ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មុន​ស្លាប់​ លោក​ស្រី​ Zaha Hadid មានគម្រោង​រចនា​ប្លង់​មេ​រាជធានី​ភ្នំពេញ​


គម្រប​នៃ​ប្លង់​មេ​រាជធានី​ភ្នំពេញ​ «Phnom Penh Vision​ 2050»​ ដែល​គូរ​ដោយ​លោក​ស្រី​ Zaha Hadid ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (រូប​ផ្តល់​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

នៅ​មុន​ការទទួល​មរណភាព​ លោក​ស្រី​ Zaha Hadid​ បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ​កសាង​ប្រទេស​កម្ពុជា​​ពី​សោកនាដកម្ម​​សង្គ្រាម​ថា​ លោក​ស្រី​មាន​ក្តី​ប្រាថ្នា​ផ្តល់​ឲ្យ​រាជធានី​ភ្នំពេញ​នូវ​ប្លង់​មេ​ស្ថាបត្យកម្ម​មួយ​ សម្រាប់​ការ​រចនា​រាជធានី​នេះ​​ឡើង​វិញ​។​

នៅ​មុន​ការទទួល​មរណភាព​ លោក​ស្រី​ Zaha Hadid​ បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ​កសាង​ប្រទេស​កម្ពុជាពី​សោកនាដកម្មសង្គ្រាម​ថា​ លោក​ស្រី​មាន​ក្តី​ប្រាថ្នា​ផ្តល់​ឲ្យ​រាជធានី​ភ្នំពេញ​នូវ​ប្លង់​មេ​ស្ថាបត្យកម្ម​មួយ​ សម្រាប់​ការ​រចនា​រាជធានី​នេះឡើង​វិញ​។​

ពុំ​មាន​មនុស្ស​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដឹង​ពី​ក្តី​ប្រា​ថ្នា​ដ៏​ស្ងាត់​ស្ងៀម​របស់​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​រូប​នេះ​ ចំពោះ​រាជធានី​ដ៏​ចំណាស់​របស់​កម្ពុជា​នោះ​ទេ។​

​សេចក្តី​ប្រាថ្នា​នៃ​ការចូលរួម​ចំណែក​របស់​លោកស្រី​ សម្រាប់​រចនា​ប្លង់​មេ​ឲ្យ​រាជធានី​ភ្នំពេញ​ដែល​មាន​ទំហំ ៦​៧​៨​គីឡូ​ម៉ែត្រ​ក្រឡា​ កើត​មាន​ឡើង​នៅ​ពេល​ក្រុម​ការងារ​របស់​លោក​ស្រី​ផ្តើម​ធ្វើ​ការងារ​គូស​ប្លង់​ស្ថាបត្យ​កម្ម​សម្រាប់​កសាង​វិទ្យា​ស្ថាន​មួយ ​ដែល​នឹង​ផ្តល់​ការ​អប់រំ​ទាក់​ទិន​អំពើ​ប្រល័យ​ពូជ​សាសន៍​ ជម្លោះ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

លោក ​ឆាំង​ យុ​ នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍ប្រាប់​ VOA​ ថា​ លោក​ស្រី​ Zaha Hadid បាន​បង្ហាញ​មនោសញ្ចេតនា​ស្រឡាញ់​រាជធានី​ភ្នំពេញ​យ៉ាង​ជ្រាលជ្រៅ​ ដោយ​លោកស្រី​បាន​ឲ្យ​ដឹង​ពី​គំនិត​និង​ចក្ខុវិស័យ​របស់​លោកស្រី​ ក្នុង​ការ​បង្កើត​ប្លង់​មេ​ជាក់លាក់​មួយ​ សម្រាប់រៀបចំ​រាជធានី​នេះ​ឲ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​ និង​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​ប្រកប​ដោយ​ផា​សុខភាព​។​

