ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​អាមេរិក​ក្នុង​ពេល​ពិភាក្សា​លើ​ជំនួយ​ថ្មី


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថតរូប បន្ទាប់ពី​កិច្ចសម្ភាសន៍​របស់​លោក​ជាមួយ​សារព័ត៌មាន The Associated Press នៅ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថតរូប បន្ទាប់ពី​កិច្ចសម្ភាសន៍​របស់​លោក​ជាមួយ​សារព័ត៌មាន The Associated Press នៅ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតី​អ៊ុយក្រែន លោក​ Volodymyr Zelenskyy មាន​កំណត់​នឹងថ្លែង​សុន្ទរកថា​ទៅកាន់សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ស្រប​ពេល​ដែលសេតវិមាន​ កំពុងជំរុញ​ដល់សភា​អាមេរិក​ឱ្យអនុម័ត​កញ្ចប់​ថវិកា​ថ្មី​ ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់រុស្ស៊ី។​

មេដឹកនាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​អាមេរិក​ លោក Chuck Schumer និយាយ​ថា​ លោក Zelenskyy ត្រូវ​បាន​អញ្ជើញ​ឱ្យ​ថ្លែង​សុន្ទរកថាតាម​ប្រព័ន្ធ​វីដេអូក្នុង​កិច្ចប្រជុំ​សម្ងាត់​មួយ​ ដើម្បី​«យើង​បាន​ស្តាប់​ដោយ​ផ្ទាល់​នូវអ្វី​ជា​ហានិភ័យ​ នៅ​ពេល​ដែល​សមាជិក​សភា​អាមេរិក ​ត្រៀម​បោះឆ្នោត​លើ​ច្បាប់​មួយ ដែល​រួម​មានទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ ​សម្រាប់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន។​

នាយិកា​ការិយាល័យ​គ្រប់គ្រង​និង​ថវិកា​លោក​ស្រី Shalanda Young បាន​ព្រមាននៅ​ក្នុង​លិខិត​មួយទៅ​កាន់​មេដឹកនាំ​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ នៅត្រឹម​ដំណាច់​ឆ្នាំ​នេះ​ សហរដ្ឋអាមេរិក​នឹង​អស់ថវិកា​ ដើម្បី​បញ្ជូន​អាវុធ​និង​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន​ទៀត​ហើយ។ លោក​ស្រី​ថ្លែង​ថា អ៊ុយក្រែន​នឹង​លែង​មាន​លទ្ធភាព​រក្សា​ការ​ប្រយុទ្ធ​របស់​ខ្លួន​ទៅ​ទៀត ហើយ​សហរដ្ឋអាមេរិក​ក៏​អស់​ថវិកា​ដើម្បីគាំទ្រ​សេដ្ឋកិច្ច​អ៊ុយក្រែន​ផង​ដែរ។​

កាល​ពី​ខែ​តុលា​កន្លង​ទៅ រដ្ឋបាល​របស់​លោក​ Biden​ ​បាន​ស្នើ​ដល់​សភាអាមេរិក នូវ​ទឹក​ប្រាក់​ចំនួន​ជិត​១០៦​ពាន់លានដុល្លារ​អាមេរិក​ ដើម្បី​គាំទ្រផែនការ​ធំៗមួយ​ចំនួន​ ដូច​ជា​សម្រាប់​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន ​ ប្រទេស​អ៊ីស្រាអែល​ និងសម្រាប់​សន្តិសុខព្រំដែន​អាមេរិក។​

ដោយ​ឡែក​ថវិកា​សម្រាប់​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន​ បាន​ក្លាយ​ជារឿង​ចម្រូងចម្រាស់​ផ្នែក​នយោបាយ ជាមួយ​នឹងសមាជិក​រដ្ឋ​សភា​ស្តាំ​និយម​ខ្លះ​ នៅ​ក្នុង​រដ្ឋសភា​អាមេរិក ដែលគ្រប់គ្រងដោយ​គណបក្ស​សាធារណរដ្ឋដែល​មាន​សំឡេង​លើសបន្តិច​។ ​

ទន្ទឹម​នឹង​នេះ​ដែរ​ ​បេសកជន​ការទូតនៃ​ក្រុម​ប្រទេស​សហភាព​អឺរ៉ុប​ ដែល​មាន​ប្រទេស​ចំនួន​២៧​ជា​សមាជិក​នោះ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ដើម្បី​ចាប់ផ្តើម​ពិភាក្សា​ដេញដោល​ លើ​សមាជិក​ភាពរបស់​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប។ នេះ​បើតាម​ការ​បញ្ជាក់​របស់ក្រុម​មន្ត្រី​និង​អ្នកការ​ទូត​មួយ​ចំនួន។​ ​

នាយក​រដ្ឋមន្រ្តីប្រទេស​ហុងគ្រី​ ​លោក Viktor Orban បាន​ទាមទារមិន​ឱ្យ​ដាក់របៀបវារៈ​នៃ​ការ​ពិភាក្សា​លើ​សមាជិកភាព​របស់​ប្រទេស​អ៊ុយក្រែន ទៅ​ក្នុង​កិច្ចប្រជុំ​កំពូលរបស់សហភាព​អឺរ៉ុបនៅ​ពេល​នេះ​ឡើយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG