ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហោ​ស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​ឆ្នាំ​២០១០​ចាប់​ផ្តើម


យុវ​សិល្បការិនី​ខ្មែរ​សម្តែង​​​​នៅ​ក្នុង​មហោស្រប​សិល្បៈ​យុវវ័យ​ខ្មែរឆ្នាំ​២០១០។
យុវ​សិល្បការិនី​ខ្មែរ​សម្តែង​​​​នៅ​ក្នុង​មហោស្រប​សិល្បៈ​យុវវ័យ​ខ្មែរឆ្នាំ​២០១០។

ភ្នំពេញ៖ អង្គការ​សិល្បៈ​ចំនួន​២៤​ក្នុង​ប្រទេស​កម្ពុជា​បាន​រួម​គ្នា​រៀបចំ​មហោស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​ឆ្នាំ​២០១០​ ដើម្បី​សម្តែង​ជូន​សាធារណ​ជន​ទស្សនា​នូវ​ទម្រង់​សិល្បៈ​ផ្សេងៗ​របស់​ខ្មែរ​ក្នុង​គោល​ដៅ​ អភិរក្ស​និងលើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែមទៀត។

មហោស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​ឆ្នាំ​២០១០​បាន​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​សាល​សន្និ​សីទ​ចតុមុខ​ ក្នុង​ទីក្រុង​ភ្នំពេញ​ ​ដោយ​មាន​មនុស្ស​ប្រមាណ​៥០០​នាក់​ចូលរួម​ទស្សនា​ ការ​សម្តែង​សិល្បៈ​ផ្សេងៗ​ ​រួម​មាន​របាំ​ ​ចម្រៀង​និង​ការ​លេង​ចាប៉ី​ដងវែង​ជាដើម។

មហោ​ស្រព​សិល្បៈ​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​មាន​រួមបញ្ចូល​សិក្ខា​សាលា​ ការ​ធ្វើ​បទ​បង្ហាញ​ និង​ការ​សម្ដែង​ទម្រង់​សិល្បៈ​ចំនួន​២៣​ទម្រង់​ ដោយ​សិល្បករប្រមាណ​៥០០​នាក់​ មកពី​ស្ថាប័ន​ចំនួន​១៧​ ទូទាំង​ប្រទេស​កម្ពុជា​ ​ដូចជា​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ​អង្គការ​អម្រិតា​សិល្បៈ​ អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ ប្រចាំ​ខេត្ត​បាត់ដំបង​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ជាដើម។

ទម្រង់​សិល្បៈ​ទាំង​២៣​នោះ​ រួម​មាន​ត្រួសៗ​ ចម្រៀង​ប្រពៃណី​ ​របាំ​សហ​សម័យ​ ​ល្ខោន​ស្បែក​ ​ល្ខោន​និយាយ​ ​ ភ្លេង​ពិណពាទ្យ​ ​សៀក​ ​ការ​រាំ​ចាក់​ក្បាច់​ ឬ Break dancing​ ​ចាប៉ី​ឆ្លង​ឆ្លើយ ​និង​របាំ​ជនជាតិ​ដើម​ភាគតិចជាដើម។

លោក​សុង សេង ​អ្នក​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ដែល​ជា​អ្នក​រៀបចំ​មហោ​ស្រប​នេះ​ មាន​ប្រសាសន៍​ថា​ ​គោល​បំណង​នៃ​ការ​រៀបចំ​មហោ​ស្រប​សិល្បៈ​យុវជន​នេះ​ឡើង​ គឺ​ដើម្បី​ប្រមូល​សិល្បករ​ជំនាន់​ចាស់​និង​ជំនាន់​ថ្មី ​ឲ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​សិល្បៈ​ដល់​គ្នា​ទៅវិញ​ទៅ​មក​ ​ជាពិសេស​គឺ​ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​នេះ​បាន​ស្វែង​យល់​ពី​ទម្រង់​សិល្បៈ​និង​ឧបករណ៍​ភ្លេង​ខ្មែរ​មួយ​ចំនួន​ដែល​ជិត​បាត់​បង់​ ​ដូចជា​ឧបករណ៍​"មិម" ​ដែល​ត្រូវ​បាន​រក្សា​ឲ្យ​នៅ​គង់​វង្ស​រហូត​មក​សព្វថ្ងៃ​នេះ ​ដោយ​ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​គ្រឺង ​នៅ​ក្នុង​ខេត្ត​រតនៈ​គីរី​ជាដើម។

លោក​សុង សេង​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ​មហោ​ស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​នេះ​ក៏​មាន​គោល​ដៅ​បង្ហាញ​ទស្សនិក​ជន​នូវ​ទម្រង់​សិល្បៈ​បែប​សហ​សម័យ​ ​ឬ​បែប​ថ្មីៗ​ ដែល​ជា​ការ​ច្នៃ​ប្រឌិត​របស់​សិល្ប​ករ​ខ្មែរ​ជាដើម។

លោក​ទេព ​រិនដារ៉ូ ​តារា​ភាពយន្ត​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​មហោ​ស្រព​នេះ​ដែរ​ ​មានប្រសាសន៍​ថា​ ​មហោ​ស្រព​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​យុវជន​ ​យុវនារី​សម័យ​ថ្មី​នេះ​យល់​ដឹង​អំពី​សិល្បៈ​និង​វប្បធម៌​របស់​ខ្លួន។