​ប្លង់​មេ​នៃ​រាជធានី​ភ្នំពេញ​ «Phnom Penh Vision 2050» ដែល​ធ្វើ​ដោយ​លោក​ស្រី​ Zaha Hadid ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ថត​ផ្តល់​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
​ប្លង់​មេ​នៃ​រាជធានី​ភ្នំពេញ​ «Phnom Penh Vision 2050» ដែល​ធ្វើ​ដោយ​លោក​ស្រី​ Zaha Hadid ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ថត​ផ្តល់​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក​និយាយថា​៖ «គាត់​គិត​ថា ​សំខាន់​ទីក្រុង​មួយ​ត្រូវ​មាន​ master plan ​ឲ្យ​ជាក់​លាក់​ ហើយ​ដែល​អាច​ធ្វើ​ទៅ​បាន​ជា​ជាង​ការ​ស្រមើស្រម៉ៃ​ ជា​ជាង​ការ​ដែល​មិន​មាន​ប្លង់​មេ​ ឬ​ក៏​ប្លង់​មេ​តូច​មិន​គ្រប់​គ្រាន់​ ឬ​ក៏​ប្លង់​មេ​ធំ​ ដែល​វា​ជា​ការ​ស្រមើស្រម៉ៃ​ អញ្ចឹង​គាត់​ចង់​ធ្វើ​ប្លង់​អី​មួយ​ដែល​មាន​ការ​ជាក់​ស្តែង​ ដែលអាច​ធ្វើ​បាន»។​

លោក​បាន​ពន្យល់​បន្ថែម​ ពី​គំនិត​របស់​លោកស្រី​ Zaha Hadid ថា លោក​ស្រី​ចង់​យក​ចំណុច​ប្រសព្វ​ទន្លេ​មេគង្គ​និង​ទន្លេ​សាប​ មក​ធ្វើ​ជា​ចំណុច​តុល្យភាព​សម្រាប់​ការ​រចនា​រាជធានី​ភ្នំពេញ។​ លោក​ថា​ ការ​កំណត់បែប​នេះ​ ជា​វិធី​នៃ​ការ​រក្សា​ទុក​ប្រវត្តិសាស្ត្រ​ហើយ​បង្កើន​ការ​អភិវឌ្ឍ​នៅ​ក្នុង​រាជធានី​។​

លោក​ស្រី​ Zaha Hadid​ ដែល​កាន់​សញ្ជាតិ​អង់គ្លេស​ផង​នោះ​ ​ពិត​ជា​មាន​បំណង​រៀប​ប្លង់​ស្ថាបត្យកម្ម​សម្រាប់​រចនា​រាជធានី​ភ្នំពេញ​ឡើង​វិញ ពីព្រោះលោកស្រី​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​លោក ​ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​។

យោង​ទៅ​តាម​លិខិត​ឆ្លើយ​តប​ទៅ​កាន់​សំណើ​របស់​លោក​ស្រី​ Zaha Hadid​ ដែល​ធ្វើ​ឡើង​ដោយ​លោក ​ហង់​ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចុះ​ថ្ងៃ​ទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៤ និង​ផើ្ញ​ជូន​លោក ​ឆាំង​ យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​លោកស្រី​ធ្វើ​រាល់​កិច្ច​ការ​ទាំងឡាយ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។​ លិខិត​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ លោក រស់​ សាលីន អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុននេះ។​

​លោក​ ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ Zaha Hadid​ ពុំ​បាន​ស្វែង​រក​ប្រាក់​ចំណេញ​ពី​ការ​គូស​ប្លង់​មេ​ជូន​រាជធានី​ភ្នំពេញ​នោះ​ឡើយ​ ហើយ​ការ​សម្រេច​ចូល​រួម​ចំណែក​ក្នុង​ការ​រចនា​រាជធានី​ភ្នំពេញ​ឡើង​វិញ​របស់​លោក​ស្រីនេះ​ គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​តែ​ប៉ុណ្ណោះ។​

