអូអេ សំឡេងស.រ.អ.បានទាក់ទងអ្នកនាំពាក្យរបស់សេវាកម្មផ្សាយព័ត៌មានរបស់ Zimbabwe ប៉ុន្តែមិនបានលទ្ធផល៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ៕