«ខ្ញុំ​ចង់​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​ ​ព្រោះ​ខ្ញុំ​ចង់​បាន​ការ​សហការ​គ្នា​ ​ការ​រួម​សាមគ្គី​គ្នារវាង​ខ្មែរ​និង​ខ្មែរ​ ជាពិសេស​គឺ​យុវវ័យ។​ ​ទោះ​ជា​យើង​នៅជា​យុវវ័យ​យ៉ាង​ណា​ ​ក៏​យើង​នៅតែ​ស្គាល់​ថា​ ​ស្អី​ជា​អត្ត​សញ្ញាណ​ខ្មែរ​ ​ជាពិសេស​ ​ខ្ញុំ​ក៏​ចង់​ឲ្យ​ប្អូនៗ​ហ្នឹង​យល់​ពី​អ្វី​ដែល​ជា​អត្ត​សញ្ញាណ​របស់​ខ្លួន​ដែល​ជា​ជនជាតិ​ខ្មែរ»។

លោក​សំ សំអាង ​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដែល​បាន​ចូលរួម​ក្នុង​មហោ​ស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​នេះ​ដែរ​ ​មាន​ប្រសាសន៍​ថា​ មហោ​ស្រព​សិល្បៈ​នេះ​ក៏​មាន​គោល​ដៅ​ផ្សព្វ​ផ្សាយ​អំពី​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ និង​ជាពិសេស​គឺ​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​និង​អភិរក្ស​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​បាន​ស្ថិត​ស្ថេរ​តទៅ​មុខ​ទៀត។

«មហោ​ស្រព​នេះ​ជា​មហោ​ស្រព​តន្រ្តី​យុវជន​ដើម្បី​បង្ហាញ​ជា​គម្រូ​ផង​ ជា​ឧទាហរណ៍​របស់​សិល្បករ​ចាស់ៗ​ ដើម្បី​ឲ្យ​ក្មេងៗ​បាន​រៀន​សូត្រ​ផង​ ​ដើម្បី​រំឭក​ពី​ព្រលឹង​របស់​ជាតិ​ ពី​គុណភាព​របស់​វប្ប​ធម៌​ខ្មែរ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ ​ជា​ទស្សនិក​ជន​ហ្នឹង​មាន​ចំណាប់​អារម្មណ៍​ហើយ​និង​ស្រឡាញ់​សិល្បៈ​របស់​ខ្លួនឯង​នោះ​ ​ ពេល​ដែល​ខ្លួន​ឯង​ទៅ​ធ្វើ​ស្អី​នៅ​ថ្ងៃ​អនាគត»។

យុវជន​យ៉ាំ ឆ័រ ​វ័យ​១៨​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​កំពង់​ឈើ​ទាល​ ខេត្ត​កំពង់​ធំ ​ដែល​បាន​មក​ចូលរួម​ទស្សនា​មហោ​ស្រព​នេះ​ដែរ​ បាន​ប្រាប់​ឲ្យដឹង​ថា ​មហោ​ស្រព​សិល្បៈ​យុវវ័យ​ឆ្នាំ​២០១០នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​យុវវ័យ​ ​ដោយ​រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់​ ​បាន​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​សិល្បៈ​ខ្មែរ​និង​ព្យាយាម​រក្សា​វា​កុំ​ឲ្យ​បាត់​បង់។

«ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​មហោ​ស្រព​យុវវ័យ​នេះ​ ព្រោះ​វា​ធ្វើ​ឲ្យ​យុវវ័យ​គ្រប់​រូប​ដឹង​ពី​អ្វី​ជា​វប្បធម៌​របស់​យើង​ ​ឲ្យ​ដឹង​ថា​ ​វប្បធម៌​របស់​យើង​វា​ខ្ពស់​ខ្ពស់​ប៉ុណ្ណា?​ មាន​តម្លៃ​ប៉ុណ្ណា?​ហើយ​វា​អស្ចារ្យ​ប៉ុណ្ណា? ​ហើយ​យើង​ត្រូវ​រក្សា​វប្បធម៌​យើង​កុំ​ឲ្យ​បាត់​បង់​ ​ ជាពិសេស​ការ​មើលងាយ​ពី​ជនបរទេស»។

សូម​បញ្ជាក់​ថា​ ​មហោ​ស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​នេះ​នឹង​បន្ត​សម្ដែង​ទម្រង់​សិល្បៈ​ផ្សេងៗ​ ​ដូចជា​ល្ខោន​ស្បែក​ និង​ពិធី​បុក​លក្ខណ៍​នៅ​ថ្ងៃ​ច័ន្ទ​ ​ល្ខោន​និយាយ​ ល្ខោន​យីកេ​ និង​ចម្រៀង​សម័យ​នៅ​ថ្ងៃ​អង្គារ​ ហើយ​នៅ​ថ្ងៃ​ពុធ​ ដែល​ជា​ថ្ងៃ​បញ្ចប់​ ​នឹង​មាន​ការ​ស​ម្តែង​ ​របាំ​សហ​សម័យ​ ​ចម្រៀង​មហោរី​ច្នៃ​និង​លោ្ខន​ស្រមោល​ស្បែក​ធំ​ជាដើម៕

XS
SM
MD
LG