«​ដោយសារ​ថា​ រដ្ឋាភិបាល​យើង​មិន​មាន​ថវិកា​សម្រាប់​ចំណាយ​ គឺ​គាត់​ធ្វើ​ដោយ​ខ្លួន​ឯង​ ហើយ​អញ្ចឹង​ គឺ​ក្នុង​នៅ​ក្នុង​ជំហរ​មួយ​ គាត់​ថា​ចាំ​បាន​ឲ្យ​សព្វ​គ្រប់​នឹង​ដាក់​ជូន​ ទោះ​បី​នៅ​ក្នុង​លក្ខខណ្ឌ​ណា​មួយ​រដ្ឋាភិបាល​មាន​ដៃ​គូ​ផ្សេង​ ឬ​ក៏​រដ្ឋាភិបាល​ដើរ​ទៅ​ផ្លូវ​ណា​មួយ​ក៏​ដោយ​ គាត់​គិត​ថា​ មិន​ទាន់​ហួស​ពេល​ពីព្រោះ​គម្រោង​នេះ​ធ្វើ​រហូត​សម្រាប់​ដល់​ឆ្នាំ​ ២០៥០​ អញ្ចឹង​នៅ​ក្នុង​គំនិត​របស់​គាត់​ គឺ​ច្នៃ​ទីក្រុង​នេះ​ឲ្យ​វា​ល្អ​បំផុត ហើយ​ជូន​ដល់​រដ្ឋាភិបាល​កម្ពុជា»។​

មាន​ដើម​កំណើត​នៅ​ប្រទេស​អ៊ីរ៉ាក់​ លោកស្រី​ Zaha Hadid​ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​និង​កោត​ស្ងប់​ស្ញែង​អំពីស្នាដៃ​ដ៏​វិចិត្រ​របស់លោកស្រី​ នៅ​ក្នុង​ការ​គូស​ប្លង់​ស្ថាបត្យកម្ម​ក្នុង​ទម្រង់​កោង​សម្រាប់​ការ​កសាងអគារ​បែប​ទំនើប​។​ គម្រោង​ជួយគូសប្លង់​មេស្ថាបត្យកម្ម​សម្រាប់​រាជធានី​ភ្នំពេញ​របស់​លោក​ស្រី គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​ជាច្រើន​ដែល​ក្រុម​ហ៊ុន​លោកស្រី​ ​Zaha Hadid​ កំពុង​ធ្វើ​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​។​

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ Zaha Hadid Architects បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើការ​លើ​គម្រោង​ចំនួន​៩៥០ គម្រោង​ នៅ​ក្នុង​ប្រទេស​ចំនួន​៤៤​។​ ​ស្នាដៃ​ស្ថាបត្យកម្មរបស់​លោកស្រី​ Zaha Hadid​ ដែល​មាន​ភាព​ស្មុគស្មាញ​ បាន​លេច​ចេញ​ជា​រូបរាងនៅ​ក្នុង​ប្រទេសតូច​ធំ​នៅ​ក្នុង​ពិភពលោក។

ស្នាដៃ​ទាំងនោះ​ រួម​មាន​ ស្ថានីយ​ពន្លត់​អគ្គីភ័យ​ Vitra Fire Station ​នៅ​ប្រទេស​អាល្លឺម៉ង់​ មជ្ឈមណ្ឌល​សិល្បៈ​សហ​សម័យនៅ​សហរដ្ឋ​អាមេរិក​ សារមន្ទីរសិល្បៈ​ Maxxi នៅ​ប្រទេស​អ៊ីតាលី​មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​នៅ​ប្រទេស​អង់គ្លេស ​សាល​សិល្បៈ​នៅ​ប្រទេស​ចិន​ និង​អគារ​មជ្ឈមណ្ឌល​ល្បី​ផ្សេង​ជា​ច្រើន​ទៀត​នៅ​លើ​ពិភព​លោក​។​

កម្រង​រូបភាព​នៃ​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​ស្រី Zaha Hadid

