ដោយ Anita Powell
ការពិភាក្សាកំពុងធ្វើឲ្យមានការខឹសម្បារទាំងនៅក្នុងនិងនៅខាងក្រៅប្រទេស ហ្ស៊ីមបាវ៉េ (Zimbabwe) អំពីរដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានស្នើឡើងរបស់ប្រទេសនេះ។ អ្នកធ្វើគម្រោងឯកសារនេះបានឲ្យដឹងថា សេចក្តីព្រាងនេះមានភាពជឿនលឿនមួយចំនួន ប៉ុន្តែទទួលស្គាល់ថា វាគឺជាលទ្ធផលនៃការសម្រុះសម្រួលផ្នែកនយោបាយមួយ។ ក្រុមអ្នកប្រឆាំងនិយាយថា ពួកគេគិតថា ដំណើរការនេះមានភាពខុសឆ្គង ហើយច្បាប់ថ្មីនេះនៅតែបន្តផ្តល់អំណាចយ៉ាងច្រើន ដល់លោកប្រធានាធិបតី ដែលប្រកបដោយអំណាចផ្តាច់ការរួចទៅហើយនោះ។ ប្រជាពលរដ្ឋ ហ្ស៊ីមបាវ៉េ ដែលជាភាគីទាំងពីរនៃបញ្ហានេះ បានជួបគ្នានៅក្នុងទីក្រុង ចូហានណេសប៊ឺក (Johannesburg) ដើម្បីធ្វើការជជែកដេញដោលគ្នា។ Anita Powell មានព័ត៌មានបន្ថែមពីខាងក្រៅកិច្ចប្រជុំនេះ។
សេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់ ហ្ស៊ីមបាវ៉េ គឺជាការត្រួតពិនិត្យមើលអំពី រយៈកាលប្រកបដោយឥទ្ធិពលយ៉ាងពិតប្រាកដមួយ ដែលនោះគឺជាការបោះឆ្នោតទូទៅ ដែលលោកប្រធានាធិបតី រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ចង់រៀបចំឡើងនៅឆ្នាំនេះ។
លោក មូហ្គាបេ ដែលឈានចូលវ័យ៨៩ឆ្នាំនៅក្នុងខែនេះ កំពុងរៀបចំគម្រោងឈរឈ្មោះបោះឆ្នោតជាថ្មីម្តងទៀត។ លោកបានដឹកនាំប្រទេសនេះចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៨០។ ប៉ុន្តែមុនពេលបោះឆ្នោត ប្រជាពលរដ្ឋ ហ្ស៊ីមបាវ៉េ ត្រូវតែអនុម័តលើរដ្ឋធម្មនុញ្ញថ្មីមួយ ដូចដែលបានគ្រោងនៅក្រោមកិច្ចព្រមព្រៀងចែករំលែកអំណាច ដែលត្រូវបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតដ៏ហិង្សាកាលពីឆ្នាំ២០០៨។
ប្រទេសនេះត្រូវបានរំពឹងថា នឹងបោះឆ្នោតទៅលើសេចក្តីព្រាងនេះ នៅក្នុងប៉ុន្មានខែខាងមុខនេះ។
លោកស្រី ព្រីស៊ីឡា មីស៊ីហៀរ៉ា មូសហុងហ្គា (Priscilla Misihairabwi-Mushonga) ដែលជារដ្ឋមន្ត្រីមួយរូប និងជាអគ្គលេខាធិការនៃគណបក្សចលនាដើម្បីការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យ (Movement for Democratic Change) មានប្រសាសន៍ថា ឯកសារដែលលោកស្រីបានជួយសរសេរនេះ មិនល្អឥតខ្ចោះនោះទេ។ ប៉ុន្តែលោកស្រីនិយាយថា វាមានលក្ខណៈល្អប្រសើរជាងរដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ន។
លោកស្រីថ្លែងថា សេចក្តីព្រាងផ្តល់ឱ្យស្ត្រីនូវសិទ្ធិកាន់តែច្រើនជាងមុននិងកម្រិតអំណាចរបស់ប្រធានាធិបតី។
លោកស្រីក៏និយាយផងដែរថា ខណៈពេលដែលដំណើរការនៃការសរសេរឯកសារនេះ មិនមានលក្ខណៈល្អឥតខ្ចោះនោះ វាបានចាប់ផ្តើមពីអ្វីដែលមិនអាចបញ្ឈប់បាន។
«នោះគឺជាការបើកឡើងមួយ។ ខ្ញុំមិនគិតថាអ្នកអាចកែប្រែវាមកវិញបាននោះទេ។ វាគឺជាដំណើរការមួយ ដែលអ្នកមិនអាចដាក់ការចំណាយចំពោះវាបានទេ។ អ្នកមិនអាចដាក់លុយទៅលើវាបានទេ។ ប៉ុន្តែ វាគឺជាអ្វីមួយ ដែលមានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋ ហ្ស៊ីមបាវ៉េ ដែលចាំបាច់ត្រូវតែមាន»។
