ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមាននៅថ្ងៃសុក្រនេះថា ការដណ្តើមគ្រប់គ្រងលើរោងចក្រអគ្គីសនីនុយក្លេអ៊ែរដ៏សំខាន់មួយដោយរុស្ស៊ីបានគំរាមកំហែងពីមហន្តរាយនៃវិទ្យុសកម្មខណៈដែលអ៊ុយក្រែនកត់សម្គាល់ខួបនៃគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលបានកើតឡើងកាលពីឆ្នាំ១៩៨៦។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
កងយោធារុស្ស៊ីបានដណ្តើមគ្រប់គ្រងរោងចក្រអគ្គីសនីនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនក្នុងថ្ងៃដំបូងៗនៃការចូលឈ្លានពានរបស់ខ្លួនកាលពីឆ្នាំ២០២២។
ភាគីទាំងពីរបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ពីការធ្វើឱ្យគ្រោះថ្នាក់ដល់សុវត្ថិ ភាពនៅទីតាំងរោងចក្រនេះ ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតមួយ ក្នុងទ្វីបអឺរ៉ុប។
លោក Zelensky បាននិយាយលើបណ្តាញសង្គមថា«អស់រយៈពេល៧៨៥ថ្ងៃហើយ ដែលក្រុមភេរវកររុស្ស៊ីបានកាន់កាប់រោងចក្រ Zaporizhzhia នេះធ្វើជាចំណាប់ខ្មាំង»។
លោកបន្ថែមទៀតថា «វាជាការទទួលខុសត្រូវរបស់ពិភពលោកទាំងមូលក្នុងការដាក់សម្ពាធលើរុស្ស៊ី ដើម្បីធានាថារោងចក្រនេះត្រូវបានរំដោះនិងប្រគល់ឱ្យអ៊ុយក្រែនគ្រប់ គ្រងទាំងស្រុងឡើងវិញ ក៏ដូចជាទីតាំងនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែនត្រូវមានការការពារពីការវាយប្រហាររបស់រុស្ស៊ីផងដែរ»។
លោកនិយាយទៀតថា «នេះជាផ្លូវតែមួយគត់ ដើម្បីការពារកុំឱ្យមានមហន្តរាយបែក ធ្លាយវិទ្យុសកម្មថ្មីមួយ ដែលរុស្ស៊ីជាអ្នកគ្រប់គ្រងនៅទីនោះតែងតែធ្វើការគំរាមកំហែងជាប្រចាំ»៕
វេទិកាបញ្ចេញមតិ