នៅ​ប្រទេស​កម្ពុជា​ លោក​ស្រី​ Zaha Hadid​ បាន​ស្ម័គ្រ​ចិត្ត​គូស​ប្លង់​ស្ថាបត្យកម្ម​ជូន​ដល់​វិទ្យាស្ថាន​ស្លឹក​រឹត​ ជា​កន្លែង​រក្សា​ទុក​ឯកសារ​នានា​ពាក់ព័ន្ធ​ជាមួយ​នឹង​របប​ខ្មែរ​ក្រហមសម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​។​

​យោង​តាម​ឯកសារ​និយាយ​អំពី​ចក្ខុវិស័យ​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០៥០​ ក្រុម​ស្ថាបត្យករនៃ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Zaha Hadid ​Architects បាន​បញ្ជាក់​ថា៖​ «​ជាមួយ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ជំនាញ​ពិគ្រោះ​យោបល់​របស់​យើង​ យើង​ចាប់​ផ្ដើម​បង្កើត​គោល​គំនិត​សម្រាប់​ការ​បង្កើត​ថ្មី​ដែលអាច​ត្រូវការ​ និង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មី​ ចលនា​ ទិដ្ឋភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​ បន្ទាប់​មក យើង​អាច​ចាប់​ផ្ដើម​ បង្កើត​ធាតុ​ផ្សំ​នានា ដែលអាច​ធ្វើ​ឲ្យ​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត​លេច​ចេញ​ជា​រូបរាង។ យើង​មាន​បំណង​អនុវត្ត​ដំណើរការ​ស្រដៀង​គ្នា​នេះ​ ​សម្រាប់​រាជធានី​ភ្នំពេញ​»។​

លោក​ រស់​ សាលីន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា​ ក្រុមការងារ​របស់​លោកស្រី​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចាប់​ពី​ឆ្នាំ​២០១៤​ នៅ​ក្នុង​កិច្ចការ​គូស​ប្លង់​ស្ថាបត្យកម្ម​សម្រាប់​កសាង​វិទ្យាស្ថាន​ស្លឹករឹត​។​ ចាប់​ពី​ពេល​នោះ​មក ​ក្រុម​ការងារ​លោកស្រី​ ក៏​បាន​ផ្ដើម​ធ្វើ​កិច្ច​ការ​លើ​ប្លង់​ស្ថាបត្យកម្ម​ បន្ថែម​លើ​ប្លង់​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់។​

«ខាង​ក្រុម​ការងារ​របស់​លោក​ស្រី​ Za នេះ ​បាន​ធ្វើការ​ជាមួយ​ក្រសួង​ដែន​ដី​ នគរ​រូបនីយកម្ម​ ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ​ ហើយ​និង​ធ្វើ​ការងារ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែរ​ និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​ data​ ថ្មី​ ក៏បាន​រៀបចំ​ជាមួយ​និង​ដែរ​ ប៉ុន្តែ​វឌ្ឍនភាព​ការងារ​យ៉ាង​ណា​នោះ​ គឺ​យើង​មិន​ទាន់​លម្អិត​នៅ​ឡើយ​ទេ»​។​

លោក​បាន​ទទួលស្គាល់​ថា​ ក្រុមការងារ​របស់​អ្នកស្រី​ Zaha Hadid​ មាន​សមត្ថភាព​គ្រប់​គ្រាន់​ ដែល​អាច​បង្កើត​ឡើង​នូវ​ប្លង់​មេ​ថ្មីមួយ​ សម្រាប់​ជួយ​រចនា​រាជធានី​ភ្នំពេញ​ឡើងវិញ​។​

​យ៉ាង​ណា​ក៏​ដោយ​ លោក​ប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ VOA នៅ​កាល​ពី​សៅរ៍​សប្តាហ៍​មុន​នេះ​ថា​ ក្រុម​ការងារ​របស់​លោក​ស្រី Zaha Hadid ​ពុំ​ទាន់​បាន​មក​ធ្វើ​ការ​ជាមួយ​ក្រុម​មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ មាន​ការ​ជជែក​ពិភាក្សា​រវាង​ក្រុម​ការងារ​របស់​លោក​ស្រី Zaha Hadid ​និង​ក្រសួង​រៀបចំ​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ អំពី​កិច្ច​ការ​នគរ​រូបនីយកម្ម​នៃ​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​ក្រុមការងារ​ជាក់​លាក់​មួយ​មិនទាន់​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ទេ។​