សេចក្តីព្រាងនេះដាក់កកម្រិតអណត្តិប្រធានាធិបតី ដែលមានរយៈពេលប្រាំឆ្នាំចំនួន២អាណត្តិ។ តែទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនមានប្រតិសកម្មទេ ដូច្នេះលោកប្រធានាធិបតី មូហ្គាបេ ដែលជាប្រមុខរដ្ឋាភិបាលកាន់អំណាចដ៏យូរនិងមានវ័យចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក អាចកាន់អំណាចពីរអាណត្តិទៀត មុនពេលចុះចេញពីដំណែងនៅអាយុ៩៩ឆ្នាំ។
លោកស្រី មីស៊ីហៀរ៉ា មូសហុងហ្គា លើកសរសើរចំណុចនេះថាជាបទបញ្ញាត្តិដ៏ប្រសើរបំផុតនៅក្នុងរដ្ឋធម្មនុញ្ញថ្មី។
«សារដែលបញ្ញាតិ្តនេះផ្ញើជូនប្រជាពលរដ្ឋ ហ្ស៊ីមបាវ៉េ គឺថាអ្នកនឹងមិនមានស្ថានភាពណាមួយទៀត ដែលអ្នកនឹងមានលោក មូហ្គាបេ មួយទៀតនោះទេ។ ខ្ញុំគិតថា នេះគឺជាពិន្ទុយ៉ាងធំមួយ ទាក់ទងនឹងការសន្ទនាដែលយើងមាននៅក្នុងរដ្ឋធម្មនុញ្ញនេះ»។
សំណើររដ្ឋធម្មនុញ្ញក៏ហាក់ដូចជាកម្រិតអំណាចរបស់ប្រធានាធិបតី និងនាំយកអង្គការស៊ើបការណ៍សម្ងាត់មជ្ឈិម ដែលពីមុនមិនអាចត្រួតពិនិត្យបាន មកដាក់នៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
សេចក្តីព្រាងនេះមិនបានផ្លាស់ប្តូរគោលជំហរទៅលើអាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ដែលនៅតែត្រូវបានហាមឃាត់ ហើយការដាក់ទោសប្រហារជីវិត នៅតែត្រូវបានអនុញ្ញាតិដដែល។ បទបញ្ញាតិនៃការដាក់ទោសប្រហារជីវិត ហាក់មានភាពធូរស្រាល ដែលឥឡូវនេះ មានការលើកលែងចំពោះស្រ្តី កូនក្មេង និងមនុស្សចាស់។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ញូវយ៉ក (New York) ថ្លែងថា ផែនការធ្វើប្រជាមតិនេះមិនមានន័យថា គណបក្សគ្រប់គ្រងអំណាច ZANU-PF នឹងបញ្ចប់ការប្រព្រឹត្តប្រកបដោយភាពសង្កត់សង្កិនរបស់ខ្លួននោះទេ។ គណបក្សនេះ និងសមាជិករបស់ខ្លួន ត្រូវបានចោទប្រកាន់ផ្ទួនៗ និងយ៉ាងទូលំទូលាយ ចំពោះការបំភិតបំភ័យ ការវាយបង្រ្កាប ការចាប់ខ្លួនយ៉ាងអយុត្តិធម៌ និងអំពើហិង្សា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានទទូចសុំឲ្យសហភាពអឺរ៉ុប រក្សាទុកទណ្ឌកម្មដែលមានគោលដៅទៅលើលោក មូហ្គាបេ និងក្រុមមេដឹកនាំរបស់លោក រហូតដល់ប្រទេសនេះអនុវត្តកំណែទម្រង់ដ៏ពិតប្រាកដ។
មានខ្លឹមសារមិនច្បាស់លាស់មួយ នៅពីក្រោយការពិភាក្សាទាំងអស់នេះ ដែលថារដ្ឋធម្មនុញ្ញមួយ មានភាពរឹងមាំដូចរដ្ឋាភិបាលដែលជាអ្នកការពារច្បាប់នេះ។ ហើយខណៈដែលក្រុមមន្ត្រី ហ្ស៊ីមបាវ៉េ និងក្រុមសកម្មជនថ្លែងថា ដំណើរការសរសេររដ្ឋធម្មនុញ្ញនេះបានលើកកម្ពស់នូវក្តីសង្ឃឹមសម្រាប់លទ្ធិប្រជាធិបតេយ្យធំធេងជាងមួយ នៅទីបញ្ចប់ ការពិភាក្សាទាំងអស់ហាក់ដូចជាវិលត្រឡប់ទៅរកចំណុចមួយវិញគឺ លោក មូហ្គាបេ។
លោក ឡោវម័រ មាឌុគូ (Lovemore Madhuku) ដែលជាអ្នកប្រឆាំងនឹងរដ្ឋធម្មនុញ្ញថ្លែងថា នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលពីររបស់លោក សម្រាប់ការបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងនេះ។ លោកថ្លែងថា ហេតុផលមួយទៀតគឺថា ដំណើរការនេះមានភាពខុសឆ្គង ហើយប្រជាពលរដ្ឋ ហ្ស៊ីមបាវ៉េ គួបានបញ្ចេញយោបល់ច្រើនជាងនេះ ជាជាងទទួលយកឯកសារមួយ ដែលដាក់ចុះមកពីខាងលើ៕
ប្រែសម្រួលដោយ លី សុខឃាង