«តាម​ពិត​ទៅ​គាត់​គ្រាន់​តែ​មាន​គម្រោង​របស់​គាត់​ហ្នឹង​ ចង់​សិក្សា​អំពី​ ជួយ​ការ​ងារ​នៅ​ក្នុង​នគរ​រូបនីយកម្ម​ទីក្រុង​ ដូច​ធ្វើ​ជា​ គេ​ហៅ​ថា​ អ្នក​សិក្សា​ជួយ​ក្នុង​ការ​រៀបចំ​ Master Plan របស់​យើង​ ន័យ​ប៉ុណ្ណឹង​ ការជជែក​គ្នា​កន្លង​មក​បាន​ប៉ុណ្ណឹង»។​

នៅ​ពេល​ VOA​ សួរ​លោក​ថា​ តើ​ក្រុមការងារ​នេះ​អាច​នឹង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ប្លង់​មេ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ​ប្រើ​ប្រាស់​បាន​ដែរ​ឬ​ទេ លោក​ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា​ ក្រុម​ការងារ​នោះ​ពិត​ជា​មាន​សមត្ថភាព។​ ក៏​ប៉ុន្តែ​ លោក​មិន​ប្រាកដ​ថា​ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​ សហការ​ជាមួយ​ក្រុមការងារ​របស់​លោកស្រី Zaha Hadid បន្ត​ទៀត​ឬ​យ៉ាងណា​នោះ​ឡើយ​។

រាជ​ធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​តំបន់​ខាងត្បូង-កណ្តាល​នៃ​ប្រទេស​កម្ពុជា​ និង​នៅ​ចំណុច​ប្រសព្វ​នៃទន្លេ​សាប​ ​ទន្លេមេគង្គ និង​ទន្លេបាសាក់។ រហូត​មក​ដល់​ពេលនេះ​មាន​ប្រជាជន​ប្រមាណ​ជិត​៣​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ​របស់​សាលា​រាជ​ធានី​ភ្នំពេញ។​

លោក ​អ៊ី​ សារ៉ុម​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត​ ដែល​ជា​ស្ថាប័ន​សង្គម​ស៊ីវិល​ តាម​ដាន​ការ​អភិវឌ្ឍ​រាជធានី​ និង​ការ​ពារ​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​ខ្មែរ​ បាន​ប្រាប់ VOA​ ថា​ ការ​អនុវត្ត​ប្លង់​មេ​ចាស់​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​រង​នូវ​ក្តី​ទុក្ខ​សោក​ ដោយ​ការ​អភិវឌ្ឍ​ថ្មីៗ។​

លោក​ថា​ ការ​រៀប​ចំ​ប្លង់​ស្ថាបត្យកម្ម​ថ្មី​ដែល​ជា​ប្លង់​មេ​ សម្រាប់​រៀបចំ​រាជធានី​ភ្នំពេញ​ឡើង​វិញ​នេះ​ គឺ​ជា​ធាតុ​សំខាន់​ដែល​អាច​កាត់​បន្ថយ​ការប្រឈម​ ហានិភ័យ​ និង​ផល​ប៉ះ​ពាល់ដែល​អាច​បង្ក​ឡើង​ដោយ​ការ​អនុវត្ត​គម្រោង​សាងសង់​នានា​។

«អញ្ចឹង​ខ្ញុំ​គាំទ្រ​ គាំទ្រ​ឲ្យ​មាន​ការ​រៀប​ចំ​ប្លង់​ឡើង​វិញ​ ឲ្យបាន​ល្អ​ ព្រោះ​ថា​កន្លង​មក​នេះ​ ឃើញ​ថា​ មាន​ផល​ប៉ះពាល់​មែន​ទែន​ កន្លែង​ខ្លះ​ក៏​ធ្វើ​អគារ​ខ្ពស់​ កន្លែង​ខ្លះ​ក៏​ទាប កន្លែង​ខ្លះ​ចាក់​ដី​ខ្ពស់​ កន្លែង​ខ្លះ​ក៏​លេចទឹក​ ​ហើយ​មាន​សភាព​ស្មុគស្មាញ​ណាស់​ ​ទីក្រុង​ភ្នំពេញ​រាល់​ថ្ងៃ​នេះ​បាទ»​។

ការ​អភិវឌ្ឍ​ទីក្រុង​រណប​ទំនើប​មួយនៅ​តំបន់​បឹង​កក់​ដោយ​ក្រុម​ហ៊ុន​ Shukaku Inc ​របស់​លោក ​ឡាវ ម៉េង​ឃីន សមាជិក​ព្រឹទ្ធ​សភា​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​ឈាន​ទៅ​ដល់​ការ​លុប​បឹង​ប្រវត្តិសាស្ត្រ​មួយ ​ដែល​មាន​ការ​ជាប់​ទាក់​ទង​នឹង​ដើម​កំណើត​និង​អត្ត​សញ្ញាណ​របស់​រាជធានី​ភ្នំពេញ។​

ការលុប​បឹង​ប្រវត្តិសាស្ត្រ​នេះ​ បាន​តម្រូវ​ឱ្យ​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​ ប្រមាណ​៤​ពាន់​គ្រួសារ ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​ទី​លំនៅ​ជាមួយ​នឹង​ការ​ផ្ដល់​សំណង​ដែល​រង​ការ​រិះ​គន់​ថា​មិន​សមរម្យ​។

លោក​ អ៊ី សារ៉ុម​ អ្នកការពារ​សិទ្ធិ​លំនៅឋានឲ្យ​ដឹង​បន្ថែម​ថា​ ដើម្បី​បញ្ចៀស​វិបត្តិ​លំនៅឋាន​នេះ​ និង​វិបត្តិ​សង្គម​ផ្សេង​ទៀត រាជធានី​ភ្នំពេញ​ចាំបាច់​ត្រូវ​បង្កើត​ឲ្យ​មាន​ប្លង់​មេ​ថ្មី​មួយ​ ដែល​មាន​ការចូលរួម​ជា​សាធារណៈ​ បើ​ទោះ​ជា​មាន​ក្រុម​ការងារ​ណា​មួយ​មក​ផ្ដល់​ជា​ជំនួយ​ក៏ដោយ។​

លោក​ថា​ ការបង្កើត​ប្លង់​មេ​ដែល​មានការ​ចូលរួម​ផ្ដល់​យោបល់​ពី​មហាជន​ នឹង​មាន​តម្លាភាព​ ហើយ​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម​ និង​សេដ្ឋកិច្ច​ដល់ប្រជាជន​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

យ៉ាងណា​ក៏ដោយ​ លោកស្រី Zaha Hadid​ នឹង​ពុំ​អាច​ដឹង​ឮ​បាន​ទៀតឡើយ​អំពី​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ​ ដែល​កំពុង​ឃើញ​ល្បឿន​ដ៏​លឿន​នៃ​ការ​សាងសង់​អគារ​ខ្ពស់​ៗ​ ​ពីព្រោះ​តែ​លោកស្រី​បានទទួល​មរណភាព​ទៅ​ហើយ​។

ប៉ុន្តែ​លោក ​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បញ្ជាក់​ថា​ ក្រុម​ការងារ​លោកស្រី Zaha Hadid​ នឹង​បន្ត​ការងារ​ជួយ​រៀបចំ​ប្លង់​មេ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ប្រើ​ប្រាស់ បើ​ទោះ​ណា​ជា​កិច្ច​ការងារ​នោះ​នឹង​អាច​មិន​បាន​ល្អ​ដូច​កាល​លោកស្រី​នៅ​មាន​ជីវិត​ក្តី​។​

គំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត ត្រូវបាន​រចនា​ប្លង់​ដោយ​លោកស្រី Zaha Hadid ជា​ស្ថាបត្យករ​ជាតិ​ អង់គ្លេស-អ៊ីរ៉ាក់ ដ៏​ល្បី​ល្បាញ​មួយ​រួប។ វិទ្យាស្ថាន​នេះ​គឺ​ជា​មជ្ឈមណ្ឌលឈាន​មុខ​នៅ​ក្នុង​ការសិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​តំបន់​អាស៊ី​ និង​មាន​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការចង​ចាំ​ យុត្តិធម៌ និង​ការផ្សះផ្សា​នៅ​ទូទាំង​តំបន់។​ (រូបថត​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
គំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត ត្រូវបាន​រចនា​ប្លង់​ដោយ​លោកស្រី Zaha Hadid ជា​ស្ថាបត្យករ​ជាតិ​ អង់គ្លេស-អ៊ីរ៉ាក់ ដ៏​ល្បី​ល្បាញ​មួយ​រួប។ វិទ្យាស្ថាន​នេះ​គឺ​ជា​មជ្ឈមណ្ឌលឈាន​មុខ​នៅ​ក្នុង​ការសិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​តំបន់​អាស៊ី​ និង​មាន​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការចង​ចាំ​ យុត្តិធម៌ និង​ការផ្សះផ្សា​នៅ​ទូទាំង​តំបន់។​ (រូបថត​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក​និយាយ​ថា​ កម្ពុជា​បាន​បាត់បង់​នូវ​មិត្ត​ដ៏​ល្អ និង​កម្រ​រក​បាន​ម្នាក់​។​

«​យើង​បានបាត់បង់​មិត្តដ៏ល្អ​ម្នាក់​ ពីព្រោះ​ប្រទេស​កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ដែល​គាត់​ធ្វើ​ឡើង​ពី​បេះ​ដូង។​ ធ្វើ​ពី​បេះដូង​ ហើយ​មិន​ដែល​សម្លឹង​ទៅ​មើល​ផលប្រយោជន៍​ ឬ​កម្រៃ​ក្នុង​ការងារ​របស់​គាត់​ ដូច​ជា​វិទ្យា​ស្ថាន​ស្លឹក​រឹត​ដែរ​ គាត់​ធ្វើ​ចេញ​ពី​បេះដូង​របស់​គាត់​។​ គាត់​ស្រឡាញ់​ គាត់​មាន​កាតព្វកិច្ច​ចំពោះ​មនុស្ស​ជាតិ​។​ ដោយសារ​ប្រទេស​យើង​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ ហើយ​ប្រទេស​អ៊ីរ៉ាក់​ដែល​ជា​ស្រុក​កំណើត​របស់​គាត់​ ក៏​ឆ្លង​កាត់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែរ។​ អញ្ចឹង​យើង​បាន​បាត់បង់​មិត្តភ័ក្ដិ​ ដ៏​កម្រ​មួយ​នៅ​ក្នុង​ពិភពលោក»។​

លោក​ ឆាំង​ យុ​ ឲ្យ​ដឹង​បន្ថែម​ថា​ ​ភាព​មមាញឹក​ក្នុង​ជីវិត​ជា​សាបត្យករ​របស់​លោកស្រី​ Zaha Hadid​ ក៏​បានធ្វើ​ឲ្យ​លោក​ស្រី​ខកខាន​មិន​បាន​ជាន់​ទឹក​ដី​កម្ពុជា​ តាំង​ពី​ឆ្នាំ​ ២០១៤​ រហូត​មក​ដល់​ការ​ទទួល​មរណភាព​របស់​លោក​ស្រី។​

លោស្រី​ Zaha Hadid​ បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៦៥​ ឆ្នាំ​ដោយ​ជំងឺ​គាំង​បេះដូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍កន្លង​ទៅ​នេះ​៕​

XS
SM
MD
LG